​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន បន្តធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​

ដោយ៖​ បាន វិទ្យា​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

​កម្មករ និង​មន្ត្រី​សហជីព ឲ្យដឹងថា​បុគ្គលិក​ក្រុមហ៊ុនស៊ីន​ទ្រី​ជាង​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ភូមិ​ក្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ដែល​នៅ​សេសសល់​។​

​លោក អ៊ី​ម អុន ដែល​អះអាងថា​ជា​តំណាង​កម្មករ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា អ្នកបើក​រថយន្ត​យក​សំរាម​មួយចំនួន​យល់ព្រម​ចូលធ្វើការ​វិញ ដោយសារ​ភាគី​ខាង​ក្រុមហ៊ុន​យល់ព្រម​លើ​លក្ខខណ្ឌ​ទាមទារ​របស់​ពួកគាត់ ប៉ុន្តែ​កម្មករ​ដទៃ​ពុំ​ព្រម​ចូល​ធ្វើការ​ឡើយ​។​លោក​ថា​«​កម្មករ​ផ្សេង​ទៀត​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ពុំ​ព្រម​ចូល​ធ្វើការ​ដដែល ដោយ​ថា​ភាគី​ក្រុមហ៊ុន​ពុំ​ទាន់​ដោះស្រាយ​លើ​លុយ​ធ្វើដំណើរ​ដែល​ពួកគាត់​ទាមទារ​ជា​ដើម​»​។​

​លក្ខខណ្ឌ​ការងារ​៤​ចំណុច ដែល​បុគ្គលិក​បន្ត​ការទាមទារ​នោះ រួមមាន លុយ​ទ្រទ្រង់​សុខភាព​១០​ដុល្លារ ប្រាក់​បំណាច់​ឆ្នាំ លុយ​ស្នាក់នៅ​១០​ដុល្លារ និង​លុយ​ធ្វើដំណើរ​១៥​ដុល្លារ​។​

​ប្រធាន​សហព័ន្ធ​សហជីព​លើកតម្កើង​ជីវភាព​កម្មករ​និយោជិក​ខ្មែរ លោក មុំ សារ៉ន មានប្រសាសន៍ថា ភាគី​ក្រុមហ៊ុន​គួរតែ​សម្របសម្រួល​នូវ​លក្ខខណ្ឌ​ការងារ​៤​ចំណុច ដែល​កម្មករ​ទាមទារ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​កម្មករ ព្រោះថា​ប្រាក់ខែ​គោល​របស់​បុគ្គលិក​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​

ប្រធានការិយាល័យ​សម្អាត​ក្រុង និង​យានដ្ឋាន និង​តំណាង​ឲ្យ​ក្រុមហ៊ុនស៊ី​នទ្រី លោក ងួន ស៊ី​ផេង មានប្រសាសន៍ថា «​កម្មករ​ភាគច្រើន​បាន​ចូលធ្វើការ​វិញ​ហើយ មាន​តែ​កម្មករ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ត្រូវ​សហជីព​បញ្ចុះបញ្ចូល​មិន​ព្រម​ចូលធ្វើការ​»​។​

​គួរបញ្ជាក់​ថា​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​អាទិត្យ​មក ដែល​ទាមទារ​លក្ខ​ខ​ណ្ខ​ការងារ​ចំនួន​១០​ចំណុច​។ រាល់​ការទាមទារ​ម្តងៗ បុគ្គលិក​មិន​បាន​ចេញ​ទៅ​ប្រមូល​សំរាម​ធ្វើឲ្យ​សំរា​មគរ​ពេញ​រាជធានី​ភ្នំពេញ​៕

​សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gamil.com

What Next?

Recent Articles