ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​កោះកុង​មក​តវ៉ា​នៅ​ភ្នំពេញ

ពល​រដ្ឋ​មក​ពី​ខេត្ត​កោះ​កុង​នៅ​មុខឧទ្ធរណ៍​ម្សិល​មិញ​​​។ រូបថត ហេង ជីវ័ន

ពល​រដ្ឋ​មក​ពី​ខេត្ត​កោះ​កុង​នៅ​មុខឧទ្ធរណ៍​ម្សិល​មិញ​​​។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ខេត្តកោះកុងៈ ប្រជា​ពលរដ្ឋ​ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ប្រមាណ​៣០​នាក់​នឹង​ដើរ​ដាក់​ញត្តិ​ទៅ​​រដ្ឋ​សភា ខុទ្ទ​កាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​​ពួក​គាត់​ នៅ​ភូមិ​ព្រែក​ជីក​ ដែល​រងគ្រោះ​ដោយសារ​អ្នក​ជំនួញ​ម្នាក់ឈ្មោះហេង ​ហ៊ុយ បាន​រំលោភ​យក​ដី​ពួកគាត់។

អ្នកស្រី ផាវ ញ៉ើង អាយុ ៣៩ ​ឆ្នាំ តំណាង​ពលរដ្ឋ​នៅ​ភូមិ​ជីខ​ក្រោម​ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន ១៥ គ្រួសារ​នៅតែ​បន្ត​រស់​នៅ​លើ​ដី​ជម្លោះ​នេះ​នៅឡើយ ដែល​ពី​មុន​មាន​ប្រមាណ​ ៣០​ គ្រួសារ។

អ្នកស្រី​និយាយ​ថា ៖ «យើង​ដាក់ញត្តិ​ទៅ​ខុទ្ទកាល័យ​សម្តេច​ហ៊ុន សែន រដ្ឋសភា និង​ជា​ពិសេស​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​គេ​បក​ស្រាយ ​ពី​ព្រំ​ប្រទល់​ដី​ទំនាស់​ឲ្យ​ច្បាស់»។

អ្នកស្រី​​ឲ្យ​ដឹង​​ថា កាលពី​ឆ្នាំ​ ២០០៧ មាន​អ្នក​ជំនួញ​ម្នាក់​ ឈ្មោះ​ សុខ​ ហុង បាន​អះអាង​ថា មាន​ដី​នៅ​ទីនេះ ប៉ុន្តែ​ក្រោយ​មក​ នៅ​ឆ្នាំ​ ២០០៩ ក៏​លេច​មុខ​លោក ហេង ហ៊ុយ មក​អះអាង​ថា​ ឈ្នះ​ក្តី​នៅ​ទីនេះ​ដែរ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ​ដោយសារ​តែ​អ្នក​មាន​ឈ្លោះ​ដណ្តើម​ដីគ្នា​ចំដី​របស់​ពលរដ្ឋ​ ប្រមាណ ១០០ ហិកតា តែ​ពេលនេះ សល់​ប្រមាណ ៥០​ ហិកតា។

អ្នកស្រី​ញ៉ើង​បាន​ថ្លែង​ទៀត​ថា ៖ «ដីលោក​ហេង​ហ៊ុយ នៅភូមិ​មួយ​ទៀត ដែល​ជាប់ភូមិ​ព្រែក​ជីក​​ឃុំ​ជីខ​ក្រោម​របស់​យើង»។

កាល​ពីម្សិល​មិញក្រុម​ពលរដ្ឋ​បានឡើង​មក​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​ទាញ​ហេតុផល​ផ្ទាល់​មាត់ នៅ​សាលា​ឧទ្ធរណ៍ ដែល​ជា​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ សុំ​ឲ្យ​តុលាការ​ផ្អាកការ​អនុវត្ត​សាលដីកា​របស់​សាលា​កំពូល​កាល​ពី​ឆ្នាំ ២០០៩ ប៉ុន្តែ​តុលាការ បាន​លើក​ពេល​ដោយ​សារ​មាន​ការ​ស្នើ​សុំ​ពីមេធាវី​លោក ហេង​ ហ៊ុយ។

លោក​ ហេង ហ៊ុយ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ម្សិលមិញ។

លោក ទួន សិលា អភិបាល​ស្រុក​ស្រែ​អំបិល បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​ថា​ ពលរដ្ឋ​ទាំងនេះ​ឡើង​ទៅ​​ភ្នំពេញ​ទេ ហើយ​ថា​ លោក​បាន​ព្យាយាម​សម្រប​សម្រួល​ករណី​ទំនាស់​ដីធ្លី​នេះ​ជាច្រើន​លើក​ច្រើន​សាមក​ហើយ។ លោក​ថ្លែង​ថា៖«នេះ​ជា​ករណី​តុលាការ​ គឺ​ផុត​ដៃ​អាជ្ញាធរ​ហើយ​»។

តំណាង​ពលរដ្ឋ​ នឹង​ត្រូវ​ចូល​សវនាការ​មួយ​ទៀត​នាថ្ងៃទី​ ២៧ ខែ​តុលា ទាក់​ទិននឹង​ការ​បង្ក​ហិង្សា​ដល់​ម្ចាស់​អចលន​វត្ថុ​ ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​នេះ​៕​


What Next?

Recent Articles