ពី​អ្នក​បម្រើ​តាម​ផ្ទះ​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​អង្គការ​ផ្កាយ​សមុទ្រ

ក្មេងអនាថា​ទាំង​នេះ​ត្រូវ​បានប្រមូល​យក​មក​ធ្វើ​ការ​បណ្តុះ​បណ្តាលលើ​ជំនាញ​ផ្សេងៗ នៅ​ក្នុង​អង្គការ​ផ្កាយ​សមុទ្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​អាច​រក​ការ​ងារ​ធ្វើ ចិញ្ចឹម​ជីវិត​នៅ​ថ្ងៃ​អនាគត​។

ក្មេងអនាថា​ទាំង​នេះ​ត្រូវ​បានប្រមូល​យក​មក​ធ្វើ​ការ​បណ្តុះ​បណ្តាលលើ​ជំនាញ​ផ្សេងៗ នៅ​ក្នុង​អង្គការ​ផ្កាយ​សមុទ្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​អាច​រក​ការ​ងារ​ធ្វើ ចិញ្ចឹម​ជីវិត​នៅ​ថ្ងៃ​អនាគត​។ យឺន ពន្្លក



ភ្នំពេញប៉ុស្តិ៍

មាន​ប្រភព​ចេញ​ពី​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ស្រ្តី​វ័យ​ក្មេង​ម្នាក់ ​បាន​ធ្វើ​ឲ្យជីវិត​របស់​​ខ្លួន​ឯង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង គឺ​ការ​ក្លាយ​ជា​នាយិកាគ្រប់​គ្រង​​របស់​​​អង្គការ​ផ្កាយ​សមុទ្រ ហើយ​ការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ តែ​​មាន​គោល​បំណង​ប្រមូល​ក្មេង​ក្រី​ក្រ គ្មាន​ទី​ពឹង​ ឬ​គ្មាន​អាណា​ព្យាបាល​ ឲ្យ​ទទួល​បាន​​ឱកាស​បាន​ចូល​រៀន​ និង​ហាត់​កីឡា​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នោះ​ វា​រឹត​តែ​ធ្វើ​ឲ្យស្រ្តី​ម្នាក់​នោះ មាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម ក្នុង​ការ​បំពេញ​ការងារ ព្រោះ​វា​ស័ក្តិសម​ទៅ​នឹង​ខ្សែ​ជីវិត​ពី​អតីត​កាល​របស់​នាង។

ជួប វិច្ឆិកា គឺ​ជា​ស្ត្រី​ដែល​ទទួល​បាន​ជោគ​ជ័យ​ម្នាក់​នោះ ហើយ​សព្វ​ថ្ងៃ​នេះ​នាង​កំពុង​​គ្រប់​គ្រង​អង្គការ​ផ្កាយ​សមុទ្រ ដែល​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​ការ​ជួយ​ក្មេង​អនាថា​ឲ្យ​ទទួល​បាន​ការ​សិក្សា​អប់រំ និង​ចូល​រួម​សកម្ម​ភាពកីឡា​បាល់​ទាត់ ​ដោយ​​​អង្គការ​នេះ​​បាន​ធ្វើ​សកម្មភាព​កីឡា​បាល់​ទាត់​សម្រាប់​ក្មេង​ៗ​អស់​​រយៈ​ពេល​ ៦ ​ឆ្នាំ​មក​ហើយ​ ហើយ​នៅ​ពេល​​នេះ​កំពុង​តែ​បន្ត​ការ​គ្រប់​គ្រង​កុមារា​កុមារី​ក្នុង​បន្ទុក​​​ជាង ​៤០០ ​នាក់​ ក្នុង ​២២ ​សាលា​ ដែល​ចែក​ចេញ​ជា​ក្រុម​កីឡា​បាល់​ទាត់​ចំនួន​ ៤២ ​​ក្នុង​រាជ​ធានី​ភ្នំពេញ​។​

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​សុក្រ កញ្ញា ​ជួប ​វិច្ឆិកា ​បាន​រៀប​រាប់​​ថា៖«​អង្គការ​ផ្កាយ​សមុទ្រ​បាន​កំណត់​គោល​ដៅយ៉ាង​ជាក់​លាក់​មួយ ​គឺ​ក្មេងៗ​ទាំង​អស់​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ការថែទាំ​សុខភាព ​ការ​អប់រំកាយ ​និង​កីឡា ​ហើយ​ពី​ដំ​បូងឡើយ​​ខ្ញុំ​ជា​បុគ្គលិក​ធម្មតា​ម្នាក់ ​បន្ទាប់​មកបាន​ក្លាយ​​ជា​បុគ្គលិក​ជំនាញ​រដ្ឋ​បាល​ និង​បាន​ក្លាយ​ជា​អនុប្រធាន​តាម​បទ​ពិសោធ​នៃ​​ការ​ងារ»​។​

ក្មេងអនាថា​ទាំង​នេះ​ត្រូវ​បានប្រមូល​យក​មក​ធ្វើ​ការ​បណ្តុះ​បណ្តាលលើ​ជំនាញ​ផ្សេងៗ នៅ​ក្នុង​អង្គការ​ផ្កាយ​សមុទ្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​អាច​រក​ការ​ងារ​ធ្វើ ចិញ្ចឹម​ជីវិត​នៅ​ថ្ងៃ​អនាគត​។ យឺត ពន្លក

កញ្ញា​បន្ត​ថា​៖​«បទ​ពិសោធជោគ​ជ័យ​រយៈ​ពេល​ ៦​ ឆ្នាំ​​នោះ ខ្ញុំ​​ត្រូវ​បាន​តែង​តាំង​ជា​ប្រ​ធាន​អង្គ​ការ​​នេះ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៤​ ដោយ​មាន​ការ​ពេញ​ចិត្ត​ពី​ក្រុម​ប្រឹក្សា​ភិបាល​ចំនួន​៩​នាក់​ ដែល​ជា​មនុស្ស​​មាន​ឈ្មោះ​ល្បី​នៅ​លើ​ពិភព​លោក ​ក្នុង​ការ​ស្វែង​រក​ថវិកា​ជួយ​ក្មេងៗ​គ្មាន​ទីពឹង»​។

​វិច្ឆិកា បាន​​បន្ត​ថា​ កម្មវិធី​អប់​រំដ៏​​ចម្បង​​របស់​អង្គការ​ផ្កាយ​សមុទ្រ​ គឺ​ព្យាយាម​យក​កុមារា​កុមារី​ ​មក​​ពី​កន្លែង​ចាក់​សំរាម​ អ្នក​ដែល​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា​ដោយ​សារ​កត្តា​ជីវភាព​ក្រីក្រ គ្មាន​អាណា​ព្យាបាល​គាំទ្រ និង​ថែ​រក្សា​ មក​បណ្តុះ​បណ្តាល​​តាមរយៈ​ការ​អប់​រំ​តាម​សាលារដ្ឋ និង​បន្ត​ទៅ​វគ្គ​ហ្វឹកហ្វឺន​វិជ្ជាជីវៈ ​ឬ​ការ​អប់រំ​កាយ​​ផ្នែក​កីឡាបន្ត​​ទៀត​​។​ លើស​ពី​នេះ​យើង​បាន​ថែ​ទាំ​ និង​ត្រួត​ពិនិត្យ​សុខភាព​ (តំហែទាំភ្នែក​ ​ធ្មេញ​ និង​ចាក់​វ៉ាក់សាំង)ដល់​ពួក​គេ​ជា​ប្រ​ចាំ​ ហើយ​ ​បច្ចុប្បន្ន​ យើង​បាន​ផ្តល់​ឲ្យ​ក្មេងៗ​ចំនួន​ ៤០០ ​នាក់​ ដែល​មាន​ទីតាំង​នៅ​​ស្ទឹង​មាន​ជ័យ ​និង​ច្បារ​អំពៅ ​ទទួល​បាន​ការ​អប់រំ ប៉ុន្តែ​​យើង​រំពឹង​​ថា​ ​ក្មេងៗ​អនា​ថា​ជាង​ ៧០០​នាក់ អាច​​នឹង​បាន​បញ្ចប់​ការ​សិក្សា​ នៅ​ឆ្នាំ​២០១៦​។

តាម​របាយការណ៍​ពី​រដ្ឋបាលនៃ​អង្គការ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ​នៅ​ពេល​មាន​​កំណើន​ជា​ចាំ​បាច់ ​អង្គការ​ផ្កាយ​សមុទ្រ​ មាន​ទី​តាំង​ផ្ទាល់​ និង​​ទីតាំង​របស់​សាលា​រដ្ឋ​ សម្រាប់​ដោះ​ស្រាយ​ ហើយ​សកម្ម​ភាពទាំង​នោះបាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​​ឱកាស​​ឲ្យ​ក្មេងៗ​ក្រីក្រ ​ដែល​មិនអាច​មាន​ឱកាស​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ បានលេង​កីឡា​បាល់​ទាត់ ​និង​សកម្ម​ភាព​កម្សាន្ត​ផ្សេងៗ​ចាប់​ពី​ថ្នាក់​ដំបូង​ទៅ​ ដោយ​ក្នុង​នោះ​មាន​កីឡាករ-ការិនី​ចំនួន​ ៣៥០០ នាក់ ហើយ​នៅ​ក្នុង​ចំនួន​នេះ​ក៏​មាន​កីឡាករ​មិន​គ្រប់​សមត្ថភាព​ រួមមាន​កីឡាករ​ជា​មនុស្សគរ​​ថ្លង់ និង​ខ្សោយ​សតិ​បញ្ញា ផង​ដែរ​។

វិច្ឆិកា បាន​​បញ្ជាក់​ថា​៖​«ស្ថាន​ភាព​នៃ​អង្គការ​ជួយ​សង្គម​មួយ​នេះ​ អាច​ដំណើរ​ការ​ក្នុង​​ភាព​ជឿ​ជាក់ ​គឺ​ក្រៅ​ពី​ក្មេង​ជាង​១០០​នាក់​ នៅ​មាន​បុគ្គលិក​ ព្រម​ទាំង​គ្រូ​បង្រៀន ​និង​គ្រូ​កីឡា​​ ៨០​ នាក់​រួម​ទាំង​គ្រូ​ស្ម័គ្រ​ចិត្ត​ ២០ ​នាក់​ទៀត​ ហើយ​​សមត្ថភាព​គ្រូ​បង្វឹក​ទាំងអស់ ​សុទ្ធ​សឹង​តែ​ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ពី​សហព័ន្ធកីឡា​​បាល់​ទាត់កម្ពុជា​​ទាំង​អស់»​។

កញ្ញា ជួប វិច្ឆិកា ដែល​បាន​ប្រើ​ការ​តស៊ូ តាំង​ពី​អ្នក​បម្រើ​តាម​ផ្ទះ​ រហូត​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​អង្គការ​ផ្កាយ​សមុទ្រ​។ យឺត ពន្លក

​វិច្ឆិកា​ បន្ថែម​ថា ​ភាព​រីក​ចម្រើន ​និង​ទទួល​បាន​ផ្លែ​ផ្កា​ទាំង​នេះ​ គឺ​ដោយ​សារ​មាន​កិច្ច​សហការ​ល្អ​ជា​មួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ និង​ NOCC ព្រម​ទាំង​ក្រ​សួង​អប់​រំ ​យុវជន​ និង​កីឡា​ ​ហើយ​កិច្ចការ​​ជួយ​សង្គម​មួយ​ទៀត ​គឺ​បង្រៀន​ពី​ជំនាញ​នៃ​ជីវិត ​និង​មេរៀន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សង្គម​ ដូច​ជា​សមភាព​នៃយែនឌ័រ ​គ្រោះ​ថ្នាក់​ចរាចរ​ ផល​ប៉ះពាល់​នៃ​ការ ប្រើប្រាស់​ឱសថ​មិន​ត្រឹម​ត្រូវ ​គ្រឿង​ស្រវឹង​ និង​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​។ល​។ លើសពី​នេះ អង្គការ​ ​បន្ត​ផ្តល់​ឲ្យ​នូវ​កម្មវិធី​អប់រំ​ គឺ​​រៀន​អំពី​ការ​​ស្វែង​រក​ការងារ ​ចំពោះ​សិស្ស​ដែល​មាន​អាយុ​លើស​ពី​១៦ឆ្នាំ​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​រក​ការងារ​ធ្វើ ​ដែល​នឹង​ជួយកាត់​បន្ថយភាព​ខ្វះខាត​នៅក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​

ជីវិត​ផ្ទាល់​ខ្លួន​ និង​ភាព​ជោគ​ជ័យ​​របស់​នាយិកា​វ័យ​ក្មេង​ ជួប​ វិច្ឆិកា

ជួប វិច្ឆិកា កើត​នៅ​ឆ្នាំ​១៩៧៩​ ក្នុង​គ្រួ​សារ​ថ្នាក់​មធ្យម ដោយ​​មាន​ឪពុក​ឈ្មោះ​ ជួប ​កៅ​ ជា​មន្ត្រី​ចូល​និវត្តន៍ និង​​ម្តាយ​ឈ្មោះ​ ស៊ឹម ​សាវ៉េត​ ជា​មន្ត្រី​ចូល​និវត្ត​ន៍ ហើយ វិច្ឆិកា ​ជា​កូន​ទី​៣​ ក្នុង​គ្រួ​សារ​មាន​បងប្អូន​ប្រុស​ស្រី​៥​នាក់ រស់​នៅ​​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់​ចាម​។

ដោយ​សារ​ចង់​ចេះ​ភាសា​អង់គ្លេស​ ក្មេង​ស្រី​ទើប​មាន​អាយុ១០​ឆ្នាំ ជួប វិច្ឆិកា បាន​ឃ្លាត​ឆ្ងាយ​ពី​​ស្រុក​កំណើត មក​សុំ​ការ​ងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ភ្នំពេញ ​ជា​មួយ​ជន​បរទេស​ ដែល​បាន​ជួយ​ឲ្យ វិច្ឆិកា អាច​និយាយ​ភាសា​អង់​គ្លេស​បាន​ស្ទាត់​ ក្រោយ​បំពេញ​ការងារ​មួយ​នេះ​អស់​៥​ឆ្នាំ ប៉ុន្តែ​ការ​សរ​សេរ​បាន​តិច​តួច។ ​

ទោះ​យ៉ាង​ណា បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម ផ្នែក​​ការ​សរ​សេរ បាន​ផ្តល់​ភាព​ជឿ​ជាក់​ដល់​យុវតី​ម្នាក់​នេះ ​ក្នុង​ការ​​ស្វែង​រក​ការ​ងារ​ជា​មួយ​ជន​បរ​ទេស​​ដោយ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ទទួល​បាន​បទ​​ពិសោធ​។

ជាមួយ​ការងា​រនេះ វិច្ឆិកា បាន​រសាត់អណ្តែត​​ទៅការ​ងារ​​តាម​មូលដ្ឋាន និង​​ខេត្ត​ឆ្ងាយៗ ដោយ​​ជួប​ការ​លំបាក​​រាប់​មិនអស់ ខណៈ​​ការ​ងារ​នោះ នាង​​ទទួល​បាន​ត្រឹម​ការ​ឧបត្ថម្ភ​ជារបប​​អាហារ​ប៉ុណ្ណោះ ​ប៉ុន្តែ​​ដោយ​សារ​តែ​ការ​ព្យាយាម ​និង​បទ​ពិសោធទាំង​នោះ វិច្ឆិកា ត្រូវ​បាន​អង្គ​ការ​ម៉ារីស្តូប​ ផ្តល់​ការ​ងារ​ឲ្យ​ធ្វើ​រយៈពេល​៦​ឆ្នាំ​។

លើស​ពី​នេះ​នៅ​ឆ្នាំ​២០០៦​ គឺ​ស្រប​ពេល​ដែល​អង្គការ​ផ្កាយ​សមុទ្រ បាន​​បង្កើត​ឡើង ​ដើម្បី​ជួយ​ក្មេង​គ្មាន​ទី​ពឹង​នោះ​ វិច្ឆិកា ដែល​តែង​តែ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ជា​មួយ​ជន​បរទេស​កន្លង​មក​នោះ ​ត្រូវ​បាន​គេ​ផ្តល់​ការ​ងារ​ជា​បុគ្គលិក​ម្នាក់​នៅ​ក្នុង​អង្គការ​នេះ ហើយ​ការ​ព្យាយាម​ និង​មាន​ទឹក​ចិត្ត​ស្មោះ​ត្រង់​ រួម​ទាំង​ការ​មាន​​ជំនាញ បាន​ជួយ​ឲ្យ​កញ្ញា វិច្ឆិកា បាន​​ឡើង​ឋានៈ​ជា​បន្ត​បន្ទាប់ ​ពិសេស​​នៅ​​ខែ​មេសា ឆ្នាំ​២០១៤​ កញ្ញា​​បាន​ក្លាយ​​ជា​នាយិកា​នៃ​អង្គការ​ផ្កាយ​សមុទ្រ​ ដោយ​មាន​សំឡេងគាំទ្រ​ពី​ក្រុម​ប្រឹក្សា​ ដែល​មាន​សមាស​ភាព​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដើម្បី​ធ្វើ​​ការ​​គ្រប់​គ្រងអង្គការ​នេះ​បន្ត​។

បើ​​ទោះ​បីជា ​មាន​ការ​មមាញឹក​​​ក្នុង​ការងារ​​​គ្រប់​គ្រង​​ក៏​ដោយ ប៉ុន្តែ​ វិច្ឆិកា​ ទទួល​បានការ​សិក្សា​​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ​នៅ​ក្រៅប្រ​ទេស​ ហើយ​ការ​សិក្សា​ក្នុង​ប្រទេស​ នាង​បាន​​បញ្ចប់​បរិញ្ញាបត្រ​ មហាវិទ្យាល័យ​គ្រប់​​គ្រង ​នៅ​សាកល​​វិទ្យាល័យ​បៀលប្រាយ ផង​ដែរ​។​

កញ្ញា​ Katte Griffi សញ្ជាតិ​អូស្ត្រាលី​​ស្ថាបនិក​ ដែល​គ្រប់​គ្រង​ជា​នាយិកា​នៃ​អង្គ​ការ​ផ្កាយ​សមុទ្រ​ តាំង​ពី​ឆ្នាំ​២០០៦ បាន​​ឲ្យ​ដឹង​ថា​៖«​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​ ជួប ​វិច្ឆិកា​ រយៈ​ពេល​៦​ឆ្នាំហើយ ​គឺ​គាត់​មាន​ភាព​ឆ្លាត ​អត់​ធ្មត់ ​និង​បំពេញ​​ការ​ងារ​បាន​ល្អ​ណាស់​ ហេតុ​នេះ​បេសកកម្ម​របស់​ខ្ញុំ​នៅ​កម្ពុជា​គិត​ថា​ សម​ល្មម​អាច​បន្តទៅ​ឲ្យ​ ជួប វិច្ឆិកា​ បាន​»។

Katte Griffi ​បន្ត​ថា​៖«​សកម្ម​ភាព​ការ​ជួយ​ក្មេង ​ក្នុង​ការ​អប់​រំ​កាយ​ និង​កីឡា​​របស់​អង្គការ​ផ្កាយ​សមុទ្រ (ISF) គឺ​១​ឆ្នាំចំណាយ​​ជាង​ ៥០ ​ទៅ​ ៧០ ​ម៉ឺន​ដុល្លារ ​ហើយ​ វិច្ឆិកា ​បាន​ធ្វើ​ឲ្យ​ដៃ​គូ​ជំនួយ​ រួម​មាន​អង់​គ្លេស​ អូស្ត្រាលី​ សិង្ហបុរី ​ជា​ដើម ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ មាន​ទំនុក​ចិត្ត ​គឺ​បាន​ប្រ​គល់​តួនាទីឲ្យ​ វិច្ឆិកា ធ្វើ​​ជា​ប្រធាន​គ្រប់​គ្រង ​តាំង​ពី​ខែ​មេសា​ឆ្នាំ​ ២០១៤ ​មក​ម្ល៉េះ​ដើម្បី​បន្ត​វេន​សម្រាប់​បច្ចុប្បន្ន ​និង​ទៅ​អនាគត»។​

តាម​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់ ជួប ​វិច្ឆិកា​ បាន​ប្រាប់​ថា​ សម្រាប់​ថ្ងៃ​អនាគត ​ខ្លួន​នាង​ផ្ទាល់​ក៏​​ចង់​បាន​ការ​ងារ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​ការ​គ្រប់​គ្រង​ក្មេង​ៗ​នេះ​ដែរ​ នាង បាន​បញ្ជាក់​ថា៖​«​បើ​មាន​ឱកាស ​ឬ​មាន​អ្នក​ណា​អាច​មាន​​សមត្ថភាព​បន្ត​វេន​ពី​​ខ្ញុំ​បាន ខ្ញុំ​​នឹង​​​ចាក​ចេញ​​ទៅ​បង្កើត​អនាគត​ជីវិត​​ឯក​ជន​​របស់​​ខ្ញុំ​វិញ​ម្តង»៕


What Next?

Recent Articles

6 Responses to "ពី​អ្នក​បម្រើ​តាម​ផ្ទះ​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​អង្គការ​ផ្កាយ​សមុទ្រ"

  1. បុគ្គលទ្បេទ្បឺ says:

    congratulation lady.

  2. Congratulation! You have done well. I believe you will be inspired by many with what you have done for the Cambodian society. Keep up with your great work!

  3. Lon says:

    Hopefully, not the next Somaly Mam

  4. ពលទោ says:

    វាស្នារិសំណាង????????????????

  5. Judge says:

    សូមអបអរសាទរ ដល់ជោគជ័យ ក្នុងឆន្ទៈដ៏ប្រសេីររបស់នាង។ ការតស៊ូជីវិត និងបណ្តុះបណ្តាលជីវិតក្មេងខ្វះបង្អែកជីវិតដ៏ទៃទៀត។ នាងជា ជនគំរូដែល អស់លោកមន្ត្រីខ្មែរ គួរយកជាគំរូ ជាជាង សាងអំពេីបំផ្លាញខ្លួន និង ជាតិខ្លួន។
    សូមព្រះជួយថែរក្សានាងគ្រប់កាល។ អរគុណដល់ អត្ថបទ ដែលជាវិជ្ជមានដល់សង្គមខ្មែរ។
    សំនៀង

  6. កម្មករមកពីទល់ដែនថៃ says:

    តាមពិតទៅឧកាសនៃការកសាងកេរ្តីឈ្មោះមានច្រើនណាស៉ ប្រសិនបើមន្រ្តីរាជរដ្ឋាភិបាលពុករលួយ យកីគំរូតាម ស្រ្តីវ័តក្មេង និងភាពជាអ្នកដឹកនាំរបស់នាង