​តំណាង​ពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវព្រួយបារម្ភ​ខ្លាច​តុលាការ​ឃុំខ្លួន​ដោយសារ​ការតវ៉ា​ដីធ្លី​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃព្រហស្បតិ៍ ទី27 វិច្ឆិកា 2014
http://vodhotnews.com

​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​៤​នាក់  សម្ដែង​ការព្រួយបារម្ភ​ខ្លាច​ជាប់ពន្ធនាគារ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ រៀបចំ​បើក​សវនាកា​រលើ​សំណុំរឿង ដែល​ចោទប្រកាន់ពួ​គាត់​ថា «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនៈទ្រព្យ​ដោយ​ស្របច្បាប់​» នៅ​ពេល​ឆាប់ៗ​នេះ ។​

​ការព្រួយបារម្ភ​នេះ​ធ្វើឡើង បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ពុធ​ទី​២៦ ខែវិច្ឆិកា ប្រគល់​ដីការ​ស្តី​ពី​ការបញ្ចប់​ការសាកសួរ​ពួកគាត់​ពីបទ «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនៈទ្រព្យ​ដោយ​ស្របច្បាប់​» មក​ឲ្យ​ពួក​គាត់​ហើយ​គ្រោងបើក​សវនាការ​ឆាប់ៗ​នេះ​។​

​តំណាង​សហគមន៍​បឹង​ឈូក ក្នុង​ខណ្ឌ​ឫស្សីកែវ អ្នកស្រី ខៀវ ចិន្តា ឲ្យ​VOD ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កាល​ពី​ម្សិលមិញ​នេះ ពួកគាត់​បាន​ទទួល​ដី​ការ​របស់​តុលាការ ដោយ​បាន​ប្រាប់ថា តុលាការ​បញ្ចប់​សាកសួរ​លើ​ពួក​គាត់ តែ​មិន​ទាន់​កំណត់​ពេល​បើក​សវនាកា​រ​នោះទេ​។ អ្នកស្រី​បន្ត​ថា ពួកគាត់​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ពួកគាត់​បារម្ភ​ពី​សុ​វត្តិភាព ព្រោះ​ខ្លាច​តុលាការ​ឃុំខ្លួន​ពេល​បើក​សវនាការ ។​

​ប៉ុន្តែ​អ្នកស្រី ខៀវ ចិន្តា បញ្ជាក់ថា អ្វី​ដែល​អ្នកស្រី​មាន​ចម្ងល់​ដោយសារ ពាក្យបណ្តឹង​នោះ​ប្តឹង​ពួកគាត់​ថា បាន​ប្រើ​ហិង្សា​កាលពី​ឆ្នាំ​២០០៩ តែ​នៅ​ឆ្នាំ​ដដែល​នេះ  អាជ្ញាធរ​បាន​ចុះ​ឈូសឆាយ​ផ្ទះ​របស់​ពួក​គាត់​ដោយ​ចោទប្រកាន់​ពួក​គាត់​ថា រស់នៅ​អាណាធិបតេយ្យ​លើ​ដី​រដ្ឋ ។ អ្នកស្រី​ថា តុលាការ​បាន​កោះហៅ​ពួកគាត់​ទៅ​សាកសួរ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១២​រហូតមកដល់​ពេលនេះ  បន្ទាប់ពី​ពួកគាត់​ចេញមុខ​តវ៉ា​មិន​ឲ្យ​ឈូសឆាយ​ផ្ទះ​របស់​ពួក​គាត់​ដោយ​គ្មាន​សំណង​។​

​តំណាង​ពលរដ្ឋ​ទាំង​៤​នាក់​នោះ​រួមមាន លោក ប៊ូ ម៉េង លោក​កុល សោភា លោក កាង ណា​រ៉េ​ន និង​អ្នកស្រី ខៀវ ចិន្តា​។ 

VOD មិនទាន់​អាច​ស្វែងរក​ការបំភ្លឺ​ករណីនេះ ពី​មន្ត្រី​តុលាការ​ដែល​កាន់​សំណុំរឿង​របស់​ក្រុម​អ្នកស្រី  ខៀវ ចិន្តា​បាន​ទេ ព្រោះ​ពុំ​មាន​ប្រភព​ដើម្បី​ទាក់ទង ។​

​ប៉ុន្តែ​តាម​លិខិត​របស់​លោក ធុយ សុខន ចុះ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឲ្យ​ពលរដ្ឋ​ដឹងថា កាល​ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​រុះរើ​ផ្ទះ​ក្រុម​អ្នកស្រី ខៀវ ចិន្តា គឺ​ដោយសារ​សាលា​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ដំណើរការ​ឈូសឆាយ ដើម្បី​បើកផ្លូវ​លេខ​១៨០០ ផ្លូវ​១៧០១ ផ្លូវ​១៧០៣ និង​ផ្លូវ​មួយចំនួនទៀត ក្នុង​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សីកែវ ។​

​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត យល់ថា មាន​តែ​វិធានការ​ដោះស្រាយ​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ទេ ទើប​ពលរដ្ឋ​ព្រម​ទទួលយក​ការស្នើ​ឲ្យ​រុះរើ​លំនៅដ្ឋាន​របស់ ពួកគាត់ ។

​តំណាង​ពលរដ្ឋ​បញ្ជាក់ថា ក្រៅពី​សុំណុំរឿង​នេះ  ពួកគាត់​ជាង​៤០​គ្រួសារ​នឹង​បាត់បង់​ផ្ទះសម្បែង​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ  ហើយ​ជាង​៦០​គ្រួសារ​ផ្សេង​ទៀត​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ដូច​គ្នា ៕

សូម​សរសេរ​មក​អ្នកនាង ថុល ស្រី​លក្ខណ៍​ តាម​រយៈ sreyleak@vodhotnews.com

What Next?

Recent Articles