សុខភាព​មិន​បរិបូរណ៍​គឺជា​មូលហេតុ​មេជីវិត​ខ្សោយ

រូប​តំណាង​ស្ដីពី​បុរស​មាន​បញ្ហា​ចំពោះ​សុខភាព​ដែល​បង្ក​មេជីវិត​ចុះ​ខ្សោយ។

រូប​តំណាង​ស្ដីពី​បុរស​មាន​បញ្ហា​ចំពោះ​សុខភាព​ដែល​បង្ក​មេជីវិត​ចុះ​ខ្សោយ។ រូបថត សហ​ការី



ភ្នំពេញប៉ុស្តិ៍

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ព្រឹត្តិបត្រ Fertility និង Sterility បាន​បង្ហាញ​ថា បញ្ហា​សុខភាព​ទូទៅ​របស់​បុរស​មាន​ការ​ពាក់​ព័ន្ធ​នឹង​កត្តា​គុណភាព​នៃ​មេ​ជីវិត ឬ​ទឹក​កាម។ ចំពោះ​បញ្ហា​ចុះ​ខ្សោយ​មេ​ជីវិត​នេះ ក្រុម​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា វា​អាច​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​អាការ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កម្រិត​ជាតិ​អ័រម៉ូន​ខុស​ប្លែក​ពី​ធម្មតា។

ការសិក្សា​កន្លង​មក បាន​ភ្ជាប់​បញ្ហា​គុណភាព​ទឹកកាម​ទៅនឹង​ហានិភ័យ​ចំពោះ​សុខភាព ដូចជា ជំងឺ​លើស​ឈាម ជំងឺ​សើ​ស្បែក និង​បញ្ហា​នៃ​ការ​ចុះ​ខ្សោយ​អ័រម៉ូន។

ក្រុម​វេជ្ជបណ្ឌិត បាន​បន្ត​ថា បុរស​ដែលមាន​វ័យ​ចាប់ពី ៣០ ឆ្នាំ​ទៅ​អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​ការ​ចុះ​ខ្សោយ​មេ​ជីវិត ឬ​ងាប់​មេ​ជីវិត ដោយ​សារ​តែ​ពួកគេ​មាន​ជំងឺ​បេះដូង។

លោក​សាស្ត្រាចារ្យ ម៉ៃឃែល អ៊ីសិនប៊ើក មក​ពី​សាកល​វិទ្យាល័យ​សុខាភិបាល​ស្តេនហ្វដ និយាយ​ថា៖ «អត្រា​ប្រមាណ ១៥ ភាគរយ​នៃ​ជីវិត​ប្តី​ប្រពន្ធ​ដែលមាន​បញ្ហា​ពិបាក​មាន​កូន​នោះ មាន​អត្រា​ពាក់​កណ្តាល​បណ្តាល​មក​ពី​ទឹក​កាម​បុរស​ចុះ​ខ្សោយ។ យើង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​បញ្ហា​សុខភាព​បុរស​រាប់លាន​នាក់​ដែល​មាន​បញ្ហា​ចុះខ្សោយ​មេ​ជីវិត​នេះ​ផងដែរ»។

ម៉ៃឃែល អ៊ីសិនប៊ើក បន្ត​ថា៖ «ប៉ុន្ដែ​ពេល​នេះ យើង​បាន​បញ្ជាក់ថា បុរស​មាន​វ័យ​ចាប់ពី ៣០ ឆ្នាំ​ឡើង​នឹង​ប្រឈម​បញ្ហា​នេះ»។

ក្រៅ​ពី​នេះ គេ​បាន​រក​ឃើញ​ថា បញ្ហា​មេ​ជីវិត​ចុះ​ខ្សោយ​របស់​បុរស​នេះ​គួរ​ពិនិត្យ​លើ​រាងកាយ​ពួកគេ​តាម​រយៈ​រោគសញ្ញា​នៃ​សុខភាព​មួយ​ចំនួន​ដែរ។

ការ​សិក្សា​ថ្មី​នេះ បាន​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​បុរស​ប្រមាណ ៩ ៣៧៨ នាក់ មាន​វ័យ​ចន្លោះ​ចាប់ពី ៣០ ទៅ ៥០ ឆ្នាំ ក្រោម​ប្រធានបទ​ស្រាវជ្រាវ​កម្រិត​ចុះ​ខ្សោយ​មេ​ជីវិត​បុរស។

បុរស​ទាំងនោះ​តែងតែ​ផ្ដល់​ទឹកកាម​គំរូ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិនិច្ឆ័យ​លើ​អាកប្ប​កិរិយា រួមទាំង សំឡេង ការ​ផ្ចង់​អារម្មណ៍ និង​សញ្ញាណ​ដែល​ទឹក​កាម​របស់​ពួកគេ​មាន​សមត្ថភាព​អាច​បន្លាស់​ទី​ដោយ​សេរី និង​រហ័ស​រហួន។

៤៤ ភាគរយ​នៃ​បុរស​ទាំងអស់ ដែលមាន​អាយុ ៣៨ ឆ្នាំ​ជា​មធ្យម បាន​ជួប​បញ្ហា​ផ្នែក​សុខភាព​ក្រៅពី​អសមត្ថភាព​បន្ដ​ពូជ​ដែល​ត្រូវការ​ការ​ព្យាបាល។

បញ្ហា​ចម្បង វា​កើត​ពី​ជំងឺ​មួយ​ចំនួន​ចំពោះ​បុរស​មាន​ទឹក​កាម​ខ្សោយ ដូចជា ការ​ឡើង​សម្ពាធ​ឈាម ស្ទះ​សរសៃ​ក្នុង​ឈាម​បេះដូង និង​ជំងឺ​បេះដូង​ជាដើម។

សាស្ត្រាចារ្យ ម៉ៃឃែល បាន​ព្រមាន​ថា៖ «មាន​បុរស​ច្រើន​ណាស់​ដែល​កើត​ជំងឺ​សម្ពាធ​ឈាម ឬ​លើសឈាម​នោះ។ ដូច្នេះ​ត្រូវ​គិត​លើ​ចំណុច​មួយ​នេះ​ឲ្យ​មែន​ទែន ពីព្រោះ​វា​បង្ក​ឲ្យ​មេ​ជីវិត​ចុះ​ខ្សោយ»។

ប៉ុន្តែ​លោក វេជ្ជណ្ឌិត ក៏បាន​បញ្ជាក់​ដែរ​ថា អត្រា​ចំនួន ១៥ ភាគរយ​បណ្តាល​ពី​កត្តា​ហ្សែន ដែល​វា​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការបង្កើត​ទឹកកាម​នោះ ព្រោះ​វា​មាន​តួនាទី​សំខាន់​ពាក់ព័ន្ធ​ផ្ទាល់​នឹង​រាងកាយ។

ម៉ៃឃែល អ៊ីសិនប៊ើក បន្ថែម​ថា៖ «បុរស​មាន​សុខភាព​ល្អ កម្រិត​មេ​ជីវិត ឬ​ទឹកកាម​របស់​ពួកគេ​ក៏​ល្អ។ ដើម្បី​ឲ្យ​ទឹក​កាម​នោះ​មាន​គុណភាព​ល្អ បុរសៗ​ក៏​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​បាន​មាំមួន​ល្អ​ដែរ។ ពេល​យើង​ព្យាបាល​បញ្ហា​គ្មាន​កូន​របស់​បុរស ដំបូង​យើង​ក៏ត្រូវ​ការ​ធ្វើ​តេស្ត​សុខភាព​ពួកគេ​ជា​មុន​សិន​ផង​ដែរ»។

ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​មាន​ន័យ​ថា យើង​មាន​ឱកាស​ច្រើន​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ចំពោះ​ស្ថានភាព​ទូទៅ​នៃ​រាងកាយ​នូវ​អ្វីដែល​យើង​ធ្លាប់​បាន​សង្ស័យ​កន្លង​មក៕


What Next?

Recent Articles