Tue, 8 July 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
កំពង់ឆ្នាំងៈ យ៉ាងហោចណាស់ ក៏មានពលរដ្ឋម្នាក់បានសន្លប់ និង ១៤ នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុង ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច រវាងប្រជាពលរដ្ឋនិងកម្មកររបស់ក្រុមហ៊ុន KDC ដែលជាកម្មសិទិ្ធរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ការប៉ះទង្គិចគ្នានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតឡើងនៅពេលដែលប្រជាពលរដ្ឋបានរារាំងមិនឲ្យក្រុមហ៊ុន KDC ធ្វើការឈូសឆាយដីធ្វើព្រំ នៅខណៈកម្លាំងសមត្ថកិច្ចចម្រុះជាង ២០០ នាក់បាននៅព័ទ្ធជុំវិញភូមិដើម្បីរង់ចាំចាប់ខ្លួនពលរដ្ឋដែលហ៊ានតវ៉ា។
សំឡេងស្រែកទ្រហោយំ កងរំពងពេញភូមិបន្ទាប់ពីកម្មករក្រុមហ៊ុនម្នាក់ក្នុងចំណោមកម្មករជាង ១០០ នាក់ដែលមានចម្ពាមកៅស៊ូ និងកាន់កាំបិតខ្វែវជាប់នៅក្នុងដៃ បានស្ទុះទៅវាយស្ត្រីម្នាក់ដែលកំពុងតែឈរនៅខាងមុខអេស្កាវ៉ាទ័ររារាំងមិនឲ្យឈូសដីកាលពីម្សិលមិញ។
អ្នកស្រី អ៊ុំ សុភី ដែលសមត្ថកិច្ចចម្រុះបានសម្រុកចូលផ្ទះរបស់អ្នកស្រីដើម្បីចាប់ខ្លួន តាមដីការបស់តុលាការបានថ្លែងថា អ្វីដែលកម្លាំងប៉ូលិស និងកម្មករធ្វើមកលើពលរដ្ឋដែលជាម្ចាស់ដី គឺជារឿងមួយដែលសាហាវបំផុតពីព្រោះពលរដ្ឋគ្រាន់តែការពារដីរបស់ខ្លួនប៉ុណ្ណោះ បែរជារងនូវការចាប់ខ្លួននិងប្រើហិង្សាទៅវិញ។
អ្នកស្រីថ្លែងបញ្ជាក់ថា៖ «ច្បាប់គេអនុវត្តមកលើតែយើងអ្នកក្រប៉ុណ្ណោះយើងការពារដីយើង បែរជាគេសម្រុកចូលមកចាប់យើងដូចជាយើងឧក្រិដ្ឋជន»។
អ្នកស្រីថ្លែងទៀតថា សមត្ថកិច្ចពុំមែនជាអ្នកការពារពលរដ្ឋនោះទេ គឺគេការពារឲ្យក្រុមហ៊ុនបើទោះបីជាពលរដ្ឋអង្វរករឲ្យសមត្ថកិច្ចជួយការពារពលរដ្ឋ នៅពេលដែលពលរដ្ឋចេញទៅទប់ស្កាត់ក្រុមហ៊ុន ដែលមកឈូសឆាយដីពលរដ្ឋក៏ដោយ គឺសមត្ថកិច្ចអង្គុយធ្វើមិនដឹង។
អ្នកស្រីបានបន្តថា៖ «សមត្ថកិច្ចគេការពារក្រុមហ៊ុនហើយគេចាំតែឆ្មក់ចូលចាប់ពលរដ្ឋនៅពេលដែលគេមានឱកាស។ ពួកខ្ញុំសុខចិត្តស្លាប់នៅក្នុងផ្ទះនេះតែម្តង»។
ចំណែកអ្នកស្រី ពៅ ឌឿ អាយុ ៥៦ឆ្នាំ ដែលរងរបួសក្បាលកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងកម្មករក្រុមហ៊ុនដោយគេបាញ់នឹងចម្ពាមកៅស៊ូ គ្រាប់ឃ្លីដែក បានថ្លែងថា អ្នកស្រី សាន សុខុម ដែលទើបតែមានផ្ទៃពោះមួយខែ កំពុងតែរារាំងកម្មករក្រុមហ៊ុនកុំឲ្យគេឈូសដី ស្រាប់តែកម្មករម្នាក់ដែលត្រូវជាឪពុកមា បានស្ទុះមកវាយនាងរហូតដល់សន្លប់។
អ្នកស្រីបានថ្លែងថា៖ «យើងខ្ញុំស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តា ជួយពួកខ្ញុំផងកុំជួយតែក្រុមហ៊ុន ពួកយើងជាម្ចាស់ដីមិនមែនជំទាវដែលមករំលោភយកដីយើងជាម្ចាស់ដីនោះទេ ហើយរដូវនេះជារដូវធ្វើស្រែទៀត មេត្តាជួយដោះស្រាយឲ្យពួកយើងផង»។
អ្នកស្រីបានឲ្យដឹងថា ពលរដ្ឋក្នុងភូមិពុំដឹងថា នឹងត្រូវធ្វើយ៉ាងម៉េចជាមួយកម្លាំងប៉ូលិសនិងប៉េអឹមដែលកំពុងតែពង្រាយព័ទ្ធជុំវិញភូមិនោះទេ ហើយអ្នកភូមិក៏មិនឲ្យសមាជិកណាម្នាក់ដើរចេញទៅណាពីផ្ទះអ្នកស្រី អ៊ុំ សុភី ដែរព្រោះខ្លាចគេចាប់ខ្លួន។
អ្នកស្រីបានថ្លែងបញ្ជាក់ថា៖ «ដោយសារតែខ្លាចគេចាប់ព្រឹកមិញប៉េអឹមសម្រុកចូលផ្ទះពួកយើងពួកយើងទប់ស្កាត់ហើយរឹបអូសបានខែលមួយដំបងមួយនិងអាយកូមមួយ។ ពួកគេធ្វើដូច្នេះ ដើម្បីឲ្យយើងប្រើហិង្សាដាក់គេដើម្បីឲ្យគេងាយស្រួលចាប់ខ្លួនយើង»។ នៅតាមដងផ្លូវ និងនៅតាមព្រៃក្នុង ភូមិឡពាង កាលពីម្សិលមិញគេឃើញមានការពង្រាយកម្លាំងប៉ូលិសប្រមាណជាង ១០០ នាក់។
លោក ប្រាក់ វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែលោក ស៊ីវ ចន្ធី មន្ត្រីនគរបាលដែលចុះមកឡោមព័ទ្ធ ភូមិឡពាង នោះ បានឲ្យដឹងថា មន្ត្រីប៉ូលិស ទាហាន និង ប៉េអឹម ត្រូវបានមេបញ្ជាឲ្យចុះមកអនុវត្តដីកាចាប់ខ្លួនពលរដ្ឋ។
លោកបានថ្លែងថា៖ «យើងចុះមកធ្វើតាមតែដីកាប៉ុណ្ណោះ ប៉ុន្តែខ្ញុំពុំដឹងថា ត្រូវចាប់ខ្លួនប៉ុន្មាននាក់នោះទេ។ ខ្ញុំធុញទ្រាន់ណាស់ ខាតពេលអត់ប្រយោជន៍ឲ្យខ្ញុំវាយពលរដ្ឋខ្ញុំវាយមិនបានទេ អ្វីដែលខ្ញុំភ័យនោះ គឺខ្លាចពលរដ្ឋនិងកម្មករក្រុមហ៊ុនកាប់គ្នាដោយសារតែកម្មករមានសុទ្ធតែកាំបិតខ្វែវ។ ខ្ញុំមិនដឹងថា តើពេលណាត្រូវដកទៅវិញនោះទេ»។
លោក ថៃ ហ៊ី តំណាងក្រុមហ៊ុន KDC បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ដោយលោកមានប្រសាសន៍យ៉ាងខ្លីថា៖ «លោកបងខ្ញុំអត់ឆ្លើយទេទាក់ទងរឿងហ្នឹង»។
ចំណែកលោក ឈូក ចាន់ឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ ប៉ុន្តែលោកបានឆ្លើយតាមទូរស័ព្ទប្រាប់មន្ត្រីសិទ្ធិមនុស្ស ដែលទាក់ទងសុំឲ្យជួយអន្តរាគមន៍ដោយសារតែមានបញ្ហាប្រឈមមុខដាក់គ្នាខ្លាំងនោះថា កម្លាំងទាំងនោះមិនអាចដកថយបានទេ ដោយសារតែរឿងនេះវាជ្រុលទៅមុខហើយ។
លោកបានថ្លែងថា៖ «ពួកនេះ ប្រឆាំងទៅនឹងអាជ្ញាធរគេចង់ធ្វើអបគមន៍ នៅក្នុងតំបន់នេះ ដូច្នេះយើងត្រូវតែទប់ស្កាត់»។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគម អាដហុក ដែលចុះទៅអង្កេតផ្ទាល់នៅកន្លែងកើតហេតុបានថ្លែងថា ករណីពលរដ្ឋ ភូមិឡពាង មានការប៉ះទង្គិចគ្នា ជាមួយកម្មករក្រុមហ៊ុន បណ្តាលឲ្យរងរបួសនេះកើតឡើងមកពីអាជ្ញាធរមានសមត្ថកិច្ចអសីលធម៌ ដែលមិនបានជួយការពារប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ដីកាចាប់ខ្លួននោះមិនសមស្របសោះគឺសមត្ថកិច្ចមិនត្រឹមតែមកអនុវត្តដីកាទេ តែហាក់ដូចមកការពារឲ្យក្រុមហ៊ុនរំលោភយកដីប្រជាពលរដ្ឋតែម្តង។ សមត្ថកិច្ចធ្វើមិនដឹងមិនឮ ចំពោះកម្មករដែលប្រើហិង្សាមកលើពលរដ្ឋ។ យើងសុំឲ្យអាជ្ញាធរបញ្ឈប់ការមិនទទួលខុសត្រូវនេះទៀតទៅ ហើយងាកមករកដំណោះស្រាយដើម្បីឲ្យភាគីទាំងសងខាងអាចទទួលបានផលទាំងសងខាង»។
បើតាមអង្គការសង្គមស៊ីវិល ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុង ភូមិឡពាង ឃុំតាជេស នេះ ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់ជាម្ចាស់ដីបានដាក់ពាក្យបណ្តឹងជាង ២០ ទៅតុលាការប្តឹងក្រុមហ៊ុន KDC ដោយចោទប្រកាន់ថា ក្រុមហ៊ុនមានអំណាចមួយនេះ បានរំលោភបំពានយកដីស្រែចម្ការរបស់ពួកគាត់ ប៉ុន្តែតុលាការមិនសូវជាយកចិត្តទុកដាក់លើបណ្តឹងរបស់ប្រជាពលរដ្ឋនោះទេ គឺឃើញចាត់ការតែបណ្តឹងដែលក្រុមហ៊ុនប្តឹងពលរដ្ឋប៉ុណ្ណោះ៕
There’s only one person who can solve this problem peacefully!
ឧ!អនិច្ចា!ប្រជាជនខ្មែរមួយថ្ងៃៗ!លឺសូតែអ្នកមានអំណាចប្លន់យកដី យកផ្ទះដែលជារបស់ខ្លួនមានតែ
សេចក្តីទុក្ខកាលពីសម័យប៉ុលពតមានទុក្ខម្តង ។ប្រទេសកម្ពុជាមានកម្មរហូតពុំលស់សោះ ។ហេតុអី្វ!
ឈាមជ័រតែមួយគ្មានចិត្តមេត្តា ។រឿងរ៉ាវផ្អើលទូទាំងនគរ គ្មាននរណាគេដោះស្រាយអោយ។មនុស្សយើងពេលកើតមកគ្មានអ្វីទាំងអស់ ហើយពេលស្លាប់ទៅក៍
គ្មានបានយកអ្វីទៅជាមួយដែរ សូម្បីតែកាក់ដាក់ក្នុងមាត់ក៍មិនអាចយកទៅជាមួយបានដែរ។សូមអោយ
លោកជំនាវមេត្តាយោគយល់ផង គួរតែអាណិតដល់ប្រជាពលរដ្ឋដែលគាត់ក្រីក្រ។សូមលោកជំនាវ
កុំខំរកប្រាក់ដើម្បីទុកអោយកូន និង ចៅធ្វើអ្វី។