ស្វែង សុជាតា សាង​ផ្នួស​មើល​ជំងឺ​ក្នុង​ព្រៃ ៣ ខែ​ទៀត

តារា​សម្ដែង​ល្បី​ដើរ​តួកាច​ឆ្នាស់​ឆ្នើម​អ្នក​នាង ស្វែង សុជាតា។

តារា​សម្ដែង​ល្បី​ដើរ​តួកាច​ឆ្នាស់​ឆ្នើម​អ្នក​នាង ស្វែង សុជាតា។ ហុង មិនា

(10:47)

ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: សូម្បី​តែ​មិត្តភក្តិ​ជិត​ស្និទ្ធ​ក្នុង​អាជីព​សិល្បៈ និង​សាច់​ញាតិ ក៏​មាន​ការ​ងឿង​ឆ្ងល់​នឹង​អវត្តមាន​តារា​សម្តែង ល្បី​តួ​កាច​ឆ្នាស​ឆ្នើម​អ្នក​នាង ស្វែង សុជាតា ពី​សង្វៀន​សិល្បៈ ក្រៅ​ពី​បន្សល់​ដាន​ដ៏​គួរ​ឲ្យ​សង្វេគ​ថា អ្នក​នាង​មាន​ជំងឺ​ឈឺ​ធ្ងន់​តែ​មិន​ដឹង​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា​នោះ។

ពេល​នេះ កន្លែង​ជាក់​លាក់​ដែល​តារា​សម្តែង​មេម៉ាយ​កូន​ពីរ​រួត​រឹត​ដោយ​ជំងឺ​ប្រចាំ​កាយ​កំពុង​ស្នាក់​នៅ​នោះ ត្រូវ​បាន​រូប​នាង​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដោយ​ផ្ទាល់​មាត់​ថា អ្នក​នាង​បាន​ទៅ​សម្ងំ​សាង​ផ្នួស​ព្យាបាល​ជំងឺ​នៅ​លើ ភ្នំ​គូលែន នៅ ខេត្ត​សៀមរាប។

សិល្បករ សិល្បការិនី​រួម​ទាំង​ពី​ខាង​សមាគម​សិល្បៈ​ផង បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​ការ​ងឿង​ឆ្ងល់​ការ​បាត់​ដំណឹង​ឈឹង​ពី​ឆាក​សិល្បៈ របស់​តារា​សម្តែង ស្វែង សុជាតា តាម​រយៈ ភ្នំពេញ ប៉ុស្តិ៍ ដោយ​ផ្តោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​បញ្ហា​សុខភាព។ សូម្បី​តែ​ខាង​សមាគម​សិល្បៈ​ក៏​លើក​ឡើង​ថា៖ «ចង់​ដឹង​ថា គាត់​ទៅ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​នៅ​ទីណា នឹង​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​កៀងគរ​រក​ជំនួយ​ខ្លះៗ ទៅ​ជួយ​ឧបត្ថម្ភ​ដល់​គាត់»។

ចម្ងល់​នេះ​ត្រូវ​បាន​ស្រាយ​បំភ្លឺ​យ៉ាង​ស្រឡះ​ចែស ខណៈ​អ្នក​នាង ស្វែង សុជាតា បាន​ទំនាក់​ទំនង​មក ភ្នំពេញ ប៉ុស្តិ៍ ហើយ​បាន​ប្រាប់​ថា៖ «ពេល​នេះ​ខ្ញុំ​កំពុង​រស់​នៅ​លើ​ភ្នំ​មួយ​នៅ ខេត្ត​សៀមរាប និង​បាន​សាង​ផ្នួស​ហើយ ក្នុង​ចេតនា រៀន​ធម៌ ដើម្បី​ឲ្យ​ស្ងប់​អារម្មណ៍​ពី​ផ្លូវ​លោក»។

តារា​សម្តែង​ស្រី​រមែង​បរាជ័យ​លើ​ជីវិត​ស្នេហា​ផ្ទួនៗ ក្រោយ​ពី​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ នៅ​ឃុំ​គ្រង​កូន​ពីរ​តែ​ម្នាក់​ឯង​រូប​នេះ មិន​ត្រឹម​តែ​ទទួល​ស្គាល់​នូវ​ដំណឹង​ដែល​គេ​ថា នាង​ឈឺ​ធ្ងន់​នោះ​ទេ អ្នក​នាង​បាន​ប្រាប់​ទៀត​ថា៖ «មួយ​រយៈ​ប្រមាណ​ជា​ពីរ​ខែ កន្លង​មក​នេះ ក៏​មាន​គេ​ល្បី​ថា ខ្ញុំ​នេះ​ស្លាប់ មិន​មែន​ត្រឹម​តែ​ឈឺ​ធ្ងន់​នោះ​ទេ»។

បន្ថែម​លើ​ការ​លើក​ឡើង​នេះ តារា​សម្តែង​ដែល​ធ្លាប់​ទទួល​ពាន​តារា​ឆ្នើម​ខាង​កាច​ឆ្នាស មាន​កំណើត​ពី ខេត្ត​ព្រៃវែង រូប​នេះ​អះអាង​ទៀត​ថា៖ «បន្ទាប់​ពី​បាន​សាង​ផ្នួស​ស្លៀក​ស​ពាក់​ស និង​យក​ធម៌​ជា​ផ្លូវ​ស្ងប់​នោះ មិន​ត្រឹម​តែ​ធូរ​ស្រាល​ពី​ជំងឺ​ដែល​ញាំ​ញី​គ្មាន​ពេល​ស្រាក​ស្រាន្ត​មុន​នោះ​ទេ សុខភាព​ក៏​ល្អ​ជាង​មុន ហើយ​ធាត់ ឡើង​សាច់​ឡើង​ឈាម​ច្រើន​ផង»។

ថ្លែង​ពី​ដំណើរ​ទៅ​រក​ទី​សុខ​ស្ងប់ និង​ស្រាក​ស្រាន្ត តារា​សម្តែង​វ័យ​ជាង ៣០ ឆ្នាំ​រូប​នេះ ក៏​បាន​អះអាង​ពី​ដំណើរ​ទៅ​ដល់​បែប​អរូបី​ថា៖ «ដំបូង​ឡើយ​ក៏​មិន​បាន​ដឹង​ខ្លួន​ដែរ​ថា ទៅ​ដល់​នោះ»។

អ្នក​នាង​បន្ត​ថា៖ «មិន​ដឹង​ថា មាន​មូល​ហេតុ​អ្វី​បាន​ទៅ​ដល់​ទី​នោះ​ដែរ ឃើញ​តាម​បែប​សុបិន និមិ្មត​ផ្លូវ​ក្នុង​គេ​មក​ប្រាប់​ថា មាន​តែ​ទៅ​សាង​ផ្នួស​ទេ ទើប​ស្ងប់​ក្នុង​ផ្លូវ​លោកិយ​និង​បាន​ជា​ពី​ជំងឺ​ក្នុង​រាង​កាយ​ពេល​នោះ ពេល​ដែល​ដឹង​ខ្លួន​ក៏​ទៅ​ដល់​លើ​ភ្នំ​គូលែន​នោះ​តែ​ម្តង​ទៅ»។

អ្នក​នាង​ពន្យល់​ទៀត​ថា៖ «ដោយ​សារ​តែ​ហេតុ​នេះ បាន​ជា​ទាំង​អ្នក​សិល្បៈ​អ្នក​ផ្ទះ​នៅ​ព្រៃវែង មិន​ដឹង​ថា ខ្ញុំ​ទៅ​ណា​ទេ។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ឲ្យ​ដំណឹង​មក​ផ្ទះ​ថា ខ្ញុំ​បាន​បួស​នៅ​លើ​ភ្នំ​គូលែន តែ​ហាម​អ្នក​ផ្ទះ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​សូម្បី​សិល្បៈ ទើប​ដំណឹង​នេះ​មិន​ចេញ​ក្រៅ​នោះ»។

ការ​លះបង់​សម្លៀក​បំពាក់​ស៊ីវិល័យ​ទៅ​សាង​ផ្នួស​ស្លៀក​ស​ពាក់​ស​របស់​អ្នក​នាង ស្វែង សុជាតា នោះ​មិន​កើត​ឡើង​ក្នុង​ចេតនា​ចាក​ពី​ផ្លូវ​លោកិយ​លុះ​ជីវិត​ក្ស័យ​នោះ​ទេ។

អ្នក​នាង ស្វែង សុជាតា ប្រាប់​ពី​គម្រោង​របស់​នាង​ថា៖ «ការ​មក​បួស​សាង​ផ្នួស​ស្លៀក​ស​ពាក់​ស នេះ​នៅ​តែ​រយៈ​ពេល​បី​ខែ​ទៀត​ប៉ុណ្ណោះ និង​ចាក​ផ្នួស​មក​ជា​គ្រហស្ថ នឹង​មក​បន្ត​ការងារ​សិល្បៈ​វិញ​ធម្មតា»៕


What Next?

Recent Articles

3 Responses to "ស្វែង សុជាតា សាង​ផ្នួស​មើល​ជំងឺ​ក្នុង​ព្រៃ ៣ ខែ​ទៀត"

  1. Srey Khmer says:

    ស្អាតផង ទៅបួសគួរអោយស្ដាយណាស់!

  2. Anonymous says:

    She relax her mind and wants to stay away from guys. Three more months end , she’ll be stronger and stronger ………………….. She’ll marry with australian guy.

  3. អាឡេវ says:

    សាងផ្នួសព្រោះស្នេហ៍…