មាស សម្ផស្ស ផ្អាក​សិល្បៈ ផ្គាប់ចិត្ត​គូដណ្តឹង​អាណិកជន​អាមេរិក

មាស សម្ផស្ស និង​គូដណ្ដឹង។

មាស សម្ផស្ស និង​គូដណ្ដឹង។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទាប់ពី​សម្ងំ​ភ្ជាប់ពាក្យ​ដោយ​ស្ងាត់​កំបាំង​ជាមួយ​ម្ចាស់ស្នេហ៍​ថ្មី​អាណិកជន​ខ្មែរ​អាមេរិក​ជា​វេជ្ជបណ្ឌិត​នោះ តារាសម្តែង​រូបស្រស់ មាស សម្ផស្ស បង្ហាញ​ជំហរ​ដោយ​ភាព​មុតមាំ ថា​ការងារ​សិល្បៈ​ពេល​នេះ មិន​មាន​នៅក្នុង​ចិត្ត​ទេ បើ​មាន​ក៏​មាន​ក្នុង​ពេល​ខាង​មុខ​យូរ​បន្តិច​ដែរ។

នៅ​ពី​ក្រោយ​ជំហរ​ដកឃ្លា​ពី​សិល្បៈ មិន​ទទួល​ការ​សម្តែង​របស់ មាស សម្ផស្ស ក្រោយ​មាន​ម្ចាស់​បេះដូង​ថ្មី​នោះ មជ្ឈដ្ឋាន​អ្នក​តាមដាន​តារា​បាន​បង្ហើប​ថា នាង​មិន​សូវ​ខ្វល់​ការងារ​សិល្បៈ​ដូច​មុន​ទេ ដើម្បី​យក​ពេល​នៅ​ស្អំ​បេះដូង​ផ្គាប់ចិត្ត​គូដណ្តឹង​ដែល​ទើប​ភ្ជាប់ពាក្យ​។ ម៉្យាងទៀត មាស សម្ផស្ស ក៏​មិន​ទំនេរ​ដែរ​ទេ ដោយ​នាង​កំពុង​មមាញឹក​នឹង​ការ​បើក​ហាង​កែសម្ផស្ស ដែល​កំពុង​ដំណើរការ​សាងសង់​នោះ។

ឆ្លើយតប​នឹង​ព័ត៌មាន​គេ​បង្ហើប​ខាង​លើ​នេះ ស្រីស្រស់​ដែល​រមែង​អភ័ព្វស្នេហ៍ នាង មាស សម្ផស្ស ក៏​ទទួល​ស្គាល់​ព័ត៌មាន​ខាង​លើ​ដែរ​ដោយ​នាង​បាន​ប្រាប់​ថា៖ «មែន បង! ខ្ញុំ​ទើប​នឹង​ភ្ជាប់ពាក្យ​ជាមួយ​គូដណ្តឹង​បាន​រយៈ​ប្រមាណ​ជា​២​សប្តាហ៍​ហ្នឹង»។

ជាមួយ​គ្នា​នោះ សម្ផស្ស បាន​ប្រាប់​ផង​ថា៖ «គូដណ្តឹង​ខ្ញុំ​មាន​ឈ្មោះ លុយ វីលាម គាត់​ជា​អាណិកជន​អាមេរិក មាន​របរ​ជា​គ្រូពេទ្យ​»។

យ៉ាងណា​មិញ តារាសម្ដែង​មកពី​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​នាង មាស សម្ផស្ស និង​គូស្នេហ៍​មុនៗ​តែងតែ​ថ្លែង​ពី​ភាព​ប្រាកដប្រជា​រួមរស់​គ្នា​ជា​ប្តីប្រពន្ធ​លុះ​ចាស់​កោង​ខ្នង ដែល​ទីបំផុត សល់​តែ​ពាក្យ​ស្នេហ៍​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត​នោះ។

ចំពោះ​ស្នេហា​លើក​នេះ​នាង​នៅ​តែ​បង្ហាញ​ជំនឿ​ចិត្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ហើយ​ក៏​ជឿជាក់​ផង​ដែរ ស្នេហា​ខ្ញុំ​និង​គាត់ បង វីលាម មិន​ដើរ​លើ​គន្លង​ស្នេហ៍​ដ៏​ឈឺចាប់​របស់​ខ្ញុំ​មុនៗ​ទេ»។

តារា​រមែង​ខក​ស្នេហ៍​ពាក់កណ្តាល​ផ្លូវ​រូប​នេះ បាន​បន្ត​ថា៖ «ខ្ញុំ និង​បង វីលាម មុន​ឈាន​ដល់​ការ​ភ្ជាប់ពាក្យ​នេះ មាន​ការ​ពេញចិត្ត​ពេញថ្លើម​ទាំង​ចាស់ទុំ​សងខាង។ ចាស់ទុំ​ខាង​ខ្ញុំ​ក៏​ទទួល​បាន​ការ​សិក្សា​ពី​ចិត្ត​គាត់​ដែរ ហើយ​ជាង​នេះ​បង គាត់​ជា​មនុស្ស​ប្រុស​ទុក​ចិត្ត​បាន​»។
នៅពេល​ដែល​សួរ​នាំ​ដល់​ថ្ងៃ​ចូល​រោងការ​ជាក់លាក់ មាស សម្ផស្ស ក៏​នៅ​តែ​មិន​ប្រាកដ​ថ្ងៃ​ណា​ដែរ ក្រៅពី​ប្រាប់​ថា ឆ្នាំ​ក្រោយ។

តារាសម្តែង​វ័យ​តោង​៣០​ឆ្នាំ​លេចធ្លោ​ខាង​រឿង​ស្នេហា​ជាង​ការងារ​សិល្បៈ រូប​នេះ​បាន​ប្រាប់​ថា៖ «ឆ្នាំ​នេះ​មិន​អាច​មក​គិត​រឿង​រៀបការ​បាន​ទេ ទី​មួយ​រង់ចាំ​ឪពុក​ម្តាយ​បង វីលាម ចុះ​មកពី​អាមេរិក​ឆ្នាំ​ក្រោយ និង​មួយ​ទៀត​ឆ្នាំ​នេះ​ខ្ញុំ​កំពុង​ត្រូវ​ចំណាយ​ទុន​បើក​គ្លីនិក វះកាត់​កែសម្ផស្ស​ខ្នាត​ធំ​សម្រាប់​នៅ​ស្រុក​ខ្មែរ ទើប​មិន​ទាន់​ដាក់​ចិត្ត​មក​គិត​រឿង​រៀបការ​»។

មាស សម្ផស្ស បញ្ជាក់​ថា៖ «ដោយសារ​ជាប់​រវល់​ទើប​មិន​គិត​ពី​វេលា​ចូល​រោងការ ហើយ​ណា​មួយ​ក៏​ចង់​ឲ្យ​សមិទ្ធផល​កន្លែង​វះកាត់​កែសម្ផស្ស​នោះ វា​ចេញ​ជា​រូបរាង​មុន​សិន​ដែរ ហើយ​វា​ជា​ហេតុផល​មួយ​ដែល​នាំឲ្យ​ខ្ញុំ​សម្រាក​ការ​ទទួល​ថត​សិល្បៈ​ដែរ មិនមែន​ដូចគេ​ថា បាន​គូដណ្តឹង​នៅ​សម្ងំ​ផ្គាប់​ចិត្ត​ដែរ​»៕


What Next?

Recent Articles

One Response to "មាស សម្ផស្ស ផ្អាក​សិល្បៈ ផ្គាប់ចិត្ត​គូដណ្តឹង​អាណិកជន​អាមេរិក"

  1. Anonymous says:

    Cambodian girls married cambodian American or American guys so lucky in life. Their country give value to the girls and respect.