សាលាក្ដី​ខ្មែរ​ក្រហម​ព្រមាន​មេធាវី នួន ជា និង ខៀវ សំផន

ដោយ សុ ជីវី
2014-10-24
RFA

នួន ជា ខៀវ សំផន ៦១០
អតីត​មេដឹកនាំ​នៅ​របប​ខ្មែរ​ក្រហម នួន ជា (ឆ្វេង) និង ខៀវ សំផន (Photo courtesy of ECCC)

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ព្រមាន​មេធាវី​ការពារ​ក្ដី​អោយ​​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម លោក នួន ជា និង ខៀវ សំផន ថា​បាន​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ ដូច​ដែល​មាន​ចែង​ក្នុង​វិធាន​ផ្ទៃ​ក្នុង។

ការ​ព្រមាន​នេះ​គឺ​បន្ទាប់​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​បាន​ធ្វើ​ពហិការ ដោយ​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​​សំណុំ​រឿង ០០២ វគ្គ ២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា និង​ពុំ​បាន​បង្ហាញ​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​រៀបចំ​សវនាការ​កាល​ពី​ថ្ងៃ​ទី​២១ តុលា ដែល​តុលាការ​ចាត់​ទុក​ថា ជា​សកម្មភាព​រារាំង​កិច្ច​ដំណើការ​នីតិវិធី។

សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បង្គាប់​អោយ​ក្រុម​មេធាវី​ការពារ លោក នួន ជា និង​លោក ខៀវ សំផន ត្រូវ​ចូល​រួម​កិច្ចប្រជុំ​រៀបចំ​សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា នោះ​គឺ​ជា​កិច្ចប្រជុំ​អសាធារណៈ​ដែល​ជា​ឱកាស​សំខាន់​អោយ​ក្រុម​មេធាវី ជា​ពិសេស​មេធាវី​ការពារ​អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម លោក ខៀវ សំផន ពិភាក្សា​បញ្ហា​ជា​មួយ​សាលាក្ដី។

ឆ្លើយ​តប​បញ្ហា​នេះ មេធាវី​ជាតិ​ការពារ​អោយ​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ហៅ​ការ​ព្រមាន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​ក្រុម​លោក។ លោក​ថា ក្រុម​លោក​មាន​ហេតុផល​គ្រប់គ្រាន់​ក្នុង​ការ​ចាក​ចេញ​ពី​សវនាការ ហើយ​ហេតុ​ផល​ចម្បង​បំផុត​នោះ​គឺ​ក្រុម​លោក​តម្កល់​ប្រយោជន៍​កូន​ក្ដី​ជា​ធំ៖ «សំឡេង»។

លោក គង់ សំអុន នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ ថា​តើ​លោក​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​រៀបចំ​សវនាការ​ទៅ​តាម​ការ​បង្គាប់​របស់​សាលាដំបូង​នេះ ឬ​យ៉ាង​ណា​នៅ​ឡើយ ដ្បិត​លោក​ត្រូវ​ជួប​ប្រជុំ​រក​ការ​សម្រេច​ក្នុង​ក្រុម​ជា​មុន​សិន។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក សុន អារុណ មេធាវី​ជាតិ​ការពារ​អតីត​ប្រធាន​សភា​នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា បាន​នៅ​ឡើយ​ទេ។

មន្ត្រី​នាំ​ពាក្យ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា សាលាក្ដី​នៅ​មិន​ទាន់​បង្ហាញ​ថា តើ​នឹង​មាន​វិធានការ​យ៉ាង​ណា​នៅ​ឡើយ​ទេ ចំពោះ​ក្រុម​មេធាវី​ការ​ពារ​ប្រសិន​បើ​ពួក​គាត់​បន្ត​មិន​ចូល​ប្រជុំ​តាម​ការ​បង្គាប់​របស់​សាលាដំបូង។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន តែង​តែ​ស្នើសុំ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​សម្រេច​លើ​សំណុំ​រឿង ០០២ វគ្គ ១ ឱ្យ​ចប់​សព្វ​គ្រប់​សិន មុន​នឹង​ចាប់​ផ្ដើម​សំណុំ​រឿង ០០២ វគ្គ ២។ ចំណែក​ជន​ជាប់​ចោទ នួន ជា សុំ​ឱ្យ​តុលាការ​បញ្ឈប់​សវនាការ ០០២ វគ្គ ២ សិន មុន​នឹង​មាន​សេចក្ដី​សម្រេច​អំពី​បណ្ដឹង​ដិត​ចិត្ត​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles