តារា​ក្បាច់គុន​ខ្មែរ សុខ ដែន កាន់តែ​ល្បី​កាន់តែ​ត្អូញត្អែរ​រឿង​ដាច់បាយ

កីឡាករ​ដែល​វិវត្ត​មក​ជា​តារាសម្តែង សុខ ដែន (អាវ​ខៀវ​ខោ​ក្រហម)




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្នុង​ក្តីរំពឹង​ដែល​កំពុង​ត្រៀម​ជើង​ឡើង​ទទួល​តំណែង​តួឯក​ធំ ប៉ះ​ជាមួយ​ដៃគូ​ប្រយុទ្ធ​មកពី​ជប៉ុន​ដែល​មាន​ខ្សែក្រវាត់​៥​ដាន់ ក្នុង​ភាពយន្ត​ដុំ​រឿង «លត់​ដែក​ថែប» ដែល​ជា​ខ្សែភាពយន្ត​វាយប្រហារ​បែប​ភាពយន្ត​ហុងកុង​នោះ តារាសម្តែង​ល្បី​ខាង​ប្រើ​ក្បាច់គុន​បុរាណ​ខ្មែរ សុខ ដែន បាន​សារភាព​ថា មួយ​រយៈ​នេះ​យីអ៊ុន​ធ្លាក់​យ៉ាង​ខ្លាំង ពេល​ខ្លះ​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ក្រៅ​ផង។

តារាសម្តែង​ល្បី​ខាង​ប្រើ​ក្បាច់គុន បុរាណ​ខ្មែរ ដែល​មាន​កំណើត​ពី​ទឹកដី​ខេត្ត​ស្វាយរៀង មាន​ឈ្មោះ​ដើម សុខ សុវណ្ណដែន បាន​លើក​ឡើង​ថា៖ «មួយ​ពេល​រយៈ​នេះ ពិសេស​ក្រោយពី​ម្តាយ​ខ្ញុំ​ស្លាប់​ទៅ យីអ៊ុន​ដូចជា​មិន​សូវ​ល្អ​សោះ ណា​មួយ​ការងារ​សិល្បៈ​ដែល​ជា​ឆ្នាំងបាយ​ក៏​មិន​សូវ​ជា​សមប្រកប ហើយ​ថែម​ពី​លើ​នេះ​ទៀត​ការ​បើក​របរ​រកស៊ី​ផ្ទាល់​ខ្លួន​តូចតាច​នោះ​ក៏​ត្រូវ​ខាតបង់​ទៀត​ផង​»។

សុខ ដែន បញ្ជាក់​ថា៖​«មួយ​រយៈ​មុន​មាន​គេ​ហៅ​ថត​ច្រើន​ដែរ មិនមែន​ថា​អត់​ទេ តែ​មិន​ដឹង​ជា​ម៉េច​ទេ បាន​មិន​ត្រូវ​តម្លៃ​គ្នា រឿង​ខ្លះ​គេ​ដាក់​តួ​ខ្ញុំ​មិន​សម​នឹង​សម្តែង។ ផលិតករ​ចង់​ដាក់​ខ្ញុំ​សម្តែង​តែ​តួ​បងធំ ដែល​ខ្ញុំ​មិន​ស្រឡាញ់ ហើយ​ក៏​មិន​សម្តែង​តែ​ម្តង»។ ជាមួយ​ការ​សារភាព​នេះ នៅក្នុង​គណនី​ហ្វេសប៊ុក គេ​ក៏​ឃើញ​តារាសម្តែង​ខ្មែរ​មាន​ជំនាញ​ខាង​ប្រើ​ក្បាច់គុន​ចម្រុះ​បាន​យ៉ាង​ល្អ​មិន​ចាញ់​តារាសម្តែង​ចិន​ហុងកុង លោក សុខ ដែន បាន​សរសេរ​សារ​បង្ហោះ ហាក់​ចង់​បង្ហាញពី​ជីវិត និង​អាជីព​របស់​ខ្លួន។

លោក​សរសេរ​ថា៖​«ប៉ុន្មាន​ខែ​កន្លងមក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​ខ្លាំង ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ខ្លះ​ដែល​ខ្ញុំ​មិន​អាច​ប្រាប់​គេ​បាន»។

កីឡាករ​ដែល​វិវត្ត​មក​ជា​តារាសម្តែង សុខ ដែន (អាវ​ខៀវ​ខោ​ក្រហម) បង្ហាញ​ក្បាច់គុន​ប្រយុទ្ធ​មុន​នឹង​ត្រៀម​ថត​ភាពយន្ត​ខ្នាត​ធំ។

ក្នុង​អារម្មណ៍​បែប​អស់​សង្ឃឹម តារា​ក្បាច់គុន​ដែល​ធ្លាប់​ជា​កីឡាករ​កាយសម្ព័ន្ធ ដូរ​មក​ចាប់​អាជីព​សម្តែង​ភាពយន្ត សុខ ដែន ក្នុង​ជំនួប​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ បាន​អះអាង​ថា៖ «​ការ​ចាប់​យក​អាជីព​ជា​តារាសម្តែង ក្រោយពី​បោះបង់​ពី​កីឡា​កាយសម្ព័ន្ធ​មក​ខ្ញុំ​បាន​លេច​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​ប្រហែល​ជាង​៥០​រឿង ប៉ុន្តែ​មិន​ធ្លាប់​បាន​ទទួល​តំណែង​ជា​តួ​ធំ​អី​ទេ ក្រៅពី​សម្តែង​ជា​តួ​បងធំ និង​តួរាយ​រង​នោះ។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ក៏​ផ្តើម​មាន​រាសី​ឡើង​វិញ មាន​ទឹកមាត់​លេប​ហើយ ខណៈ​ផលិតកម្ម​ថ្មី​មួយ​បាន​ជ្រើសរើស​ខ្ញុំ​មក​ធ្វើ​ជា​តួឯក​ធំ​ហើយ​ត្រូវ​តាម​ចំណង់​ដែល​ខ្ញុំ​ចង់​សម្តែង​ទៀត​ផង​»។

ថ្មីៗ​នេះ​នៅ​តាម​កម្មវិធី​ប្រគំតន្រ្តី​ចុងសប្តាហ៍ គេ​តែង​ឃើញ​វត្តមាន​តារា​ក្បាច់គុន សុខ ដែន ឡើង​បង្ហាញ​ទេពកោសល្យ​ក្បាច់គុន ពិសេស​ក្បាច់គុន​ល្បុក្កតោ ហើយ​រាល់​ពេល​ឡើង​ឆាក​សិល្បៈ​នោះ លោក សុខ ដែន ដែល​ពិធីករ ពិធីការិនី ហៅថា លោកគ្រូ​ក្បាច់គុន សុខ សុវណ្ណដែន នោះ ក៏​បាន​ប្រកាស​ផង​ដែរ​ថា នៅពេល​ខ្លី​ខាង​មុខ​នេះ​លោក​នឹង​ទទួល​ការ​ថត​ភាពយន្ត​ជា​តួឯក​លើក​ដំបូង ដោយ​មាន​ឱកាស​ថត​ជាមួយ​តួ​មកពី​ជប៉ុន ក្នុង​រឿង លត់​ដែកថែប។

តារាសម្តែង សុខ ដែន បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ខ្ញុំ​ទទួល​បាន​ការ​ពេញចិត្ត​ក្នុង​សមត្ថភាព ជា​តារាសម្តែង​ម្នាក់​ដែល​មាន​ទេពកោសល្យ​ខាង​លេង​ក្បាច់គុន ហើយ​ផលិតកម្ម ផ្លើស​(plus) ហៅ​សម្តែង​ជា​តួឯក​ធំ​ក្នុង​សាច់រឿង លត់​ដែកថែប ដែល​សម្តែង​ជាមួយ​តួប្រុស​មកពី​ប្រទេស​ជប៉ុន ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​»។

លោក​បន្ត​ថា៖ «​រឿង​នេះ​ជា​ខ្សែភាពយន្ត​ប្រយុទ្ធ​ដោយ​ប្រើ​ក្បាច់គុន​តាំងពី​ដើម​រហូត​ដល់​ចប់។ សាច់រឿង​ទាំង​មូល​ភាគច្រើន​គឺជា​ឈុតឆាក​ប្រយុទ្ធ តែ​ម្តង​»។ សុខ ដែន បញ្ជាក់​បន្ថែម​ដោយ​ភាព​ជាក់លាក់​ថា៖​«​ខ្ញុំ​ពេញចិត្ត​សម្តែង​រឿង​បែប​ហ្នឹង ខ្ញុំ​នឹង​ខំប្រឹង​សម្តែង​ឲ្យ​បាន​ល្អ បើ​ទោះ​ជា​លំបាក​យ៉ាងណា​ក៏​តស៊ូ​ដែរ»។

យ៉ាងណា​សម្រាប់​តារា​ភាពយន្ត​ខ្មែរ ដែល​ត្រៀម​ជើង​សាក​ក្បាច់គុន​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​មកពី​ជប៉ុន​នោះ មិនមែន​មាន​តែ​តារា​ក្បាច់គុន​ជំនាន់​ថ្មី​លោក សុខ សុវណ្ណដែន តែ​ម្នាក់​ឯង​ទេ ក្នុង​នោះ​ក៏​មាន​តារា​ភាពយន្ត​ជើងចាស់​ដែល​ល្បី​ខាង​ប្រើ​ក្បាច់គុន លោក ខ្លូត រតនា ម្នាក់​ទៀត​ផង​ដែរ។

សុខ ដែន បាន​ប្រាប់​ថា៖​«តាមរយៈ​រឿង​នោះ​នឹង​កែប្រែ​មុខមាត់​ខ្ញុំ​ឲ្យ​មាន​ប្រជាប្រិយ​ក្នុង​ការ​សម្តែង​នេះ ពិសេស​តាមរយៈ​ការ​សម្តែង​រួម​ជាមួយ​តារា​ក្បាច់គុន​ជំនាន់​ដើម​លោកគ្រូ ខ្លូត រតនា ហើយ​ក៏​សង្ឃឹម​ថា​នឹង​មាន​ទីផ្សារ​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ»៕


What Next?

Recent Articles

2 Responses to "តារា​ក្បាច់គុន​ខ្មែរ សុខ ដែន កាន់តែ​ល្បី​កាន់តែ​ត្អូញត្អែរ​រឿង​ដាច់បាយ"

  1. ក្នុងនាមជាតារាងត្រូវចេះសម្តែងទាំងអស់ មិនថាកាច ស្លូត ហ៊ើហា មានក្រអ្នកជំនញនោះទេគឺត្រូវចេះទាំងអស់
    មិនមែនប្រកាន់ចរិយ៉ាងនេះទេ

  2. Terminator III says:

    Chucky Chan or Chen Long is one of the world famous stars, and he usually performs only in action movies. Nothing wrong with that…