លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​ជូនពរឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​​

ដោយ៖​ ឡាយ សា​មាន​
ថ្ងៃព្រហស្បតិ៍ ទី24 កក្កដា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មានពីរថយន្ត មុនពេលគាល់ព្រះមហាក្សត្រ (រូបដោយ៖ ឡាយ សាមាន)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រះមហាក្សត្រ​បាន​ជូនពរ​គណបក្ស​ទាំងពីរ ឲ្យបាន​ជោគជ័យ​ទាំងអស់​គ្នា​។​
​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​រាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នយោបាយ​រួម នៅវេលា​ម៉ោង​៤​រសៀល និង​បាន​ចេញ​មក​វិញ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ទេ តែ​លោក សម រង្ស៊ី ត្រូវបាន​អ្នកសារព័ត៌មាន​ព្យាយាមសួរ​តាម​រថយន្ត​បន្តិច ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​ទៅកាន់​មេដឹកនាំ​គណបក្ស​ទាំងពីរ​ថា បរិយាកាស​ល្អ និង​ជូនពរឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​។​

​ភាគី​គណបក្ស​ប្រជាជន​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​មាន​សមាជិក​ពីរ​រូប​ទៀត គឺ​លោក សាយ ឈុំ ប្រធានស្ដីទី​ព្រឹទ្ធសភា និង​លោក​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស លោក កឹម សុខា អនុប្រធាន និង​លោក ប៉ុល ហំ​ម​។​

​ក្រោយ​ពី​គាល់​ព្រះមហាក្សត្រ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ផែនការ​ចូល​ស្បថ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជែង​ទាំងពីរ ចូលគាល់​ព្រះមហាក្សត្រ បន្ទាប់​ពី​មាន​ការចូលគាល់​ព្រះមហាក្សត្រ​ម្ដង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ២០១៣ ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ខាង​នយោបាយ​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៨ កក្កដា​នោះ​។

​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ដឹកនាំ​ដោយ​លោក​ហ៊ុន សែន និង​លោក​សម​រង្ស៊ី បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀ​គ្នា​ចំនួន​៦ ចំណុច ក្នុងនោះ​រួមមាន ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប សមាសភាព​គ​.​ជ​.​ប ៩​រូប តាម​រូបមន្ត ៤-៤-១ ហើយ​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កំណែទម្រង់​ក្បាលម៉ាស៊ីន​រដ្ឋសភា តាម​រូបមន្ត ៧ ទល់ ៦ ជាដើម​៕

​សូម​សរសេរ​មកកាន់​លោក ឡាយ សា​មាន តាមរយៈ​samean@vodhotnews.com

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ថា ព្រះមហាក្សត្រ​ជូនពរឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​​"

  1. ព្រះរាជាជាចក្រដំរីក៏ខ្វះទ្រមាក់ក៏ឆ្គួត says:

    ពួកអាសប្បាយលើកគំនរទឹកភ្នែកនិងឈាមរបស់ប្រជាពលរដ្ឋ!!!

  2. Chourn says:

    តាមរយះកិច្ចព្រមព្រៀងមិនមែនជោគជ័យទាំងអស់គ្នានោះទេគឺជាការជោគជ័យរបស់ហ៊ុនសែន ជាពិសេសគឺជាការជោគជ័យរបស់យួន។ មានអីប្លែកហើយគជបថ្មីឯករាជ្យត្រង់ណាបើសុទ្ធតែ រើសចេញពីបក្សដដែលហ្នឹង រង់ចាំតែទឹកភ្នែកជូតក្បាលជង្គង់ទៀតទៅបក្សសង្គ្រោះចោរអើយ។