លាន អាហ្វ្រីលគីនីន បំភ្លឺ​រឿង​រូប​ថត​ជាមួយ​គំនរ​ឈើ

អតីត​ពិធីករ​សម្បូរ​វោហារ​លោក លាន អាហ្វ្រីល​គីនីន ថត​រូប​នៅ​ជិត​គំនរ​ឈើ​ដ៏​ធំ​សម្បើម ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក។

អតីត​ពិធីករ​សម្បូរ​វោហារ​លោក លាន អាហ្វ្រីល​គីនីន ថត​រូប​នៅ​ជិត​គំនរ​ឈើ​ដ៏​ធំ​សម្បើម ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

រូបថត​ចំនួន​បួន​សន្លឹក​ដែល​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ថត​ជាមួយ​នឹង​គំនរ​ឈើ​រាប់​រយ​ម៉ែត្រ​គុប បាន​និង​កំពុង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​តារា​ចម្រៀង លាន អាហ្វ្រិល​គីនីន មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​នឹង​គំនរ​ឈើ​ប្រណីតៗ​ទាំង​នោះ ឬ​ក៏​តារា​រូប​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រក​ស៊ី​ឈើ?

បណ្តា​អ្នក​ដែល​មាន​គំនិត​អភិរក្ស​និយម​ចំពោះ​ធនធាន​ធម្មជាតិ​ខ្មែរ បាន​សរសេរ​សារ​ប្រតិកម្ម​យ៉ាង​ធ្ងន់ៗ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៅ​នឹង​រូបថត​របស់​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ដែល​ឈរ​បង្អួត​រាង​បង្ហាញ​គំនរ​ឈើ ដែល​អ្នក​ខ្លះ​សរសេរ​សារ​បែប​បញ្ចើច​បញ្ចើ​តារា​ចម្រៀង​គីនីន​ថា៖ «បង្ហោះ​រូប​អ៊ីចឹង​ស្គាល់​ព្រៃ​ស​អត់? ពួក​វា​បំផ្លាញ​ជាតិ​អស់​ហើយ មាន​ទាំង​តារា មាន​ទាំង​អ្នក​មាន​អំណាច​ស្រុក​ខ្មែរ។ អា​តារា​ចម្រៀង​បំផ្លាញ​ជាតិ លាន អាហ្វ្រីល​គីនីន»។

បំភ្លឺ​ជុំវិញ​រូប​ថត​ឈរ​ក្បែរ​គំនរ​ឈើ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក តារា​ចម្រៀង និង​ជា​អតីត​ពិធីករ​ល្បី​ឈ្មោះ​កាល​ពី​អំឡុង ឆ្នាំ​២០០០ លោក លាន អាហ្វ្រីល​គីនីន បាន​ពន្យល់​ប្រាប់​ថា៖ «រូប​ទាំង​នោះ​មិន​ដឹង​ជា​ថត​ក្នុង​រាជ​អង្គ​ណា​ផង តែ​មិត្តភក្តិ​គេ​ទើប​តែ​យក​មក​បង្ហោះ​លេង​នៅ​ក្នុង​ហ្វេសប៊ុក។ តែ​ពេល​នេះ​គេ​ក៏​បាន​លុប​វិញ​អស់​ហើយ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​សុំទោស​ខ្ញុំ​ផង​ដែរ ពី​កំហុស​អចេតនា​របស់​គេ ដែល​មិន​នឹក​ស្មាន​ដល់​នោះ»។

អតីត​ពិធីករ​សម្បូរ​វោហារ​លោក លាន អាហ្វ្រីល​គីនីន។ សេត គឹមសឿន

អតីត​ពិធីករ​សម្បូរ​វោហារ​លោក គីនីន បាន​និយាយ​ទៀត​ថា៖ «មិត្តភក្តិ​ហ្នឹង គេ​យក​រូបថត​ទាំង​នោះ​ទៅ​បង្ហោះ​លេង​ក្នុង​ហ្វេសប៊ុក ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​មហាជន​មក​លើ​រូប​ខ្ញុំ​ថា ខ្ញុំ​នេះ​ជា​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​អី​ណា…»។

ប៉ុន្តែ​ពេល​សួរ​ថា រូប​ថត​នោះ ថត​ជាមួយ​នឹង​គំនរ​ឈើ​នៅ​កន្លែង​ណា និង​ថត​ពេល​ណា​នោះ តារា​ចម្រៀង​ដែល​ធ្លាប់​ល្បី​ប្រពន្ធ​ដើម​តាម​ទាន់​ពេល​កំពុង​នៅ​ជាមួយ​ស្រី​ថ្មី​រូប​នេះ ហាក់​អល់​អែក​មិន​ចង់​បញ្ជាក់​ពី​ទីតាំង​ដែល​លោក​ថត​ពិត​ប្រាកដ ដោយ​ម្តង​ថា ថត​នៅ ខេត្ត​មណ្ឌលគិរី និង​ម្តង​ថា​ថត​នៅ កែវសីមា។

លោក លាន អាហ្វ្រីល​គីនីន ឆ្លើយ​ថា៖ «រូប​នេះ​ថត​នៅ មណ្ឌលគិរី នៅ​កន្លែង​រដ្ឋបាល​ព្រៃ​ឈើ កែវសីមា ប៉ុន្តែ​រឿង​ឆ្នាំ​នោះ​ដូច​ជា​ភ្លេច​ហើយ ព្រោះ​វា​យូរ​ណាស់​ហើយ​ដែរ តែ​គ្រាន់​តែ​ចាំ​ថា ពេល​ដើរ​លេង​ទៅ ខេត្ត​មណ្ឌលគិរី ហើយ​បាន​ចូល​ទៅ​កន្លែង​រដ្ឋបាល​ព្រៃ​ឈើ​នោះ ក៏​ថត​លេង​ទៅ​ព្រោះ​មើល​ទៅ​ម្យ៉ាង​ដែរ ថត​ជាមួយ​ឈើ​ប្រណីតៗ​បែប​នេះ»។

បញ្ជាក់​បញ្ចៀស​ពី​ការ​រិះគន់​ពី​ប្រិយមិត្ត​ក្នុង​ហ្វេសប៊ុក ខណៈ​រូប​លោក បែរ​ជា​លេច​ស្រមោល​ជាមួយ​គំនរ​ឈើ​គរ​ដូច​ភ្នំ​ក្នុង​ឫកពា​ជា​ថៅកែ​នោះ លោក គីនីន អះអាង​ថា រូប​លោក​ដាច់​ខាត​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ ឬ​ក៏​ធ្វើ​ជា​ឈ្មួញ​ឈើ​អី​ដូច​ការ​យល់​ឃើញ​ពី​មិត្តភក្តិ​ក្នុង​ហ្វេសប៊ុក​នោះ​ឡើយ។

លោក គីនីន បាន​និយាយ​ប្រាប់​ទៀត​ថា៖ «ក្រៅ​ពី​បើក​បាន​សាលា​បង្ហាត់​បង្រៀន​ផ្នែក​តន្ត្រី​នោះ​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​មិន​មាន​លទ្ធភាព​ណា​លើស​ហ្នឹង​ទេ បើ​រក​តែ​ប្រាក់​មក​ទប់​ទល់​សាលា​តន្ដ្រី​នេះ​ឲ្យ​តែ​ដំណើរ​ការ​ល្អ​នោះ​វា​ប្រសើរ​ណាស់​ហើយ»៕


What Next?

Recent Articles