លោក ងួន ញ៉ិល ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​រដ្ឋសភា​ភ្ញាក់​ផ្អើល

អ្នក​តំណាង​រាស្រ្ត ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ម្សិល​មិញ។
អ្នក​តំណាង​រាស្រ្ត ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ម្សិល​មិញ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ការ​ប្រជុំ​រដ្ឋសភា ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​រដ្ឋសភា កាល​ពី​ម្សិល​មិញ ដែល​មាន​តំណាង​រាស្ត្រ​ចំនួន ១២២ រូប​ចូល​រួម​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​លោក កឹម សុខា ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន ទី១ រដ្ឋសភា ខណៈ​លោក ងួន ញ៉ិល ត្រូវ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន ទី២។ យ៉ាង​ណា​ក៏​ដោយ សម័យ​ប្រជុំ​រដ្ឋសភា​ទាំង​មូល​ហាក់​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​លោក ងួន ញ៉ិល មាន​ការ​ស្ទាក់​ស្ទើរ មិន​ព្រម​ឡើង​ចេញ​ពី​អាសនៈ​ជា​អនុ​ប្រធាន ទី១ ដើម្បី​ឲ្យ​លោក កឹម សុខា ដែល​ទើប​តែ​ជាប់​ឆ្នោត​ឡើង​ទៅ​អង្គុយ។

លោក កឹម សុខា ទទួល​បាន​សំឡេង ១១៦ លើ ១២២ ដោយ​សំឡេង​អនុប្បវាទ ២ និង​សំឡេង​ជំទាស់ ៤។ ក្រោយ​ពី​ជាប់​ឆ្នោត​ជា​អនុ​ប្រធាន​ទី​មួយ​លោក កឹម សុខា បាន​ឡើង​ទៅ​អង្គុយ​អាសនៈ​របស់​លោក ងួន ញ៉ិល ប៉ុន្តែ​លោក ងួន ញ៉ិល ពុំ​ព្រម​ឡើង​ចេញ​ពី​អាសនៈ​អនុ​ប្រធាន ទី១ ដែល​នៅ​ខាង​ស្តាំ​ដៃ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នោះ​ទេ។ នៅ​ពេល​នោះ លោក កឹម សុខា បាន​ទៅ​អង្គុយ​អាសនៈ​របស់​លោក​ស្រី ឃួន សុដារី ដែល​ជា​អនុ​ប្រធាន ទី២។ សម័យ​ប្រជុំ​រដ្ឋសភា​ទាំង​មូល​ហាក់​បី​ដូច​ជា មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​លោក ងួន ញ៉ិល។ ដោយ​មើល​ឃើញ​ស្ថាន​ការណ៍​បែប​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ទៅ​ប្រាប់​លោក ងួន ញ៉ិល ឲ្យ​ប្តូរ​ទៅ​អង្គុយ​អាសនៈ​របស់​លោក​ស្រី ឃួន សុដារី ប៉ុន្តែ លោក ងួន ញ៉ិល មើល​ទៅ​ហាក់​បី​ដូច​ជា មាន​ការ​ស្ទាក់​ស្ទើរ។ ដោយ​ចង្អុល​អាសនៈ​របស់​លោក​ស្រី ឃួន សុដារី លោក ហ៊ុន សែន បាន​ប្រាប់ លោក ងួន ញ៉ិល ថា៖ «គ្រាន់​តែ​ដើរ​បន្តិច មិន​អី​ទេ។ សូម​ឯក​ឧត្តម ងួន ញ៉ិល ទៅ​ខាង​នោះ»។

ទាំង​លោក ងួន ញ៉ិល និង​លោក ហេង សំរិន មិន​ចង់​ផ្លាស់​ប្តូរ​អាសនៈ​របស់​លោក ញ៉ិល ទេ គ្រាន់​តែ​ចង់​ផ្លាស់​ប្តូរ​លេខ​រៀង​អាសនៈ ដោយ​សរសេរ​សម្គាល់​អាសនៈ​អនុ​ប្រធាន ទី១ និង ទី២ រដ្ឋសភា ហើយ​ទុក​ឲ្យ​លោក ញ៉ិល អង្គុយ​នៅ​កន្លែង​ដដែល។

ប៉ុន្តែ​នៅ​ទី​បំផុត លោក ញ៉ិល នៅ​តែ​ត្រូវ​ឲ្យ​ប្តូរ​ទៅ​អង្គុយ​អាសនៈ​របស់​លោក​ស្រី សុដារី។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ទេ មិន​ត្រូវ​ទេ។ សុំទោស! គ្រាន់​តែ​ប៉ុណ្ណេះ ពិបាក​អី! គ្រាន់​តែ​ដោះ​ដូរ​ទៅ​អង្គុយ​ខាង​នោះ ហើយ​គេ​មក​អង្គុយ​ខាង​នេះ។ គ្មាន​អ្វី​ពិបាក​ទេ»។

លោក កឹម សុខា បាន​ថ្លែង​ដោយ​ចោទ​សួរ​ថា ហេតុ​អ្វី​លោក ញ៉ិល ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្តូរ​អាសនៈ។ ប៉ុន្តែ​លោក សុខា បាន​បញ្ជាក់​ថា៖ «វា​គ្រាន់​តែ​ជា​នីតិវិធី​នៃ​ការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​ដែល​បង្ក​ការ​លំបាក។ មិន​មែន​ចេតនា​របស់​គាត់​ទេ»។

នៅ​ពេល​ចេញ​ពី​ប្រជុំ​រដ្ឋសភា លោក ហ៊ុន សែន ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ការ​ជ្រើស​រើស​មេ​ដឹក​នាំ​រដ្ឋសភា​គឺ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ ទី២២ ខែ​កក្កដា រវាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចប់​វិបតិ្ត​នយោបាយ។ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​ចេតនា​ចង់​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយ​រដ្ឋ​មន្ត្រី ដូច​អ្វី​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ផង​ដែរ។

លោក សុខា បាន​ថ្លែង​ថា៖ «គោល​បំណង​របស់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​កំណត់​អាណតិ្ត​នាយក​រដ្ឋ​មន្រ្តី។ ដូច្នេះ យើង​រង់​ចាំ​ឱកាស​ល្អ ដើម្បី​លើក​បញ្ហា​នេះ​មក​និយាយ។ ខ្ញុំ​នឹង​ស្នើ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្រ្តី ក្នុង​អាណតិ្ត​នេះ ប៉ុន្តែ យើង​រង់​ចាំ​មើល​បរិយាកាស​ជា​មុន​សិន។

យើង​ចាប់​ផ្តើម​ធ្វើ​ការ​រួម​គ្នា ហើយ​យើង​នឹង​ដឹង​ពី​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន ជា​ពិសេស សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន»។

លោក សុខា ថ្លែង​ទៀត​ថា នៅ​ពេល​លោក​កាន់​តំណែង​ជា​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា លោក​ចង់​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ជួប​ពិភាក្សា​គ្នា​ឲ្យ​បាន​ទៀង​ទាត់​យ៉ាង​ហោច​ណាស់ ៣​ខែ ម្តង។ «យើង​ចង់​ធ្វើ​ឲ្យ​មាន​លទិ្ធ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​ពិភាក្សា​បែប​ប្រជាធិបតេយ្យ ដោយ​អត់ឱន​គ្នា។ នេះ​គឺជា​វប្បធម៌​ល្អ ការ​ជួប​ក្រោយ​ឆាក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ»។

លោក សុខា បាន​សង្កត់​ធ្ងន់​ថា ជា​ថ្នាក់​ដឹក​នាំ​រដ្ឋសភា លោក​នឹង​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​សេរី និង​យុតិ្តធម៌ នៅ​ថ្ងៃ​អនាគត ហើយ​ម្យ៉ាង​ទៀត​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ត្រូវ​តែ​ធ្វើ​វិសោធនកម្ម ព្រោះ​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ពង្រឹង​អំណាច​អង្គ​នីតិប្បញ្ញតិ្ត។ «វា​ធ្វើ​ឲ្យ​កងចក្រ​ទាំង​បី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​វិល​ស្រប​គ្នា។ កុំ​ទុក​ឲ្យ​កង់​មួយ​ដឹក​នាំ​ហើយ​កង់​ពីរ​ទៀត​គ្រាន់​តែ​ដើរ​តាម​ក្រោយ»។

លោក សម រង្ស៊ី ដែល​ពុំ​មាន​តំណែង​អ្វី​នៅ​ក្នុង​រដ្ឋសភា ក្រៅ​ពី​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​ធម្មតា​នោះ បាន​លើក​ឡើង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋសភា​អាណតិ្ត ទី៥ នឹង​រឹងមាំ​ជាង​រដ្ឋសភា​ក្នុង​អាណតិ្ត​មុនៗ ដោយ​លោក​បន្ថែម​ថា រដ្ឋសភា​មាន​សមត្ថភាព​តាម​ដាន និង​ត្រួត​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល។

ទន្ទឹម​នឹង​នេះ បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​រដ្ឋសភា រដ្ឋសភា​ក៏​បាន​បោះឆ្នោត​ជ្រើស​តាំង​ជំនួស​និង​បំពេញ​បន្ថែម​ប្រធាន​គណៈ​កម្មការ ចំនួន ២ និង​អនុ​ប្រធាន​គណៈកម្មការ ១ ផង​ដែរ ដូច​ជា លោក អេង ឆៃអ៊ាង ត្រូវ​ជ្រើស​រើស​ជា​ប្រធាន​គណៈ​កម្មការ​សិទិ្ធ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា។ លោក ប៉ុល ហំម ជា​ប្រធាន​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​និង​លោក សុន ឆ័យ ជា​អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម។

រដ្ឋសភា​នឹង​បោះ​ឆ្នោត​ជ្រើស​តាំង​និង​បំពេញ​បន្ថែម​ប្រធាន​និង​អនុ​ប្រធាន​គណៈកម្មការ​ចំនួន ៧ ទៀត​នៅ​ថ្ងៃ​នេះ៕


What Next?

Recent Articles

One Response to "លោក ងួន ញ៉ិល ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​រដ្ឋសភា​ភ្ញាក់​ផ្អើល"

  1. ហាហា…មោកសុទ្ធ!!! និយាយដោយយខ្លីនិងសាមញ្ញបំផុតដោយមិនវែកញែកផ្លូវច្បាប់នៃការប្រព្រឹត្តទៅរបស់រដ្ឋសភា,… “សូមបីតែវត្តលោកក៏នៅតែមានសង្រ្គាចឆ្វេងនិងសង្រ្គាចស្ាំដែរបន្ទាប់ពីព្រះចៅអាទិការណ៍វត្ត ឯរដ្ដសភាក៍កៅអីគេគិចអញ្ចឹងដែរ,…សូមទៀនជ្រាប!