កម្មករ​រោងចក្រ​មក​ពី​សហជីព​ចំនួន​១៩​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ

ដោយ កែវ និមល
2014-09-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ខែ ៦២០
កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​សហជីព​ចំនួន​១៩ ជួប​ជុំ​គ្នា​នៅ​សួន​កាណាឌីយ៉ា (Canadiana) តាម​ដង​ផ្លូវ​វ៉េងស្រេង ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Uon Chhin

កម្មករ​រោងចក្រ​កាត់​ដេរ​ជាច្រើន​ពាន់​នាក់​មក​ពី​សហជីព​ចំនួន​១៩ បាន​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៧ កញ្ញា នៅ​សួន​កាណាឌីយ៉ា (Canadiana) តាម​ដង​ផ្លូវ​វ៉េងស្រេង ជា​ទី​ប្រមូល​ផ្តុំ​រោងចក្រ​កាត់​ដេរ ដើម្បី​ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល ១៧៧​ដុល្លារ​អាមេរិក។

ក្រុម​កម្មករ​ពាក់​អាវ​យឺត​ពណ៌​លឿង​ទុំ ដែល​មាន​រូប​សញ្ញា​សរសេរ​អក្សរ និង​លេខ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដាក់​ថា “យើង​ត្រូវ​ការ​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ”។

«សំឡេង​កម្មករ​ស្រែក​តវ៉ា»

ក្រុម​សហជីព​តំណាង​កម្មករ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​តវ៉ា​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន ១៧៧​ដុល្លារ ដោយ​ប្រមូល​ផ្តុំ​កម្មករ​នៅ​តាម​រោងចក្រ​ជាង ២០០​កន្លែង​ទូទាំង​ប្រទេស និង​ប្រើប្រាស់​ពាក្យ​ស្លោក​ទាមទារ​តែ​មួយ គឺ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ ត្រូវ​ផ្តល់​ប្រាក់​ខែ​គោល​ចំនួន ១៧៧​ដុល្លារ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) ជា​អ្នក​ដឹក​នាំ​មួយ​រូប​នៅ​ក្នុង​សកម្មភាព​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ នេះ មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​ខោ​អាវ​ល្បីៗ​ពី​បរទេស​ផង​ដែរ៖ «យើង​ទាមទារ​ទៅ​ខាង​និយោជក និង​រដ្ឋាភិបាល ឲ្យ​ផ្តល់​ឲ្យ។ ហើយ​ជំរុញ​អ្នក​បញ្ជា​ទិញ​ឲ្យ​គាំទ្រ ឲ្យ​និយោជក និង​រដ្ឋាភិបាល​ហ្នឹង ដំឡើង​ឲ្យ​កម្មករ»

លោក អាត់ ធន់ ឲ្យ​ដឹង​បន្ថែម​ថា ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ នេះ កើត​មាន​នៅ​តាម​រោងចក្រ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ឡើង​មុន​ពេល​មាន​កិច្ច​ប្រជុំ​ត្រី​ភាគី​មួយ រវាង​សហជីព​តំណាង​កម្មករ តំណាង​ថៅកែ​រោងចក្រ និង​តំណាង​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២៦ កញ្ញា ខាង​មុខ៖ «ប៉ុន្តែ​គេ​មិន​បាន​កំណត់​ថា ចំនួន​ប៉ុន្មាន​ទេ។ គេ​ទុក​លទ្ធភាព​ឲ្យ​យើង​ចរចា​ជាមួយ​ក្រុមហ៊ុន ហើយ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ទៅ​តាម​ស្ថានភាព​ប្រទេស​របស់​ខ្លួន ព្រោះ​គេ​គ្រាន់​តែ​ជា​អ្នក​វិនិយោគ​ទុន​ពី​ក្រៅ​ទេ។ ហើយ​គេ​គាំទ្រ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នោះ​ទៅ ព្រោះ​បញ្ហា​នោះ វា​ធ្វើ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ដល់​ទីផ្សារ​របស់​គេ។ ហើយ​គេ​ក៏​ឃើញ​ថា ការ​ផ្តល់​ប្រាក់​ឈ្នួល​ទាប​នេះ វា​ខុស​ពី​ស្តង់ដារ ក្រម​សីលធម៌​របស់​គេ​ដែរ»

ការ​ចរចា​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ​នេះ ធ្លាប់​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៣ ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ដោយសារ​ភាគី​និយោជក ឬ​ថៅកែ​រោងចក្រ មិន​ព្រម​តាម​ការ​ទាមទារ​របស់​តំណាង​សហជីព។ ដោយ​គ្មាន​ការ​ព្រមព្រៀង​គ្នា ទើប​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ខោ​អាវ និង​ស្បែក​ជើង បាន​ទទួល​ការ​សម្រេច​ចុង​ក្រោយ​ត្រឹម​តែ ១០០​ដុល្លារ​ប៉ុណ្ណោះ។

តំណាង​កម្មករ​ចូលរួម​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ មួយ​រូប​ឈ្មោះ ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា បើ​សិន​ជា​ថៅកែ​រួម​ជាមួយ​រដ្ឋាភិបាល យល់​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ឲ្យ​បាន​ដល់ ១៧៧​ដុល្លារ គឺ​អាច​កាត់​បន្ថយ​បាន​បញ្ហា​ជាច្រើន ដូចជា កាត់​បន្ថយ​បាតុកម្ម​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ កាត់​បន្ថយ​ចំណាក​ស្រុក​របស់​កម្មករ​ទៅ​ធ្វើ​ការ​នៅ​បរទេស ដែល​មាន​ប្រាក់​ខែ​ខ្ពស់ និង​កាត់​បន្ថយ​ការ​លំបាក​កម្មករ​ក្នុង​ការ​ស្វែងរក​ការងារ ការងារ​បន្ថែម ដើម្បី​ឲ្យ​មាន​ប្រាក់​ចំណូល​រស់នៅ​បាន​សមរម្យ៖ «សម្រាប់​ខ្ញុំ ការ​ដំឡើង​ប្រាក់​ខែ ១៧៧ នេះ ជា​រឿង​សំខាន់។ ហើយ​រឿង​ដំឡើង​ប្រាក់​ខែ ១៧៧ នេះ បើ​សិន​ជា​ថៅកែ​រួម​ដៃ​ជាមួយ​សហជីព និង​រដ្ឋាភិបាល ដោះស្រាយ​ឲ្យ​ចប់ បាន​ន័យ​ថា រឿង​នេះ​វា​កាត់​បន្ថយ​ជម្លោះ​នៅ​ប្រទេស​កម្ពុជា។ ការ​ធ្វើ​បាតុកម្ម​កូដកម្ម​ផ្សេងៗ ត្រូវ​បាន​កាត់​បន្ថយ។ ហើយ​បើ​មិន​មាន​ការ​ដោះស្រាយ​ទេ វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា វា​ពោរពេញ​ទៅ​ដោយ​បាតុកម្ម និង​កូដកម្ម។ កាល​ណា​អត់​មាន​ច្បាប់​កំណត់ វា​ធ្វើ​ឲ្យ​ថៅកែ និង​កម្មករ​មាន​ការ​យល់​ខុស​គ្នា»

ចំណែក​កម្មការិនី​មួយ​រូប​ឈ្មោះ ម៉ឹក សុខលាភ និយាយ​ថា នាង​ចង់​បាន​ប្រាក់​ខែ​ច្រើន ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ និង​មាន​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ​នៅ​ស្រុក​កំណើត៖ «មាន​ការ​លំបាក យើង​ត្រូវ​ការ​ជីវភាព​សមរម្យ ព្រោះ​មាន​ប្រាក់​ខែ​តិចតួច»

លោក អាត់ ធន់ ទទួល​ស្គាល់​ថា ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ​នេះ មាន​ក្រុម​សហជីព​មួយ​ចំនួន​មិន​ចូលរួម​គាំទ្រ​ទេ ក្នុង​នោះ​មាន​ក្រុម លោក ជួន មុំថុល និង​ក្រុម លោក សោម អូន។

ទាក់ទង​បញ្ហា​កម្មករ​ទាមទារ​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) មាន​ប្រសាសន៍​ថា ជំហរ​សមាគម​ដែល​ជា​និយោជក​រោងចក្រ គឺ​គោរព​តាម​ការ​ជជែក​គ្នា​សម្រេច​ក្នុង​ក្រុមប្រឹក្សា​ការងារ ដែល​មាន​ភាគី​៣​នៅ​ក្នុង​នោះ គឺ​ម្ចាស់​រោងចក្រ សហជីព​តំណាង​កម្មករ និង​តំណាង​រដ្ឋាភិបាល៖ «យើង​ប្រើ​យន្តការ​ដែល​យើង​បង្កើត ព្រោះ​ទាំង អាយឡូ (ILO) ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ គេ​ទទួល​ស្គាល់។ វា​ជា​យន្តការ​មួយ​ដែល​មាន​សំឡេង​ត្រី​ភាគី​នៅ​ក្នុង​នោះ គឺ​វា​មាន​ភាព​តំណាង​បំផុត​ដែល​យើង​សម្រេច​ហើយ។ អ៊ីចឹង​មាន​តែ​យន្តការ​នោះ​ទេ យើង​មិន​អាច​យក​យន្តការ​ណា​ដែល​មាន​ផល​លំបាក​ក្នុង​ការ​អនុវត្ត​ទេ»

លោក អាត់ ធន់ ឲ្យ​ដឹង​ថា យុទ្ធនាការ​ទាមទារ​ឡើង​ប្រាក់​ឈ្នួល​អប្បបរមា​លើក​នេះ មាន​ធ្វើ​នៅ​ប្រទេស​កម្ពុជា ហើយ​មាន​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ផង​ដែរ។

សហជីព​កម្មករ ធ្លាប់​បរាជ័យ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ម្តង​រួច​ហើយ បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល បាន​ប្រើប្រាស់​ហិង្សា​បង្ក្រាប​ក្រុម​កម្មករ បណ្ដាល​ឲ្យ​កម្មករ​មួយ​ចំនួន​បាន​ស្លាប់ រង​របួស និង​ត្រូវ​ចាប់​ឃុំ​ខ្លួន។ ចំណែក​ការ​ទាមទារ​ច្រើន​ជាង​មុន​លើក​នេះ ដោយសារ​កម្មករ​អះអាង​ថា ប្រាក់ ១៦០​ដុល្លារ មិន​គ្រប់គ្រាន់​សម្រាប់​រស់នៅ​ឡើយ។ សហជីព​កម្មករ បាន​ផ្លាស់​ប្ដូរ​ប្រើប្រាស់​វិធី​ក្នុង​ការ​ទាមទារ​នេះ​ពី​ការ​ធ្វើ​បាតុកម្ម មក​ជំរុញ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ និង​ស្បែក​ជើង និង​ម្ចាស់​រោងចក្រ ចូលរួម​ចំណែក​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ពួក​គេ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles