ដោយ៖ តាំង វីដា
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលកើតមានក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣ ខែកក្កដានេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននូវព័ត៌មានពីភាពមិនប្រក្រតីចំនួនបី ដែលកើតមានក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។ ទី១ គឺការមិនបានបែងចែកប្រាក់រង្វាន់លើកទឹកចិត្តក្នុងការផ្តល់សេវាសាធារណៈឆ្នាំ២០១៣ ជូនមន្ត្រីថ្នាក់ក្រោម ទី២ ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តក្នុងការផ្តល់សេវាសាធារណៈឆ្នាំ២០១៤ លើកទី១ និងលើកទី២ គ្មានតម្លាភាព ដោយមិនមានការឯកភាពពីថ្នាក់ដឹកនាំក្រសួងជាទូទៅ។ ចំណុចទី៣ គឺតារាងបែងចែកថវិកា ដែលទទួលបានពីប្រាក់រង្វាន់លើកទឹកចិត្តក្នុងការផ្តល់សេវាសាធារណៈសម្រាប់ឆ្នាំ២០១៤ មានច្រើនប្រភេទ ដូចជា រដ្ឋមន្ត្រីទទួលបានទឹកប្រាក់៩% ខុទ្ទកាល័យរដ្ឋមន្ត្រី៤% ហើយរដ្ឋលេខាធិការ៧រូប ទទួលប្រាក់រង្វាន់ខុសគ្នា ដោយមិនបង្ហាញគោលការណ៍កំណត់ច្បាស់លាស់។
VOD មិនអាចសុំការបំភ្លឺពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក បានទេ ប៉ុន្តែ លេខារបស់លោក គឺលោក ត្រាំ ណូរ៉ាន់ ឲ្យដឹងថា ភាពមិនប្រក្រតីនេះ ទំនងជាចេញពីមន្ត្រីក្រោមឱវាទ និងតាមរយៈការចុះផ្សាយរបស់សារព័ត៌មានកន្លងមក។ លោកថា ករណីនេះ ក្រសួង បានចេញលិខិតបំភ្លឺរួចមកហើយ តែកិច្ចការលម្អិត គឺស្ថិតក្នុងបន្ទុករបស់នាយកខុទ្ទកាល័យ លោក ស្លូត សំបូរ ដែលកំពុងជាប់បេសកកម្មនៅក្រៅប្រទេស។
ក្នុងសេចក្តីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបង្ហាញពីលទ្ធផលការស្នើបំភ្លឺលើភាពមិនប្រក្រតីទាំងនោះ ដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ត្រាំ អ៊ីវតឹក បានអះអាងថា ករណីទីមួយ ការចាប់ផ្តើមអនុវត្តប្រាក់រង្វាន់លើកទឹកចិត្តនៅឆ្នាំ២០១៣ គឺជាលើកដំបូង ដែលអនុវត្តតែលើមន្ត្រីរាជការបំពេញភារកិច្ចលើការងារប្រមូល និងគ្រប់គ្រងចំណូលតែប៉ុណ្ណោះ តែនៅដើមឆ្នាំ២០១៤នេះ គឺក្រសួង បានបែងចែកផ្តល់ប្រាក់វង្វាន់ជាថ្មីដល់មន្ត្រីរាជការ ក្នុងនាយកដ្ឋានមួយចំនួនបន្ថែមទៀត ដោយផ្អែកលើគោលការណ៍សមធម៌។ ចំពោះករណីទី២ គឺការបែងចែកប្រាក់រង្វាន់ សម្រាប់ឆ្នាំ២០១៤ គឺធ្វើឡើងដោយផ្អែកលើប្រកាសអន្តរក្រសួង និងមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកផ្នែកនីមួយៗត្រឹមត្រូវ។ សម្រាប់ករណីទី៣ គឺការបែងចែកប្រាក់រង្វាន់តិច ឬច្រើន គឺផ្អែកលើគោលការណ៍សមធម៌ និងគុណសម្បត្តិការងាររបស់មន្ត្រីផ្នែកនីមួយៗ។
VOD មិនអាចសុំការបំភ្លឺបន្ថែមពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានទេ ដោយលោកថាជាប់រវល់។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា យល់ថា ករណីនេះ ស្ថាប័នអនុវត្ត គប្បីបន្តការស៊ើបអង្កេតជុំវិញការលើកឡើងតបនឹងភាពមិនប្រក្រតីទាំងនោះ ដើម្បីស្វែងរកការពិត ដោយជៀសវាងបង្កភាពស្ងាត់ស្ងៀម នាំឲ្យទង្វើនោះបន្តកើតមាន។ លោកស្រីថា ការបែងចែកប្រាក់រង្វាន់ និងការចាត់ចែងចំណូលចំណាយរបស់ក្រសួង ស្ថាប័នរដ្ឋ គួរបង្ហាញជាសាធារណៈ ដើម្បីបង្ការការយល់ច្រឡំ និងការកិបកេងពីមន្ត្រីខិលខូច។
កាលពីចុងខែមេសា ឆ្នាំ២០១៤ មន្ត្រីមួយចំនួននៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានលាតត្រលាងអំពើពុករលួយ ដែលកើតមានឡើងក្នុងស្ថាប័ននេះ លើការប្រមូលពន្ធអាជីវកម្មជាច្រើន នៅអគ្គនាយកដ្ឋាននេះ ថាមិនបានពេញលេញ ឬអាចជាការកិបកេងរបស់មន្ត្រីពុករលួយលាក់ទុក សម្រាប់ហោប៉ៅផ្ទាល់របស់ខ្លួន។ ប៉ុន្តែករណីនេះ ត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋាននោះច្រានចោល ដោយចាត់ទុកថា ជាការលើកឡើងដោយគ្មានមូលដ្ឋានសម្រាប់ការស៊ើបអង្កេត ហើយលិខិតនេះ ធ្វើឡើងដោយការមិនពេញចិត្តរបស់មន្ត្រី ពីរបីរូប ក្នុងកំណែទម្រង់ការងាររបស់ខ្លួនតែប៉ុណ្ណោះ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

There must be a transparency for all kinds of management and accusation!
This unity does not work efficiently since their members of this unit are members of the government!
some thing starting to come up about this dump leader*************