អ្នក​ភូមិ​បឹង​ឈូក​មាន​ជម្លោះ​ដី​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​និង​នាយក​រដ្ឋ​មន្ត្រី

តំណាង​សហគមន៍​បឹងឈូក ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិល​មិញ។

តំណាង​សហគមន៍​បឹងឈូក ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិល​មិញ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រជា​សហគមន៍ ភូមិ​បឹង​ឈូក ជាង ២០ នាក់​តំណាង​ឲ្យ​ជាង ៤០ គ្រួសារ ដែល​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​អាជ្ញាធរ ខណ្ឌ​ឫស្សីកែវ កាល​ពី​ម្សិល​មិញ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ជួយ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​សហគមន៍​នេះ។

អ្នក​ស្រី ខៀវ ចិន្តា អាយុ ៤២​ឆ្នាំ តំណាង​សហគមន៍ នៅ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ ៦ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ញាត្តិ​សុំ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​នៅ​ពេល​នេះ គឺ​ដោយ​សារ​តែ​អាជ្ញាធរ​មាន​បំណង​ចង់​ឈូស​ឆាយ​ដី​ផ្ទះ​ដែល​ពួក​គាត់​កំពុង​រស់​នៅ ដើម្បី​បើក​ច្រក​ផ្លូវ ៧​ខ្សែ ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដោយ​គ្មាន​សំណង​គោល​នយោបាយ​អ្វី​ទាំង​អស់។

អ្នក​ស្រី​និយាយ​ថា៖ «ជាច្រើន​ឆ្នាំ​នេះ យើង​រីក​រាយ​និង​គាំទ្រ​ពេញ​ទំហឹង​លើ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​រាជ​រដ្ឋាភិបាល ព្រោះ​គម្រោង​ទាំង​នោះ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​បើ​អភិវឌ្ឍ​មក​ឈូស​ឆាយ​ផ្ទះ​យើង​ខ្ញុំ​កំពុង​រស់​នៅ ដោយ​គ្មាន​ដំណោះ​ស្រាយ​បែប​នេះ​ខ្ញុំ​ត្រូវ​តែ​ជំទាស់។ ជំទាស់​ដើម្បី​ការពារ​សិទ្ធិ​រស់​រាន​របស់ យើង​តែ​ប៉ុណ្ណោះ»។

យោង​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ ទី១៤ ខែ​វិច្ឆិកា របស់​លោក ធុយ សុខន អភិបាល ខណ្ឌ​ឫស្សីកែវ ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ អាជ្ញាធរ​គ្រោង​ឈូស​ឆាយ​បើក​ផ្លូវ​ចំនួន ៧​ខ្សែ មាន​ផ្លូវ​លេខ ១៨០០, ១៧០១, ១៧០៣, ១៨០៤, ១៨០៨, ១៨១២ និង ១៨១៨ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ ដើម្បី​ងាយ​ឲ្យ​ក្រុម​ការងារ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី ចុះ​ដោះ​ស្រាយ​ទំនាស់​ក្នុង​តំបន់​នេះ កុំ​ឲ្យ​នៅ​អូស​បន្លាយ​យូរ​ទៀត។

អាជ្ញាធរ​បាន​ដាក់​ឱសានវាទ ១៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​និង​សំណង់​របស់​ខ្លួន​ចេញ​ពី​តំបន់​អនុវត្ត​គម្រោង ដើម្បី​ឲ្យ​ដំណើរ​ការ​ឈូស​ឆាយ​បើក​ផ្លូវ​ទាំង ៧ ខ្សែ​តាម​ពេល​កំណត់។

សេចក្ដី​ជូន​ដំណឹង​នោះ​ក៏​បាន​ព្រមាន​ដែរ​ថា៖ «ក្នុង​ករណី​មិន​គោរព​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ អាជ្ញាធរ​ខណ្ឌ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត​ឬ​បាត់​បង់​ឡើយ»។

លោក ណឺប លី ប្រធាន​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន សម្ដែង​ក្ដី​កង្វល់​ថា ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​សហគមន៍​នេះ អាច​នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ជា​ថ្មី ដោយ​សារ​តែ​គម្រោង​បើក​ផ្លូវ​ទាំង ៧ ខ្សែ​នេះ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា សេចក្ដី​ជូន​ដំណឹង​នេះ​គឺជា​ការ​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ក្រី​ក្រ​នេះ ដែល​ធ្វើ​ឲ្យ​យើង​បារម្ភ ពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​គ្មាន​សំណង​សមរម្យ»។

វិវាទ​ដីធ្លី​នៅ​ក្នុង​សហគមន៍ ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ ៦ ចាប់​ផ្ដើម​កាល​ពី ខែ​កុម្ភៈ ឆ្នាំ​២០០៩ ដែល​កាល​នោះ អាជ្ញាធរ ខណ្ឌ​ឫស្សីកែវ បាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​ក្រីក្រ​ទាំង​នោះ​រុះរើ​ផ្ទះ​ចេញ​ដោយ​បាន​ចោទ​ប្រកាន់​អ្នក​ភូមិ​ទាំង​នោះ​ថា បាន​ចូល​រំលោភ​កាន់​កាប់​លើ​ដី​កម្មសិទ្ធិ​ឯកជន​មាន​ម្ចាស់​ឈ្មោះ ទៀ ធឿន ដែល​អ្នក​ភូមិ​អះអាង​ថា មិន​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ ចាប់​តាំង​ពី ឆ្នាំ​១៩៨០ និង ១៩៩០ ខណៈ​ពួក​គាត់​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​តំបន់​នោះ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋ​អំណាច​មូលដ្ឋាន។

ប៉ុន្តែ​ក្រោយ​មក​តំណាង​អ្នក​ភូមិ ៦​នាក់ ដែល​រួម​ទាំង​អ្នក​ស្រី ខៀវ ចិន្តា ផង​ត្រូវ​បុគ្គល​ម្នាក់​ថ្មី​ទៀត​ឈ្មោះ ឡៅ តុងមី ដែល​ពួក​គាត់​មិន​ធ្លាប់​ស្គាល់​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​រាជធានី​ចោទ​ពួក​គាត់​ថា បាន​ប្រើ​ហិង្សា​ទៅ​លើ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​សុចរិត បច្ចុប្បន្ន​តុលាការ​បាន​បញ្ចប់​ការ​សាក​សួរ​រួច​ហើយ​និង​រង់​ចាំ​តែ​ការ​ជំនុំ​ជម្រះ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី ម៉ុន សាវេត អាយុ ៣២​ឆ្នាំ តំណាង​ម្នាក់​ទៀត ដែល​រង​ការ​ប្ដឹង​ចោទ​ពី​ឈ្មោះ ឡៅ តុងមី។

អ្នក​ស្រី សាវេត បន្ត​ថា៖ «ជីវភាព​ក្រីក្រ​ហូប​មិន​ឆ្ងាញ់​មិន​គ្រប់​គ្រាន់​មិន​ថ្វី​ទេ ឲ្យ​តែ​មាន​ដី​និង​ផ្ទះ​ជ្រក ប៉ុន្តែ​បើ​រដ្ឋ​ត្រូវ​ការ​អភិវឌ្ឍ​យើង​មិន​ជំទាស់​ទេ សុំ​តែ​ផ្ដល់​ដី​សង្គមកិច្ច​កន្លែង​ណា​សមរម្យ​សម្រាប់​ពួក​យើង​សង់​ផ្ទះ​រស់​នៅ​ឡើង​វិញ»។

អ្នក​ស្រី​បន្ត​ថា ញតិ្ត​ពួក​គាត់ កាល​ពី​ព្រឹក​ម្សិល​មិញ គណៈកម្មការ ទី១ នៃ​រដ្ឋសភា​ទទួល​យក​ហើយ និង​សន្យា​ចុះ​ពិនិត្យ​អង្កេត​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ខាង​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ទទួល​ញត្តិ​ពួក​គាត់​ដែរ និង​សន្យា​បញ្ជូន​ទៅ​ថ្នាក់​លើ​ពិនិត្យ​និង​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ​លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ពិនិត្យ​ពិចារណា និង​ធ្វើ​ការ​សម្រេច៕


What Next?

Recent Articles