រដ្ឋសភាបានអនុម័តជំពូកពីរដំបូងនៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលមាន១២ជំពូកកាលពីម្សិលមិញ ខណៈសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិរួមគ្នាជំរុញច្បាប់នេះក្នុងគោលបំណងកាត់បន្ថយអត្រាស្លាប់ដ៏ខ្ពស់នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា។
ដោយមានវត្តមានសមាជិកសភា ១០៩រូបក្នុងចំណោម១២៣រូប ជំពូកទាំងពីរនេះដែលមានបុព្វកថានៃច្បាប់ថ្មី និងមាត្រាទាក់ទងនឹងសញ្ញាចរាចរណ៍នោះ ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រស្ទើរតែឯកច្ឆន្ទ។
នៅក្នុងការពិភាក្សាដេញដោលឈានទៅដល់ការអនុម័ត លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយប្រៀបធៀបការស្លាប់តាមដងផ្លូវទៅនឹងការបាត់បង់ជីវិតដ៏ច្រើននៅក្នុង ‘វាលពិឃាត’ នៃរបបខ្មែរក្រហម។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងស្វាគមន៍យ៉ាងខ្លាំងនូវច្បាប់នេះ ពីព្រោះយើងបានរង់ចាំជាយូរមកហើយ”។ លោកបានមានប្រសាសន៍ថា “ប្រជាជនខ្មែរជាច្រើនបានស្លាប់អំឡុងរបបខ្មែរក្រហម ប៉ុន្តែមានបាតុភូតថ្មីដែលគេអាចហៅថា ‘ផ្លូវថ្នល់ពិឃាត’ ពីព្រោះមនុស្សរាប់ពាន់នាក់ស្លាប់រៀងរាល់ឆ្នាំ និងរាប់ម៉ឺននាក់ទៀតរងរបួស”។
កាលពីដើមឆ្នាំនេះ លោក ហ៊ុន សែន បានថ្លែងសុន្ទរកថានៅពិធីសម្ពោធផ្លូវថ្មីមួយខ្សែក្នុងខេត្តបាត់ដំបងដោយប្រៀបធៀបថា ជាមធ្យមមនុស្សស្លាប់ប្រាំនាក់ក្នុងមួយថ្ងៃនៅតាមដងផ្លូវទៅនឹងរយៈពេលពីរទសវត្សរ៍នៃសង្គ្រាមមុនពេល អំឡុងពេល និងក្រោយពេលរបបខ្មែរក្រហម។
លោកបានមានប្រសាសន៍នៅពេលនោះថា “សូម្បីអំឡុងសង្គ្រោមជាច្រើនឆ្នាំ មនុស្សមិនបានស្លាប់រាល់ថ្ងៃឡើយ ប៉ុន្តែជាមធ្យម មនុស្សជាងប្រាំនាក់ស្លាប់រាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាដោយគ្រោះថ្នាក់ចរាចរណ៍”។
ដោយលោក ហ៊ុន សែន មិនបានចូលរួមប្រជំុសភា កាលពីម្សិលមិញ លោក សម រង្ស៊ី បាននិយាយប្រឆាំងនឹងភាពកើតមានញឹកញាប់នៃអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់រួចផុតពីការផ្តន្ទាទោសដោយការបង់ប្រាក់សំណងដល់ជនរងគ្រោះ ឬក្រុមគ្រួសាររបស់ពួកគេ។
លោក សម រង្ស៊ី បានប្រាប់អង្គសភាថា “ជួនកាលអ្នកបង្កគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សស្លាប់ គ្រាន់តែបង់ប្រាក់១.០០០ដុល្លារ ឬ ២.០០០ដុល្លារ ហើយបន្ទាប់មកមានសេរីភាពធម្មតា។ វាហាក់ដូចជាជីវិតមនុស្សមានតម្លៃត្រឹមតែ១.០០០ដុល្លារ ឬ ២.០០០ដុល្លារតែប៉ុណ្ណោះ ហើយថា ជាទម្លាប់ និងជាវប្បធម៌ដែលយើងមិនអាចទទួលយកបាន”។ លោកបានមានប្រសាសន៍ថា ការផ្តល់សំណងមិនអាចរួចផុតពីករណីព្រហ្មទណ្ឌឡើយ។
លោកបានមានប្រសាសន៍ថា “វាគ្រាន់តែសម្រាលការឈឺចាប់តែប៉ុណ្ណោះ ប៉ុន្តែ មិនអនុញ្ញាតឲ្យអ្នកបង្កគ្រោះថ្នាក់ និងធ្វើឲ្យអ្នកផ្សេងទៀតស្លាប់ ជាពិសេសនៅពេលបង្កឡើងដោយការធ្វេសប្រហែស និងជាតិស្រវឹង និងបើកបរក្នុងល្បឿនលឿន រួចផុតពីការផ្តន្ទាទោស ពីព្រោះពួកគេមានអំណាច និងឥទ្ធិពល។ ពួកគេត្រូវតែទទួលការផ្តន្ទាទោស”។
លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កាលពីឆ្នាំមុន មនុស្ស១.៩៥០នាក់បានស្លាប់ និង ៥.៦៧១នាក់រងរបួសធ្ងន់នៅតាមដងផ្លូវ ជាមធ្យមគឺមនុស្ស៥,៣នាក់ស្លាប់ និង ១៦,៥នាក់រងរបួសធ្ងន់ក្នុងមួយថ្ងៃ ហើយថា នៅឆ្នាំនេះកាន់តែធ្ងន់ធ្ងរទៅទៀត។
លោកបានមានប្រសាសន៍ថា មនុស្ស ១.៧៧២នាក់បានស្លាប់នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជាគិតត្រឹមចុងខែតុលា គឺប្រហែល៥,៩នាក់ក្នុងមួយថ្ងៃ។
លោក ត្រាំ អីុវតឹក បានមានប្រសាសន៍ថា “គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រាក់ច្រើនណាស់ក្នុងមួយឆ្នាំៗ ហើយនេះមិនរាប់បញ្ចូលផលវិបាកក្នុងសង្គមដូចជាក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងអ្នកក្រីក្រជាដើមផង”។
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះបានមានប្រសាសន៍ថា “ច្បាប់ចរាចរណ៍ថ្មីនេះត្រូវបានបង្កើតឡើងដោយឃើញពីមូលហេតុចម្បងនៃការស្លាប់នៅតាមផ្លូវ។ លោកបានមានប្រសាសន៍ថា “មានកត្តាបីដែលបណ្តាលឲ្យមនុស្សជាច្រើនស្លាប់គឺ៖ ទី១ ការបើកបរក្នុងល្បឿនលឿន ទី២ ការបើកបរដោយស្រវឹង និងទី៣ បើកបរដោយមិនពាក់មួកសុវត្ថិភាព”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ក្នុងឆ្នាំ២០១៥ នៅពេលច្បាប់នេះត្រូវបានអនុម័ត យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន១០ភាគរយក្នុងមួយឆ្នាំ ដើម្បីឈានដល់ការកាត់បន្ថយឲ្យបាន៥០ភាគរយត្រឹមឆ្នាំ២០២០”។
រដ្ឋសភានឹងបើកសម័យប្រជុំម្តងទៀតនៅថ្ងៃពុធដើម្បីបោះឆ្នោតអនុម័តជំពូកដែលនៅសល់ទាក់ទងច្បាប់ថ្មីនេះ រួមមានការផាកពិន័យចាប់ពី៨០០.០០០រៀល ដល់ ៤.០០០.០០០រៀល (ប្រហែល២០០ដុល្លារដល់ ១.០០០ដុល្លារ) ចំពោះការបើកបរដោយមានជាតិអាល់កុលក្នុងឈាមលើសការកំណត់ផ្លូវច្បាប់៕សារុន
It’s time to reduce the dead tolls from traffic accidents. Everyone knows but nobody care about accidents. Why? Traffic accidents can be reduced if every road users pay more attention to the traffic rules and regulation.
អ្នកបង្ករ គ្រោះថ្នាក់ ចរាចរ ធ្ងន់ធ្ងរ អោយតែមាន ខ្នងក្រាស់ ច្រើនតែ រួួចខ្លួន !
ទោះជាមានច្បាប់ ក៏ដោយ , នេះជាមូលហេតុ ធំ ដែលត្រូវ ពិចារណា តើត្រូវ កំចាត់ របៀបណា !
ត្រូវ អនុវត្តន៍ ច្បាប់ ទាំងអស់គ្នា បើមិនដូច្នេះទេ គ្រោះថ្នាក់ នៅតែ មាន ឬ កើនឡើងទៀត ផង !
ច្រាប់មានសំរាប់អនុវត្ត ប៉ុន្តែត្រូវអនុវត្តមន្រ្តី អ្នកមានលុយសិន ទើបប្រសើរ ពីព្រោះកន្លងមកចាប់បានតែប្រជារាស្រ្តធម្មតា ចំណែកអ្នកមានលុយno