ពលរដ្ឋ​នៅ​កោះកុង​បញ្ចប់​ការ​ដើរ​ដាក់​ញត្តិ​រឿង​ទំនាស់​ដី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់

ដោយ សេក បណ្ឌិត
2014-07-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជម្លោះ​ដីធ្លី កោះកុង ៦១០
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នាំ​គ្នា​លើក​បដា​ឈរ​រង់ចាំ​លទ្ធផល​នៅ​មុខ​តុលាការ​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៤។ Photo Licadho

តំណាង​ពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ភូមិ​ព្រែក​ខ្សាច់ ភូមិ​សំរុងតាកែវ និង​ភូមិ​យាយស៊ែន ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង បាន​បញ្ចប់​សកម្មភាព​ដើរ​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នៅ​ភ្នំពេញ ថ្ងៃ​សុក្រ ទី​២៥ កក្កដា។ ខ្លឹមសារ​នៃ​ញត្តិ​នោះ​អំពាវនាវ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​ពួកគាត់​ជាមួយ​ក្រុមហ៊ុន កោះកុង អែស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​ស្ថាប័ន​ដែល​ពួក​គាត់​ដាក់​ញត្តិ​ទាំង​នោះ​រួម​មាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ធនាគារ​ពិភពលោក ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​សហគមន៍​អឺរ៉ុប។

ពលរដ្ឋ​ថ្លែង​ពី​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ស្ថាប័ន​ទាំង​នេះ ពីព្រោះ​ពួកគាត់​មិន​សូវ​ដែល​បាន​មក​ទីក្រុង និង​ខ្វះ​ថវិកា​ជួល​មធ្យោបាយ​ធ្វើ​ដំណើរ និង​ថត​ចម្លង​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ដើម្បី​ប្តឹង​ទៅ​ស្ថាប័ន​ទាំង​នោះ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម ៥​នាក់ ស្ត្រី ឈ្មោះ នៅ ស៊ីណាត ស្ថិត​ក្នុង​វ័យ​ជាង ៦០​ឆ្នាំ ធ្មេញ​បាក់​ស្ទើរ​អស់​ទៅ​ហើយ​នោះ ថ្លែង​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់​ពី​ដាក់​ញត្តិ​ហើយ​ថា ទម្រាំ​មក​ដល់​ភ្នំពេញ ពួកគាត់​មាន​ការ​លំបាក​ណាស់ ប៉ុន្តែ​ពួកគាត់​ត្រូវ​តែ​តស៊ូ​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​ជា​ម្ចាស់​ដីស្រែ​ចម្ការ។

លោកស្រី​បញ្ជាក់​ទៀត​ថា មូល​ហេតុ​ដែល​ពួកគាត់​ឡើង​មក​រក​អន្តរាគមន៍​នៅ​ភ្នំពេញ នេះ ដោយសារ​អាជ្ញាធរ​ភូមិ ឃុំ រហូត​ដល់​ខេត្ត មិន​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ឡើយ៖ «ខ្ញុំ​ដាក់​កន្លែង​ឃុំ​កន្លែង​ខេត្ត​អី​ណា​គេ​អត់​រក​ដំណោះស្រាយ​ឲ្យ​ខ្ញុំ​ទេ អ៊ីចឹង​បាន​ពួក​ខ្ញុំ​មក​ដល់​ភ្នំពេញ​នេះ មិន​ដែល​ស្គាល់​សោះ! ខំ​មក​ឲ្យ​រក​ដំណោះស្រាយ​ជួយ​ទាំង​អស់ គ្រប់​ស្ថាប័ន»

លោកស្រី​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​លើ​ដី​ស្រែ​ចំការ​ដែល​ពលរដ្ឋ​ធ្លាប់​កាន់​កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​នោះ​ទេ៖ «ខែ​ប្រាំង​ឡើង​ដុត​ដំណាំ​ពួក​យើង​ខ្ញុំ​បំបាត់​ភស្តុតាង​នៅ​សល់​តែ​ដី​ទេ»។

បុរស​ជា​តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មក​ជាមួយគ្នា​ដែរ​នោះ លោក ផន ណុល បាន​ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​ត្រឹមតែ​មិន​បាន​ជួយ​ពលរដ្ឋ​រក​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ជា​ញឹកញាប់​តែងតែ​គាំទ្រ​ក្រុមហ៊ុន​ក្នុង​ការ​រំលោភ​ដី​ពលរដ្ឋ ហើយ​ថែម​ទាំង​គាបសង្កត់​ប្រជាពលរដ្ឋ​គ្រប់​បែប​យ៉ាង ព្រម​ទាំង​សម្លុត គំរាម​ប្ដឹង​ចាប់​ពួកគាត់​ដាក់គុក​បើ​សិន​នៅតែ​តវ៉ា​ទៀត​នោះ៖ «ពិសេស​ថ្នាក់​ឃុំ​គំរាម​ខ្លាំង​ជាង​គេ ហី​គាត់​បញ្ជា​ឲ្យ​ថ្នាក់​ឃុំ​ថ្នាក់​អី​ហ្នឹង គំរាម​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ហ្នឹង ថា​ឡើង​ទៅ​ប្ដឹង​មួយ​ជាប់​គុក​មួយ ឡើង​ទៅ​ប្ដឹង​ពីរ​ជាប់​គុក​ពីរ»

​ទាក់ទង​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន និង​មេឃុំ​ព្រែកខ្សាច់ លោក លឹង ឃន មិន​អត្ថាធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​បញ្ហា​នេះ។ ​ប៉ុន្តែ​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ​បាន​ធ្លាក់​ដល់​ដៃ​តុលាការ​ហើយ ដែល​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ត្រូវ​ដោះស្រាយ៖ «ព្រោះ​រឿង​មួយ​ចំនួន​អត់​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ទេ ក្រុមហ៊ុន​វិនិយោគ​គេ​វិយោគ​ជាមួយ​រដ្ឋាភិបាល ជាមួយ​ក្រសួង ហើយ​អា​រឿង​សម្របសម្រួល​ខេត្ត​ជា​អ្នក​សម្របសម្រួល​ទៅ​តាម​លទ្ធភាព​ជាក់​ស្ដែង»

​ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ថា ករណី​ដែល​ធ្វើ​ពលរដ្ឋ​ឡើង​តវ៉ា​នៅ​ភ្នំពេញ​នោះ ដោយសារ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​តុលាការ​ខេត្ត ដោយ​ពួកគាត់​អះអាង​ថា ជា​អ្នក​កាន់ជើង​ខាង​ភាគី​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច៖ «យើង​ឃើញ​រដ្ឋាភិបាល​បាន​ចេញ​លិខិត​បញ្ជា​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​និង​ក្រុមហ៊ុន មិន​បាន​អនុវត្ត​នូវ​ចំណុច​ណា​មួយ​ឲ្យ​បាន​ជោគជ័យ​ទេ ពួកគាត់​អាជ្ញាធរ​ខេត្ត​តែងតែ​លំអៀង​ទៅ​រក​ក្រុមហ៊ុន»

លោក​បាន​បញ្ជាក់​ទៀត​ថា កន្លង​ទៅ រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​លេខ ០១ និង​លិខិត​អន្តរ​ក្រសួង​លេខ ១៧៧ របស់​ក្រសួង​កសិកម្ម និង​លិខិត​លេខ ២០៦ របស់​ក្រសួង​បរិស្ថាន ដោយ​ឲ្យ​ភាគី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នានា​ត្រូវ​គោរព​ច្បាប់ និង​អនុវត្ត​តាម​រូបមន្ត​ស្បែក​ខ្លា បើសិនជា​ទីតាំង​ដី​សម្បទាន​នោះ​ប៉ះពាល់​លើ​ដី​អភិរក្ស និង​ដី​សហគមន៍​ពលរដ្ឋ​ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់ និង​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព តម្លាភាព គណនេយភាព និង​ប្រសិទ្ធភាព ប៉ុន្តែ​លោក​មើល​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង​ហាក់​ផ្ទុយ​ពី​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​បែបនេះ​កើត​ឡើង។

ចំណែក​ខាង​ប្រជាពលរដ្ឋ​វិញ​អះអាង​ថា អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ពិត​ជាក់ស្ដែង ហើយ​ដាក់​ការ​គាបសង្កត់​ពលរដ្ឋ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​មិន​ឯករាជ្យ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​ប្រមូល​ឯកសារ​មក​ប្ដឹង​ដល់​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នៅ​ភ្នំពេញ ឲ្យ​ជួយ​ស៊ើប​អង្កេត​រក​ការ​ពិត និង​អន្តរាគមន៍​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។

ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​តំបន់​ជម្លោះ​ម្នាក់ៗ​មាន​ចំនួន​ជា​មធ្យម​ជាង ៥​ហិកតារ ទៅ ១០​ហិកតារ ស្ថិត​ក្នុង​តំបន់​ក្រុមហ៊ុន​វិនិយោគ​ជិត​មួយ​ម៉ឺន​ហិកតារ។ ប្រជាពលរដ្ឋ​សូម​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ធ្វើ​របង​ព័ទ្ធ​ធ្វើ​ព្រំ​ជុំវិញ​ដី​ជម្លោះ​នោះ​បណ្ដោះអាសន្ន ហើយ​សូម​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​លើ​ដី​របស់​ពួកគាត់​ដូច​ធម្មតា មុន​នឹង​មាន​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles