​តំណាង​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ពង្រឹង​ឯករាជ្យភាព​តុលាការ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃពុធ ទី23 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែរ​ឌី អ្នក​រាយ​ការ​ពិសេសរបស់អង្គការសហប្រជាជាតិ

​អ្នករាយការណ៍ ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​ម​ន្ស​ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ធ្វើឲ្យ​ប្រសើ​ថែម​ទៀត នូវ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ការពារ​សិទ្ធិសេរីភាព និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​សេចក្ដីថ្លែងការណ៍  អ្នក​រាយ​ការ​ពិសេស របស់​អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែរ​ឌី ផ្សព្វផ្សាយ​ពី​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស  បាន​ហៅ​កិច្ចព្រមព្រៀង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ​ថា ជា​លទ្ធផល​ផ្លែផ្កា​មួយ សំដៅ​ឆ្ពោះទៅរក​ការកែទម្រង់​ការដឹកនាំ​ប្រទេស​។​

​លោក​សុរិយា ស៊ូ​ប៊ែរ​ឌី បញ្ជាក់ថា កិច្ចព្រមព្រៀង​នយោបាយ​នេះ ភាគី​ទាំងពីរ​ផ្អែកលើ​មូលដ្ឋាន​រួម​តែមួយ គឺ​ផលប្រយោជន៍ របស់​ប្រជាជន​កម្ពុជា ហើយ​ស្វាគមន៍​ការផ្ដល់​សេរីភាព​ដល់​ប្រជាជន​ឡើងវិញ​។​

​ប៉ុន្តែ​តំណាង​អង្គការសហប្រជាជាតិ​រូបនោះ បាន​ផ្ដោត​សំខាន់​ផង​ដែរ ទៅ​លើ​ការកែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ដោយ​លោក​សង្ឃឹមថា តាមរយៈ​កិច្ចព្រមព្រៀង​នយោបាយ​នេះ គឺ​ភាគី​ទាំងពីរ ត្រូវ​បង្ហាញ​ឥរិយាបថ​ច្រើន​ថែម​ទៀត​ទៅលើ​ការការពារ​សិទ្ធិសេរីភាព និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់លោក ស៊ូ​ប៊ែរ​ឌី បាន​ធ្វើឡើង​បន្ទាប់​ពី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា​ឆ្នាំ​២០១៤​ម្សិលមិញ បាន​ជួប​ពិភាក្សា​គ្នា ឈាន​ដល់​កិច្ចព្រមព្រៀង បញ្ចប់​ជម្លោះ នយោបាយ  ដែល​បាន​អូសបន្លាយ​ជិត​មួយ​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប មិន​បាន​ដាក់​លក្ខខណ្ឌ ពី​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាងថា នៅ​ក្នុង​ប្រការ​៦​នៃ​កិច្ចព្រមព្រៀង ភាគី​ទាំងពីរ​បាន​និយាយ ពី​កំណែទម្រង់​ស្ថាប័ន​ជាតិ​ធំៗ​ដូចជា ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ន​សិទ្ធិមនុស្ស ស្ថាប័ន​អគ្គសវនកម្ម ស្ថាប័ន​ដោះស្រាយ​ជម្លោះ និង​តុលាការ​ជាដើម​ «ពេលដែលយើងចូលទៅធ្វើការក្នុងរដ្ឋសភា យើងត្រូវចាប់ផ្តើមធ្វើជាបន្តបន្ទាប់ ប៉ុន្តែអ្វីសំខាន់គឺយើងដោះមូលហេតុនៃបញ្ហា ហើយមូលហេតុនៃបញ្ហាហ្នឹង គឺយើងដោះបានហើយ គឺ គជប»។

​យ៉ាងនេះ​ក្តី​នៅ​ពេល​ប្រទេស​កំពុងមាន​វិបត្តិ​នយោបាយ  ខណៈ​បក្សប្រឆាំង​បន្ត​ធ្វើ​ពហិកា​មិន​ចូលប្រជុំ​សភា បក្ស​កាន់​អំណាច បានអនុម័ត​សេចក្តីព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ចំនួន​៣​ស្តីពី​កំណែទម្រង់​ប្រព័ន្ធតុលាការ បើ​ទោះបី​មាន​ការរិះគន់​ពី អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជនម្ពុ​ជា លោក ជាម យៀប បានចាត់ទុក​សេចក្តីថ្លែងការណ៍ របស់​តំណាង​អង្គការសហប្រជាជាតិ​ថា ជាកា​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​នៅ​កម្ពុជា​។ លោក​ថា ច្បាប់​ទាំងឡាយ​ណា ដែល​បាន​អនុម័ត​រួចហើយ អាច​នឹង​ធ្វើ​វិសោធនកម្ម​បាន ប្រសិនបើ​តំណាងរាស្ត្រ​ទាំងអស់​ក្នុង​សភា ឯកភាព​គ្នា​ធ្វើ​កំណែទម្រង់​ «សភាឲ្យតែចូលទាំងពីរគណបក្ស បើគណបក្សនោះលើកឡើងមានភាពឡូហ្ស៊ីក ត្រឹមត្រូវ យើងអាចលុបចោលកន្លែងណាមួយ ជំពូកណា អត់មានស្អីទេ។ អ៊ីចឹងបានឲ្យមានសិន នេះគ្រាន់តែជម្រាបទៅឯកឧត្តម សុរិយា ស៊ូប៊ែឌី ឲ្យបានជ្រាបថា យើងអរគុណហើយ ដែលលោកបានជួយបំពេញបន្ថែម ឬជួយពិនិត្យមើលយ៉ាងណាៗនោះ នូវខ្លឹមសារនៃច្បាប់»។​

​សេចក្តី​ព្រាង​ច្បាប់​ដែល​សភា និង​ព្រឹទ្ធសភា បាន​អនុម័ត​នោះ ពេលនេះ​កំពុង​រង់ចាំ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។​

​ច្បាប់​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ ដែល​បាន​ដំណើរការ​ទៅ​យ៉ាង​លឿន ដោយ​មិន​រង់ចាំ​ការឯកភាព​ជាតិ​ជា​មុន​នេះ ទាំង​លោក ស៊ូ​ប៊ែ​ឌី ទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក រកឃើញថាច្បាប់​នេះ បាន​ផ្តល់​សិទ្ធិអំណាច ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ត្រួត​លើ​ប្រព័ន្ធតុលាការ ធ្វើ​ឲ្យ​ចៅក្រម​មិន​មាន​ឯករាជ្យភាព និង​ប៉ះពាល់​ដល់​នីតិរដ្ឋ​ធ្ងន់ធ្ង​របើ​គ្មាន​ការកែប្រែ​។​

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com​​


What Next?

Recent Articles

2 Responses to "​តំណាង​អង្គការសហប្រជាជាតិ ជំរុញ​ឲ្យ​បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ពង្រឹង​ឯករាជ្យភាព​តុលាការ​​"

  1. ?? says:

    please remember you are not alone, and doing any thing you always want, and thinking you are the best human spicy the planet………………………………..

  2. ព្រះរាជាជាចក្រដំរីក៏ខ្វះទ្រមាក់ក៏ឆ្គួត says:

    គេគេចចោលហើយព្រះរាណាចក្រដែលកែមិនឡើង!!!