ខ្សែអាត់​សំឡេង​​រឿង​រាម​កេរ្តិ៍ខ្មែរត្រូវ​បាន​​បញ្ជូលទៅ​ក្នុង​ស្មារតី​​ចងចាំ​ពិ​ភព​លោកប្រចាំ​តំបន់​​

ដោយ៖​ ទូច សុខា​
ថ្ងៃចន្ទ ទី27 តុលា 2014
http://vodhotnews.com

មន្ត្រី​​អង្គការ​យូ​នេស្កូ (UNESCO) ឲ្យ​ដឹង​​ថា ខ្សែ​អាត់​សំឡេង​​រឿង​រាមកេរ្តិ៍ខ្មែរត្រូវ​​​បានទទួល​ស្គាល់​​ និង​ដាក់​បញ្ជូលទៅ​ក្នុង​ស្មារតី​​ចងចាំ​ពិ​ភព​លោក​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិច កាល​ពី​ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ និង​មាន​គម្រោង​​ស្នើ​សុំ​ចុះ​បញ្ជីខ្សែ​អាត់​សំឡេង​នេះ​​ជា​បេតិកភណ្ឌ​ពិភព​លោក ។

កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០១៤ មជ្ឈ​មណ្ឌលធនធាន​​សោតទស្សន៍​​បុប្ផាណាបាន​រៀចចំ​ពិ​ធី​អប​អរ​ទិវាបេតិ​កភណ្ឌ​សោត​ទស្សន៍ពិ​ភ​ព​លោក​ ​ថ្ងៃ​ទី​២៧ ខែតុលា​​ ​​​និង​បានលើក​​យក​ស្នាដៃ​របស់​មហា​គ្រុឌ ហៅ​តា​គ្រុឌ អ្នក​និទាន​រឿង​រាមកេរ្តិ៍​ខ្មែរ​​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ និង​១៩៧០ មក​បង្ហាញ​ដល់សាធារណៈ​ជន ។

តំណាង​អង្គការ​យូនេស្កូ (UNESCO) ​ប្រចាំកម្ពុជា លោក​ស្រី​ Anne Lemaistre មាន​ប្រសាសន៍​ថា ​​យូនេស្កូ​បាន​ជួយ​ផ្នែក​បច្ចេក​ទេស​​ក្នុង​ការ​បំពេញ​សំណុំ​ឯកសារ​ដើម្បី​សុំ​ចុះ​បញ្ជី​​ខ្សែ​អាត់​របស់​តាគ្រុឌ​ទៅ​ក្នុងស្មារតី​​ចងចាំ​ពិ​ភព​លោក​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិច ហើយ​វា​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំទើប​បាន​ទទួលជោគជ័យ ។ លោក​ស្រី​ថា អង្គការ​យូនេស្កូ រួម​ជាមួយ​មជ្ឈ​មណ្ឌល​​បុប្ផាណា​ និង​ក្រសួង​វប្បធម៌ មាន​គម្រោង​រៀប​ចំឯកសារ​ដើម្បី​សុំ​ចុះ​បញ្ជី​ខ្សែ​អាត់​និទាន​រឿង​រាមកេរ្តិ៍​របស់​តាគ្រុឌ​ទៅ​ជា​បេតិកភណ្ឌ​ពិភព​លោក​នា​ពេល​ខាង​មុខ​ផងដែរ ។

លោក​ស្រី​ Anne Lemaistre បន្ថែម​ថា អង្គការ​យូនេស្កូ​ក៏​បាន​ផ្តល់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មជ្ឈ​មណ្ឌ​សោទស្សន៍​បុប្ផាណា​សម្រាប់​​ផលិត​ជា​ស៊ីឌី ដើម្បី​ផ្សព្វ​​ផ្សាយ​ទៅ​ដល់​​យុវជន និងមហា​ជន​ទូ​ទៅ​ឲ្យ​បាន​​យល់​ដឹង​ពី​រឿង​និទាន​របស់​តា​គ្រុឌ​នេះ។ លោក​ស្រី​កោត​សរសើរ​តា​គ្រុឌ​ថា​ជា​អ្នក​ដែល​មាន​ទេព​កោសល្យ​បំ​ផុត​ក្នុង​ការ​និ​ទាន​រឿង និង​ជា​មនុស្ស​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​​ក្នុង​ទសវត្ស​ឆ្នាំ១៩៦០ ហើយក៏​មាន​ប្រជាជន​ជា​ច្រើន​បាន​នាំ​គ្នា​ស្តាប់​គាត់​និទាន​រឿង​រាមកេរ្តិ៍​ទាំង​នៅ​តាម​ភូមិ និង​តាម​វិទ្យុ​ជាតិ។

លោក​ស្រី​ Anne Lemaistre មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ពិ​ធី​អប​អរ​ទិវាបេតិ​កភណ្ឌ​សោត​ទស្សន៍ពិ​ភ​ព​លោក​ កាល​ពី​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០១៤ (រូបភាព៖ ទូច សុខា)

រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ សោម សុគន្ធ មាន​ប្រសាសន៍​ថា​ ក្រ​សួង​ចូល​រួម​អបអរសាទរ​ចំពោះ​ការ​ទទួល​ស្គាល់​​ខ្សែ​អាត់​សម្លេង​របស់​តាគ្រុឌ ហើយ​ក្រសួង​នឹង​នៅ​តែ​ជួយ​ជ្រោម​ជ្រែក​សម្រាប់​ការ​ដាក់​បញ្ជូលនូវ​ស្នាដៃ​ផ្សេង​ៗ​ទៀត​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូនេស្កូ។ ​ ​​

អនុ​ប្រធាន​មជ្ឈ​មណ្ឌល​​បុប្ផាណាលោក ជា សុភាព ឲ្យ​ដឹង​ថា តាគ្រុឌជា​មនុស្ស​ដែល​មាន​ទេព​កោ​សល្យ​ក្នុង​ការ​និទាន​រឿង​បែប​កំប្លុក​កំប្លែង និង​ចេះ​ប្រើ​ពាក្យ​កាព្យ​ ជួន​រណ្តំ​បាន​យ៉ាង​ពិរោះ ហើយ​ក៏​ជា​អ្នក​និទាន​រឿង​ប្រចាំ​វិទ្យុ​ជាតិ​ក្នុង​សម័យនោះ​ផងដែរ។ ក្រោយ​មក តាគ្រុឌ​​ត្រូវ​បាន​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្តេចព្រះ នរោត្តម​ សី​ហនុ ​ព្រះរាជទានងារ​ជាមហា​គ្រុឌ​ក្នុង​ឆ្នាំ១៩៦៨ ។

​លោក ជា សុភាព ឲ្យ​ដឹង​ទៀត​​​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​ មាន​រឿង​រាម​កេរ្តិ៍ច្រើន​ណាស់​ដែល​សរសេរ​ជា​សៀវ​ភៅ​ តែ​រាម​កេរ្តិ៍​មួយ​នេះ​ គេ​មិនសរសេរ​ជា​សៀវភៅ​ទេ តែ​គេ​និ​ទាន​រឿង ដូច្នេះ​វា​ជាសិល្បៈ​និទាន​រឿង។ លោក​មាន​ប្រសាសន៍ថា«សិល្បៈ​និទាន​រឿង​ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ វា​បាត់​ទៅ​ហើយ​ គ្មាន​អ្នក​ណា​ចេះ​និ​ទាន​​តទៅ​ទៀត​ទេ ហើយ​មិន​មែន​តែ​​ស្រុក​ខ្មែរ​យើង​ទេ​ដែល​បាត់​នោះ ស្រុក​គេ​ផ្សេងៗ​ក៏​បាត់​ដែរ។ អញ្ចឹង​ហើយ​ បាន​ជា​យើងរួម​ជាមួយ​អង្គការ​​យូ​នេស្កូ ជាមួយ​ក្រសួង​វប្បធម៌ (និង)វិចិត្រសិល្បៈ បាន​សម្រេច​ជ្រើស​រើស​យក​ខ្សែ​អាត់​សំឡេង​​រឿង​រាមកេរ្តិ៍​​ដែល​និទាន​ដោយ​តា​គ្រុឌ​ហ្នឹង ​ដាក់​ចូល​ក្នុង​​​​​ស្មារតី​ចង​ចាំពិ​ភព​លោក តំនប់​អាស៊ី​បាស៊ីហ្វិច​នេះ»

កូន​ស្រី​ពៅ​របស់​តា​គ្រុឌ ឬ​មហាគ្រុឌ​ លោកយាយ គ្រុឌ ម៉ន ​ឲ្យ​ដឹង​ថា ឪពុក​លោក​យាយ​កើត​នៅ​ឃុំ​ស្តើង​ជ័យ ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់​ចាម និង​បាន​ស្លាប់​នៅ​ឆ្នាំ១៩៧៨ ក្នុង​អាយុ​៧៧​ឆ្នាំ​ដោយ​សាជំងឺ។

លោក​យាយ បាន​រំ​ឭក​ពី​ឪ​ពុក​គាត់​ថា រាល់​ពេល​តាគ្រុឌ​និទាន​រឿង​ម្តងៗ ​មនុស្ស​ជា​ច្រើន​បាន​មក​ស្តាប់​គាត់ និង​បាន​ទទួល​ភាព​រីក​រាយ​ពី​ពាក្យ​កំប្លុក​កំប្លែក​របស់​ឪ​ពុក​លោក​យាយ។ លោក​យាយ នៅ​ចាំ​ថា ឪ​ពុក​លោក​យាយ​ត្រូវ​បាក​គេ​អញ្ជើញ​ឲ្យ​ទៅ​និទាន​រឿង​ស្ទើ​គ្រប់​កន្លែងនៅ​ក្នុង​ខេត្ត រួម​ទាំង​​នៅភ្នំ​ពេញ ស្វាយ​រៀង កម្ពុជា​ក្រោម និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។​

តាគ្រុឌពេល​​​និទាន​រឿង

សាសស្រា្តចារ្យ​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បះ​លោក ព្រាប ចាន់​ម៉ារ៉ា​ មាន​ប្រសាសន៍​ថា រឿង​រាមកេរ្តិ៍​បាន​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ប្រជាជន​ខ្មែរ​យ៉ាង​ជ្រាល​ជ្រៅ​តាំង​ពី​បុរាណកាល រហូត​មក​ដល់​បប្បុប្បន្ន ។ លោក​មាន​ប្រសាសន៍​​ថា«​ទំនៀម​ទំលាប់​ដែល​មានឥទ្ធិពល​មកពី​រឿង​រាមកេរ្តិ៍​ឃើញ​មាន​គេ​លេង​ជា​ល្ខោនថ្វាយ​អ្នក​តា មាន​តួអង្គ​ខ្លះ​ក្លាយ​ជា​អ្នក​តា មានតួ​អង្គខ្លះ​ក្លាយ​ជា​ឈ្មោះ​ទូកង តួអង្គ​ខ្លះ​ក្លាយ​ជា​រូប​យ័ន្ត​គាថា ខ្លះ​ទៀត​ទៅ​ជា​ក្បួន​មើល​ជំងឺ ខ្លះ​ក្លាយ​ជា​រូប​ក្បាច់​គុណ និង​មាន​តួអង្គខ្លះ​ក្លាយ​ជា​រូប​សញ្ញា​របស់​ស្ថាប័ន​ផ្សេងៗ»

បច្ចុប្បន្ននេះ មិនមាន​កូន​ចៅ​របស់​តាគ្រុឌ​​ណា​ម្នាក់​បាន​រៀនចេះ ឬ​មាន​ទេព​កោសល្យ​ដូច​ជា​តាគ្រុឌ​នោះ​ទេ ហើយកូន​សិស្ស​​តាគ្រុឌ​ក៏​មិនមាន​អ្នកណា​ម្នាក់​នៅ​រស់​រាន​មាន​ជី​វិត​ឡើយ គឺ​​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​អស់​ ។ ស្នា​ដៃ​និទាន​រឿង​របស់​តាគ្រុឌ​ត្រូវ​បាន​ថត​​នៅ​ក្នុង​ស៊ី​ឌី ដែល​មាន​រយៈ​ពេល​១០​ម៉ោង និង​រក្សា​ទុក​​នៅ​មជ្ឈ​មណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ៕

សូម​សរសេរ​មក​កាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com​

What Next?

Recent Articles

2 Responses to "ខ្សែអាត់​សំឡេង​​រឿង​រាម​កេរ្តិ៍ខ្មែរត្រូវ​បាន​​បញ្ជូលទៅ​ក្នុង​ស្មារតី​​ចងចាំ​ពិ​ភព​លោកប្រចាំ​តំបន់​​"

  1. Chandara Ouk says:

    It will be lovely and more important if you put in his sound record of his story telling

  2. srey mom says:

    សិល្ប ចំណាស់ៗរបស់ខ្មែរយើង គួរតែត្រូវដាក់បញ្ចូលក្នុងសៀវភៅសិក្សាអប់រំទូទៅ អោយបានឆាប់ៗ ផង!!!