អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា

ដោយ វណ្ណ វិចារ
2014-08-27
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

មូរ សុខហួរ យឹម សុវណ្ណ ៦២០
អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង និង​លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ភ្នំពេញ នា​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Vann Vichar

រដ្ឋសភា បញ្ចប់​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា​រួច​ហើយ នៅ​ថ្ងៃ​ទី​២៧ សីហា។ ក៏ប៉ុន្តែ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ មើល​មុខ​គ្នា​មិន​ត្រង់​ឡើយ ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​នាក់ ត្រូវ​សមាជិក​សភា​បោះ​ឆ្នោត​ទម្លាក់ មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​នៃ​រដ្ឋសភា។

ដំណើរ​ការ​ប្រជុំ​វិសាមញ្ញ​សភា​ថ្ងៃ​ទី​២៧ ខែ​សីហា ដើម្បី​ជ្រើស​រើស​សមាសភាព​គណៈកម្មការ​ជំនាញ​ដែល​នៅ​សល់​នេះ បាន​បញ្ចប់​នៅ​ម៉ោង​ជាង​ពីរ​រសៀល។ មនុស្ស​សំខាន់ៗ​ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ត្រូវ​បាន​សមាជិក​សភា​បោះ​ឆ្នោត​គាំទ្រ​នោះ​ឡើយ។ សំឡេង​ឆ្នោត​ដែល​គាំទ្រ អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មាន​ចំនួន ៥៦​សំឡេង ស្មើ​គ្នា​ក្នុង​ចំណោម​សមាជិក​សភា ១២២​រូប​ដែល​បាន​ចូលរួម​ប្រជុំ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ។ លោក​បន្ត​ថា អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ភាគ​ច្រើន​បាន​បោះ​ឆ្នោត​គាំទ្រ​សមាសភាព​បេក្ខភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​តំណាង​រាស្ត្រ​ឈ្មោះ​ល្បី ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បែរ​ជា​មិន​ជាប់​ឆ្នោត​ទៅ​វិញ។ លោក​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប សុទ្ធ​តែ​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ។ ទោះ​ជា​បែប​ណា លោក សម រង្ស៉ី នៅ​តែ​ប្ដេជ្ញា​ចិត្ត​ទាំង​មុខ​ស្ងួត​ថា លោក​ចង់​ឲ្យ​ដំណើរ​ការ​រដ្ឋសភា​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន៖ «សួរ​ខាង​គណបក្ស​ប្រជាជន​ទៅ ព្រោះ​សំឡេង​របស់​គណបក្ស​ប្រជាជន​ប្រហាក់​ប្រហែល​នឹង​សំឡេង​មិន​គាំទ្រ តើ​លទ្ធផល​សរុប​អាច​ទទួល​យក​បាន​ឬ​អត់ អាច​ឲ្យ​សភា​ចេញ​ឲ្យ​ឆាប់ ធ្វើ​ច្បាប់​ឲ្យ​ឆាប់ សូម្បី​តែ​ច្បាប់​កំពូល​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​ធ្វើ​វិសោធនកម្ម​ឲ្យ​បាន​ឆាប់​ដែរ»

អ្នកស្រី មូរ សុខហួរ ដែល​ធ្លាប់​ប្ដឹង​ផ្តល់​គ្នា​ឡើង​តុលាការ​ជាមួយ លោក ហ៊ុន សែន នោះ ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ ទទួល​បន្ទុក​សុខាភិបាល និង​សង្គម​កិច្ច កិច្ចការ​នារី​នៃ​រដ្ឋសភា។ ចំណែក លោក យឹម សុវណ្ណ ឈរ​ឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​១០ ទទួល​បន្ទុក​អង្កេត និង​ប្រឆាំង​អំពើ​ពុក​រលួយ។ អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​សភា​ពេញ​អង្គ​បោះ​ឆ្នោត​មិន​ទុក​ចិត្ត​មុន លោក យឹម សុវណ្ណ។

បន្ទាប់​ពី​ប្រធាន​រដ្ឋសភា​ប្រកាស​លទ្ធផល​រួច លោក សម រង្ស៉ី បាន​ទៅ​លើក​ទឹក​ចិត្ត អ្នកស្រី មូរ សុខហួរ។ បន្ទាប់​មក​ទៀត ទាំង លោក សម រង្ស៉ី និង​លោក កឹម សុខា បាន​ទៅ​ជជែក​ឆ្ការដៃ​ឆ្ការ​ជើង​ជាមួយ លោក ហ៊ុន សែន។ ជជែក​គ្នា​ចប់ លោក សម រង្ស៉ី បាន​ហៅ​មន្ត្រី​ធំៗ​ក្នុង​បក្ស​របស់​ខ្លួន ទៅ​ប្រជុំ​គ្នា​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​មួយ​សន្ទុះ ទើប​ចូល​ប្រជុំ​សភា​បន្ត​ទៀត។ ពេល​ចូល​ដល់​ក្នុង​សភា ក៏​សួរ​នាំ លោក ហ៊ុន សែន ជា​ថ្មី លោក ហ៊ុន សែន ក៏​ទំនង​ជា​បកស្រាយ​ជា​ថ្មី​ទៀត​ដែរ។ លុះ​ដល់​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មការ​ទី​១០ លទ្ធផល គឺ​លោក យឹម សុវណ្ណ ធ្លាក់​ទៀត កាន់​តែ​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ល្វីង​មុខ។ ជំនួប​ជជែក​គ្នា​ក្រៅ​ផ្លូវ​ការ​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ក៏​កើត​ឡើង​ជា​ថ្មី​ទៀត។ ម្តង​នេះ រដ្ឋសភា​បាន​សម្រេច​សម្រាក ១៥​នាទី។ បន្ទាប់​មក លោក ហ៊ុន សែន ក៏​រុញ​ឲ្យ​សមាជិក​គណៈកម្មការ​ទី​៨ និង​ទី​១០ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ដោយ​ខ្លួន​ឯង។ គណៈកម្មការ​ទាំង​ពីរ​នេះ មាន​សមាជិក​តែ ៨​នាក់ ក៏​បាន​សម្រេច​បោះ​ឆ្នោត​ទាំង​មិន​ទាន់​មាន​នីតិវិធី។ លទ្ធផល​ចុង​ក្រោយ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង អ្នកស្រី កែ សុវណ្ណរតន៍ ត្រូវ​ជ្រើស​រើស​ជា​ប្រធាន​គណៈកម្មការ​ជំនួស អ្នកស្រី មូរ សុខហួរ។ ចំណែក លោក ហូរ វ៉ាន់ ត្រូវ​ជ្រើស​រើស​ជា​ប្រធាន​គណៈកម្មការ​ជំនួស លោក យឹម សុវណ្ណ។ នៅ​ពេល​ដែល​ប្រជុំ​សភា​ចប់ លោក ហ៊ុន សែន ដើរ​គេច​អ្នក​កាសែត ដោយ​បង្គាប់​អង្គរក្ស​ឲ្យ​យក​ឡាន​ទៅ​ទទួល​លោក​នៅ​ទ្វារ​ខាង​ត្បូង​រដ្ឋសភា។

សម រង្ស៊ី រដ្ឋសភា ៦២០
តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​កិច្ច​ប្រជុំ​វិសាមញ្ញ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Vann Vichar

លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា លោក​សន្យា​ថា លោក​នឹង​បបួល​តំណាង​រាស្ត្រ​របស់​ខ្លួន​ឲ្យ​គាំទ្រ​បេក្ខភាព​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​ពេល​បោះ​ឆ្នោត​ជាក់ស្តែង មិន​ដូច​ការ​សន្យា​របស់ លោក ហ៊ុន សែន ទេ គឺ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៦​នាក់ មិន​បាន​យល់​ព្រម​តាម​ការ​សន្យា​របស់ លោក ហ៊ុន សែន ឡើយ។ បើ​សិន​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធ​តែ​គាំទ្រ​សមាសភាព អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មែន​នោះ មាន​ន័យ​ថា មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បោះ​ឆ្នោត​គាំទ្រ​អ្នក​ទាំង​ពីរ។ ឧទាហរណ៍​ថា បើ លោក ហ៊ុន សែន បោះ​ឆ្នោត​ឲ្យ​នោះ លោក ស ខេង និង​លោក ហេង សំរិន សុទ្ធ​តែ​បោះ​ឆ្នោត​ជំទាស់​បេក្ខភាព​ទាំង​ពីរ​នេះ។ តើ លោក ស ខេង និង​លោក ហេង សំរិន គោរព​តាម​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឬ​អត់?

តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច លោក ឈាង វុន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​ក្បួន​ធ្វើ​ស៊ី​បក្ស​ប្រឆាំង​ទេ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ទុក​ចិត្ត ឬ​មិន​ទុក​ចិត្ត វា​ជា​សិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ម្នាក់ៗ៖ «មិន​មែន​តែ​គណបក្ស​ប្រជាជន មិន​ពេញ​ចិត្ត​ទេ ក្នុង​ហ្នឹង​មាន​គ្នា​គាត់​ដែរ មាន​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ខ្ញុំ​មាន​ទៅ​ឆែក​អី​របស់​បស់​គេ។ ចំពោះ​ខ្ញុំ ខ្ញុំ​បោះ​ឲ្យ​តើ! (តើ​មួយ​សន្លឹក​ហ្នឹង​របស់​ឯកឧត្តម ឬ​ម៉េច?) អត់​ទេៗ»

ចំណែក​ឯ លោក យឹម សុវណ្ណ វិញ​បញ្ជាក់​ថា លោក​មិន​ខ្វល់​នឹង​ការ​ជាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ ឬ​អត់​ទេ ប៉ុន្តែ​លោក​នៅ​តែ​បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ ដើម្បី​បម្រើ​ប្រយោជន៍​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នេះ​ជា​មេរៀន​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ឆ្លៀត​យក​ចន្លោះ​ប្រហោង​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា និង​ចន្លោះ​ប្រហោង​នៃ​ច្បាប់ យក​មក​ព្រមាន​មន្ត្រី​បក្ស​ប្រឆាំង។

កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា មាន ៧​ចំណុច។ ចំណុច​មួយ​ចែង​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កាន់​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា និង​កាន់​ការ​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ចំនួន​៥ ប៉ុន្តែ​មិន​បញ្ជាក់​ពី​សមាសភាព​ពិត​ប្រាកដ​ទេ។ អ្នក​កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​អាច​ទទួល​បាន​រថយន្ត​ពី​រដ្ឋសភា និង​អាច​ជ្រើស​រើស​បុគ្គលិក​បំពេញ​ការងារ​បាន​ច្រើន​ជាង​សមាជិក​ធម្មតា ព្រម​ទាំង​មាន​ផល​ប្រយោជន៍​ផ្នែក​រដ្ឋបាល​ដទៃ​ទៀត។

រដ្ឋសភា​មិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​ជា​ថ្មី​នៅ​ឡើយ ហើយ​កិច្ច​ប្រជុំ​ជា​ថ្មី​នោះ នឹង​មាន​របៀបវារៈ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​គណៈកម្មការ​ទី​៨ និង​ទី​១០ ជំនួស​កន្លែង លោក យឹម សុវណ្ណ និង​អ្នកស្រី មូរ សុខហួរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "អ្នកស្រី មូរ សុខហួរ និង​លោក យឹម សុវណ្ណ មិន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា"

  1. CountryStudent says:

    Hun Sen does not respect the agreement between the two parties CNRP and CPP.
    Ms. Sok Hour is entitled to such position even thought she is not wining the election because it’s the pre set up in the agreement; the vote in the parliament is only formality

  2. Anonymous says:

    ឡា ឡា ឡា ឡា ………………….ជាធម្មតាទេ សំរាប់ប្រទេសប្រកាន់លទ្ធិប្រជាធិប្បេតយ្យ ប្រធានបក្សមិនអាចបង្ខំសមាជិករបស់ខ្លួបានទេ បោះឆ្នោតគឺចឹង បេីយេោងកិច្ចព្រមព្រៀងមិនចាំបាច់បោះឆ្នោតទេ ចាត់តាំងតែហ្មងទៅ តែបេីចាត់តាំងដដែល លុបប្រជាធិប្បតេយ្យចោលហ្មងទៅ

  3. ក្បួនសែនស៊ីអាចម៍សាមកុក says:

    តំណាងរាស្រ្តបក្សសង្រ្កោះទាំងអស់នាំគ្នាដើរចេញ
    ឈប់ចូលរួមសភាជាមួយពួកពូជថោកទាបគំនិតអាក្រក់
    ក្តអីអ្ហា ! អាសែន
    អ្នកណាប្រើហែងមិនគោរពកិច្ចព្រមព្រៀង ។

  4. Chourn says:

    ចប់បាត់ទៅហើយលោកប្រធាន ខ្សែរប្រយុទ្ធដ៍ឆ្នើមទាំងពីរបានបាត់បង់ឪកាសបាត់ទៅហើយ។ អ្នកគាំ ទ្រសង្ឃឹមថាអ្នកទាំងពីរគឺជាខ្សែរប្រយុទ្ធដ៍ខ្លាំងនៅក្នុងសភាឥឡូវកាន់តែបាត់បង់អស់ហើយ តើមានអី ទៅតតាំងគេទៀតលោកប្រធាន។ បក្សប្រជាជនគេគាំទ្រតែអ្នកទន់ៗព្រោះគេអាចបំបាក់បានទៅថ្ងៃ ក្រោយតែចំពោះអ្នកដែលគេបំបាក់មិនបានគេមិនឲ្យធ្វើប្រធានគណះកម្មការនោះទេ។

  5. Chourn says:

    ឃើញទេនេះគ្រាន់តែការព្រមានពីបក្សប្រជាជននៅវគ្គដំបូងប៉ុនណ្ណោះ។ មានអីខាងប្រឆាំងចាប់ផ្តើម ស្ពឹកមុខបណ្តើរៗហើយ។

  6. tokee says:

    Both of u still my hero

Leave a Reply

Submit Comment