ដោយ ខែ សុណង
2014-10-28
RFA
មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស។ រូបថតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ (RFA/Uon Chhin)
ក្រុមគ្រួសារនៃសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីសប្ដាហ៍មុនបានប្រតិកម្មចំពោះមន្ត្រីពន្ធនាគារព្រៃស ដែលបានបដិសេធមិនឲ្យពួកគេចូលទៅសួរសុខទុក្ខអ្នកទាំងនោះនៅក្នុងពន្ធនាគារ។ ស្របពេលជាមួយគ្នានោះ មន្ត្រីអង្គការសិទ្ធិមនុស្សកំពុងផ្ដល់មេធាវីដើម្បីការពារក្ដីឲ្យជនជាប់ចោទទាំងនោះ។
ក្រុមគ្រួសាររបស់ជនជាប់ចោទដែលត្រូវអាជ្ញាធរចាប់ខ្លួនពីបទរៀបគម្រោងផ្ដួលរំលំរដ្ឋាភិបាលដោយក្រុមចលនារណសិរ្សរំដោះជាតិខ្មែរ កំពុងព្រួយបារម្ភពីសុខទុក្ខរបស់ជនជាប់ចោទទាំងនោះនៅក្នុងពេលឃុំខ្លួននៅពន្ធនាគារព្រៃស។
កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា រដ្ឋាភិបាលបានចាប់ខ្លួនមនុស្ស ១០នាក់ នៅរាជធានីភ្នំពេញ ដាក់ពន្ធនាគារដែលជាប់ទាក់ទងនឹងបទចោទចូលរួមក្នុងគម្រោងផ្ដួលរំលំរដ្ឋាភិបាល។
អ្នកស្រី ហិន សៅរី ជាភរិយារបស់ជនជាប់ចោទ ប៉ូយ ធឿន បានថ្លែងថា នាងខកចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីពន្ធនាគារព្រៃស ដែលបានរឹតបន្តឹងមិនឲ្យអ្នកស្រីនិងកូនចូលជួបស្វាមីគាត់នៅថ្ងៃទី២៨ តុលា។ អ្នកស្រីបន្តថា មន្ត្រីសន្តិសុខពន្ធនាគារបានទាររកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណដើម្បីបញ្ជាក់ ប៉ុន្តែដោយផ្ទះគាត់នៅខេត្តបាត់ដំបង មិនបានដាក់ឯកសារទាំងនេះមកនោះទេ។
អ្នកស្រី ហិន សៅរី៖ «ខ្ញុំយល់ថា គាត់ធ្វើអ៊ីចឹងពិតជាមិនត្រឹមត្រូវ ដូចជាបំបិទសិទ្ធិខ្ញុំជាប្រពន្ធនិងកូន ព្រោះខ្ញុំជាប្រពន្ធនិងកូន កាលណាខ្ញុំទៅ ប្ដីខ្ញុំមួយណាគឺគាត់ស្គាល់ថាខ្ញុំជាប្រពន្ធ ហើយអ្នកដទៃមិនមែនប្ដីឲ្យខ្ញុំទៅរត់អោបគេកើតទេ? គាត់ដូចជាបំបិទសិទ្ធិខ្ញុំហួស។ ខ្ញុំចូលទៅជួបហ្នឹងហេតុអីក៏គេមិនឲ្យខ្ញុំជួប? តើបទហ្នឹងវាធ្ងន់ប៉ុណ្ណាទៅ? ហើយប្ដីខ្ញុំដូចជាគ្មានភស្តុតាងអីដែលត្រូវចាប់ផង មិនមែនបទល្មើសជាក់ស្ដែងអីផង ហើយគាត់ក៏មិនបានទៅសម្លាប់មនុស្សឯណាផង ហេតុអីក៏មិនឲ្យខ្ញុំជួប?»។
ចំណែកអ្នកស្រី សយ សារី ជាម្ដាយរបស់ជនជាប់ចោទ ឈុន ណាគង់ ក៏ត្រូវមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យចូលជួបកូនប្រុសគាត់ដែរ។ គ្រួសារអ្នកស្រីជាខ្មែរកម្ពុជាក្រោមរស់នៅខេត្តបាត់ដំបង។ គាត់អះអាងថា នេះជាឱកាសដ៏កម្រដែលអ្នកស្រីពិបាកជួបកូនដោយមិនដឹងសុខទុក្ខយ៉ាងណានោះទេ។
អ្នកស្រីបញ្ជាក់ថា កូនគាត់ជាគ្រូបង្រៀនមានជីវភាពទីទាល់ក្រ ពុំបានជាប់ពាក់ព័ន្ធចលនានៃក្រុមនេះ ហើយក៏មិនបានប្រព្រឹត្តដូចការចោទប្រកាន់ថាផ្ដួលរលំរដ្ឋាភិបាលនោះដែរ៖ «គេចង់បញ្ជាក់យកសៀវភៅគ្រួសារ ហើយយករូបថតម៉ែហ្នឹងដើម្បីបិទឲ្យកូនឃើញ ខ្លាចខ្ញុំទៅបន្លំ។ ម៉ែនិងកូនទើបចាប់គ្នាប៉ុន្មានថ្ងៃ មិនដែលទៅភ្លេចមុខកូនមុខម៉ែធ្វើស្អី? ខ្ញុំតូចចិត្តដែរ ពីព្រោះខ្ញុំវានៅឆ្ងាយ បើសិនណានៅជិត ១០ម៉ែត្រទៅ ខ្ញុំរត់ទៅយកសៀវភៅគ្រួសារកាន់យកមកឲ្យមើលផ្ទាល់ភ្លាម។ និយាយទៅសុំចូលថ្ងៃនេះអត់បានទេ ស្អែកបើមកទាន់មិនទាន់អត់បានចូលទៀត។ ស្អែកហ្នឹងគេធ្វើបុណ្យសម្ដេច ទាល់តែខានស្អែក។ ខ្ញុំសំណូមពរឲ្យអង្គការជួយមើលថា សុំឲ្យចូលមើលឃើញកូន មើលយ៉ាងម៉េចបាន គេបិទសិទ្ធិវាខ្លាំងម្ល៉េះ?យើងទោសអីធ្ងន់ដល់ប៉ុណ្ណាខ្លះ?»។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន មិនអាចអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៨ តុលា ចំពោះការមិនអនុញ្ញាតឲ្យសាច់ញាតិជនជាប់ចោទចូលសួរសុខទុក្ខក្នុងពន្ធនាគារដោយលោកថា ជាប់រវល់។
ឆ្លើយតបបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ណៃ វ៉ង់ដា មានមតិថា ករណីក្រុមគ្រួសារមានតែអត្តសញ្ញាណប័ណ្ណ ហើយមន្ត្រីពន្ធនាគារមិនឲ្យពួកគេចូលជួបជនជាប់ចោទនោះ គឺជាលក្ខខណ្ឌមួយបំបិទសិទ្ធិ។
សមត្ថកិច្ចបានឃាត់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ ១០នាក់នោះក្នុងអំឡុងពេលពួកគេប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ អ្នកទាំងនោះរស់នៅខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះវិហារ និងមានមុខរបរគ្រូបង្រៀន នគរបាល និស្សិត កម្មករ ហើយភាគីច្រើនជាកសិករមានអាយុពី ២៣ឆ្នាំ ដល់ ៥៧ឆ្នាំ។ ជនជាប់ចោទទាំង ១០នាក់នោះ មានឈ្មោះ ឈុន ណាគង់ ប៉ូយ ធឿន ឈុន ឆាត ច្រាញ់ ម៉ុច ឡាត់ លីហេង ឆាយ វ៉ិច ឈឹម ស្ម័គ្រ ចាន់ រ៉ា អាន ចាន់ និងឈ្មោះ ចាន់ ស្នា។
គ្រួសារជនជាប់ចោទប្រតិកម្មចំពោះការចាប់ខ្លួនអ្នកទាំងនោះ ដោយចាត់ទុកថា ការចាប់ខ្លួននេះធ្វើឡើងដោយអយុត្តិធម៌ រំលោភសិទ្ធិមនុស្ស ប៉ះពាល់សេរីភាពបញ្ចេញមតិ និងពុំមានភស្តុតាងត្រឹមត្រូវ។
យ៉ាងណាក្នុងចំណោមមនុស្ស ១០នាក់ មានម្នាក់គឺ លោក ឈឹម ស្ម័គ្រ ជាសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ។ កូនស្រីរបស់លោក គឺកញ្ញា ឈឹម វិមេន បានថ្លែងថា នាងបានដឹងថា ឪពុកនាងបានចូលជាសមាជិកនេះ ដែលគេបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែចលនានេះ មានគោលដៅធ្វើការតស៊ូមតិអហិង្សាដើម្បីទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះដែរ សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកាត់ទោសកំបាំងមុខលោក សម សេរី ជាប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ថាជាអ្នកដឹកនាំចលនាមួយប្រឆាំងនឹងរបបគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យជាប់ពន្ធនាការរយៈពេល ៩ឆ្នាំ ម្ដងរួចមកហើយពីបទបង្កើតចលនាប្រឆាំងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តកំពង់ចាមឃុំកម្មករ៥នាក់បណ្ដោះអាសន្នចោទប្រើហិង្សាដោយចេតនាពេលតវ៉ា
- តុលាការកំពូលសម្រេចឲ្យលោក ហេង ពៅ ជាប់គុក១៦ឆ្នាំពីបទជាប់ពាក់ព័ន្ធមនុស្សឃាត
- ពលរដ្ឋនៅជ្រោយចង្វារប្ដឹងក្រុមហ៊ុនOCICថាបូមខ្សាច់ពន្លិចយកដីពលរដ្ឋ៣សង្កាត់
- ពលករនៅកំពង់ឆ្នាំងដែលចាញ់បោកមេខ្យល់ស្នើសាលាឧទ្ធរណ៍ពន្លឿននីតិវិធី
- គូកនលោក ផៃ ស៊ីផាន ដែលជាប់ចោទរឿងឆបោកលុយ១លានដុល្លារប្ដឹងបកដើមចោទ
- ពលរដ្ឋរិះគន់ចំពោះការមិនយកចិត្តទុកដាក់ថែទាំស្ពានអាកាសស្ទឹងមានជ័យ
- សមត្ថកិច្ចខេត្តស្វាយរៀងចាប់មនុស្សម្នាក់ពីបទឆបោកប្រាក់ពលរដ្ឋជាង៦០០នាក់
- សម្ភាសលោក ប្រេដ អាដាម ករណីលោក ហ៊ុន សែន ចោទថាអនុវត្តស្តង់ដារពីរ
- កម្ពុជានៅតែបន្តឲ្យប៉ូលិសអន្តរជាតិតាមចាប់ខ្លួនខ្មែរបីនាក់នៅសហរដ្ឋអាមេរិក
តាមដឹងនិងតាមច្បាប់តែត្រូវមានឯកសារត្រឹមត្រូវ ទើបជួបបាន មិនមែននិយាយដូចកូនក្មេងបែបនេះទេ ពេលជួបប្តីខ្លួន ច្បាស់ជាស្គាល់ហើយ ។ នេះជាកិច្ចការសន្តិសុខ ហើយនៅអាមេរិក បារាំង អង់គ្លេស ជប៉ុន តឹងតែងជាងយើងរាប់ពាន់ដង បើជាប់គុកហើយ វាគ្មានសិទិ្ធទាំងអស់ទៀតទេ !?