រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសៅរ៍ ទី16 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា កាលពីកន្លងទៅ

​ក្រសួង​យុត្តិធម៌ សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ស្ថាប័ន​នេះ គឺ លោក អង្គ វង្សវឌ្ឍានា ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​លើក​ទី​១​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​លោក ជីវ កេង ជា​អនុប្រធាន​គណៈកម្មការ​នេះ​។​

​ការសម្រេច​រៀបចំ​សមាសភាព និង​តែងតាំង​ថ្នាក់ដឹកនាំ​គណៈកម្មការ​បោះឆ្នោត​នេះ ធ្វើឡើង​បន្ទាប់​ពី ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហ​មុនី បាន​ប្រកាស​ឲ្យប្រើ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម កាលពី​ថ្ងៃ​ទី​១៦​ខែកក្កដា ឆ្នាំ​២០១៤​។​

​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​លើក​ទី​១ ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចេញ​ផ្សាយ​ដោយ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១១​ខែ​សីហា ឲ្យដឹងថា សម្រេច​តែងតាំង​សមាសភាព​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជា​ប្រធាន  លោក ហ៊ី សោភា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ជា​អនុប្រធាន​ប្រចាំការ លោក ជីវ កេង អនុប្រធាន​តុលាការ​កំពូល ជា​អនុប្រធាន លោក សេង ប៊ុន​ឃាង អគ្គ​ព្រះរាជអាជ្ញារង​អម​តុលាការ​កំពូល ជា​អនុប្រធាន លោក កើត រិទ្ធ លោក អុិត រ៉ា​ឌី តំណាង​គណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ លោក យូ ប៊ុន​ឡេង ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ភ្នំពេញ លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យ៉េត ចរិយា ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​លោក សំ ប្រជាមានិត អគ្គលេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ជា​សមាជិក​គណៈកម្មកា​រ​នេះ​។​

​សេចក្តីសម្រេច​របស់​ក្រសួង​យុត្តិធម៌ ក៏​មាន​ការតែងតាំង​សមាសភាព​លេខាធិការ​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​លើក​ទី​១​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ​ផង​ដែរ​។​

​សេចក្ដីព្រាងច្បាប់​ស្តីពី​តុលាការ​ចំនួន​៣ រួមមាន ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា រួម​ទាំង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យប្រើ​ប្រាស់​នាពេល​ថ្មីៗ​នេះ​។ កន្លងទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ស្នើ​ឲ្យមាន​ការពិចា​រណា​លើ​មាត្រា​មួយចំនួន ដែល​ពួក​គេ​រកឃើញ​ថា អធម្មនុញ្ញភាព និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​។​

​មាត្រា​ដែល​រង​ការរិះគន់​ក្នុង​ច្បាប់​ថ្មី​នេះ រួមមាន មា​ត្រ​៣៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គឺជា​អ្នក​សម្រេច​ដ៏​សំខាន់ ក្នុង​ការតំឡើង​មុខតំណែង​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​។ មាត្រា​២៣​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចែងថា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ទទួល​បន្ទុក​ក្នុង​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​បឋម​លើ​សំណុំរឿង​វិន័យ​ផ្នែក​តុលាការ​ជាដើម​៕

​សរសេរ​មក​លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ត្រូវ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​​"

  1. Kingdom of wonder=ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អុង វ៉ាវ៉ុនវ៉ាន់ង៉ា!!!!!!