​អ្នកភូមិ​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​ត្រៀម​កាំបិត​ពូថៅ និង​ដំបង​ការពារ​មិនឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តំណាង​ពួកគេ​

ដោយ៖​ ញឹម សុខន​​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ប្រដាប់​ដោយកាំបិត ពូថៅ និង​ដំបង នៅ​ថ្ងៃ​អង្គារ​នេះ កំពុង​ប្រមូលផ្តុំ​គ្នានៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ត្រៀម​តទល់​ជាមួយ​កម្លាំង​សមត្ថកិច្ច មិន​ឲ្យ​ចាប់ខ្លួន​តំណាង​ពួកគេក្នុង​ជម្លោះ​ដីធ្លី​។

តំណាង​អ្នក​ភូមិ លោក សៀង ហេង ឲ្យ​VOD​ដឹងថា នៅ​ទី​៨​ ខែកក្កដា ​ឆ្នាំ​២០១៤​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ២០០​នាក់ ប្រដាប់​ដោយ​ខែល ដំបង និង​អាវុធ នៅ​បន្ត​ដាក់ពង្រាយ​ឡោមព័ទ្ធ ភូមិ​ឡ​ពាង ដើម្បី​ចាប់ខ្លួន​តំណាង​ពួកគេ​ម្នាក់​គឺ​អ្នកស្រី អ៊ុំ សុ​ភី​។​

បុរស​រូប​នោះ​បន្ត​ថា ពេល​នេះ​អ្នកភូមិ​ច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នានៅផ្ទះ អ្នកស្រី អ៊ុំ សុ​ភី ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ការពារ​តំណាង​ពួកគេ មិនឲ្យ​មាន​ការចាប់ខ្លួ​ន​។

អ្នកស្រី អ៊ុំ សុ​ភី​ ឲ្យដឹង​ដែរថា ការ​ដែល​សមត្ថកិច្ច​ព្យាយាម​ចាប់ខ្លួន​អ្នកស្រី ដោយសារតែអ្នកស្រី​ចេញមុខ ប្រឆាំង​នឹង​ក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ដែល​កំពុង​ប្រើ​អំណាច​រំលោភ​យក​ដី​អ្នកភូមិ​ជាង​១០០​ហិកតា​។

ស្ត្រី​រូប​នោះ​បន្តថា  អ្នកភូមិ​រងគ្រោះ គ្រាន់​តែ​ប្រើ​សិទ្ធិ​ការពារ​ដី​របស់​ខ្លួន កុំឲ្យ​ក្រុមហ៊ុន​អ្នកមានអំណា​ច​រំលោភ​យក​តែប៉ុណ្ណោះ តែ​បែរជា​មាន​ទោស​ត្រូវ​ចាប់ខ្លួន​ទៅ​វិញ​។ អ្នកស្រី​យល់ថា នេះ​ជា​រឿង​អយុត្តិធម៌ សម្រាប់​អ្នកក្រីក្រ​នៅក្នុង​ឃុំ​តា​ជេស​។

អធិការរង​នគរបាល​ស្រុក​កំពុងត្រឡាច​លោក ហ៊ុល វាសនា អះអាងថា ពិតជា​មាន​កម្លាំង​សមត្ថកិច្ច​ដាក់ពង្រាយ​តាម​គោលដៅ​នៅ​ទីនោះ​មែន ប៉ុន្តែ​លោក​មិនដឹងថា​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ទេ ដែល​ត្រូវ​នាំខ្លួន​ទៅ​តុលាការ ដោយ​លោក​ជំរុញ​ឲ្យទៅ​សួរ​ស្នងការ​ខេត្ត។​

​ស្នងការរង​ផ្នែក​ព្រហ្មទណ្ឌ​លោក ប្រាក់ វ​ឌ្ឍី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​ជំរុញ​ឲ្យទៅ​សួរ​អភិបាលខេត្តកំព​ង់​ឆ្នាំង​លោក ឈូរ ច័ន្ទ​ឌឿ​ន ដែល​VOD​មិនអាច​ទាក់ទង​បាន។​

ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​ឡ​ពាង និង​ក្រុមហ៊ុន​KDC របស់​លោកស្រី ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានអូសបន្លាយ​ជិត​៨​ឆ្នាំ​ហើយ នៅតែ​មិន​អាច​រក​ដំណោះស្រាយ​បាន បើទោះបី​ក្រុមហ៊ុន បាន​ផ្តល់​សំណង​ជា​ទឹកប្រាក់ ដល់​អ្នក​ភូមិ​មួយ​ចំនួន ដើម្បី​បញ្ចប់​ជម្លោះ​ក៏ដោយ។​

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ធមុ​នី ដែល​តាមដាន​ករណីនេះ ឲ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ច​មិន​ទាន់​ចុះ​អនុវត្ត​សាលក្រម ដើម្បី​ចាប់ខ្លួន​តំណាង​អ្នក​ភូមិ​នៅឡើយ​ទេ ប៉ុន្តែ​លោក​យល់ថា ការអនុវត្ត​សាលក្រម​ដែល​បង្ក​ឲ្យមាន​ហិង្សា ជា​ការរំលោភ​សិទ្ធមនុស្ស​ធ្ងន់​ធ្ងរ។​

​លោក​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការយោគយល់​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី៕

សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "​អ្នកភូមិ​ឡ​ពាង​ខេត្តកំពង់ឆ្នាំង​ត្រៀម​កាំបិត​ពូថៅ និង​ដំបង​ការពារ​មិនឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តំណាង​ពួកគេ​"

  1. Nath in says:

    Violence will not solve any problems but increase the problems instead. Who wants to see the bloodshed? Only the poor who will lose!

  2. old woman says:

    All khm

  3. ?? says:

    it come to the time that this Cambodian do not dare to the law enforcement of CPP of HUN SEN , it is not a good sine for our nation. if HUN SEN not changing his direction??????????????

  4. NGOs says:

    ជាតំណាងចាប់ៗដូចជាគតិបណ្ឌិតក្តិតក្រមស្រែងកូនក្មេង