សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​អន្តរាគមន៍​ដោះ​លែង​មនុស្ស​១៩​នាក់

ដោយ ខែ សុណង
2014-11-25
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ទាមទារ​ដោះលែង​សកម្មជន ១៧ នាក់ ៦២០

ប្រជាពលរដ្ឋ ព្រះសង្ឃ និង​សង្គម​ស៊ីវិល ដាក់​ផ្ទាំង​រូបភាព​សកម្មជន​ដែល​ត្រូវ​ឃុំឃាំង​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០១៤។ RFA/Morm Moniroth


ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​សហជីព សមាគម និង​តំណាង​យុវជន បាន​ចុះ​ហត្ថលេខា​រួម​គ្នា​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​អន្តរាគមន៍​ចំពោះ​តុលាការ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​មនុស្ស ១៩​នាក់ ពាក់ព័ន្ធ​ការ​ជួប​ជុំ​តវ៉ា​នា​ពេល​ថ្មីៗ​នេះ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពិនិត្យ​ទៅ​តុលាការ​សាលា​ដំបូង ចំពោះ​ការ​កាត់​ក្ដី​ព្រះសង្ឃ សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី ថា​ជា​ការ​ចាប់​ខ្លួន និង​កាត់​ក្ដី​ដោយ​គ្មាន​ភស្តុតាង និង​យុត្តិធម៌ ហើយ​តុលាការ​ធ្វើ​ការ​អនុវត្ត​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា ព្រះសង្ឃ សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី ត្រូវ​អាជ្ញាធរ​ប្រើ​វិធានការ​ក្ដៅ​ចាប់​អ្នក​ទាំង​នោះ ដោយ​គ្រាន់​តែ​តវ៉ា​ដីធ្លី និង​ប្រមូល​ផ្ដុំ​តវ៉ា​បញ្ហា​សង្គម​ដោយ​សន្តិវិធី។ លោក​ថា តុលាការ​បាន​កាត់​ទោស​ពួក​គេ​ដោយ​អយុត្តិធម៌ ពីព្រោះ​តុលាការ​នេះ​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំណាច អ្នក​នយោបាយ ធ្វើ​ការ​ដោយ​មិន​ផ្អែក​ទៅ​លើ​វិជ្ជាជីវៈ​ឡើយ។ បញ្ហា​នេះ លោក រ៉ុង ឈុន អំពាវនាវ​ឲ្យ​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ទាំង​នោះ​ឲ្យ​មាន​សេរីភាព និង​ដោយ​ឥត​លក្ខខណ្ឌ៖ «ពីព្រោះ​ក្រសួង​យុត្តិធម៌ បើ​យើង​មើល​ច្បាប់​ដែល​ទើប​ចេញ​ក្រោយ​នេះ ឃើញ​ថា​ក្រសួង​យុត្តិធម៌ អាច​សម្រប​សម្រួល​ទៅ​លើ​តុលាការ ឲ្យ​មាន​ការ​លើក​លែង ការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ជា​បន្តបន្ទាប់​ហ្នឹង»

ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​លិខិត​ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឲ្យ​អន្តរាគមន៍​ដោះ​លែង​នេះ មន្ត្រី​ក្រសួង​យុត្តិធម៌ ថ្លែង​ថា គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ការ​សម្រេច​កាត់​សេចក្ដី និង​ការ​ឃុំ​ខ្លួន​មនុស្ស គឺ​ជា​អំណាច​របស់​ស្ថាប័ន​តុលាការ​តែ​មួយ​គត់ ដែល​ក្រសួង​យុត្តិធម៌ មិន​អាច​ជ្រៀតជ្រែក​បាន​ឡើយ។ លោក​បញ្ជាក់​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​នៅ​តែ​មិន​សុខ​ចិត្ត ថា​ស្ថាប័ន​តុលាការ​មិន​ឯករាជ្យ ឬ​ចំណុះ​ឲ្យ​អ្នក​មាន​អំណាច​ណា​ម្នាក់​នោះ ពួក​គេ​អាច​រក​ភស្តុតាង និង​ដាក់​ទៅ​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ពិនិត្យ​សម្រេច​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​បាន។

លោក គឹម សន្តិភាព៖ «បញ្ហា​ដែល​ចោទ​ថា​តុលាការ​មិន​ឯករាជ្យ តុលាការ​ឋិត​ក្នុង​ការ​គាប​សង្កត់​របស់​អំណាច​ណា​មួយ​នោះ អា​ហ្នឹង​ជា​ការ​និយាយ​គ្រាន់​តែ​ជា​ព័ត៌មាន​អ្នក​ដែល​និយាយ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​ការ​ត្រួត​ពិនិត្យ​ការងារ​កិច្ចការ​តុលាការ ទាក់ទង​ការ​អនុវត្ត​តួនាទី​កាតព្វកិច្ច​របស់​ខ្លួន គឺ​ជា​ការ​ត្រួត​ពិនិត្យ​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​មួយ របស់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​អ្នក​ពិនិត្យ​វិនិច្ឆ័យ​ករណី​ផ្សេងៗ ក្នុង​ការ​អនុវត្ត​កិច្ចការ​របស់​ចៅក្រម​ព្រះរាជអាជ្ញា​តាម​ស្ថាប័ន​តុលាការ»

រហូត​មក​ដល់​ពេល​នេះ ព្រះសង្ឃ សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​សរុប ១៩​នាក់ មាន​ដូចជា ព្រះសង្ឃ ៣​អង្គ សកម្មជន​ដីធ្លី ១២​នាក់ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់។ អ្នក​ទាំង​នោះ ជាប់​ចោទ​ពី​បទ​មួយ​ចំនួន​ដូច​ជា បទ​ផ្ដើម​គំនិត​ហិង្សា​ដោយ​ចេតនា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​ដឹក​នាំ​ចលនា​កុបកម្ម បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ បទ​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បទ​បរិហារ​កេរ្តិ៍ ជាដើម។

ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល បក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ដោះ​លែង និង​រិះគន់​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំង​នេះ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ជា​រឿង​នយោបាយ ហើយ​ថា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា វិល​មក​រក​ភាព​តានតឹង ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​អន្តរាគមន៍​ដោះ​លែង​មនុស្ស​១៩​នាក់"

  1. កម្មករ កសិករ says:

    ………………….. ស្អី ទៅ បទឧក្រិដ្ឋ ??????????????????????????

    ១ = មាន អាវុធ កាំបិត ពូថៅ កាំភ្លើង ដុតបំផ្លាញ ទ្រង់ទ្រាយ ធំ ឃោរឃៅ វ៉ៃ

    បាញ់សម្លាប់មនុស្ស យ៉ាងរង្គាល គ្មានញញើត !

    ២ = តវ៉ា បញ្ចេញមតិ តាម មាត់ ដោយដៃ ទទេ !

    តើ ១ ណា បទ ឧក្រិដ្ឋ ?

  2. Anonymous says:

    ពូកអាសុីអាចម៍ការពារកែគ្នាវា