Sat, 1 November 2014
ហុង រស្មី
ភ្នំពេញប៉ុស្តិ៍
ក្នុងសម្លៀកបំពាក់ការិយាល័យមានអ៊ុតភ្លីយ៉ាងរៀបរយ លោក ជន់ តារា បានរៀបរាប់ពីមូលហេតុដែលនាំឲ្យខ្លួនក្លាយជាពោះម៉ាយក្រោយពីរៀបការបាន ៥ឆ្នាំ។
បុរសវ័យសាមស្ដើងរូបនេះសម្ដែងទឹកមុខស្មើរួចរៀបរាប់ថា៖ «ប្រពន្ធខ្ញុំគាត់ចាយធំ គិតតែរឿងសប្បាយ។ គាត់ស្អាត តែគាត់អត់ចេះគិត អត់ចេះទុកដាក់»។
ទោះជាលោក តារា អះអាងថា ភរិយាក្មេងរបស់លោកមានចំណុចខ្វះខាតច្រើនក្ដី ក៏ជាក់ស្ដែងមិនមែនរូបលោកជាអ្នកផ្ដើមពាក្យបណ្ដឹងសុំលះលែងដែរ។
លោកបញ្ជាក់ថា៖ «គាត់ជាអ្នកសុំខ្ញុំលែង។ គាត់យកលេសថា ខ្ញុំមិនចេះផ្គាប់ចិត្តគាត់ជាប្រពន្ធដូចប្ដីគេដទៃ ខ្ញុំមិនដឹងថាម៉េចដែរអ៊ីចឹង»។
ក្នុងសង្គមខ្មែរភាគច្រើនគឺស្ត្រីជាអ្នកសុំលែងលះស្វាមី។ យោងតាមលោក អាំង មាលតី ជាប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ បណ្ដឹងលែងលះតាមផ្លូវច្បាប់ដែលត្រូវឡើងដល់តុលាការក៏មានចំនួនកើនឡើងផងដែរ។
លោកបានពន្យល់ថា៖ «កាលពីមុន ប្រជាជនខ្មែរយើងលែងលះតាមប្រពៃណីដោយមិនយល់ពីច្បាប់ទម្លាប់ ដែលតាមរយៈតុលាការមានចំនួនតិចតួច។ ប៉ុន្ដែបច្ចុប្បន្នក្រោយពីការបញ្ជ្រាបយេនឌ័រចូល និងប្រជាពលរដ្ឋស្នើសុំច្បាប់អាពាហ៍ពិពាហ៍ត្រឹមត្រូវ យើងឃើញថា បញ្ហានៃការប្ដឹងលែងលះមានចំនួនច្រើន»។
លោកបានបញ្ជាក់ទៀតថា៖ «ស្ដ្រីជាភរិយាបានដាក់ពាក្យបណ្ដឹងសុំលែងលះចំនួនច្រើនជាង ៧០ ភាគរយ បើធៀបនឹងករណីបុរសសុំលែង»។
ជាមួយនឹងបទពិសោធចំពោះកិច្ចការស្ដ្រីជាង ២០ឆ្នាំ អ្នកស្រី លឹម មុន្នី ជាអនុប្រធានផ្នែកស្ដ្រីនៃអង្គការអាដហុក បានលើកឡើងថា ដោយសារតែស្ដ្រីជាភាគីងាយរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ និងបញ្ហាផ្សេងៗ ភរិយាដែលលែងចង់រួមរស់ជាមួយស្វាមីបានដាក់ពាក្យបណ្ដឹងលែងលះមានចំនួនច្រើនលើសលប់។ មូលហេតុមួយចំនួនធំកើតឡើងពីការមិនចុះសម្រុងនឹងគ្នា អំពើហិង្សាក្នុងគ្រួសារ និងចិត្ដផិតក្បត់។
អ្នកស្រី បានបន្ដថា៖ «បញ្ហាកើតឡើងចម្បងគឺការមិនគោរពសិទ្ធិគ្នាទៅវិញទៅមក និងការចែកអំណាចគ្នាមិនបានស្មើក្នុងរង្វង់គ្រួសារ។ ចំពោះអំពើហិង្សាដែលភាគច្រើនភាគីបុរសធ្វើលើភាគីស្ដ្រីមាន ៤ ប្រភេទ គឺអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ដ ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច»។
ក្នុងទស្សនៈស្របគ្នាលោក ហឿ សេធុល អ្នកជំនាញពិគ្រោះយោបល់អំពីបញ្ហាផ្លូវចិត្ដនៅអង្គការផ្ដល់សេវាកម្មផ្នែកចិត្ដសាស្ត្រ Indigo ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ជារឿយៗមូលហេតុដែលអាចបណ្ដាលឲ្យមានការលែងលះគឺ កត្តាប្រព័ន្ធគ្រួសារ ការមានដៃគូខាងក្រៅ និងកត្តាបន្ទាប់បន្សំបញ្ហាហិរញ្ញវត្ថុ និងកត្តាភេទសម្ព័ន្ធ។
អ្នកផ្ដល់ប្រឹក្សាផ្លូវចិត្តរូបនេះលើកឡើងថា៖ «ក្នុងគ្រួសារខ្មែរយើងរស់នៅបែបជុំគ្នាដែលមានសាច់ញាតិ ឪពុកម្តាយខាងស្រីខាងប្រុសជាដើម។ នៅពេលដែលយើងរស់នៅក្នុងគ្រួសារធំ ទំនាក់ទំនងនៅក្នុងគ្រួសារយើងងាយប៉ះទង្គិចធ្វើឲ្យប្រព័ន្ធគ្រួសារនេះចាប់ផ្តើមមានបញ្ហា។ ករណីមួយទៀតដែលយើងជួបប្រទះជាញឹកញាប់ដែរគឺការមានដៃគូខាងក្រៅ បញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ និងកត្តាភេទសម្ព័ន្ធ»។
ដើមចមនៃការចែកផ្លូវគ្នានេះ លោក ឌុន វិបុល ជាសមាជិកក្រុមមេធាវីអាស៊ីសកល ក្នុង ឆ្នាំ២០១៤ នេះដែលបានទទួលក្ដីនៃបណ្ដឹងលែងលះ ៤-៥ ករណីក៏បានប្រាប់ពីមូលហេតុនៃការលែងលះថា ភាគច្រើនវាកើតពីបញ្ហាចិត្ដផិតក្បត់ កត្ដាគ្រួសារ បំណុលធនាគារ និងល្បែងស៊ីសង។
លោកបានប្រាប់ថា៖ «មូលហេតុមានច្រើនពាក់ព័ន្ធនឹងការលែងលះ។ អ្នកខ្លះបែកបាក់កើតពីចិត្ដប្រចណ្ឌ ខ្លះរស់នៅមិនចុះសម្រុងជាមួយឪពុកម្ដាយក្មេក ខ្លះជំពាក់បំណុលធនាគារដែលភាគីម្ខាងលាក់បាំងពីភាគីម្ខាងទៀត អ្នកខ្លះទៀតលែងលះដោយសារការលេងល្បែងស៊ីសង»។
ដូចជាករណីអ្នកស្រី មាង ណារី ដែលអះអាងថា ស្វាមីរបស់ខ្លួនមានការបិទបាំងពីចំណូល លម្អៀងខាងសាច់ថ្លៃចំពោះការចំណាយ និងថែមទាំងជាប់បំណុលមួយចំនួនដែលអ្នកស្រីមិនបានដឹង ដូច្នេះហើយទើបការរស់នៅរកាំរកូសរហូតដល់ការចែកផ្លូវគ្នា។
ស្ត្រីដែលបានលែងលះស្វាមីក្រៅផ្លូវច្បាប់ក្រោយពីបានរៀបការរយៈពេល ៦ឆ្នាំ រូបនេះនិយាយថា៖ «ដំបូងហ្នឹងវាស្រឡាញ់គ្នាពិតមែន តែដល់នៅជាមួយគ្នាយូរៗទៅទើបដឹងថា ប្ដីប្រពន្ធដូចអ្នកដទៃ គេគិតតែបងប្អូនគេទេ ចង់គេដកលុយចាយ គេជំពាក់ធនាគារ គេអត់ប្រាប់អីសោះ»។
ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ អ្នកស្រី មុន្នី បានបញ្ជាក់ថា ប្រជាជនខ្មែរភាគច្រើនបំផុតបានរៀបពិធីមង្គលការតាមប្រពៃណីដោយសុំលិខិតប្រកាសអាពាហ៍ពិពាហ៍ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ប៉ុន្ដែមិនបានសុំធ្វើលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ផ្លូវការតាមច្បាប់ទេ។
ចំពោះបញ្ហានេះអ្នកស្រីបានឲ្យដឹងថា៖ «យ៉ាងណាមិញ ពួកគេនៅតែអាចចែកផ្លូវគ្នាបានដដែល។ បើភាគីទាំងពីរបានរៀបការស្របច្បាប់ដោយមានលិខិតអាពាហ៍ពិពាហ៍ ពួកគេត្រូវដាក់លិខិតសុំលែងលះទៅតុលាការ ហើយបើពួកគេគ្មានលិខិតអត្រានុកូលដ្ឋានទេ ពួកគេត្រូវសុំផ្ដាច់អនីតិសង្វាស»។
អ្នកស្រី ទឹម រចនា ដែលមិនបានចុះអេតាស៊ីវិលពេលរៀបការបានលែងលះប្ដីត្រឹមភូមិឃុំកាលពី ៤ឆ្នាំ មុន ព្រោះអតីតស្វាមីគឺជាមនុស្សប្រមឹក ដើរលេងដាច់យប់ និងធ្លាប់វាយតប់អ្នកស្រី។
អ្នកមេម៉ាយវ័យជាង ៣០ឆ្នាំ ដែលកំពុងរួមរស់ជាមួយស្វាមី ទី២ រូបនេះបានរំឭកអតីតកាលថា៖ «គាត់ហ្នឹងឲ្យតែផឹកកាចហើយ ជេរ រករឿងមិនសមទំនង ថា យើងអ៊ីចេះមួយ អ៊ីចុះមួយ ដល់ខឹងខ្លាំងវ៉ៃ។ ដល់ខ្ញុំរត់ទៅនៅផ្ទះម៉ែខ្ញុំវិញ គាត់មកតាមអង្វរពីរបីដងដែរ តែដល់រស់នៅជាមួយគ្នាទៅនៅតែដដែលទើបខ្ញុំគិតថាមានតែលែងទេ»។
ស្របនឹងកំណើនស្ត្រីលែងលះបុរស ពីមួយឆ្នាំទៅមួយឆ្នាំចំនួនកន្លែងកម្សាន្តដែលភាគច្រើនទទួលបានអតិថិជនប្រុសនោះក៏មានការកើនឡើងដែរ។ យោងតាមតួលេខពីនាយកដ្ឋានឧស្សាហកម្មទេសចរណ៍ នៅ ឆ្នាំ២០១៣ អាជីវកម្មផ្ដល់សេវាកម្សាន្តមាន ៦៥៩ កន្លែង ខារ៉ាអូខេ ៤៨៥ កន្លែង ក្លិបរាំ ៩៤ កន្លែង បៀរហ្គាដិន ៨០ កន្លែង ពោលគឺមានការកើនឡើងបើធៀបនឹង ឆ្នាំ២០១២ ដែលមានហាងខារ៉ាអូខេចំនួន ៣៧៦ កន្លែងក្លិបរាំកម្សាន្តចំនួន ៧៩ ហាងម៉ាស្សា ១៨៧ បៀរហ្គាដិន ៩៧ និងមានហាងដែលគ្មានច្បាប់ ២៦ កន្លែងទៀត។
អ្នកស្រី ទឹម រចនា បានឲ្យដឹងថា ដើមឡើយអ្នកស្រីព្យាយាមអត់ធ្មត់នឹងទង្វើញៀនស្រា ដើរលេងរាំច្រៀងដាច់យប់របស់អតីតស្វាមីដែរ ព្រោះអ្នកស្រីមិនមានមុខរបរពិតប្រាកដ ហើយស្វាមីជាអ្នកផ្គត់ផ្គង់ប្រភពចំណូលគ្រួសារទាំងស្រុង។ ម៉្យាងវិញទៀត អ្នកស្រីក៏មិនចង់ឲ្យឪពុកម្ដាយខ្មាសគេព្រោះតែងារថា ជាស្រីមេម៉ាយដែរ។ ប៉ុន្តែអ្នកស្រីសព្វថ្ងៃ អ្នកស្រីសង្កេតឃើញថា សង្គមបច្ចុប្បន្នមិនចង្អៀតចង្អល់ដូចមុនទេ។
ក្នុងសំនៀងមួយៗ អ្នកស្រីថ្លែងថា៖ «ឥឡូវរឿងមេម៉ាយ ស្រីលែងប្ដីអី គេមិនខ្វល់ទេ។ អ្នកអត់ដឹងរឿង គេអាចមើលងាយយើង តែបើអ្នកដឹងមែន គេមិនហ៊ានថាម៉េចទេ គេមានតែអាណិត»។
អ្នកស្រីបាននិយាយទៀតថា៖ «ក្រោយមកខ្ញុំជួបប្ដីខ្ញុំសព្វថ្ងៃ គាត់គ្រាន់បើអាចយកជាគ្នាបាន ចេះមើលការខុសត្រូវក្នុងផ្ទះ ដឹងទុក្ខធុរៈ មិនរករឿងយើង»។
សូម្បីតែ លោក ជន់ តារា ក៏បានអះអាងផងដែរថា អតីតភរិយារបស់លោកបានសម្រេចចិត្តលែងលះដោយមិនខ្លាចជ្រកក្រោមឈ្មោះជាស្រីមេម៉ាយឡើយ។
លោករំឭកទៀតថា៖ «ម៉ែក្មេកខ្ញុំគាត់ថា កូនគាត់ក្មេងនៅស្អាត អាចរកប្ដីបានទៀត គាត់មិនខ្វល់អារឿងលែងមិនលែងទេ។ ប្រពន្ធខ្ញុំនោះក៏គាត់តាមតែម៉ែគាត់ដែរ»។
គួរបញ្ជាក់ថា តួលេខជាក់លាក់នៃចំនួនអ្នកលែងលះគ្នាសម្រាប់ ឆ្នាំ២០១៤ មិនទាន់មានការចងក្រងជាផ្លូវការទេ ប៉ុន្តែយោងតាមសម្ដីរបស់លោក ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពី ឆ្នាំ២០១៣ ថា ក្នុងចំណោមពាក្យបណ្ដឹងលែងលះចំនួន ១២៨៧ ករណី គិតជាបរិមាណអត្រាភរិយាប្ដឹងលែងលះពីស្វាមីអាចដល់ ៧០ ភាគរយ៕
រាយការណ៍បន្ថែមដោយ ស៊ូ វុទ្ធី
It about time to wake up Cambodian men! It is time to roll your sleeves,, change your attitudes and behaviors of manhood honcho ego.
it is time to do houseworks: cooking, cleaning, laudrying, and treat your lady as equal partner, listen to her voice, sit down to solve problems in a family way, and to have transparency in your family, and healthy dicsussion, and much more…
Be there for her, that’s the most importnat thing.