សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​បន្ត​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​ថ្មី

ដោយ ដែន អយុធ្យា
2014-09-01
RFA

អ៊ីរ៉ា ប្រជុំ ៦២០
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (ERA) ធ្វើ​សន្និសីទ​កាសែត​អំពី​ការ​ប្រើ​ច្បាប់ ឬ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ (គ.ជ.ប) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​១ កញ្ញា ២០១៤។ RFA/Den Ayuthyea

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ថា អ៊ីរ៉ា (ERA) បាន​បន្ត​ពិភាក្សា​ទៅ​លើ​សេចក្ដី​ស្នើ​ច្បាប់ ឬ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ត្រៀម​ដាក់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បញ្ជូន​ទៅ​ក្នុង​កំណែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ឲ្យ​មាន​ឯករាជភាព​នៅ​ថ្ងៃ​អនាគត។

កិច្ចពិភាក្សា​នេះ មាន​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​គណបក្ស​នយោបាយ​ជាច្រើន​បាន​ចូលរួម ប៉ុន្តែ​មិន​មាន​វត្តមាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​តាម​ការ​អញ្ជើញ​របស់​អ្នក​រៀបចំ​កម្មវិធី​ទេ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) ជា​សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត ឬ អ៊ីរ៉ា បាន​ឲ្យ​ដឹង​ក្នុង​កិច្ចពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កញ្ញា នា​សណ្ឋាគារ អ៊ីមភើរៀល (Imperial) ថា សកម្មភាព​របស់​អ៊ីរ៉ា​ពេល​នេះ គឺ​ដើម្បី​មាន​បំណង​ចង់​បាន​ស្ថាប័ន​បោះឆ្នោត​មួយ​ដែល​ឯករាជ្យ​ពិតប្រាកដ​នៅ​កម្ពុជា។

កិច្ចពិភាក្សា​ថ្ងៃនេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បញ្ជូន​តំណាង​មក​ចូល​រួម​ទៅ​តាម​ការ​អញ្ជើញ​របស់​អ៊ីរ៉ា​ទេ ប៉ុន្តែ​សម្រាប់​លោក កែវ ភីរម្យ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ឲ្យ​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល អ៊ីរ៉ា លើក​ឡើង​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ទៅ​ពិភាក្សា​ដាក់​បញ្ជូន​ក្នុង​កំណែទម្រង់​បោះឆ្នោត ឬ​ច្បាប់​បោះឆ្នោត​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត។

លោក​បន្ត​ថា កន្លង​មក​ក្នុង​កិច្ចពិភាក្សា​ធ្វើ​កំណែ​ទម្រង់​បោះឆ្នោត​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ដាក់​បញ្ជូន​អនុសាសន៍​របស់​សង្គម​ស៊ីវិល​បាន​មួយ​ចំនួន​ហើយ៖ «មក​ដល់​ពេល​នេះ​ខ្ញុំ​ឃើញ​ការ​ព្រមព្រៀងគ្នា​មួយ​ចំនួន​ធំ​ហើយ។ របៀប​នៃ​ការ​ជ្រើសរើស​សមាសភាព​គណៈកម្មការ​ទាំង ៩​រូប​ហ្នឹង។ យើង​ពី​រៀប​ចាត់ចែង​ក្នុង​ការ​ឲ្យ​មាន​អគ្គលេខាធិការ​ជាដើម​ហ្នឹង វា​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ»

ចំណែក​លោក កែម ឡី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​វិភាគ​ឯករាជ្យ ដែល​ចូល​រួម​ក្នុង​តុ​ពិភាក្សា​នេះ​ដែរ ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប ដែល​អ៊ីរ៉ា​កំពុង​ពិភាក្សា​ចែក​ចេញ​ជា ៧​ជំពូក និង ៤២​មាត្រា​នេះ គួរ​ត្រូវ​បន្ថែម​ជំពូក និង​មាត្រា​ខ្លះ​ទៀត​ចូល​ទៅ​ក្នុង​ច្បាប់​នេះ មាន​ដូចជា៖ ត្រូវ​កំណត់​ឲ្យ​ច្បាស់ អំពី​ការ​ប្រកាស​លទ្ធផល​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ និង​ការប្រកាស​លទ្ធផល​បឋម​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ នៅ​ល្ងាច​ថ្ងៃ​បោះ​ឆ្នោត ឬ​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​នៃ​លទ្ធផល​បោះ​ឆ្នោត​ឲ្យ​បាន​ច្បាស់។ ជាង​នេះ ក៏​ត្រូវ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ និង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​សម្របសម្រួល​នយោបាយ​នៅ​ពេល​មាន​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាដើម។

លោក កែម ឡី៖ «ស្នើ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​សម្រាប់​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត។ អ៊ីចឹង​យើង​ត្រូវ​ដាក់​ជំពូក​មួយ​ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​គណៈកម្មការ​ឯករាជ្យ​មួយ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ពេល​ដែល​មាន​ភាព​មិន​ប្រក្រតី​ច្រើន គឺ​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង​ដំណើរការ​តែម្ដង។ អ៊ីចឹង​អា​ហ្នឹង​ត្រូវ​មាន​មួយ​ជំពូក និង​មាន ២ ទៅ ៣​មាត្រា​ទៀត។ នៅ​ពេល​ដែល​មាន​ការ​ជាប់​គាំង​ខាង​ផ្នែក​នយោបាយ យើង​ត្រូវ​មាន​ការ​សម្របសម្រួល​នយោបាយ។ អ៊ីចឹង​ការ​សម្របសម្រួល​នយោបាយ​យើង​ត្រូវ​រៀបចំ​យន្តការ​មួយ​ទៀត»

​ដោយ​មិន​អាច​អត់ទ្រាំ និង​ធ្លាប់​មាន​បទពិសោធន៍​ជូរចត់​ក្នុង​បញ្ហា​នេះ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្លែង​ថា សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​អ៊ីរ៉ា កំពុង​ពិភាក្សា​ដាក់​ជូន​គណបក្ស​ឈ្នះ​អាសនៈ​សភា​ទាំង​ពីរ​ពេលនេះ គួរ​ត្រូវ​កំណត់​ការ​ដាក់​ទោសទណ្ឌ ដាក់​ពិន័យ​ជា​ប្រាក់ ឬ​ដាក់​ពន្ធនាគារ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​ដល់​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ស្ថាប័ន​បោះឆ្នោត ចាប់ពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន ដែល​បាន​ប្រព្រឹត្ត​កំហុស​ពី​ច្បាប់​បោះ​ឆ្នោត។ ជាង​នេះ ក៏​ត្រូវ​ដាក់​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​ដល់​មន្ត្រី​គ្រប់​គណបក្ស​នយោបាយ​នានា ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត ទើប​ស្ថាប័ន​បោះឆ្នោត​នេះ មាន​ឯករាជភាព​នៅ​ថ្ងៃ​ខាង​មុខ។

លោក ញឹក ប៊ុនឆៃ៖ «អ៊ីចឹង​ដើម្បី​ឯករាជ្យ​បាន​ហ្នឹង​វា​ត្រូវ​ចង​គាត់​នូវ​ទោស​បញ្ញត្តិ​ហ្នឹង​ឲ្យ​ធ្ងន់ធ្ងរ​ដែរ ពីព្រោះ​ច្បាប់​បោះ​ឆ្នោត​យើង​មុន​ហ្នឹង​មិន​មាន​នរណា​ខ្លាច​ទេ គឺ​ធ្វើ​បំពាន ធ្វើ​ខុសច្បាប់ មិន​គោរព​ច្បាប់​អ្វី​ទាំង​អស់។ ចាប់​បាន​មាន​ភស្តុតាង​គ្រប់គ្រាន់ គឺ​ហ្វ៊ុនស៊ិនប៉ិច​ខ្ញុំ​ចាប់​បាន​ច្រើន​ណាស់​បោះ​ឆ្នោត​កន្លង​មក ប៉ុន្តែ​វា​អត់​ប្រយោជន៍។ ទៅ​ប្ដឹង​ឯណា​ក៏​អត់​ប្រយោជន៍? ប្ដឹង​ឯណា បើ​ប្ដឹង គ.ជ.ប ជា​អ្នក​កាត់​ក្តី​ដដែល​ហ្នឹង? បើ​សមាសភាព​ដែល​នៅ​ថ្នាក់​រាជធាន-ខេត្ត ឬ​ឃុំ​សង្កាត់​ជា​អ្នក​ប្រព្រឹត្ត​ខុស»

​ត្រង់​ចំណុច​នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ថ្លែង​ថា នៅ​ក្នុង​ជំពូក ៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប ដែល​អ៊ីរ៉ា​កំពុង​ពិភាក្សា​គ្នា​នេះ ក៏​បាន​កំណត់​ពី​ទោស​បញ្ញត្តិ ឬ​ដាក់​ទោសទណ្ឌ​ដល់​មន្ត្រី គ.ជ.ប គ្រប់​លំដាប់​ថ្នាក់ រាប់​ទាំង​ការ​ផាក​ពិន័យ​ចាប់​ពី ១០​លាន​រៀល ដល់ ៥០​លាន​រៀល និង​រហូត​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles