​សមាគម​ការពារ​សិទ្ធិមនុស្ស ថ្កោលទោស​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​ម្តង​ហើយ​ម្តងទៀត​ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​ការបង្ក្រាប និង​បំបែក​សេរីភាព​ជួបជុំបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

សេចក្ដីថ្លែងការណ៍​ថ្កោលទោស​នេះ​ធ្វើឡើង នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ក្រោយពេល​ដែល​អាជ្ញាធរ​ខណ្ឌ​ចំការមន ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ទួលគោក ប្រើប្រាស់​កម្លាំង​សន្តិសុខ​ខុសច្បាប់ ធ្វើការ​វាយ​បង្ក្រាប​ទៅលើ​ក្រុមបាតុករ​អហិង្សា និង​រារាំង​មិន​ឲ្យ​ក្រុម​បាតុក​រដាក់​ញ​តិ​ទៅ​ស្ថានទូត​វៀតណាម​។

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​លោក​អះអាងថា ជាប់រវល់​។ ចំណែកឯ​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស VOD មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បានទេ ដោយសា​រទូរ​ស័ព្ទ​ចូល តែ​មិន​មាន​អ្នកទទួល​។​

​ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ ​ប្រមូលផ្តុំ​គ្នា​តវ៉ា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​ខែល និង​ដំបងឆក់​ច្រើន​រយ​នាក់ បាន​ដេញ​វាយ​បំបែក​ក្រុម​បាតុករ បណ្តាលឲ្យ​របួស​មនុស្ស​ប្រហែល​១០​នាក់ ខណៈ​ពួកគេ​ព្យាយាម​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​វៀតណាម ​ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ សុំ​ទោស​ជា​សាធារណៈ​អំពី​អ្វី​ដែល​អ្នកនាំពាក្យ​រូបនេះ និយាយ​ជា​សាធារណៈ​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​ប្រទេស​វៀតណាម​តាំងពី​ដើម​មក មិនមែន​បាន​មក​ពី​ការ​កាត់​ទឹកដី​ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះទេ​។

​មេធាវី​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក ហុង គឹម​សួន ពន្យល់​តាម​នីតិវិធី​ច្បាប់​ថា ក្រុម​សន្តិសុខ​ខណ្ឌ ដែល​បង្ក្រាប​ក្រុម​បាតុករ ក្រោម​ការបញ្ជា​របស់​ថ្នាក់លើ គឺ​ខុស​ច្បាប់​ព្រហ្មទណ្ឌ​។ ដូច្នេះ ជនរងគ្រោះ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ​ដែនដី​នោះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សមាគម​អាដហុក ឲ្យដឹងទៀតថា ចាប់ពី​ដើម​ឆ្នាំ២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយ​បង្ក្រាប​ក្រុម​បាតុករ មិន​ឲ្យមាន​ការជួបប្រ​ជុំ​នៅ​តាម​ទីសាធារណៈ​ចាប់ពី​១០​នាក់​ឡើងទៅ ជាពិសេស​ទៅទៀត​នោះ រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ​ ដែល​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញមតិ មិនឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​សម្រាប់​បញ្ចេញមតិ ដែល​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដើរ​ចាក​គន្លង​ប្រជាធិបតេយ្យ​៕​

សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ​ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​សមាគម​ការពារ​សិទ្ធិមនុស្ស ថ្កោលទោស​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​​"

  1. ?? says:

    no , do not say that. every thing this leader doing is always right always doing by law the law of HUN SEN and his followers??????????????????????????