ជប៉ុន​សង់​មន្ទីរពេទ្យ​ទំនើប​នៅ​ភ្នំពេញ

ដោយ ឡេង ម៉ាលី
2014-11-27
RFA

សង់​មន្ទីរពេទ្យ​ជប៉ុន ៦២០
ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​មន្ទីរពេទ្យ​របស់​ក្រុមហ៊ុន​សេវា​សុខភាព សាន់រ៉ាយ (Sunrise Healthcare Service Co., Ltd.) របស់​ជប៉ុន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ RFA/Leng Maly

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ស្រប​ពេល​ដែល​សេវា​ថែទាំ​សុខភាព​នៅ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ធ្វើ​ឱ្យ​ក្រុមហ៊ុន​សេវា​សុខភាព​ជប៉ុន បណ្ដាក់​ទុន​សាងសង់​មន្ទីរពេទ្យ​ឯកជន​លំដាប់​ពិភពលោក​មួយ នៅ​ភ្នំពេញ។

ក្រុមហ៊ុន​សេវា​សុខភាព សាន់រ៉ាយ (Sunrise Healthcare Service Co., Ltd.) របស់​ជប៉ុន ចាប់​ផ្ដើម​សង់​មន្ទីរពេទ្យ​ទំនើប​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ទីប្រឹក្សា​ក្រុមហ៊ុន​សេវា​សុខភាព សាន់រ៉ាយ និង​ជា​តំណាង​មន្ទីរពេទ្យ គីតាហារា អន្តរជាតិ គឺ​លោក​វេជ្ជបណ្ឌិត គីតាហារា ហ្ស៊ីហ្គេមី (Kitahara Shigemi) មាន​ប្រសាសន៍​ថា ការ​សង់​មន្ទីរពេទ្យ​នេះ គឺ​ដើម្បី​គាំពារ​ជីវិត និង​សុខភាព​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា។

លោក​វេជ្ជបណ្ឌិត គីតាហារា ហ្ស៊ីហ្គេមី ឱ្យ​ដឹង​ថា លោក​មាន​យុទ្ធសាស្ត្រ ៣ ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​យើង គឺ​ទី​១ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាជន​កម្ពុជា គ្រប់​រូប អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​សង្គ្រោះ​បន្ទាន់​នៅ​មូលដ្ឋាន​សុខាភិបាល​ដ៏​ល្អ​មួយ។ ទី​២ ការពារ​ប្រជាជន​ពី​ជំងឺ និង​ទប់​ស្កាត់​ការ​រាតត្បាត​របស់​ជំងឺ និង​ទី​៣ ផ្ដល់​ការ​អប់រំ​ដល់​បុគ្គលិក​សុខាភិបាល​កម្ពុជា។

លោក គីតាហារា ថ្លែង​បន្ត​ថា ដើម្បី​សម្រេច​បាន​យុទ្ធសាស្ត្រ​ទាំង​បី​នេះ ចាំបាច់​ត្រូវ​ធានា​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ស្ថិរភាព ដូច​ជា ប្រព័ន្ធ​អគ្គិសនី ការ​ផ្គត់ផ្គង់​ចំណី​អាហារ​ប្រកប​ដោយ​អនាម័យ និង​សុវត្ថិភាព​នៅ​ក្នុង​មន្ទីរពេទ្យ។ ម្យ៉ាង​ទៀត ដើម្បី​ធានា​ឱ្យ​ពលរដ្ឋ​កម្ពុជា ដែល​ខ្វះ​ថវិកា​អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​សុខាភិបាល​មូលដ្ឋាន​នោះ​បាន ចាំបាច់​គឺ​ត្រូវ​បង្កើត​ប្រព័ន្ធ​ធានា​រ៉ាប់រង​មួយ​ដែល​សមស្រប។

ឯកអគ្គរាជទូត​វិសាមញ្ញ និង​សមត្ថភាព​ជប៉ុន ប្រចាំ​កម្ពុជា លោក គូម៉ាម៉ារូ យូជី (Kumamaru Yuji) ថ្លែង​ថា នៅ​ក្នុង​កិច្ច​គាំទ្រ​ចំពោះ​ការ​លើក​ស្ទួយ​វិស័យ​សុខាភិបាល​កម្ពុជា រាជ​រដ្ឋាភិបាល​ជប៉ុន​កន្លង​មក បាន​សាង​សង់​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក ដោយ​ជំនួយ​ឥត​សំណង និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល។ លោក​ថ្លែង​ថា ការ​សាងសង់​មន្ទីរពេទ្យ​ជប៉ុន ថ្មី​នេះ គឺ​ជា​មន្ទីរពេទ្យ​ឯកជន​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន នៅ​កម្ពុជា។

លោក គូម៉ាម៉ារូ យូជី បញ្ជាក់​ថា ការ​បញ្ចុះ​បឋមសិលា​សាងសង់​មន្ទីរពេទ្យ​នេះ គឺ​ជា​សមិទ្ធផល​ដែល​លើក​ឡើង​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា កាល​ពី​ឆ្នាំ​មុន​នេះ។ ពេល​នោះ ស៊ីនហ្សូ អាបេ ចង់​បង់​បង្កើត​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​តាម​បច្ចេកវិទ្យា​ជប៉ុន មួយ​នៅ​កម្ពុជា។ លោក​បន្ត​ថា មន្ទីរ​ពេទ្យ​នេះ​នឹង​មាន​បំពាក់​បរិក្ខារពេទ្យ​ទំនើប​បំផុត​របស់​ជប៉ុន អម​ជា​មួយ​បុគ្គលិក​វេជ្ជសាស្ត្រ​មាន​វិជ្ជាជីវៈ​ខ្ពស់ ដែល​នឹង​ផ្ដល់​សេវា​សុខាភិបាល​ខ្ពស់។

លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សាទរ​ចំពោះ​ការ​សាងសង់​មន្ទីរពេទ្យ​ជប៉ុន ដែល​មាន​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​នេះ។ មន្ទីរពេទ្យ​ទំនើប​ដែល​នឹង​លេច​ចេញ​ជា​រូបរាង​ខាង​មុខ​នេះ នឹង​មាន​បំពាក់​បរិក្ខារ​ផ្នែក​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​សម្រាប់​បម្រើ​ឱ្យ​ការ​ពិនិត្យ​ជំងឺ ការ​វះ​កាត់​ដោយ​ប្រើ​ម៉ាស៊ីន MRI ម៉ាស៊ីន CT Scan សរសៃ​ឈាម (Angiography) ដោយ​ប្រើ​កាំរស្មី​អ៊ិច។

មន្ទីរពេទ្យ​ជប៉ុន​ថ្មី​នេះ មាន​កម្ពស់ ៤​ជាន់ ដែល​ផ្ទៃ​ក្រឡា​ប្រមាណ ៤.៥០០​ម៉ែត្រ​ក្រឡា ឬ​ជិត​កន្លះ​ហិកតារ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ តាម​គម្រោង មន្ទីរ​ពេទ្យ​ជប៉ុន​នេះ នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ។ នៅ​ដំណាក់​ដំបូង​នឹង​មាន​គ្រែ​សម្រាក​ព្យាបាល​ចំនួន ៥០ ហើយ​នៅ​ពេល​បន្ទាប់ក​នឹង​ពង្រីក​ដល់ ២០០​គ្រែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ជប៉ុន​សង់​មន្ទីរពេទ្យ​ទំនើប​នៅ​ភ្នំពេញ"

  1. បរិមី ព្រ:វិហារ says:

    Congratulation and we strongly believe that this investment will greatly contribute and strengthen health sector in Cambodia. We fully support and agree with your three strategic missions and these missions will bring some changes to health sector in Cambodia.

  2. Peou IM PEOU says:

    All Cambodian are very proud for Japan Investment in health field in Cambodia.

    We are not wast expense more money go outside for check health.

  3. Chourn says:

    វាគួរជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរដែលតែងតែប្រើសេវាសុខភាពនៅប្រទេសជិតខាង។ តែយ៉ាងណា​ក៍ដោបើចង់ឲ្យអ្នកល្អៗគេមករកសុីនៅស្រុកខ្មែររដ្ឋាភិបាលខ្មែរត្រូវតែប្តូរនៅវប្បធម៌ប្រើមន្ត្រីរបស់ខ្លួនទៅ ជំរិតទាប្រាក់គេក្រៅផ្លូវការខុសរបៀបនៅពេលដែលគេរកសុីមានបាន។