ILO ​អនុវត្ត​គម្រោង​បង្កើន​អាហារ​បំប៉ន​ដល់​​កម្មករ​រោង​ចក្រ​កម្ពុជា

កម្មការិនី​ខ្មែរ​ស្រែក​ទាមទារ​ដំឡើង​ប្រាក់ខែ​ ក្នុង​បាតុកម្ម​នៅភ្នំពេញកាល​ពីថ្ងៃ១៧កញ្ញា២០១៤

កម្មការិនី​ខ្មែរ​ស្រែក​ទាមទារ​ដំឡើង​ប្រាក់ខែ​ ក្នុង​បាតុកម្ម​នៅភ្នំពេញកាល​ពីថ្ងៃ១៧កញ្ញា២០១៤


Robert Carmichael
24 តុលា 2014
វីអូអេខ្មែរ

ការ​សិក្សា​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ ​ហៅ​កាត់​ថា ILO ​ដែល​ជា​ស្ថាប័ន​ពលកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​បង្ហាញ​ថា ​កម្មករ​រោងចក្រ​កម្ពុជា​ភាគ​ច្រើន​មិន​ទទួល​បាន​អាហារ​មាន​ជីវ​ជាតិ​គ្រប់​គ្រាន់​ទេ​ ហើយ​ជា​លទ្ធផល​កម្មករ​ជា​ច្រើន​មាន​ជំងឺ​ស្លេក​ស្លាំង ​និង​ខ្វះ​ទម្ងន់។ ឥឡូវ​នេះ ​គម្រោង​សាក​ល្បង​មួយ​នឹង​ផ្តល់​អាហារ​បំប៉ន​មួយ​ពេល​ដល់​កម្មករ​របស់​រោង​ចក្រ​ចំនួន​៥កន្លែង​ដោយ​មិន​យក​ប្រាក់​កម្រៃ​រហូត​ដល់​ឆ្នាំ​ក្រោយ ហើយ​កំណត់​ស្ថានភាព​សុខភាព​ និង​ផលិត​ភាព​ការងារ​របស់​កម្មករ​រោងចក្រ​ទាំង​នេះ។ គំនិត​នេះ​គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​រោងចក្រ​នានា ​និង​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ជឿ​លើ​ប្រយោជន៍​សេដ្ឋកិច្ច​ទទួល​បាន​ពី​ការ​ផ្តល់​អាហារ​បំប៉ន​ដល់​កម្មករ​ដោយ​មិន​យក​ប្រាក់​កម្រៃ។
ម៉ោង​១១​ថ្ងៃ​ត្រង់ ​នៅ​ភ្នំពេញ ​កម្មករ​នាំ​គ្នា​ទិញ​ម្ហូប​អាហារ​ពី​អ្នក​លក់​តាម​ដង​ផ្លូវ​នៅ​ខាង​ក្រៅ​រោង​ចក្រ​កាត់​ដេរ ​Gladpeer។

ផុន ចាន់នី ​អាយុ​២១​ឆ្នាំគឺ​ជា​កម្មករ​រោង​ចក្រ​ម្នាក់។

នាង​រក​បាន​ប្រាក់​១៣០ដុល្លារ​ក្នុង​មួយ​ខែ ​ដោយ​ធ្វើ​ការ​១៤ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នាង​ចំណាយ​២០​ដុល្លារ​សម្រាប់​ថ្លៃ​ផ្ទះ​ជួល ​និង​ថ្លៃ​ភ្លើង ​ហើយ​៥០ដុល្លារ​សម្រាប់​ជួយ​ឪពុក​ម្តាយ​ និង​បង​ប្អូន​នៅ​ភូមិ។ ប្រាក់​នៅ​សល់​មិន​ច្រើន​ទេ។ ចាន់នី​ត្រូវ​សន្សំ​សំចៃ​លើ​ថ្លៃ​ម្ហូប។

ចាន់នី ​និយាយ​ថា៖

«ខ្ញុំ​ក្តៅ​ខ្លួន ​និង​ឈឺ​ក្បាល​ញឹក​ញាប់។ ទី​មួយ​ដោយ​សារ​ខ្ញុំ​ហូប​មិន​គ្រប់​គ្រាន់ ​និង​ទី​ពីរ​ខ្ញុំ​ធ្វើ​ការ​ច្រើន​ម៉ោង​ ហើយ​ដេក​មិន​គ្រប់​គ្រាន់»។

វិស័យ​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ទទួល​បាន​ចំណូល​៥,៤​ពាន់​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ។ រោង​ចក្រ​ប្រមាណ​៦០០​កន្លែង​បាន​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុន​ដូចជា Levi-Strauss, ​H&M, ​និង​ Walmart។ ប៉ុន្តែ​កម្មករ​ប្រមាណ​៦០​ម៉ឺន​នាក់ ​ជា​ពិសេស​ស្រ្តី​កម្ពុជា​វ័យ​ក្មេង​ដូច​ជា​ ចាន់នី ​តស៊ូ​រស់​នៅ​ពឹង​លើ​ប្រាក់​ខែ​១០០ដុល្លារ​ក្នុង​មួយ​ខែ។

ការ​ស្រាវ​ជ្រាវ​របស់ ​ILO​អំពី​ស្ថាន​ភាព​កម្មករ​ជិត​៤ពាន់​នាក់​រក​ឃើញ​ថា​៤៣​ភាគរយ​នៃ​កម្មករ​មាន​ជំងឺ​ស្លេក​ស្លាំង​ ហើយ​១៥​ភាគរយ​ទៀត​ខ្វះ​ទម្ងន់។

ថ្វី​បើ​កម្មករ​រោង​ចក្រ​កម្ពុជា​ទទួល​បាន​ប្រាក់​ខែ​រាល់​ខែ​ក៏​ដោយ ក៏​ស្ថានភាព​សុខភាព​របស់​គេ​មិន​ខុស​ពី​ប្រជា​ពលរដ្ឋ​ផ្សេងៗ​ទៀត​នៅ​តាម​តំបន់​ក្រីក្រ​ដាច់​ស្រយាល។

អ្នក​ស្រី Jill Tucker នៃ​អង្គការ​ពលកម្ម​អន្តរ​ជាតិ ​ILO ​និយាយ​ថា៖

«យើង​ភ្ញាក់​ផ្អើល​ដែល​ឃើញ​កម្មករ​ចំណាយ​តិចតួច​បំផុត​លើ​ម្ហូប​អាហារ។ កម្មករ​និយាយ​ថា​ជា​មធ្យម​គេ​ចំណាយ​៩ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ឬ​៣៦​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​កម្មករ​រក​ចំណូល​បាន​ច្រើន​ជាង​នេះ។ កម្មករ​ផ្ញើ​ប្រាក់​ច្រើន​ឲ្យ​គ្រួសារ និង​ចំណាយ​ផ្សេងៗ។ កម្មករ​គឺ​កំពុង​តែ​បង្អត់​អាហារ​ខ្លួន​ឯង​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ»។

សម្រាប់​ឆ្នាំ​ក្រោយ​នេះ ​កម្មករ​នៅ​រោងចក្រ​ចំនួន​៥​នឹង​ទទួល​បាន​អាហារ​បំប៉ន​មួយ​ពេល ​ហើយ​រោងចក្រ​ចំនួន​៥​ទៀត​មិន​ទទួល​បាន​អាហារ​ទេ។ ILO នឹង​កំណត់​លទ្ធផល​នៃ​សុខភាព ​និង​ផលិត​ភាព​របស់​កម្មករ។

លោក​ Dave Welsh ​ដឹក​នាំ​មជ្ឈ​មណ្ឌល​សាមគ្គីភាព​ ដែល​ជា​ក្រុម​ពាក់​ព័ន្ធ​នឹង​ចលនា​កម្មករ​សហ​រដ្ឋ​អាមេរិក។ លោក Welsh និយាយ​ថា​ ឥទ្ធិពល​នៃ​គម្រោង​អាហារ​បំប៉ន និង​ការ​ចរចា​បន្ត​បន្ទាប់​ដើម្បី​បង្កើន​ប្រាក់​ខែ មាន​ន័យ​ថា កម្ពុជា​មាន​ឱកាស​ទទួល​បាន​កត្តិយស​ធ្វើ​ជា​ឧស្សាហ​កម្ម​ដ៏​គំរូ​មួយ។

លោក Welsh និយាយ​ថា៖

«វា​មិន​ត្រឹម​តែ​ដើម្បី​បង្កើន​ប្រាក់​ខែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ដើម្បី​សម្លឹង​មើល ថាតើ​ត្រូវ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើ​ការ​ចំណាយ​អ្វី​ខ្លះ ហើយ​សព្វ​ថ្ងៃ​នេះ​ការ​ចំណាយ​មួយ​ភាគធំ​គឺ​លើ​ថ្លៃ​ផ្ទះ ​និង​ថ្លៃ​ម្ហូប​ដែល​ផ្តល់​ឲ្យ​កម្មករ។ បើ​អ្នក​មិន​គិត​ពី​ទិដ្ឋភាព​អាហារ​បំប៉ន ​កម្មករ​អាច​មាន​ប្រាក់​សន្សំ​រហូត​ដល់​៥០%​នៃ​ចំណូល​របស់​គេ»។

សកម្ម​ជន​កម្មករ​និយាយ​ថា​ការ​ទទួល​បាន​អាហារ​បំប៉ន​មិន​យក​ប្រាក់​កម្រៃ ​និង​ប្រាក់​ខែ​ខ្ពស់​ល្មម​ដែល​មិន​ចំណាយ​ច្រើន​លើ​ថ្លៃ​ផ្ទះ​ជួល​ និង​ថ្លៃ​ម្ហូប​អាច​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​កម្មករ​រោង​ចក្រ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ខ្លាំង៕​

ប្រែសម្រួល​ដោយទែន សុខស្រីនិត



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

,/p>

ពហុព័ត៌មាន


What Next?

Recent Articles