សារ៉ាយ សក្ខណា សម្រេច​ក្តីប្រាថ្នា​ធំ​ពីរ​ក្នុង​ពេល​តែ​១

Content image - Phnom Penh Post



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ តារាសម្តែង​នាង សារ៉ាយ សក្ខណា ដែល​បាន​រៀបការ​ប្តី​ចេញ​ទៅ​រស់នៅ​អាមេរិក​កាលពី​ចុង​ឆ្នាំ​២០១៣​នោះ នៅពេល​នេះ​នាង​បាន​វិល​មក​ថតភាពយន្ត​នៅ​ស្រុក​ខ្មែរ​វិញ​ទាំង​ពពោះ ដោយ​គ្មាន​វត្តមាន​ប្តី​មក​ជាមួយ​ជួយ​ផ្តល់​ភាព​កក់ក្តៅ​ទេ។
ប៉ុន្តែ​អ្វីៗ​មិន​ជា​បញ្ហា​នោះ​ទេ ដោយសារ​តែ សក្ខណា មាន​កូន​ក្នុង​ផ្ទៃ​ជួយ​ផ្តល់​កម្លាំង​ចិត្ត ហើយ​អ្វី​ដែល សក្ខណា ត្រេកអរ​ស្ទើរ​ហោះ​នៅពេល​នេះ គឺ​ដោយសារ​តែ​ក្តីប្រាថ្នា​របស់​នាង​បាន​សម្រេច​ម្តង​ពីរ។

ក្តីប្រាថ្នា​ដ៏ធំ​របស់​តារាសម្តែង​ស្រី​សម្បុរស្រអែម​នាង សារ៉ាយ សក្ខណា នោះ​គឺ​ក្រោយ​រៀប​មង្គលការ​រួច​នោះ នាង​ចង់​បាន​កូន​ភ្លាមៗ។ ដូច​ការ​រំពឹង​ទុក ប៉ុន្មាន​ខែ​ក្រោយមក នាង​ក៏​បាន​សម្រេច​បំណង​ដូច​ក្តីប្រាថ្នា ហើយ​អ្វី​ដែល​ធ្វើឲ្យ​នាង​ត្រេកអរ​កម្រ​បាន​ជួប​នោះ គឺ​នាង​ចង់​បាន​កូនស្រី ហើយ​ពេល​នេះ នាង​ក៏​បាន​កូនស្រី​ដូច​ក្តីប្រាថ្នា សម្រេច​ក្តីប្រាថ្នា​ទី​១ ក្រោយ​ពេល​ដែល​នាង​បាន​ចូល​ពេទ្យ​ពិនិត្យ​កាលពី​ពេល​ថ្មីៗ​នេះ ការ​ពិនិត្យ​អេកូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​៨០ ទៅ​៩០​ភាគរយ​ថា កូន​របស់​នាង​គឺ​កូនស្រី។

ការ​សម្រេច​ក្តីប្រាថ្នា​ដ៏ធំ​ទី​១​នេះ អ្នកស្រី​សម្ផស្ស បាន​និយាយ​ទាំង​រីករាយ​ឲ្យ​ដឹង​ថា៖ «​មុន​នេះ ខ្ញុំ និង សក្ខណា បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ចង់​ដឹង​ថា កូនប្រុស ឬ​ស្រី។ តាម​អេកូ​បាន​បញ្ជាក់​ថា កូន​របស់​សក្ខណា គឺ​ស្រី ៨០ ទៅ​៩០​ភាគរយ។ សក្ខណា នាង​សប្បាយ​ចិត្ត​ចង់​ហោះ​ហើយ នាង​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្តី​ភ្លាមៗ ព្រោះ​ពួកគេ​ទាំង​ពីរ​ចង់​បាន​កូនស្រី ស្រឡាញ់​កូនស្រី​ដូច​គ្នា ហើយ​កូនប្រសា​ខ្ញុំ​ក៏​អរ​មែនទែន រហូត​ចង់​មក​ស្រុក​ខ្មែរ​ទៀត​ផង​»។

ចំណែកឯ​ក្តីប្រាថ្នា​ទី​២​របស់ សារ៉ាយ សក្ខណា នា​ពេល​នេះ គឺ​នាង​ចង់​បញ្ចេញ​ស្នាដៃ​សិល្បៈ​បន្ត​នៅ​ក្នុង​ការ​សម្តែង​ភាពយន្ត ដែល​នាង​ស្រឡាញ់​តាំងពី​តូច ពិសេស​នោះ​គឺ​នាង​ចង់​បញ្ចេញ​ស្នាដៃ​នៅក្នុង​ភាពយន្ត​ខ្នាត​អន្តរជាតិ​មួយ ដែល​នាង​ត្រូវ​ថត​ជា​តួឯក​ឲ្យ​ផលិតកម្ម​ថៃ ជាមួយ​តួឯក​ប្រុស​ថៃ​នៅក្នុង​រឿង «​បង​ស្រឡាញ់​អូន»។

អ្នកស្រី សម្ផស្ស បាន​ឲ្យ​ដឹង​ថា៖ «​ដោយសារ​តែ​រយៈពេល​ខ្លី នៅពេល​នេះ សក្ខណា សម្រេចចិត្ត​ថត​តែ​ពីរ​រឿង​ទេ គឺ​រឿង ក្រឡ​អីហ្នឹង វគ្គ​ពីរ និង​ភាពយន្ត​ខ្នាត​ធំ​រឿង បង​ស្រឡាញ់​អូន របស់​ផលិតកម្ម​ថៃ»។

ការ​ទទួល​ថត​រឿង​នៅ​ខណៈ​ពេល​កំពុង​មាន​ផ្ទៃពោះ​នេះ អ្នកស្រី សម្ផស្ស បាន​បញ្ជាក់​ថា កូន​អ្នកស្រី​មិន​មាន​បញ្ហា​សុខភាព​ចោទ​ទេ តែ​ក៏​មិន​ប្រហែស​ដែរ ព្រោះ​មុន​នឹង​ទទួល​ថត​រឿង សក្ខណា បាន​សួរ​នាំ និង​អាន​សាច់​រឿង​យ៉ាង​លម្អិត​អស់​ហើយ។ អ្នកស្រី​បាន​បញ្ជាក់​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ សក្ខណា នឹង​ត្រូវ​ចាកចេញ​ទៅ​អាមេរិក​វិញ​នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ខែ​២០១៤​។

គួរ​បញ្ជាក់​ថា សក្ខណា បាន​ចូល​រោងការ​ជាមួយ​នឹង​បុរស​មេធាវី​អាណិកជន​អាមេរិក ឈ្មោះ កែវ ប៊ុន​មេត្រី កាលពី​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​ធ្នូ ២០១៣៕


What Next?

Recent Articles