អាជ្ញាធរ​បំបែក អតីត​អ្នក​បឹងកក់​ដែល​ប្រមូលផ្ដុំ​នៅ​រដ្ឋសភា​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន​​

ដោយ៖​ តាំង វីដា​
ថ្ងៃពុធ ទី27 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

សន្តិសុខ​សែង​ស្ត្រី​អ្នក​តវ៉ា​ម្នាក់ចេញពីកន្លែង​ប្រមូល​ផ្ដុំ (រូបភាព៖ តាំង វីដា)

​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១០០​នាក់ បំបែក​ក្រុម​អតីត​អ្នក​បឹងកក់​ដែល​ប្រមូលផ្ដុំ​គ្នា​ក្បែរ​រដ្ឋសភា​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន ​ដែល​បាន​ដាក់ជូន​ដើម្បី​ទាមទារ​រក​សំណង​បន្ថែម។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អតីត​អ្នក​បឹងកក់​ដែល​ចាកចេញ​ជួប​ប្រមូលផ្ដុំ​គ្នា គោលបំណង​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញ្ញត្តិ​កាលពីពេលកន្លងទៅ តែ​ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បំបែក ដោយ​ចាប់​សែង​ពួកគាត់​ទៅ ទម្លាក់​នៅ​សួន​មុខ​សណ្ឋាគារ​ណាហ្គា ។​

​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​នេះ​ក៏​មាន​ការចូលរួម​ពី​អ្នក​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​នៅ​បឹងកក់ បុរី​កីឡា និង​កំពង់ឆ្នាំង (​ឡ​ពាង​) សរុបគ្នា​ប្រមាណ​៥០​នាក់ បន្ទាប់​ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហើយ​ត្រូវ​អាជ្ញាធរ​រារាំង​មិនឲ្យ​ចូល​ទៅ​ជិត​ផ្ទះ​នាយករដ្ឋមន្ត្រី​។​

​ការប្រមូលផ្ដុំ​របស់​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​នេះ​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋសភា​កំពុង​បន្ត​ប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ចំនួន​៧​ទៀត ដើម្បី​បញ្ចប់​ការជ្រើសរើស​ថ្នាក់ដឹកនាំ​គណៈកម្មការ​ទាំង​១០​របស់ខ្លួន​។ ច្រកចូល​ទាំងសងខាង​ទៅ​កាន់​រដ្ឋសភា​ត្រូវបាន​បិទ​ដោយ​មាន​ការ​យាមកាម​ពី​ក្រុម​អាជ្ញាធរ​ជាច្រើន​នាក់ ។​

​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា អតីត​អ្នក​សហគមន៍​បឹងកក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋសភា​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់សំណង​បន្ថែម បន្ទាប់​ពី​បណ្តេញចេញ​ពី​បឹងកក់​។​

​កន្លងទៅ អតីត​អ្នក​បឹងកក់​ដែល​ចាកចេញ​ឲ្យដឹង​ទៀតថា ពួក​គាត់​ធ្លាប់​ទទួលបាន​សំណង​ពី​មុន​ខ្លះ ដោយ​អ្នកខ្លះ​ទទួលបាន​ប្រាក់​សំណង​៥០០​ដុល្លារ អ្នកខ្លះ​ទៀត​ទទួលបាន​៨០០០​ដុល្លារ និង​២​លាន​រៀល ហើយ​អ្នកខ្លះ​ទៀត​ព្រម​ទទួលយក​ផ្ទះល្វែង​នៅ​បុរី​សន្តិភាព​២ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទំហំ ៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ និង​ទឹកប្រាក់​២​លាន​រៀល ។​

​ទោះបីជា​យ៉ាងណា ពួក​គាត់​ថា សំណង​ទាំងនោះ​មិន​ស្មើ​នឹង​ផលប៉ះពាល់​ពួកគាត់​ប្រឈម​ទេ ហើយ​កាលដែល​ពួក​គាត់​ទទួល​យក​សំណង គឺ​ទាំង​បង្ខំ ដោយ​កាលណោះ ខាង​ក្រុមហ៊ុន​បាន​បូម​ខ្សាច់ ធ្វើឲ្យ​លិច​ផ្ទះ​របស់​ពួកគាត់​។​

​របាយការណ៍​នានា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឲ្យដឹងថា ការ​ដែល​រដ្ឋាភិបាល​ជួល​បឹងកក់​ឲ្យ​ក្រុម​ហ៊ុនស៊ូ​កា​គូ​អ៊ី​ន របស់លោក ឡាវ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​រយៈពេល​៩៩​ឆ្នាំនេះ ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ ក្នុងនោះ​ជិត​១០០០​គ្រួសារ មិន​ព្រម​ចាកចេញ និង​ជាង​៣០០០​គ្រួសារ​ត្រូវ​អាជ្ញាធ​រាជធានី​ភ្នំពេញ​បណ្តេញចេញ​ទាំង​បង្ខំ ដែល​ធ្វើឲ្យ​ជម្លោះ​បន្ត​អូសបន្លាយ​រហូត​បច្ចុប្បន្ន​នេះ​៕

សូមសរសេរមកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

One Response to "អាជ្ញាធរ​បំបែក អតីត​អ្នក​បឹងកក់​ដែល​ប្រមូលផ្ដុំ​នៅ​រដ្ឋសភា​ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ​របស់ខ្លួន​​"

  1. Ly says:

    បាត់ក្បាលលោកខាទៅណាហើយ

Leave a Reply

Submit Comment