ដោយ៖ បាន វិទ្យា
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ទីតាំងចាក់សំរាមមួយ នៅក្បែរផ្សារចាស់ រាជធានីភ្នំពេញ (រូបថត៖ ជន ស្រីណុច)
សាលារាជធានី អំពាវនាវឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញរក្សាសំរាមឲ្យបានត្រឹមត្រូវ ដើម្បីសោភ័ណភាពទីក្រុង ខណៈបុគ្គលិកក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែកក្កដា ឲ្យដឹងថា សាលារាជធានី អំពាវនាវដល់ប្រជាពលរដ្ឋ យោគយល់ចំពោះការរអាក់រអួលក្នុងការប្រមូល ការសម្អាត និងការដឹកជញ្ជូនសំរាម។ សេចក្តីជូនដំណឹងបន្តថា សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនបាននឹងកំពុងចរចារកដំណោះស្រាយសម្របសម្រួលជូនបុគ្គលិកក្រុមហ៊ុន។
សេចក្តីជូនដំណឹង ឲ្យដឹងទៀតថា អំឡុងពេលចរចារកដំណោះស្រាយនេះ សាលារាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទុកដាក់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ នៅតាមគេហដ្ឋាន ឬទីតាំងអាជីវកម្ម ព្រមទាំងយកសំរាមរបស់ខ្លួនមកដាក់ក្នុងរថយន្តដឹកសំរាម នៅពេលដែលមានរថយន្តមកប្រមូល។ សាលារាជធានីបញ្ជាក់ថា ប្រជាពលរដ្ឋគួរជៀសវាងការទុកដាក់សំរាមនៅតាមមុខផ្ទះ ឬតាមដងផ្លូវនានាដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពរាជធានីភ្នំពេញ។
បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានធ្វើកូដកម្មអស់រយៈពេល៤ថ្ងៃមកហើយ គឺតាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលទាមទារលក្ខខណ្ខការងារចំនួន១០ចំណុច។ រហូតមកដល់ពេលនេះ ការទាមទារលក្ខខណ្ឌមួយចំនួន ត្រូវបានដោះស្រាយ តែបុគ្គលិកខ្លះបន្តការធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារ៤ចំណុចទៀត រួមមាន លុយទ្រទ្រង់សុខភាព១០ដុល្លារ ប្រាក់បំណាច់ឆ្នាំ លុយស្នាក់នៅ១០ដុល្លារ និងលុយធ្វើដំណើរ១៥ដុល្លារ។
ប្រធានសហព័ន្ធសហជីពលើកតម្កើងជីវភាពកម្មករនិយោជិកខ្មែរ លោក មុំ សារ៉ន ប្រាប់VODថា នៅថ្ងៃពុធនេះ បុគ្គលិកនៅបន្តធ្វើកូដកម្ម តែលោក និងភាគីក្រុមហ៊ុន កំពុងតែចរចារកដំណោះស្រាយ៕
សូមសរសេរមកកាន់កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gamil.com