ដោយ៖ ឡាយ សាមាន
ថ្ងៃព្រហស្បតិ៍ ទី30 តុលា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់-អូចា ក្នុងកិច្ចប្រជុំនៅប្រទេសអុីតាលី(រូបថតពីហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា)
នាយករដ្ឋមន្ត្រីថៃ ដែលចេញមកពីប្រមុខយោធាបានធ្វើទស្សនៈកិច្ចលើកដំបូងនៅកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈចំនួនបីជាមួយ កម្ពុជា។
នៅវេលាម៉ោង ៣រសៀលថ្ងៃទី៣០ ខែតុលានេះ មន្ត្រីជាន់ខ្ពស់ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈចំនួនបីរួមមាន អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងជួយដល់ជនរងគ្រោះដោយសារការជួញដូរ និងអនុស្សរណៈស្តីពី ការតភ្ជាប់ផ្លូវដែក រវាងរដ្ឋភិបាលកម្ពុជា និងថៃ នៅក្រោមវត្តមាន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-O-Cha)។
នាយករដ្ឋមន្ត្រីថៃ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែតុលា តាមការអញ្ជើញពីលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។
ក្នុងអំឡុងពេលទស្សនកិច្ចលោក ប្រាយុទ្ធ ច័ន្ទអូចា ក៏ចូលគាល់ព្រះមហាក្សត្រ នរោត្តម សីហមុនី អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ នៅសួនច្បារវិមានឯករាជ្យ៕
សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com