នួន ជា និង ​ខៀវ សំ​ផន ប្រកាសមិន​ចូល​រួម​សវនាការ​ បើតុលាការមិនដោះស្រាយសំណើរ​

ដោយ៖​ ទូច សុខា​
ថ្ងៃសុក្រ ទី17 តុលា 2014
http://vodhotnews.com

លោក ខៀវ សំផន (ធ្វេងដៃ) និងលោក នួន ជា (រូបថតដោយសាលាក្តីខ្មែរក្រហម)

លោក ខៀវ សំផន (ធ្វេងដៃ) និងលោក នួន ជា (រូបថតដោយសាលាក្តីខ្មែរក្រហម)

ជន​ជាប់​ចោទ២រូប គឺ លោក ​នួន​ ជា និង លោក ​ខៀវ សំផន រួម​ទាំង​មេ​ធាវី​ការ​ពារក្តី លើកឡើងថា​ពួកគេ​នឹង​​មិន​​មាន​វត្តមាន​ក្នុង​សវនា​ការ​សំណុំ​រឿង​០០២/០២ ​ បើ​សិនជា​​តុលាការ​មិន​ចាត់​ការ​ទៅ​លើ​បណ្តឹង​ដិតជិត ឬពន្យា​ពេល​សវនាការ​នៅពេលខាងមុខ។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (អ.វ.ត.ក) នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​​បាន​ចាប់​ផ្តើម​បើក​សវនា​ការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​០០២/០២ ប្រឆាំង​នឹង​លោក​ នួន ជា និងខៀវ សំផន។

លោក នួន​ ជា​ បាន​ថ្លែង​ថាលោក និង​មេធាវី​ការ​ពារ​ក្តី​របស់​លោកនឹង​ធ្វើ​ពហិការ​ចូល​រួម​សវនា​ការ​​សំណុំ​រឿង០០២/០២ នៅ​ពេល​ខាង​មុខ​នោះ​ទេ បើសិន​ជា​បណ្តឹង​ដិតជិតរបស់​លោក​ដែល​ប្តឹង​សុំ​ដក​​ចៅ​ក្រម​​ខ្មែរ​៣​រូប រួម​មាន លោក និល ណុន លោក យ៉ា សាខន និង​លោក យូ ឧត្តរ៉ា  និង​ចៅ​ក្រម​បារាំង​១រូប គឺ​លោកលោក ហ្សង់ម៉ាក ឡាវែញ (Jean- Marc Lavergne) ចេញពី​ការ​ជំនុំ​ជម្រះ​ក្តី​មកលើ​រូប​លោក​ មិនមាន​ការ​សម្រេ​ច​ណាមួយ​ពី​តុលាការ។​ ​លោក នួន​ ជា​បាន​ចោទ​ប្រកាន់​ថា​ចៅ​ក្រម​​ទាំងនោះមាន​ភាព​លម្អៀង​ក្នុង​ការ​កាត់​ក្តី​លើ​រូប​លោក និងមិន​បាន​ផ្តល់​យុត្តិ​ធម៌​ពិត​ប្រាកដ​ជូន​​លោក​។ ​​​លោកបាន​ហៅ​​សេចក្តី​សម្រេច​ក្នុង​សាលក្រម​លើ​ក​ទី​១​ ដែល​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជី​វិត​​ថាជា​បរាជ័​យរបស់​​​របស់​ចៅ​ក្រម និង​មិន​បាន​រកឃើញ​ការ​ពិត និង​បាន​បន្ទាប​តម្លៃ​យុត្តិយុត្តិ​ធម៌។លោក​មាន​ប្រសាសន៍ថា«​តាម​រយៈ​សាល​ក្រម​របស់​លោក​ចៅ​ក្រម​លើក​ទី​១​នេះ បង្ហាញថា​លោក​​ចៅ​ក្រម​មិន​មាន​លក្ខ​ណៈ​សម្បត្តិ​ដើម្បី​សម្រេច​សេចក្តី​​លើរឿង​ក្តីរបស់​ខ្ញុំទៀត​​ឡើយ មេធាវី​របស់​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្តឹងដិត​ជិតនេះ​ប្រហែល​ជា​២ឬ​៣​សប្តាហ៍​កន្លង​ទៅ​ ហើយ​យើង​កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​សម្រេច​លើបណ្តឹង​នេះ»

កាល​ពី​ថ្ងៃ​ទី​០៧​ខែ​សីហា​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា បាន​ប្រកាស​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០២/០១ ដោយ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ។ 

ដូច​គ្នា​នេះ​ដែរ ​លោក​ ខៀវ​ សំផន ក៏​ទទូច​ឲ្យ​តុលាការ​រង់​ចាំ​ឲ្យមានការ​សម្រេច​លើ​បណ្តឹង​ដិត​ជិតជាមុន​សិន ​មុន​នឹង​បន្តសំណុំ​រឿង​ថ្មី ដើម្បីលោក​អាចនឹង​មាន​ពេល​ច្រើន​សម្រាប់​រៀប​ចំ​សារណា​របស់​លោក​ ដើម្បីដា​ក់​បណ្តឹងទៅ​សាលាឧទ្ធរណ៍។ លោកបាន​បញ្ជាក់​ថា«​ទោះជាគាត់​(មេធាវី)​មក​ចូល​រួម ក៏​គាត់ពុំអាច​​រៀប​ចំ​កិច្ច​ការ​ពារ​ក្តី​ខ្ញុំ​បាន​ល្អ​ដែរ ហើយ​ក៏​គ្មាន​ពេល​រៀប​ចំសារណា​បណ្តឹង​ឧទ្ធរណ៍​បាន​ល្អ​ទៀតផង។សរុប​មក បើ​មេធាវី​របស់​ខ្ញុំ​ងាក​មក​ចូល​រួម​ក្នុង​សវនាការ​​ក្នុង​ការ​កាត់​ក្តីសំណុំ​រឿង​០០២/០២ បើ​និយាយ​តាម​ពាក្យ​បុរាណ​ខ្មែរ​ ទន្សាយ​ក៏​រួច​ ត្រី​រស់​ក៏​រួច»

លោក ខៀវ សំផន បញ្ជាក់​ដែរ​ថា​បើ​សិន​ជា​តុលាការ​បង្ខំ​ឲ្យ​លោក​ចូល​រួម​ក្នុង​សវនា​ការ​ខាង​មុខ លោក​នឹ​ង​ចូល​ តែ​ត្រូវ​មាន​​មាន​កំណត់​ហេតុ​ថា​លោក​ចូល​រួម​ក្នុង​សវ​នា​ការ​រាល់​ថ្ងៃដោយ​មាន​ការ​បង្ខិត​បង្ខំ។

មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ ខៀវ សំផន លោក គង់ សំអុន បាន​បញ្ជាក់មុន​ពេល​ដែល​លោក​ដើរ​ចេញ​ពីសវនាការ​ជាមួយ​សហការីរបស់​លោក​​ថា​ លោក ​ខៀវ​ សំផន​ មិនមាន​បំណង​​លះ​បង់​ការ​ចូល​រួម​​សវនាការ​ក្នុង​សំណុំ​រឿង​០០២/០២​​នោះ​ទេ ​ហើយ​ការ​សម្រេច​ចិត្ត​នេះ​មក​ពី​លោក ខៀវ សំផន គ្មាន​ជម្រើសប៉ុណ្ណោះ។ លោកបន្ថែម​ថា«​ដោយ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​​ការងារ​ទាំង​ពី​រ​ ដើរ​ក្នុង​ពេល​តែ​មួយ​បាន លោកសម្រេច​ជ្រើស​រើស​យក​ការ​ងារ​មួយ​ដែល​សំខាន់​ជាង ដោយ​ទុក​ការងារ​មួយ​ទៀតមួយ​អន្លើ​សិន​ ដើម្បី​កុំ​ឲ្យ​ខូច​ការងារ​ទាំង​ពីរ​នេះ។…​ ខ្ញុំ​សូម​រំ​ឭក​ថា​នេះ​មិន​មែន​ជា​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​នោះ​ទេ  វាជា​​ករណី​ដែល​យើង​មិន​អាចចាប់​ត្រី​ពីរ​ដោយ​ដៃ​តែ​មួយ​បាន​»

ទីតាំង​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ចោទ​ប្រកាន់​ និង​ការ​ចោទ​ប្រកាន់​តាម​អង្គ​ហេតុ​ ជា​មូល​ដ្ឋានសម្រា​ប់​ការ​ជំនុំជម្រះ​នៃ​សំណុំ​រឿង​០០២/០២​រួម​មាន    ប​ទ​ប្រល័យ​ពូជ​សាសន៍​ចំពោះ​ជន​ជាតិ​ចាម​ និង​វៀត​ណាម ការរៀប​ការ​ដោយ​បង្ខំ និង​បទ​រំលោភ​សេព​សន្ថវៈ (ទូទាំងប្រទេស), ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ និង​ការ​ប្រព្រឹត្តចំពោះ​ពុទ្ធ​សាស​និក​ជន​ជាដើម​។

​សំណុំរឿង​០០២ ត្រូវបាន​បែងចែក​ជា​២​ករណី ដើម្បី​សម្រួល​ដល់​ការកាត់ក្តី គឺ​ករណី​០០២/០១ និង​០០២/០២ ដោយសារ​ភាពស៊ាំ​ញ៉ាំ និង​វ័យ​ចាស់ជរា​របស់​ជន​ជាប់ចោទ​។ ជនជាប់ចោទ​ក្នុង​សំណុំរឿង​០០២ រួមមាន លោក នួន ជា អាយុ​៨៨​ឆ្នាំ អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា និង ខៀវ សំផន អាយុ​៨៣ឆ្នាំ អតីត​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​៕

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "នួន ជា និង ​ខៀវ សំ​ផន ប្រកាសមិន​ចូល​រួម​សវនាការ​ បើតុលាការមិនដោះស្រាយសំណើរ​"

  1. Former Hia lola says:

    Too bad, you are prisoners anyway. You have no choice, 2 killers.