មន្ត្រី​ស៊ីខៅឌូ​ពីរ​រូប​ប្តឹង​ឧទ្ធរណ៍​ករណី​សុំ​ដក​តួនាទី​លោក អាត់ ធន់

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ពេល​ចេញ​ពី​បំភ្លឺ​តុលាការ។

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ពេល​ចេញ​ពី​បំភ្លឺ​តុលាការ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បុគ្គលិក​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ពីរ​រូប​គឺ​លោក អ៊ុំ វិសាល និង​អ្នក​ស្រី រឿន ច័ន្ទថន កាល​ពី​ម្សិល​មិញ បាន​ដាក់​ពាក្យ​បណ្តឹង​ទាស់​ទៅ​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​លើ​បណ្តឹង​សុំ​រក្សា​ការពារ​ដែល​សុំ​ដក​តួនាទី​ជា​ប្រធាន​សហជីព​ពី​លោក អាត់ ធន់ ជា​បណ្តោះ​អាសន្ន រហូត​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​និង​រៀបចំ​រចនា​សម្ព័ន្ធ​ដឹក​នាំ​សហជីព​នេះ​ថ្មី។

ការ​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី លីមម៉េង សម្រេច​លើក​ចោល​បណ្តឹង​សុំ​រក្សា​ការពារ​របស់​ម្ចាស់​បំណុល​ឈ្មោះ អ៊ុំ វិសាល និង​អ្នក​ស្រី រឿន ច័ន្ទថន កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា ដោយ​បាន​លើក​នូវ​សំអាង​ហេតុ​បួន ទី១ ម្ចាស់​បំណុល​នៅ​ពុំ​ទាន់​អនុវត្ត​នីតិវិធី​ដោះ​ស្រាយ​វិវាទ​ដូច​ចែង​ក្នុង​លក្ខន្តិកៈ​របស់​សហជីព​នៅ​ឡើយ។

ទី២ លោក អាត់ ធន់ ពុំ​ទាន់​មាន​សាល​ក្រម​បញ្ជាក់​ថា មាន​ពិរុទ្ធ​នៅ​ឡើយ បើ​ទោះ​ជា​លោក​ជាប់​បណ្តឹង​ព្រហ្ម​ទណ្ឌ​នៅ​តុលាការ​ក៏​ដោយ។

ទី៣ ម្ចាស់​បំណុល ត្រូវ​ក្រុម​ប្រឹក្សា​តំណាង​សហជីព ស៊ីខៅឌូ បញ្ឈប់​ពី​បុគ្គលិក​ស្ថាបនិក​ឬ​បុគ្គលិក​សហជីព​នេះ ដោយ​សារ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ស្ថាប័ន និង ទី៤ ការ​ប្តឹង​ទាម​ទារ​របស់​ម្ចាស់​បំណុល​ពុំ​មាន​លក្ខណៈ​ត្រឹម​ត្រូវ គប្បី​តុលាការ​សម្រេច​លើក​ចោល។

លោក អ៊ុំ វិសាល បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​ជំទាស់​ទៅ​ឧទ្ធរណ៍​កាល​ពី​ម៉ោង ៤ រសៀល​ថ្ងៃ​ពុធ ព្រោះ​ថា ការ​សម្រេច​របស់​សាលា​ដំបូង មិន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជាក់​ស្តែង​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​សហជីព និង​មិន​ធ្វើ​វិភាគ​ទៅ​លើ​អ្វី​ដែល​បាន​កើត​ឡើង ទាក់​ទិន​នឹង​មូលដ្ឋាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ។

លោក​និយាយ​ថា៖ «ការ​បក​ស្រាយ​ហ្នឹង​វា​អត់​ច្បាស់​លាស់ អ៊ីចឹង​បាន​ជា​យើង​ប្តឹង​ជំទាស់​ទៅ​នឹង​ការ​ទម្លាក់​ចោល​របស់​លោក​ចៅក្រម»។

ទាក់ទង​នឹង​ករណី​នេះ លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ លើក​ឡើង​ថា នេះ​ជា​សិទ្ធិ​ក្នុង​ការ​ប្តឹង​បន្ត នៅ​ពេល​ដែល​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​នេះ។

លោក​បាន​និយាយ​ថា៖ «គាត់​អត់​ខ្មាស​អៀន​សោះ តុលាការ​សម្រេច​រួច​ហើយ ហើយ​បើ​ទោះ​ជា​ការ​ប្តឹង​នេះ តុលាការ​សម្រេច​ឲ្យ​គាត់​ឈ្នះ​ក្តី ក៏​សមាជិក​ដែល​បោះ​ឆ្នោត​រើស​ប្រធាន​សហជីព​នេះ ក៏​គេ​មិន​ព្រម​ដែរ»។

កាល​ពី ខែ​មេសា ឆ្នាំ​២០១៤ លោក អ៊ុំ វិសាល និង​អ្នក​ស្រី រឿន ច័ន្ទថន បាន​ដាក់​ប្តឹង​ពាក្យ​សុំ​រក្សា​ការពារ​ទៅ​សាលា​ដំបូង​រាជធានី​ស្នើ​សុំ​ដក​លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខៅឌូ ពី​ការ​គ្រប់​គ្រង​បណ្តោះ​អាសន្ន ដោយ​ចោទ​លោក អាត់ ធន់ លោក គង់ អាទិត្យ និង​លោក ឯក សុភក្តី ថា បាន​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ និង​មាន​រឿង​អាស្រូវ​ជា​ច្រើន​បណ្តាល​ឲ្យ​សហជីព​នេះ បាត់​បង់​ទំនុក​ចិត្ត និង​ថវិកា ពី​ម្ចាស់​ជំនួយ​និង​សមាជិក។

ប៉ុន្តែ​នៅ​ថ្ងៃ ទី១៧ កក្កដា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​សំណុំ​រឿង​សុំ​ដី​កា​រក្សា​ការពារ​នេះ​ចោល។ ប៉ុន្តែ​បើ​តាម​សេចក្តី​ជូន​ដំណឹង​អ្នក​ទាំង​ពីរ​ចុះ​ថ្ងៃ ទី២៩ កក្កដា លើក​ឡើង​ថា ពួក​គាត់​បាន​ប្តឹង​ថ្នាក់​ដឹក​នាំ​សហជីព ស៊ីខៅឌូ ទាំង​បី​រូប​លើ​ពីរ​ករណី ទី១ ជា​រឿង​ព្រហ្មទណ្ឌ ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​កិប​កេង​ប្រាក់​កម្មករ​ជាង ៩៣០០០ ដុល្លារ​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅ​ក្រម​ស៊ើប​សួរ​នៅ​ឡើយ និង​បណ្តឹង​ទាក់​ទង​នឹង​ពាក្យ​សុំ​រក្សា​ការពារ​នេះ៕


What Next?

Recent Articles

One Response to "មន្ត្រី​ស៊ីខៅឌូ​ពីរ​រូប​ប្តឹង​ឧទ្ធរណ៍​ករណី​សុំ​ដក​តួនាទី​លោក អាត់ ធន់"

  1. Kingdom of wonder=នគរដឹកនាំដោយដំរីក៏ខ្វក់ទ្រមាក់ក៏ឆ្គួត says:

    ប្រយ័ត្នបំបែកបំបាក់ដើម្បីត្រួតត្រានេះយុទ្ធសាស្ត្ររបស់កុំមុយនិស្តឫយួន!!!