​វិភាគ​៖ តើ​បណ្ដឹង​របស់​មេធាវី​អន្តរជាតិ​ប្ដឹង​មេដឹកនាំ​កម្ពុជា​ទៅ ICC មាន​ប្រសិទ្ធភាព​កម្រិតណា​?​

ដោយ៖​ ណុល ដារ៉ា​
ថ្ងៃចន្ទ ទី22 ធ្នូ 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទីស្នាក់ការកណ្តាល​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ នៅទីក្រុង​ឡាអេ ប្រទេសហូឡង់ (រូបថតពី៖ Wikipedia)

​ក្នុង​ឆ្នាំ​២០១៤​នេះ​ព័ត៌មាន​ពី​ការប្ដឹង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ បាន​លេចឮ​ជា​បន្តបន្ទាប់ ។​

​ថ្មីៗ​នេះ​មាន​លេចឮ​ព័ត៌មាន​បន្ថែម​ថា មេធាវី​អន្តរជាតិ រី​ឆាត រ៉ូ​ជ្ជឺ (Richard Rogers) ដែល​ជា​អតីត​ប្រធាន​អង្គភាព​គាំពារ​ការពារ​ក្ដី​នៃ​តុលាការ​ខ្មែរក្រហម និង​ជា​មេធាវី​អន្តរជាតិ​ម្នាក់ ក្នុងចំណោម​មេធាវី​អន្តរជាតិ​២​នាក់ ដែល​ធ្លាប់​ប្ដឹង​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​ទៅ ICC នោះ​បាន​កៀងគរ​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ចំនួន​៤០ ដើម្បី​គាំទ្រ​បណ្ដឹង​របស់​គាត់ ។ 

​ព័ត៌មាន​បន្ថែម​ថា ពេលនេះ​គាត់​កំពុង​បន្ត​ស្វែង​ភស្តុតាង​បន្ថែម និង​បន្ត​បញ្ចុះបញ្ចូល​សភា និង​រដ្ឋាភិបាល​អឺរ៉ុប ក៏ដូចជា​សហគមន៍​អន្តរជាតិ​រួមជាមួយ​នឹង​អ្នកជំនាញការ​ខាងច្បាប់​នានា នៅ​ជុំវិញ​ពិភពលោក ទាក់ទាញ​ឲ្យមាន​ការគាំទ្រ​ចំពោះ​ពាក្យបណ្តឹ​ង​នោះ ដើម្បី​ជំរុញ​ឲ្យ ICC ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា ។​

​តាម​ព័ត៌មាន​កន្លងមក​នោះ​ឲ្យដឹងថា បណ្ដឹង​ដែល​មេធាវី​រូប​នោះ​ប្ដឹង​មានដូចជា ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ ការរំលោភ​យក​ដីធ្លី​ជា​ទូទៅ​និង​ជា​ប្រព័ន្ធ ការសម្លាប់ និង​ការ​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ ការ​ធ្វើទុក្ខបុកម្នេញ និង​អំពើ​អមនុស្សធម៌​ដទៃទៀត ហើយ​បណ្ដឹង​នេះ​ទៀតសោត គឺ​ជំនួសមុខ​ឲ្យ​ពលរដ្ឋ​កម្ពុជា​៧៧០ ០០០នាក់ ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី និង​ដោយសារ​ការបណ្ដេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។​

​ចំណែក​មន្ត្រី​រដ្ឋាភិបាល​វិញ​ធ្លាប់​ច្រាន​ចោល​ការអះអាង​នោះ ដោយ​ចាត់ទុកថា​ការព្យាយាម​ប្តឹង​រដ្ឋាភិបាល​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ ជា​រឿង​គួ​ឲ្យអស់​សំណើច ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា ។​

​តើ​បណ្ដឹង​របស់​លោក រី​ឆាត រ៉ូ​ជ្ជឺ ប្ដឹង​មេដឹកនាំ​កម្ពុជា​ទៅ ICC មាន​ប្រសិទ្ធភាព​កម្រិតណា​?

​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា មានប្រសាសន៍ថា រឿង​ព្រហ្មទណ្ឌ គឺ​អាស្រ័យ​ទៅលើ​ការបង្ហាញ​ភស្តុតាង ថា​តើ​អ្នក​ដាក់​ពាក្យបណ្ដឹង បាន​ផ្សារភ្ជាប់​អង្គ​ហេតុ​ដែល​ប្ដឹង​នោះ ទៅ​នឹង​បទល្មើស​ដែល​មានចែង​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឬ​ទេ ។ លោក​ថា យ៉ាងហោចណាស់​ក៏​តុលាការ​នោះ​ត្រូវ​ទទួលយក​ពាក្យបណ្ដឹង​នោះដែរ ដើម្បី​យក​ទៅ​ពិនិត្យ តែ​ត្រង់​ថា​តុលាការ​ចោទប្រកាន់ ឬ​មិន​ចោទប្រកាន់ វា​ជា​រឿង​ដែល​មិនទាន់​អាច​សន្និដ្ឋានបាន ។ លោក​ថា «​ចំពោះ​ការកៀងគរ​មនុស្ស អង្គការ​ផ្សេងៗ​ឲ្យ​គាំទ្រ​ពាក្យបណ្តឹង​ហ្នឹង ខ្ញុំ​គិតថា វា​ជា​ធម្មតា​ទេ អ្នកប្តឹង​តែងតែ​ចង់​បាន​ធ្វើ​ម៉េច​ឲ្យមាន​ការចោទប្រកាន់ ក៏ប៉ុន្តែ​ត្រង់​ថា​ការចោទប្រកាន់​នេះ​មាន​មូលដ្ឋាន​យ៉ាងម៉េចៗ វា​អាស្រ័យ​ទៅលើ​តុលាការ​ជា​អ្នក​ធ្វើ​ការវិនិច្ឆ័យ​» ។​

​មេធាវី​ការពារ​ក្ដី​នៅ​តុលាការ​ខ្មែរក្រហម លោក គង់ សំអុន មានប្រសាសន៍ថា ដំណាក់កាល​ធំ​ដំបូង គឺ​ថា​តើ​លោក​រ៉ូ​ជ្ជឺ​មានលទ្ធភាព​ឲ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ ICC ទទួលយក​ពាក្យបណ្ដឹង​របស់​គាត់​ដែរ​ឬទេ ។ លោក​បន្តថា​នៅ​ដំណាក់កាល​បន្ទាប់ បើ​រដ្ឋអាជ្ញា​យល់ព្រម​ថា​ត្រូវ​ស៊ើបអង្កេត​ទៅលើ​សំណុំរឿង​នោះ នោះ​ទើប​គេ​រៀបចំ​ពាក្យបណ្ដឹង​ចោទប្រកាន់​ជា​ផ្លូវការ ។ 

​លោក រី​ឆាត រ៉ូ​ជ្ជឺ ធ្លាប់​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ថា លោក​ជឿថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នឹង​ពិនិត្យ​ពាក្យបណ្ដឹង​របស់​គាត់​ជាបឋម ។ ហើយ​លោក​បាន​ទាញ​និយមន័យ​នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ថា វា​មិន​តម្រូវឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​ឡើយ ។ 

លោក​បណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា លោក​រ៉ូ​ជ្ជឺ​មាន​ការប្រឹងប្រែង​ខ្លាំង​ក្នុង​ការប្រមូល​ឯកសារ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ទៅ ICC ហើយ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ និង​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ផងដែរ ។ លោក​បន្តថា ការប្ដឹង​នេះ​ជា​ដំណើរការ​មួយ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​កម្ពុជា ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​ក៏​ស្ថិតនៅក្នុង​អធិបតេយ្យភាព​របស់​ខ្លួន​ដែរ ។ លោក​ថា «​ខ្ញុំ​សង្កេតឃើញថា មេដឹកនាំ​កម្ពុជា ស្ថិត​ក្នុង​រង្វង់​នៃ​បូរណភាព​ដែនដី​របស់​ខ្លួន អ៊ីចឹង​ប្រសិទ្ធភាព នៃ​ការដាក់​ពាក្យបណ្តឹង មិនមែន​សុទ្ធតែ​អាច​ចោទប្រកាន់​បានទេ ហើយ​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​តាម​មើល​ថា​តើ​ពាក្យបណ្តឹង​នោះ​គ្រប់គ្រាន់​ឬ​នៅ ហើយ​តុលាការ ICC ហ្នឹង​ប្រាកដ​ជា​ទទួលយកបាន​ពាក្យបណ្តឹង​ហ្នឹង​ឬ​អត់ ហើយ​ដែល​មានកា​រសើប​សង្កេត នៅ​មាន​ការចាត់វិធានកា​រ​អី​ផ្សេងទៀត ។ អ៊ីចឹង​ខ្ញុំ​គិតថា គួរ​រង់ចាំ​មើល​ដំណើរការ​នេះ​ទាំងអស់គ្នា​» ។​

​កាលពី​ឆ្នាំ​២០០២​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ។ តាមរយៈ​សន្ធិសញ្ញា​នេះ តុលាការ ICC អាច​នឹង​ចាត់កា​រលើ​មេដឹកនាំ​កម្ពុជា​បាន បើសិនជា​រដ្ឋអាជ្ញា​រក​ឃើញថា ពិតជា​មាន​កំហុស​ដូច​ការចោទប្រកាន់ និង​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​របស់ ICC​។​

​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឫស្សីកែវ អស់​ជាង​៤០​ខ្នង ។ ក្រោយ​ព្រឹត្តិការណ៍​នេះ ប្រជាពលរដ្ឋ​សម្ដែង​ការសង្ស័យថា អាជ្ញាធរ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​ដុត​ផ្ទះ​ពួកគាត់ ព្រោះ​ពួកគាត់​មិន​ព្រម​រុះរើ​លំនៅដ្ឋាន តាម​សេចក្ដីជូនដំណឹង​របស់​អភិបាល​ខណ្ឌ​នេះ ចុះ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ២០១៤ ដែល​តម្រូវ​ឲ្យ​ពួកគាត់​រុះរើ​លំនៅដ្ឋាន​ឲ្យអស់​ក្នុងរយៈពេល​១៥ ថ្ងៃ ក្រោយ​ថ្ងៃ​ជូនដំណឹង ។​

ទោះ​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២២ ខែ​ធ្នូ អភិបាលរងខណ្ឌ​ឫស្ស​កែវ លោក កូប ស្លេះ បាន​បដិសេធ​ការចោទប្រកាន់​របស់​ព​ល​ដ្ឋ​ទាំងនោះ ដោយ​ថា​អាជ្ញាធរ​មិន​ទៅ​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់​នោះ​ទេ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ អាជ្ញាធរ​នៅ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​នៅឡើយ​ទេ ។ 

​ទាក់ទង​នឹង​បណ្ដឹង​របស់​លោក រី​ឆាត រ៉ូ​ជ្ជឺ ទៅ​តុលាការ​អន្តរជាតិ​នេះ​លោក ហង្ស ពុទ្ធា យល់ថា ទោះបីជា​តុលាការ​មិន​ចាត់ការ​តាម​ពាក្យបណ្ដឹង​របស់​មេធាវី​អន្តរជាតិ​នោះ​ក៏ដោយ ក៏​វា​ជាការ​ពញ្ញាក់​ស្មារតី​ដល់​មេដឹកនាំ​ទាំងអស់​ក្នុង​លោក ឲ្យ​គិត​ពិចារណា​ឡើងវិញ​ពី​របៀបរបប​នឹក​នាំ​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​បាន​រស់​ដោយ​សុខ​សប្បាយ ស្រប​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ៕

សូមសរសេរមកលោក ណុល ដារ៉ា​ តាមរយៈ dara@vodhotnews.com

What Next?

Recent Articles