រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា ការ​លុប​បឹង​មិន​បណ្តាល​ឲ្យ​លិច​ភ្នំពេញ​ទេ​​

ដោយ៖​ កាន់ វិច្ឆិកា​​
ថ្ងៃពុធ ទី23 កក្កដា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទឹកលិចនៅដងផ្លូវមួយ ពេលភ្លៀងធ្លាក់ក្នុងរាជធានីភ្នំពេញ

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​លើកឡើង​ថា ទឹក​លិច​ភ្នំពេញ​រាល់​ក្រោយ​ពេល​ភ្លៀង​នោះ មិនមែន​បណ្តាលមកពី​ការ​លុប​បឹង​ទេ តែ​ដោយសារ​មិន​មាន​លូ​រំដោះ​ទឹក​។​

​លោក សាយ សំ​អាល់ លើកឡើង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការងារ​គ្រប់គ្រង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ដើម្បី​បង្កើន​លទ្ធភាព​របស់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ក្នុង​ការទទួលបាន​ព័ត៌មាន និង​ធ្វើឲ្យ​សាធារណជន​យល់ដឹង​កាន់តែ​ទូលំទូលា​យ​អំពី​ការគ្រប់គ្រង​បរិ​សា្ថន​នៅ​កម្ពុជា​។ លោក​ថា ប្រជាពលរដ្ឋ​ភាគច្រើន​តែង​លើកឡើង​ពី​ការ​លិច​ទឹក​នៅ​រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​ការ​លុប​បឹង​មួយចំនួន ​ដែល​ការលើកឡើង​នោះ​មិន​មាន​ភាពត្រឹមត្រូវ​នោះទេ​។ លោក​លើកឡើង​ថា ការ​លិច​នោះ​បណ្តាលមកពី​កម្ពុជា​មិនទាន់មាន​លូ​រំដោះ​ទឹក​នៅ​ឡើយ​ «តាមពិតខ្ញុំមិនឯកភាពគំនិតថា មកដោយសារយើងលុបបឹងបានលិច មិនមែនទេ ខ្ញុំអត់គិតថាអ៊ីចឹង តែខ្ញុំគិតថា ចំនួនទឹកភ្លៀង និងភាពស្រុតរបស់លូក្នុងក្រុងភ្នំពេញ វាមិនស្រុតខ្លាំងទេ ស្រុតតែបន្តិចទេ ដោយសារយើងមិនបានធ្វើលូរំដោះទឹកភ្លៀងនេះ បានវាលិច»។

​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ហាក់​មិន​មាន​ការស្រាវជ្រាវ​ឲ្យបាន​លម្អិត​ជុំវិញ​បញ្ហា​នេះ​ទេ​។

លោក​ថាកាលណា​លុប​បឹង​ដែល​ជា​កន្លែង​ស្តុក​ទឹក ហាក់ដូចជា​ការបិទ​ខ្ទប់​ផ្លូវ​បង្ហូរទឹក ដូច្នេះ​បើ​ទោះជា​ក្នុង​ទីក្រុង​មាន​លូ​យ៉ាងណា  ក៏​មិន​អាច​ចៀសផុត​ពី​ការ​លិច​ក្រោយ​ពី​ភ្លៀង​ខ្លាំង​ដែរ​ «ប្រហែលជាគាត់មានមិនបទពិសោធន៍វែងឆ្ងាយ និងអត់មានទិន្នន័យវិភាគគ្រប់ជ្រុងជ្រោយ ហើយទី២ គ្រាន់ជាការដោះសារ ដើម្បីឲ្យអ្នកប្រព្រឹត្តល្មើសកន្លងមកបានរួចខ្លួន ទី៣ ជាទូទៅ ផ្លូវទឹកកាលណាអត់មានផ្លូវទឹកហូរ វាត្រូវតែលិចហើយ»។

​ចំណែក​តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា​លោក សន ជ័យ យល់ថា ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នេះ គ្រាន់តែ​ជា​ការ​ដោះសារ​ប៉ុណ្ណោះ​។ លោក​ថា ការ​លុប​បឹង​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឲ្យ​ទឹក​លិច​ខុស​ពី​ធម្មតា ដោយសារ​ទឹក​មិន​អាច​រក​កន្លែង​ហូរ​ទៅបាន​ «ទាន់តែមានបឹងសម្រាប់ស្តុកទឹក ហើយមានប្រព័ន្ធលូដែលហូរចាក់ទៅបឹងហ្នឹង នោះវាអាចស្តុកទឹកបាន។ ឥឡូវនេះប្រព័ន្ធលូ ក៏មានការខូចខាតដោយអន្លើ រួមផ្សំជាមួយហ្នឹង បឹងទាំងឡាយត្រូវបានលុប នេះជាមូលហេតុដ៏ធំបំផុត ដែលនាំឲ្យទឹករកកន្លែងហូរទៅមិនបាន អ៊ីចឹងវាត្រូវតែជនលិច នៅកណ្តាលក្រុង ហើយអ្នកដែលរងគ្រោះ អ្នកដែលរងផលប៉ះពាល់ គឺប្រជាពលរដ្ឋ»។

​បើ​តាម​ពលរដ្ឋ និង​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​កន្លង​មក​លើកឡើង​ថា រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន ឯកជន​ចាក់ដី​លុប​បឹង​មួយចំនួន​ដែល​ធ្លាប់​រំដោះ​ទឹក​ដូចជា  បឹងកក់ បឹងទំពុន បឹង​ពោងពាយ បឹង​បា​យ៉ាប ជាដើម ទើប​បណ្តាលឲ្យ​មាន​ការលិចលង់​រាជធានី​ភ្នំពេញ​ខ្លាំង​ជាង​ពី​មុន​៕

សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា​ តាមរយៈ vicheika@vodhotnews.com


What Next?

Recent Articles

4 Responses to "រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា ការ​លុប​បឹង​មិន​បណ្តាល​ឲ្យ​លិច​ភ្នំពេញ​ទេ​​"

  1. ប្រុសស្នា says:

    ទាល់តែរត់មុនត្រីនោះ មកជិះកង់ ម៉ូតូ រឺស៊ីក្លូវីញ រួចកំុអោយគាត់មានវិទ្បាធំៗ នោះគាត់ប្រាកដជាជ្រាបថា ការលប់បឹងវាជាហេតុធ្វើអោយមានជំនន់ទឹកភ្លៀងហើយ!

  2. ព្រះរាជាជាចក្រដំរីក៏ខ្វះទ្រមាក់ក៏ឆ្គួត says:

    មិនមែនលប់បឹងទេដែលទឹកលិចទីក្រុងនេះមកវាត្រឡប់ធាតុចោរនិងពាលដឹកនាំប្រទេស
    នោះទួលក្លាយជាបឹងនិងបឹងក្លាយជាទួល(គួរប្រែឈ្មោះទួលគោកទៅជាបឹងគោកឯបឺងកក់
    ទៅជាទួលកក់វីញ)។

  3. Stock phnom says:

    Il sorte directement du même moule . Une chaîne de montagnes est un long fleuve et un long fleuve est une chaîne de montagnes tel que vu par les officiels du gouvernement actuel. On s’attend à ce que ces mêmes officiels voir la réalité après l’entente intervenue entre les deux partis politique . Espérons que les Khmers ont des dirigeants plus intelligents.

  4. Sva watpnom says:

    នៅតែលុបវាំងទៀតទេ ទើសថ្លៃមិនត្រូវកុំអីយាងសីហមុនីទៅគង់អែទួលក្រសាំង
    ជាមួយស្តេច១ទៀតនាមស្តេចកនបាត់ទៅហើយ។