ដោយ៖ បូ សាវី
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ភ្ញៀវទេសចរណ៍ ថតរូបជាអនុស្សាវរីយ៍ នៅមុខប្រាសាទអង្គរវត្ត (រូបថត៖ បូ សាវី)
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ក្រុងសៀមរាប ត្រូវបានទស្សនាវដ្ដីអន្ដរជាតិមួយ វាយតម្លៃថាជាទីក្រុងស្អាតបំផុត ជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី និងជាប់លេខ៤ នៅលើពិភពលោក ដែលត្រូវជ្រើសរើសនៅឆ្នាំ២០១៤នេះ។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រាប់VODនៅព្រឹកថ្ងៃពុធនេះថា ទស្សនាវដ្ដីទេសចរណ៍អាមេរិកកាំងឈ្មោះ Travel Leisure បានវាយតម្លៃថា ទីក្រុងប្រវត្ដិសាស្ដ្របុរាណនេះ ជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងចំណោមទីក្រុងចំនួន១០នៅអាស៊ី និងជាប់លេខ៤នៅលើពិភពលោក ដែលមិនធ្លាប់មានកន្លងមក ខណៈក្រុងតូក្យូរបស់ជប៉ុន ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកទីក្រុងស្អាតបំផុត ក្នុងការទស្សនាកំសាន្ត។
លោក ថោង ខុន បានបញ្ជាក់ថា ទស្សនាវដ្ដីទេសចរណ៍នោះ បានធ្វើការស្ទង់មតិអ្នកអាន និងអ្នកទេសចរណ៍ ដែលមកលេងនៅកម្ពុជា ដោយបានវាយតម្លៃលើគោលការណ៍៤ចំណុច រួមមាន វប្បធម៌ សិល្បៈ សេវាកម្ម ម្ហូបអាហារ និងសេវាផ្សេងៗទៀត។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋមួយចំនួននៅក្រុងសៀមរាប មិនមានការភ្ញាក់ផ្អើលលើកការវាយតម្លៃរបស់ទស្សនាវដ្ដីទេសចរណ៍បរទេស ដែលថាក្រុងសៀមរាបជាប់ចំណាត់ល្អនេះទេ ព្រោះពួកគេមើលឃើញពីបរិស្ថាននៅក្នុងក្រុងសៀមរាប ដែលស្អុយសំរាម និងដីហុយ ខណៈផ្លូវមួយចំនួនរងការខូចខាត។
ពលរដ្ឋនៅក្រុងសៀមរាប លោក ជា សាវី មានប្រសាសន៍ថា ការវាយតម្លៃនេះមិនបានមើលឃើញពីស្ថានភាពទាំងមូលនៃក្រុងសៀមរាបទេ។ លោកបន្ដថា តំបន់ទេសចរណ៍នេះមានតែប្រាង្គប្រាសាទអង្គរវត្ដ និងប្រាសាទបុរាណផ្សេងៗទៀត និងផ្លូវផបស្ទ្រីត(POP STREET)ប៉ុណ្ណោះ ដែលជាទីចាប់អារម្មណ៍ ប៉ុន្តែនៅរដូវវស្សាទឹកលិច ហើយនៅរដូវប្រាំងដីហុយ និងមានកាកសំណល់ស្អុយរលួយនៅក្នុងទីក្រុង។
ប៉ុន្តែរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកថោង ខុន មានមោទនភាព នៃការវាយតម្លៃរបស់ទស្សនាវដ្ដីអាមេរិកកាំងនោះ។ លោកថា នៅតំបន់អង្គរ ជាតំបន់អភិវឌ្ឍន៍បៃតងបែបធម្មជាតិ។
សម្រាប់ប្រធានកិត្ដិយសសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ប៉ាត សំបូរ មានប្រសាសន៍ថា មុននឹងឲ្យពិន្ទុដល់តំបន់ទីក្រុងស្អាតបំផុតនោះ ត្រូវមកទស្សនាកន្លែងនោះយ៉ាងតិច៣ដង ដើម្បីកុំឲ្យភ្ញៀវអន្ដរជាតិខកចិត្ដ បន្ទាប់ពីវាយតម្លៃថា ជាទីក្រុងស្អាតបំផុតនោះ។ លោកបន្ដថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន រដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ត្រូវអភិវឌ្ឍទីក្រុងឲ្យបានស្អាត ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងសេវាកម្មផ្សេងៗ និងផ្នែកសន្ដិសុខ ជាដើម៕

សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
ស្អីទីក្រុងស្អាត!សំរាប់មនុស្សខ្វាក់។
ស្អាតតែត្រង់អង្គរ ចេញផុតបន្តិចម៉ាកយ៉ាប់។មិនដឹងអស់លុយប៉ុន្មានទេទំរាំគេសុខចិត្តជួយភរចុះផ្សាយអោយ។