សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​បាញ់​សម្លាប់​ពលរដ្ឋ

ដោយ ទីន ហ្សាការីយ៉ា
2014-07-23
RFA

កម្មករ វ៉េងស្រេង ៦១០
១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ ៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង។ RFA/Sek Bandith

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស លើក​ឡើង​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ​នយោបាយ​ជាប់​គាំង ដែល​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ​នោះ​បាន​ហើយ ដើម្បី​ចូលរួម​នៅ​ក្នុង​សភា និង​បន្ត​ការងារ​របស់​ខ្លួន។

ប៉ុន្តែ មន្ត្រី​សិទ្ធិ​មនុស្ស​សម្ដែង​នូវ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​លើក​យក​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ និង​កម្មករ​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ច​ចរចា​នោះ។ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​អំពី​និទ្ទណ្ឌភាព​នៅ​កម្ពុជា កាន់​តែ​កើត​មាន​ថែម​ទៀត។

ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ស្លាប់ និង​រង​របួស​នៅ​ពេល​ធ្វើ​បាតុកម្ម នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​ជាប់​គាំង​កន្លង​មក មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ ទោះ​បី​ជា​ស្ថានភាព​នយោបាយ​បាន​ត្រូវរ៉ូវ​គ្នា​វិញ​ក្ដី។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស សម្ដែង​ក្ដី​បារម្ភ​ពី​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅ​ស្ពាន​ស្ទឹងមានជ័យ និង​ករណី​នៅ​ទីលាន​ប្រជាធិបតេយ្យ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​លើក​យក​បញ្ហា​អំពើ​ហិង្សា​បាញ់​សម្លាប់​ប្រជាពលរដ្ឋ និង​កម្មករ​របស់​សមត្ថកិច្ច នៅ​ក្នុង​របៀបវារៈ​ចរចា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ស្វែងរក​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ៖ «បើ​មិន​អ៊ីចឹង​ទេ យើង​នាំ​គ្នា​គិត​តែ​ភ្លេច​គិត​រឿង​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​យើង យើង​ចង់​បាន​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​យើង តែ​និទ្ទណ្ឌភាព​មិន​លុប​បំបាត់​ទេ អា​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត»

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​ចំនួន ៧​ចំណុច ក្នុង​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។ គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​លើ​ការ​កែ​ទម្រង់ គ.ជ.ប រៀបចំ​ក្បាល​ម៉ាស៊ីន​សភា ព្រឹទ្ធសភា និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត។

បញ្ហា​ជាប់​គាំង​នយោបាយ​កន្លង​មក មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា គឺ​ជា​ដើម​ចម​មួយ​ដ៏​សំខាន់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដោយសារ​តែ​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​រឿង​ទាមទារ​រក​យុត្តិធម៌​សន្លឹក​ឆ្នោត កម្មករ​ទាមទារ​រឿង​ដំឡើង​ប្រាក់​ខែ និង​វិបត្តិ​ផ្សេងៗ​ទៀត។ ក៏ប៉ុន្តែ ការ​ធ្វើ​បាតុកម្ម​នៅ​ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង​កន្លង​មក​នេះ រដ្ឋាភិបាល​ឯក​បក្ស​បាន​រឹត​បន្តឹង​ចំពោះ​ការ​តវ៉ា និង​បាន​ពង្រាយ​កង​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​បាតុករ​នៅ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

ទន្ទឹម​នឹង​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ក្នុង​ពេល​លោក​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា កាល​ពី​ដើម​ខែ​កក្កដា នេះ លោក​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​ហិង្សា ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ថ្ងៃ​ទី​១២ វិច្ឆិកា​ឆ្នាំ​២០១៣ និង​នៅ​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជាច្រើន​នាក់ និង​បាត់​ខ្លួន​កុមារ​ម្នាក់​ឈ្មោះ ខឹម សម្បត្តិ នោះ។

កម្មករ​តវ៉ា​សួន​កាណាឌីយ៉ា ៦១០
អ្នក​រង​របួស​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា និង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ស្ថិត​នៅ​ភូមិ​ក្រាំទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Mom Sophon

ការ​ជាប់​គាំង​នយោបាយ​នេះ ក៏​ជា​មូលហេតុ​ដែល​រដ្ឋាភិបាល​បិទ​ទីលាន​ប្រជាធិបតេយ្យ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​បើក​នៅ​ឡើយ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​បាន​ចរចា​ត្រូវ​គ្នា​ហើយ​ក្ដី។

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា ទីលាន​ប្រជាធិបតេយ្យ​នឹង​បើក​ឡើង​វិញ​នៅ​ក្រោយ​ពេល​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង និង​ចូល​ប្រជុំ​សភា​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ៖ «យើង​នឹង​ពិនិត្យ​អំពី​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត ព្រោះ​អំពើ​ហិង្សា​ហ្នឹង​ទាក់ទង​ទាំង​ពីរ ទាំង​ថ្ងៃ​ទី​២ ថ្ងៃ​ទី​៣ មករា និង​ថ្ងៃ​ទី​១៥ កក្កដា នេះ​ទៀត ប៉ុន្តែ​ស្មារតី​ជំនួប​កំពូល​មិញ​ហ្នឹង លោក​បាន​សន្យា​ថា​ខិតខំ​ធ្វើ​យ៉ាង​ណា បើក​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ស្បថ​ចូល​កាន់​តំណែង»

លើស​ពី​នេះ​ទៀត លោក អំ សំអាត ទទូច​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទទួល​ខុស​ត្រូវ​លើ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ និង​កម្មករ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក​នោះ បើ​មិន​ពុំ​នោះ​ទេ អំពើ​ហិង្សា​នឹង​កើត​មាន​ទៀត នៅ​ពេល​អ្នក​ប្រព្រឹត្តិ​បទល្មើស​នៅ​ក្រៅ​សំណាញ់​ច្បាប់។ ក្រៅ​ពី​នេះ​ទៀត លោក អំ សំអាត សុំ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​អំពើ​ហិង្សា​ចុង​ក្រោយ គឺ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រង​របួស​ជាង ៣០​នាក់ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ របួស​ជាង ១០​នាក់​ទៀត​នោះ៖ «ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ឲ្យ​បាន​ច្បាស់​លាស់ ជាពិសេស​យើង​ឃើញ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​ជា​ហូរហែ​មក​ហ្នឹង គឺ​បង្ក​ឡើង​ដោយ​កង​កម្លាំង​របស់​រដ្ឋាភិបាល​តែ​ម្ដង»

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ចាប់​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប និង​សកម្មជន​មួយ​រូប​ទៀត ដាក់​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ករណី​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ គ្រាន់​តែ​ជា​រូបភាព​នយោបាយ​ទេ។ ជាក់ស្ដែង នៅ​ពេល​គណបក្ស​ទាំង​ពីរ​ត្រូវរ៉ូវ​គ្នា​លើ​រឿង​នយោបាយ ក៏​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ​ភ្លាមៗ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ការ​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​លើក​ពី​ការ​បាញ់​សម្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក ដាក់​ក្នុង​របៀបវារៈ​ចរចា​ក្ដី តែ​លោក​អះអាង​ថា ករណី​នេះ គឺ​ជា​ករណី​អាទិភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទាមទារ​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ​ក្នុង​ពេល​ធ្វើ​បាតុកម្ម នៅ​ក្រោយ​ពេល​សមាជិក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា៖ «ពេល​យើង​ចូល​ក្នុង​សភា ពេល​ដែល​យើង​ទទួល​បាន​កិច្ចការ​មួយ​ចំនួន​ហ្នឹង យើង​នឹង​ប្រើប្រាស់​មុខ​ងារ​ទាំងអស់​ហ្នឹង ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ស្វែងរក​យុត្តិធម៌»

សំណុំ​រឿង​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ និង​កង​កម្លាំង​រដ្ឋាភិបាល​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ស្ពាន​ស្ទឹងមានជ័យ នោះ តុលាការ​បាន​បញ្ចប់​សំណុំ​រឿង​នេះ​ហើយ នៅ​ក្រោយ​ពី​ការ​ដោះ​លែង​មនុស្ស ២៣​រូប ក្នុង​នោះ​មាន លោក វន់ ពៅ ផង​នោះ កាល​ពី​ខែ​ឧសភា។ ក៏ប៉ុន្តែ ករណី​បាញ់​ស្លាប់​ប្រជាពលរដ្ឋ និង​កម្មករ​នោះ តុលាការ​មិន​បាន​លាត​ត្រដាង​អំពី​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក ដែល​លោក​បាន​ស្វាគមន៍​ចំពោះ​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​គណបក្ស​ទាំង​ពីរ​នោះ គឺ​លោក​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ សន្យា​ធ្វើ​ឲ្យ​បាន​ដោយ​គ្មាន​ការ​ពន្យារ ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ពីព្រោះ​ប្រព័ន្ធ​តុលាការ​កន្លង​មក​ជា​ឧបករណ៍​នយោបាយ​របស់​រដ្ឋាភិបាល។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ករណី​មនុស្ស​ស្លាប់​នៅ​ពេល​ធ្វើ​បាតុកម្ម​កន្លង​មក​នេះ តុលាការ ឬ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​រក​យុត្តិធម៌​ឲ្យ​បាន​ជាក់​លាក់ ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា៖ «ស៊ើប​អង្កេត​ទាំងអស់​គ្នា​ទៅ អ្នក​បាញ់​ក៏​ស៊ើប​ទៅ អ្នក​គប់​ដុំ​ថ្ម​ក៏​ស៊ើប​ទៅ អា​ហ្នឹង​ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​ល្អ ដើម្បី​ផ្ដន្ទាទោស​តាម​ស្ថាន​ទម្ងន់​ទោស​ទៅ ដើម្បី​ធានា​សុខ​សន្តិភាព ដើម្បី​ធានា​ស្ថិរភាព​ផង»

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ពន្យល់​ថា នៅ​ក្រោយ​ពេល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​នោះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ ដែល​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម ពីព្រោះ​ថា រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​ដែល​ស្លាប់​ទាំង​នោះ​ឡើយ ដោយ​ហេតុ​ថា ករណី​នេះ​ជា​ដំបៅ​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល ដែល​រដ្ឋាភិបាល​ចង់​បិទ​បាំង​ដំបៅ​នេះ តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ប្រាកដ​ប្រជា​ទេ គណបក្ស​នេះ​នឹង​រង​នូវ​ការ​បាត់​បង់​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles