អាជ្ញាធរ​អប្សរា​ចោទ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង «បំផ្លើស​ព័ត៌មាន»


ភ្នំពេញប៉ុស្តិ៍

អាជ្ញាធរ​អប្សរា​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​នៅ​ថ្ងៃ​នេះ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​សុន​ឆ័យ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​អប្សរា លើ​ចំណូល​ចំណាយ​ក្នុង​ពេល​កន្លង​មក ថា​ជា​ការ​ចោទប្រកាន់ បំភ្លៃ និង​បំផ្លើស គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ដែល​ផ្ទុយ​ពី​ការ​ពិត។

​ក្នុង​សេចក្តីបំភ្លឺ អាជ្ញាធរ​ជាតិ​អប្សរា បាន​បំភ្លឺ​ចំនួន ៤ ចំណុច តប​នឹង​ការលើកឡើង​របស់លោក សុន​ឆ័យ រួមមាន​៖

១- ​អំពី​ប្រាក់ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​៖ លោក​សុន​ឆ័យ បាន​លើកឡើងថា ចំណូល​បាន​មក​ពី​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន ១៥០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ដោយ​គាត់​គិត​លើ​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​មក​ប្រទេស​កម្ពុជា សរុប​មាន​ចំនួន ៥ លាន​នាក់ នៅ​ឆ្នាំ​២០១៤ មិនមែន​លើ​ចំនួន​ភ្ញៀវ​បរទេស ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នោះទេ ហើយ​ចាត់ទុកថា ចំនួន​នេះ គឺជា​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ទាំងអស់​។​

អាជ្ញាធរ​ជាតិ​ អប្សរា បានប្រកាស​បដិសេធ​នូ​វ​ការលើកឡើង ដែល​អាជ្ញាធរ​ចាត់ទុកថា ជាការ​លើកឡើង​ដ៏​ខុសឆ្គង​របស់លោក​សុន​ឆ័យ ហើយ​សូម​ជម្រាបជូន​អំពី​ការពិត គឺ​តួលេខ ដែល​ប៉ាន់ប្រមាណ​ដោយ​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ភ្ញៀវទេសចរ​បរទេស​សរុប ដែល​មក​ប្រទេស​កម្ពុជា មាន​ប្រមាណ​តែ ៤,៥ លាន​នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៤​។ ចំណែកឯ​ភ្ញៀវទេសចរ​បរទេស ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​រយៈពេល ១០ ខែ ឆ្នាំ​២០១៤​នេះ គឺមាន​ចំនួន​តែ ១.៦៤៣.៦៥៧ នាក់​ប៉ុណ្ណោះ ហើយ​ចំណូល​បានមកពី​ការលក់​ប័ណ្ណ​រយៈពេល ១០ ខែ ខាងលើ មាន​ចំនួន ៤៧.៣៨៧.៥០០ ដុល្លារ​អាមេរិក​។ តួលេខ​នេះ គឺជា​តួលេខ​ជាក់ស្តែង និង​មានការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​ចំណាយ​របស់​ជាតិ​ទាំងមូល​។​

២-​អំពី​ ចំណូល​បានមកពី​ការជួល​ដី​ក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្នុងនោះ ជួល​ឲ្យ​ក្រុមហ៊ុន​សុខាអូតែល មាន​ទំហំ ២៣ ហិកតា ដែលមាន​តម្លៃ​ជួល​សរុប ចំនួន ៩.៦៦០.០០០ ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ​លោក សុន ឆ័យ បាន​យក​តួលេខ​តម្លៃ​ជួល​សរុប​ខាងលើ​ថា ជា​តម្លៃ​ជួល​ដី​ប្រចាំឆ្នាំ ហើយ​យក​តម្លៃ​ដដែល​នេះ គុណ​នឹង​ចំនួន​ឆ្នាំ​នៃ​រយៈពេល​សរុប​របស់​កិច្ចសន្យា ហើយ​បាន​ចោទប្រកាន់ថា ធ្វើ​ឲ្យ​បាត់បង់​ថវិកា ចំនួន​ប្រហែល ៤០០ លាន​ដុល្លារ​អាមេរិក ពី​ការជួល​ដី​នេះ​ទៅវិញ​។​

៣-​អំពី​ការស្នើសុំ​ផ្តល់​ឯកសារ​៖ នៅក្នុងពេល​ជួបពិភាក្សា​ស្វែងយល់​នោះ អាជ្ញាធរ​ជាតិ​អប្សរា បានផ្តល់​ជូន​ឯកសារ​មួយចំនួន​បន្ថែម​ពីលើ​ការធ្វើ​បទ​បង្ហាញ ដែលមាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​រួចហើយ​។ ក៏ប៉ុន្តែ​លោក សុន​ឆ័យ នៅតែ​ទទូច​ទាមទារ​ឯកសារ​បន្ថែម​ទៀត​តាមចិត្ត ដែល​គាត់​ចង់បាន​។​

​ សេចក្តីបំភ្លឺ​ដដែល បង្ហាញថា ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា គឺជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមាន​ក្រសួង​អាណាព្យាបាល​ច្បាស់លាស់ កំណត់ដោយ​ច្បាប់​នោះ អាជ្ញាធរ​ជាតិ​អប្សរា​យល់ឃើញថា ប្រសិនបើ​លោក សុន ឆ័យ ឬក៏​គណៈកម្មការ​ជំនាញ​រប​ស់​រដ្ឋសភា​ណាមួយ ចង់បាន​ឯកសារ​ផ្លូវការ​របស់​អង្គភាព ឬ​អាជ្ញាធរ​ណាមួយ ដែល​ចំណុះ​ឲ្យ​រាជរដ្ឋាភិបាល​នោះ គេ​គួរ​ត្រូវអនុវត្ត​ទៅតាម​នីតិវិធី ដោយ​ស្នើសុំ​ទៅ​ក្រសួង​អាណាព្យាបាល​របស់​អង្គភាព ឬ​អាជ្ញាធរ​នោះ ពីព្រោះ​អង្គភាព ឬ​អាជ្ញាធរ​នោះ មានការ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ចំពោះ​មុខក្រសួង​អាណាព្យាបាល និង​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ មិនមែន​ទទួលខុសត្រូវ​ចំពោះមុខ​រដ្ឋសភា​ឡើយ​។​

៤-​រាល់​ការលើកឡើង​ ទាំងអស់​ខាងលើ​របស់លោក សុន ឆ័យ ក៏​ត្រូវបាន​ទាត់ចោល​ទាំងស្រុង​រួចហើយ​ដែរ ពី​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ដែលជា​ប្រធាន​គណៈប្រតិភូ កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤​។​

​ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា “​អ្វីដែល​លោក​សុន​ឆ័យ បាន​ថ្លែង​បំភាន់​ប្រាប់​សាធារណ​ជនជាតិ និង​អន្តរជាតិ ចោទប្រកាន់​អាជ្ញាធរ​ជាតិ​អប្សរា ថា​លាក់បាំង​ព័ត៌មាន ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ តាមរយៈ​ការប្រមូល​ចំណូល​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ និង​ការជួល​ដី​ក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍ គឺ​គ្រាន់តែ​ជាការ​និយាយ​បំផ្លើស បំភ្លៃ មួលបង្កាច់ និង​បំភាន់​សាធារណ​ជនជាតិ និង​អន្តរជាតិ ឲ្យ​មានការ​ភាន់ច្រឡំ មកលើ​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​រាជរដ្ឋាភិបាល និង​យក​គំនុំ​ផ្ទាល់ខ្លួន​មក​ធ្វើការ​សងសឹក ក្នុង​គោលដៅ​កេងចំណេញ​នយោបាយ ដើម្បី​បម្រើ​គណបក្ស​របស់ខ្លួន​តែប៉ុណ្ណោះ”៕


What Next?

Recent Articles

3 Responses to "អាជ្ញាធរ​អប្សរា​ចោទ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង «បំផ្លើស​ព័ត៌មាន»"

  1. Perk says:

    អ្នកណាក៏ដឹងថាមន្រ្តីទាំងអស់នៅស្រុកខ្មែរសុទ្ធតែពុករលួយ និងគ្មានទទួលខុសលើកំហុសនោះទេ គ្មានគិតពីប្រយោជន៍រាស្រ្ត ខ្វល់តែបក្សតែប៉ុណ្ណោះ

  2. រាសី says:

    ចោទគេថាបំភ្លើស ចុះហេតុអ្វី មិនព្រមប្រគល់ឯកសារដែលពាក់ព័ន្ធទាំងអស់ដោយបើកចំហរ ពួកអាថោកទាប

  3. ខ្ញុំមិនខ្វល់ថាអ្នកណាខុសឬត្រូវទេ​តែឥរិយាបថការងារលាក់លាមរបស់មន្រ្តីខ្មែរ ជួនបង្ហាញក្បាលលាក់កន្ទុយ ជួនបង្ហាញកន្ទុយលាក់ក្បាល ទើបធ្វើឲ្យមិនមានការទុកចិត្តគ្នា និងនាំឲ្យមានអត្រាពុករលួយនៅតែខ្ពស់ក្នុងតំបន់ និងពិភពលោក។ បើអ្នកស្អាតស្អំ ស្រលាញ់ជាតិ បម្រើជាតិពិតប្រាកដ កុំបាច់លាក់លាម (បង្ហាញតម្លាភាពមក)។ ពួកខ្ញុំជារាស្រ្តចាញ់បោកពួកអ្នកនយោបាយអស់លោកឆ្អែតហើយ!