Wed, 15 October 2014
ឈឹម ស្រីនាង
ភ្នំពេញប៉ុស្តិ៍
ការធ្លាក់សគឺជាប្រធានបទដែលស្ត្រីតែងលើកយកមកជជែកគ្នា ប៉ុន្តែមូលហេតុ និងការការពារបញ្ហានេះហាក់មិនទាន់ជ្រួតជ្រាបដល់បណ្ដាស្ត្រីគ្រប់រូបនៅឡើយទេ។ ជួបជាមួយវេជ្ជបណ្ឌិត លី ស្រីវីណា លោកស្រីបានផ្ដល់ការណែនាំតាមរយៈសំណួរចម្លើយដូចខាងក្រោមនេះ។
ហេតុអ្វីស្រ្តីមានការធ្លាក់ស?
ការធ្លាក់សត្រូវចែកឲ្យដាច់ថាធ្លាក់សឈឺ ឬក៏ធ្លាក់សធម្មតា។ ស្ត្រីឲ្យតែដល់វ័យចាប់ផ្តើមពេញក្រមុំមានរដូវគឺត្រូវតែមានធ្លាក់សគ្រប់ៗគ្នាមិនអាចនរណាម្នាក់មិនមានធ្លាក់សនោះទេពីព្រោះថាក្នុងទឹកសនេះគឺទី១បន្សាបទ្វារមាស ទី២នៅក្នុងសនេះវាមានប្រព័ន្ធការពារសម្លាប់មេរោគដែលចូលពីខាងក្រៅហើយទី៣ទឹកសនេះនៅពេលវាស្ថិតក្នុងទ្វារមាសស្រ្តី ធម្មតាវាហៀរចេញមកក្រៅមានន័យថាមេរោគដែលចូលទៅត្រូវបាននំាមកក្រៅវិញ។
បើសិនជាមិនមានធ្លាក់សនេះបានន័យថា សុខភាពស្រ្តីមិនល្អទេ ជាពិសេសស្ត្រីដែលអស់រដូវ។ ពេលដែលគាត់ស្ងួតអស់អ័រម៉ូនទៅគឺវាស្ងួតមិនសូវមានធ្លាក់សទេ អ៊ីចឹងមានពេលខ្លះគាត់អត់មានចេញអ្វីមកទេស្រាប់តែចេញឈាមមកតែម្តង។ នេះដោយសារតែមានផ្សិតវាដុះនៅទីនោះអ៊ីចឹងគ្រាន់តែប៉ះបន្តិច ឬមួយក៏ដល់ពេលយើងបើកពិនិត្យមើលមាត់ស្បូនប្រចំាឆ្នាំ គ្រាន់តែប៉ះចេញឈាម។
ការធ្លាក់សអាចរំខានដល់ការរួមភេទដែរឬទេ?
ការពិតបើយើងនិយាយអំពីការធ្លាក់សល្អគឺមិនមែនត្រឹមតែរំខានទេគឺយើងចំាបាច់ត្រូវតែមានទឹកសហ្នឹងព្រោះវាមានសំណើមធ្វើឲ្យការរួមភេទមិនមានការកកិត មិនមានការឈឺចាប់ មិនមានរបួស មិនមានដំបៅហើយមានអារម្មណ៍ល្អទៀតផង។
ក៏ប៉ុន្តែបើសិនជាទឹកសអាក្រក់វិញហ្នឹងវាអត់មានអារម្មណ៍ថាត្រូវតែរួមភេទហើយ។ តែប្រសិនជារួមភេទដោយបង្ខំ វាប៉ះពាល់ទៅលើគាត់ដោយសារកំពុងតែមានមេរោគ ហើយការរួមភេទធ្វើឲ្យរបួសកាន់តែធ្ងន់ធ្ងរ។ របួសកាន់តែជ្រៅនាំមេរោគចូលថែមកាន់តែច្រើន ហើយដៃគូរួមភេទក៏អាចផ្ទុកមេរោគទោះបីគាត់មិនឈឺក៏ដោយ។ បើស្រ្តីនោះព្យាបាលជា ពេលគាត់រួមភេទសាជាថ្មីមេរោគហ្នឹងទៅវិញសាជាថ្មីទៀតអ៊ីចឹងវាប៉ះពាល់ប្រសិនបើទឹកសហ្នឹងវាមិនល្អ។
ធ្វើយ៉ាងម៉េចបានដឹងថាធ្លាក់សប្រភេទណាមិនល្អ?
ទឹកសដែលល្អយើងនិយាយដោយខ្លីគឺវាមិនធុំក្លិន ពណ៌របស់វាសថ្លាដូចពងមាន់ឆៅ អំឡុងពេលពាក់កណ្តាលនៃការមានរដូវ ហើយកាន់តែយូរជិតដល់ពេលមានរដូវ ទឹកសនោះកាន់តែខាប់បន្តិចម្តងៗដូចសំបោរ។
បើសិនជាមិនធុំក្លិន អត់រមាស់ អត់នោមទាស់ បានន័យថាយើងអាចនៅស្ងៀមបាន។ ក៏ប៉ុន្តែពេលធ្លាក់សមកមិនធុំក្លិនក៏ដោយ ប៉ុន្តែពណ៌វាឡើងលឿង ពណ៌លឿងបៃតង អ៊ីចឹងត្រូវតែទៅរកពេទ្យភ្លាម។ ជួនកាលទៀតអត់មានធ្លាក់សទេ ក៏ប៉ុន្តែវាផ្សាហើយឈឺនៅក្នុងពោះ បែបនេះក៏ត្រូវតែទៅពេទ្យដែរ។ អ្នកខ្លះពេលដែលគាត់ស្រេ្តសច្រើនពេកមានបញ្ហាអ័រម៉ូន មិនមានទឹកសធម្មជាតិច្រើនទេ។ អ៊ីចឹងអត់មានអ្វីនាំមេរោគចេញមកក្រៅបានច្រើនទេ ហើយអ្វីដែលមានគឺវាផ្ទុកទុកក្នុងទ្វារមាសទាំងអស់។
វាធ្វើឲ្យប៉ះពាល់ដល់សុខភាពទូទៅរបស់គាត់ កម្លាំងកំហែងធ្លាក់ចុះ ព្រោះនៅទីនោះមានមេរោគ។
តើធ្លាក់សត្រូវបានគេចាត់ទុកថាជាជំងឺដ៏គួរឲ្យបារម្ភដែរឬទេ?
បើសិនជាធ្លាក់សធម្មតាគឺយើងអត់បារម្ភទេ។ តែបើធ្លាក់សមិនល្អវិញគឺយើងត្រូវតែបារម្ភ ពីព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត។ ឧទាហរណ៍ថាមានប្រមេះទឹកបាយ រាលដាលរហូតដល់ធ្វើការវះកាត់។ វាអាចមានខ្ទុះពេញល្អាងត្រគាក។ តែប្រសិនជាធ្លាក់សធម្មតាដែលជាជំងឺតូចតាចរលាកទ្វារមាស រលាកមាត់ស្បូនតូចតាច ដូចជា មានផ្សិត សត្វល្អិត បាក់តេរីដែលឆ្លងចេញពីកន្លែងបត់ជើងធំ ឬក៏មកពីបរិស្ថានខាងក្រៅ កត្តានេះដូចជាមិនបារម្ភខ្លាំងទេ តែយើងត្រូវតែទៅរកពេទ្យដើម្បីកុំឲ្យខ្សោយជាងមុននិងជរានៅពេលដែលគាត់ចាស់។
តើមានវិធីការពារកុំឲ្យមានការធ្លាក់សដែរឬទេ?
ធ្លាក់សដែលមិនធម្មតាកើតឡើងសម្រាប់មនុស្សគ្រប់វ័យដោយសារមូលហេតុពីរគឺជំងឺកាមរោគកើតពីសកម្មភាពផ្លូវភេទ និងជំងឺមិនមែនកាមរោគ។ ការរួមភេទត្រូវធ្វើយ៉ាងម៉េចកុំឲ្យឆ្លង ត្រូវសម្អាតខ្លួនឲ្យបានស្អាតបាតមុននឹងក្រោយពេលរួមភេទ។ ដើម្បីអនាម័យត្រូវតែបោកខោស្លីបឲ្យស្អាតហើយអ៊ុត។ កន្សែងជូតទ្វារមាសត្រូវតែស្អាតជានិច្ច។
គ្លីនិក លី ស្រីវីណា ស្ថិតនៅ ផ្ទះលេខ ៣៣៩ A/B/C ផ្លូវ ១៦៣ រាជធានីភ្នំពេញ។ ប្រសិនបើលោក អ្នកមានចម្ងល់ពីបញ្ហាសុខភាពសូមទាក់ទងតាមលេខទូរស័ព្ទ ០១២ ៩៩០ ៩៨៨, ០៩៩ ៩៩០ ៩៨៨ និង ០៧០ ៩៩០ ៩៨៨៕