តេង លក្ខិណា រក្សា​មហិច្ឆតា​ក្នុង​អាជីព​ថ្មី

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ការ​ដើរ​ចេញ​ពី​អាជីព​ជា​ពិធីការិនី ហក់​មក​ចាប់​អាជីព​ជា​តារាចម្រៀង​របស់​កញ្ញា តេង លក្ខិណា ត្រូវ​បាន​មហាជន​លើក​ឡើង​ថា មហិច្ឆតា​របស់​នាង​ហាក់​ដើរ​ថយ ខណៈ​គម្រោង​ចេញ​សម្តែង​ភាពយន្ត និង​គម្រោង​បើក​ជំនួញ​ឆ្នាំ​២០១៤​ដែល​នាង​ធ្លាប់​អះអាង​ពី​មុន​នេះ ក៏​មិន​មាន​ដង្ហើម​ដក​នោះ​។

រហូត​មក​ទល់​ពេល​នេះ​អតីត​ពិធីការិនី តេង លក្ខិណា នៅ​មិន​ទាន់​សម្រេច​បាន​នូវ​គម្រោង​ចេញ​សម្តែង​រឿង ឬ​បើក​មុខ​ជំនួញ​រកស៊ី​តាម​ការ​គ្រោងទុក​ឡើយ បើ​ទោះ​ជា​នាង​បាន​អះអាង​ថា នឹង​ស្វះស្វែង​រក​ច្រក​ចេញ​មួយ​នេះ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ។ រីឯ​អាជីព​ដែល​នាង​កំពុង​ឈោង​ចាប់​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម​នោះ ក៏​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មិត្ត​យុវវ័យ​នៅ​ឡើយ ខណៈ​ពេល​ដែល​មាន​ម្ចាស់​ស្នេហ៍​ជួយ​ជ្រោមជ្រែង​ពី​ក្រោយ​យ៉ាង​ណា​ក៏ដោយ។

ស្រប​ពេល​គ្នា​នោះ​ដែរ ក៏​មាន​មតិ​ចេញ​ពី​មហាជន​ដែល​ធ្លាប់​គាំទ្រ​កញ្ញា តេង លក្ខិណា បាន​លើក​ឡើង​បែប​ចំអក​នាង​ថា សម័យ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ចម្រៀង​ជាច្រើន​ដែល​មាន​សមត្ថភាព និង​ទឹកដម​សំឡេង​ពីរោះ​ច្រើន​កកកុញ​កំពុង​តែ​ប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​លើ​វិស័យ​សិល្បៈ​ចម្រៀង ទោះបី តេង លក្ខិណា ខំប្រឹង​យ៉ាងណា​ក៏ដោយ​ក៏​មិន​អាច​ទាក់ទាញ​បាន​ប្រជាប្រិយភាព​ល្បីល្បាញ​ដូច​អាជីព​ជា​ពិធីការិនី​នោះ​ដែរ។

តប​នឹង​ការ​រិះគន់​នោះ ស្រីស្រស់ តេង លក្ខិណា មិន​ត្រឹមតែ​មិន​មាន​ការ​ប្រតិកម្ម ឬ​បដិសេធ​ពី​ការ​លើក​ឡើង​នោះ​យ៉ាង​ណា​ទេ ផ្ទុយ​ទៅវិញ​អតីត​ពិធីការិនី​រូប​នេះ​ថា ពាក្យ​រិះគន់​ខ្លះ​អាច​ជួយ​កែតម្រូវ​ឲ្យ​នាង​បាន​ល្អ​ប្រសើរ​ជាង​មុន។

តេង លក្ខិណា បាន​លើក​ឡើង​ទៀត​ថា៖​«ក្នុង​ការ​ប្រកបរបរ​រកស៊ី​អ្វី​មួយ​វា​មិន​ដែល​ជោគជ័យ​ភ្លាមៗ​នោះ​ទេ ត្រូវតែ​តស៊ូ​»។ បន្ថែម​លើ​ឆន្ទៈ​នេះ កញ្ញា តេង លក្ខិណា បាន​លើក​ឧទាហរណ៍​ខ្លួនឯង​ថា​៖ «​យ៉ាងណា​មិញ​ដូចជា រូប​នាង​អ៊ីចឹង​ដំបូង​ឡើយ​មិន​ជឿ​ថា ខ្លួនឯង​អាច​ធ្វើ​ជា​ពិធីការិនី​បាន​ឡើយ ប៉ុន្តែ​ក្រោយ​សាកល្បង​មួយ​រយៈ​ទទួល​បាន​ជោគជ័យ ដូច​គ្នា​នឹង​អាជីព​ចម្រៀង​ដែរ ខ្ញុំ​ទើប​តែ​ប្រឡូក​ក៏​មិន​ទាន់​សង្ឃឹម​ថា អាច​ទាញ​យក​ប្រជាប្រិយភាព​បាន​ភ្លាម​នោះ​ទេ»។
នាង​បញ្ជាក់​ថា៖ «​អ្វី​ក៏ដោយ​ត្រូវ​តែ​មាន​ការ​តស៊ូ​ទើប​សម្រេច​បាន​ជោគជ័យ»។

ការ​មក​ក្លាយ​ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម អឹម ដោយ​ភាព​ស្ងប់ស្ងាត់ និង​ពុំ​ធ្លាប់​មាន​បទពិសោធ​លើ​អាជីព​នេះ សូម្បី​បន្តិច​ពី​មុន​នោះ ត្រូវ​បាន​គេ​លើក​ឡើង​ថា ដោយសារ​តែ​កញ្ញា តេង លក្ខិណា មាន​ទំនាក់ទំនង​ជាពិសេស​ជាមួយ​ថៅកែ​ផលិតកម្ម​មួយ​នេះ។ យ៉ាងណា នាង​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​នោះ​ទាំង​ស្រុង ដោយ​អះអាង​ថា នាង​ក្លាយ​ជា​តារាចម្រៀង​នេះ ដោយ​សមត្ថភាព និង​ទេពកោសល្យ​សិល្បៈ​ចម្រៀង​របស់​នាង និង​ការ​ខំ​ហ្វឹកហាត់ មិនមែន​ការ​ចូល​ខ្លួន​ក្នុង​ផលិតកម្ម​នេះ​គ្រាន់​ជា​ខែល​បិទបាំង​ដូច​គេ​ថា​នោះ​ទេ​។

តេង លក្ខិណា ថ្លែង​ថា នាង​នឹង​មិន​អស់​សង្ឃឹម​នឹង​មហិច្ឆតា​ក្លាយ​ជា​អ្នកចម្រៀង​ឡើយ ព្រោះ​កាលពី​នៅ​ជា​ពិធីការិនី​ក៏​មិនមែន​ចូល​ភ្លាម​លេចធ្លោ​ភ្លាមៗ​ដែរ ដូច​គ្នា​អាជីព​ជា​អ្នកចម្រៀង​ល្បី​ក៏​ត្រូវការ​ពេលវេលា​ដែរ​»៕


What Next?

Recent Articles