សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ជួប​ក្រុម​ការងារ​កំណែ​ទម្រង់​បោះឆ្នោត​ជប៉ុន

ដោយ ទីន ហ្សាការីយ៉ា
2014-10-21
RFA

នី ចរិយា គល់ បញ្ញា អ៊ូ វីរៈ ៦២០
(ពី​ឆ្វេង)៖ ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និង​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​សារាចរ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នា​ទីស្នាក់ការ​នៃ​អង្គការ​ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Morm Moniroth

ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជូន​ក្រុម​ការងារ​តាមដាន​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ ជា​ជំហាន​មួយ​សម្រាប់​ឲ្យ​កម្ពុជា មាន​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​ឯករាជ្យ​ពិត​ប្រាកដ។ តែ​យ៉ាង​នេះ​ក្ដី មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ពន្យល់​ថា ការ​រៀបចំ​ច្បាប់​ឲ្យ​ស្ថាប័ន គ.ជ.ប ឯករាជ្យ​ពិត​ប្រាដ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជូន​ក្រុម​តាមដាន​បន្ត​មក​ជួប​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នានា​នោះ គឺ​ជា​រឿង​ដែល​ចាប់​អារម្មណ៍​បំផុត​សម្រាប់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​កម្ពុជា។

នៅ​ខណៈ​ក្រុម​ការងារ​ជប៉ុន មក​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​នេះ ក្រុម​អ្នក​ធ្វើ​ការ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​បើក​ចំហ​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ​កំពុង​ធ្វើ​នោះ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) និង​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ឬ អឺរ៉ា (ERA) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា វត្តមាន​ក្រុម​ការងារ​របស់​ជប៉ុន នៅ​កម្ពុជា ក្នុង​ការ​ជួយ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​នេះ ជា​រឿង​សំខាន់​មួយ​ដើម្បី​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ជា​ស្ថាប័ន​ឯករាជ្យ​បាន។ លោក គល់ បញ្ញា បញ្ជាក់​ថា  ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​២ កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ មិន​បាន​បើក​ចំហ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​នៅ​ឡើយ​ទេ៖ «សំឡេង»។

តំណាង​គណបក្ស​ទាំង​ពីរ​បាន​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចប់​ហើយ តែ​នៅ​កំពុង​ពិភាក្សា​លើ​ចំណុច​មិន​ត្រូវរ៉ូវ​គ្នា​មួយ​ចំនួន។ តំណាង​គណបក្ស​សង្រ្គោះ​ជាតិ​អះអាង​ថា គណបក្ស​ទាំង​ពីរ​ចង់​ឲ្យ​ធ្វើ​សេក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​ចប់​នៅ​មុន​ដាច់​ឆ្នាំ​២០១៤។

តំណាង​គណបក្ស​សង្រ្គោះ​ជាតិ លោក គួយ ប៊ុនរឿន លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​បឋម​នេះ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​មួយ​ចំនួន​នៅ​ត្រង់​ជំពូក​ទី​៣​ជា​ដើម៖ «ចំណុច​ខ្លះ​ដែល​មិន​ទាន់​បាន​ស្រុះស្រួល​គ្នា ចំណុច​ទាំង​ហ្នឹង​ដូច​ជា​ការ​ជ្រើស​រើស​អគ្គលេខាធិការ​ហ្នឹង មាន​ការ​ពិគ្រោះ​គ្នា​ថា តើ​ត្រូវ​យក​រូបមន្ត​ណា​ដើម្បី​ធានា​ឲ្យ​អគ្គលេខាធិការ​ហ្នឹង​ឲ្យ​បាន​ពេញលេញ​របស់​ខ្លួន ក្នុង​នាម​ជា​ជំនួយ​ការ​របស់​គណៈកម្មាធិការ។ ទី​២ ធ្វើ​ម៉េច​ឲ្យ​អគ្គលេខាធិការ​និង​មន្រ្តី​នៅ​ក្រោម​ឱវាត​មាន​ការ​ទទួល​ខុស​ត្រូវ ហើយ​និង​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​តែម្ដង»

រដ្ឋាភិបាល​ជប៉ុន បញ្ជូន​ក្រុម​តាមដាន​អំពី​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​មក​កម្ពុជា រយៈ​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២១ តុលា និង​ថ្ងៃ​ទី​២២ តុលា។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២០ តុលា បញ្ជាក់​ថា ក្រុម​តាម​ដាន​ជប៉ុន ដែល​ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​ផែនការ​ជំនួយ​តាម​ប្រទេសទី១ អគ្គនាយករដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​ជប៉ុន លោក តាដាយូគិ មីយ៉ាស៊ីតា (Tadayuki Miyashita) នឹង​ធ្វើ​បទបង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ដែល​បាន​ធ្វើ កាល​ពី​ខែ​ឧសភា កន្លង​ទៅ ជូន​សមាជិក​នៃ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ បន្ទាប់​មក​នឹង​ពិភាក្សា​គ្នា​អំពី​លទ្ធផល​ប្រតិបត្តិការ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា រួម​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការងារ​បោះ​ឆ្នោត ដៃគូ​អភិវឌ្ឍន៍​បរទេស និង​សង្គម​ស៊ីវិល។

ក្រុម​តាមដាន​ជប៉ុន​នេះ នឹង​ជួប​តំណាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ និង​ជួប​ដាច់​ដោយ​ទៀត​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ពីរ នៅ​ថ្ងៃ​ទី​២២ តុលា នា​វិមាន​រដ្ឋ​សភា ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។

លោក គល់ បញ្ញា បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ទទួល​យក​អនុសាសន៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ឬ អឺរ៉ា ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ដែល​គណបក្ស​ទាំង​ពីរ​កំពុង​ធ្វើ​នោះ ដូចជា​ការ​ជ្រើសរើស​សមាសភាព គ.ជ.ប ចេញ​ពី​គណបក្ស​នយោបាយ​ម្ខាង ៤​នាក់​នោះ ត្រូវ​ធ្វើ​ដោយ​ចំហ និង​ច្បាស់លាស់ ព្រម​ទាំង​ករណី​ផ្សេងៗ​ទៀត៖ «សំឡេង»។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កត្តា​ចម្បង​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​កំណត់​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ឯករាជ្យ​ដាច់​ចេញ​ពី​គណបក្ស​នយោបាយ​ឲ្យ​បាន​ពិត​ប្រាកដ ហើយ​ត្រូវ​ដាក់​ទោសទណ្ឌ​ចំពោះ​មន្រ្តី​ស្ថាប័ន​នេះ​ដែល​ប្រព្រឹត្ត​ខុស៖ «គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ជំរុញ​ដើម្បី​ឲ្យ​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ ឲ្យ​បាន​ឆាប់​រហ័ស»

អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សំណើ​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ គណបក្ស​ទាំង​ពីរ​កំពុង​តែ​ពិចារណា​ថា​តើ​ត្រូវ​បញ្ចូល ឬ​ទទួល​យក​អនុសាសន៍​ណា​ខ្លះ? លោក​បញ្ជាក់​ថា ជា​គោលការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចង់​បាន​ស្ថាប័ន គ.ជ.ប ថ្មី​នោះ ជា​ស្ថាប័ន​ឯករាជ្យ​ពិត​ប្រាកដ៖ «សំឡេង»។

រី​ឯ​ខាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

អតីត​នាយក​ប្រតិបត្តិ​អង្គការ​ជីវិត​ថ្លៃថ្នូរ លោក សាម អ៊ីន មាន​ប្រសាសន៍​ថា ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​មាន​លក្ខណៈ​ប្រសើរ ហើយ​ស្ថាប័ន គ.ជ.ប ឯករាជ្យ​នោះ អាស្រ័យ​លើ​ឆន្ទៈ​របស់​គណបក្ស​ទាំង​ពីរ ថា​តើ​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌ សេរី និង​ត្រឹមត្រូវ​ពិត​ប្រាកដ​ដែរ ឬ​ទេ៖ «សំឡេង»។

ក្រុម​ស្រាវជ្រាវ​ជប៉ុន​បាន​បាន​មក​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​នៅ​មុន​ពេល​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​មក​ម៉្លេះ។ ភាគី​ជប៉ុន​បាន​សន្យា​ថា ជប៉ុន​នឹង​ជួយ​កែទម្រង់​ការ​បោះឆ្នោត​នៅ​ក្រោយ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​រឿង​នយោបាយ ក៏​ប៉ុន្តែ​គេ​មិន​ដឹង​នៅ​ឡើយ​ទេ ថា​តើ​ជប៉ុន​នឹង​អាច​ជួយ​ដល់​កំណែទម្រង់​ការ​បោះ​ឆ្នោត​នេះ​បាន​កម្រិត​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles