លោកស្រី មូរ សុខហួរ ស្នើ​​​សុំ​តុលាការ​​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​

ដោយ៖​ ទូច សុខា​
ថ្ងៃពុធ ទី17 ធ្នូ 2014
http://vodhotnews.com

លោកស្រី មូរ សុខហួរ និង​ស្រ្តី​តំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត ពេល​ទៅសួរ​សុខទុក្ខអ្នកជាប់​ឃុំឃាំងទាំង១៧នាក់នៅពន្ធនាគារព្រៃស កាលពី​ពាក់​កណ្ដាល​ខែវិច្ឆិកា (រូបថត៖ ញឹម​ សុខន)

លោកស្រី មូរ សុខហួរ និង​ស្រ្តី​តំណាងរាស្ត្របក្សប្រឆាំងផ្សេងទៀត ពេល​ទៅសួរ​សុខទុក្ខអ្នកជាប់​ឃុំឃាំងទាំង១៧នាក់នៅពន្ធនាគារព្រៃស កាលពី​ពាក់​កណ្ដាល​ខែវិច្ឆិកា (រូបថត៖ ញឹម​ សុខន)

តំណា​ង​រាស្រ្ត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោកស្រី មូរ សុខ​ហួរ បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​ដំបូងរាជធានី​ភ្នំពេញកាល​ពី​ម្សិលមិញ ដើម្បី​​សុំ​ចូល​​សួរ​សុខ​ទុក្ខ​​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​នៅ​ពន្ធនាគារ​​ព្រៃ​ស ។

នៅក្នុង​លិខិត​ចុះ​​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ផ្ញើ​ជូនលោក កែវ មុនី ​ចៅ​ក្រម​សាកសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោកស្រី​ មូរ សុ​ខហួរ និង​សហការី​៥​រូប​​ស្នើសុំចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​​ ​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ វេលា​ម៉ោង​២:៣០នាទីរសៀល ។​

ក្នុង​លិខិត​នោះ​បញ្ជាក់​ថា លោក​ស្រី​មាន​គម្រោង​ជួប​អ្នក​ស្រី ទេព វន្នី អ្នក​ស្រី​ ផាន់ ឈុនរ៉េត អ្នកស្រី តង់ ចន្ថា កញ្ញា សុង ស្រី​លាភ អ្នកស្រី បូ ឆវី អ្នក​ស្រី ង៉ែត ឃុន  អ្នក​ស្រី នង ស្រេង អ្នក​ស្រី អ៊ឹម ស្រី​ទូច អ្នក​ស្រី ភួង សុភាព និង​អ្នក​ស្រី​ ភួង​ ពេជ្រ នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី២ (ម២) នៅ​វេលាម៉ោង​២:៣០ នាទី​​រសៀល ។ ដោយ​ឡែ​ក​នៅ​ម៉ោង៣:៣០​នាទី លោក​ស្រី​ មាន​គម្រោង​ជួប​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន និង​លោក អ៊ុក​ ពេជ្រ​សំណាង ព្រម​ទាំង​​ព្រះ​សង្ឃ​៣​អង្គ ព្រះ​នាម សឺន ហាយ ឃិន វណ្ណៈ និង​ សាង កុសល នៅ​មណ្ឌល​អប់​រំ​កែ​ប្រែទី១ (ម១) ។

នៅថ្ងៃទី១៧ ខែធ្នូនេះ ក្រុម​គ្រូ​ពេទ្យ​របស់​អង្គការ​លីកាដូ​ដែល​បាន​ចូល​ទៅ​ពិនិត្យស្ថានភាពសុខភាពស្ត្រីជាប់ឃុំទាំងនោះ ​​បានឲ្យ​​ដឹង​ថា ​ស្រ្តីសកម្មជនដីធ្លី២នាក់គឺ កញ្ញា អ៊ីម ស្រីទូច និងអ្នកស្រីភួង សុភាព កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព បន្ទាប់ពីពួកគេធ្វើកូដកម្មបង្អត់អាហារនៅពន្ធនាគារព្រៃសអស់​ជាច្រើនថ្ងៃ ដើម្បី​ទាមទារ​ឲ្យដោះលែង​ពួកគេ​ឲ្យមាន​សេរីភាព​វិញ ។ ចំណែកអ្នកស្រី ផាន់ ឈុនរ៉េត ដែលមិនចូលរួមបង្អត់អាហារ ក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរដែរ​ ដោយចង្វាក់បេះដូងគាត់ចុះខ្សោយមកដល់កម្រិត២១ ។

គួរ​បញ្ជាក់​ដែរថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា កន្លង​ទៅលោកស្រី មូរ សុខហួរ និង​ស្ត្រី​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​នាក់​៥ផ្សេង​ទៀត​បាន​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ឃាំង​នៅពន្ធនាគារព្រៃ​សម្ដង​ហើយ ។

កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់​នៅ​សហគមន៍​បឹងកក់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញ​ពី​ភូមិ ។ ចំណែកឯ​ស្ត្រី​៣​នាក់ និង​ព្រះសង្ឃ​១​អង្គផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ពួកគាត់​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យមាន​ការដោះលែង​សកម្មជន​ដីធ្លី​៧​នាក់​ខាងលើ ។ ស្ត្រី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​១ អង្គ​ខាងលើ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​កាត់ទោស​ភ្លាមៗ​នៅ​ថ្ងៃ​ បន្ទាប់​ពី​ការចាប់ខ្លួន និង​បាន​ផ្តន្ទាទោស​ឲ្យ​ពួក​គាត់​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់​២​លាន​រៀល ។

បន្ទាប់ពីមានការឃុំខ្លួន សកម្មជនដីធ្លី កូនៗអ្នករងគ្រោះ និងព្រះសង្ឃ បាន​សម្រេចទៅពន្ធនាគារព្រៃស រៀងរាល់ថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យមានការដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពឡើងវិញ ៕ ​

សូមសរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "លោកស្រី មូរ សុខហួរ ស្នើ​​​សុំ​តុលាការ​​ចូល​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​"

  1. Hun Nal says:

    សូមលោក យមរាជ កត់ឈ្មោះ ទេវទត្ត ភ្នែកទោល ចូលក្នុងបញ្ជីខ្មៅ ផងព្រោះវាសាងបាបច្រើនណាស់…!
    អ្នកត្រូវគេរំលោភសិទ្ធិ ពិបាករស់នៅ ដោយបូមខ្សាច់ ពន្លិចផ្ទះ ពេលភ្លៀងលិចផ្ទះ រស់ក្នុងទឹកស្អុយ ដល់គ្នាតវ៉ា ចាប់ដាក់គុក…!
    នេះឬ យុត្តិធ៍មសង្គមរបស់អាទេវទត្ត?