ក្បួន​ធម្មយាត្រា​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ខ្មែរ​ទៅ​ពុទ្ធភូមិ​នៅ​ឥណ្ឌា និង ​នេប៉ាល់

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​៣៨៤​រូប​ក្នុង​ដំណើរ​ធម្មយាត្រា​ទៅកាន់​ប្រទេស​ឥណ្ឌា និង​នេប៉ាល់​។

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​៣៨៤​រូប​ក្នុង​ដំណើរ​ធម្មយាត្រា​ទៅកាន់​ប្រទេស​ឥណ្ឌា និង​នេប៉ាល់​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ដំណើរ​ធម្មយាត្រា​ទស្សនា​ដែនដី​ពុទ្ធភូមិ​រយៈពេល​មួយ​ខែ​របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ មាន​ចំនួន​សរុប​៣៨៤​រូប ក្រោម​ដំណើរ​ចូលរួម ដោយ​លោកគ្រូ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស និង​មគ្គុទ្ទេសក៍​ដោយ​ព្រះតេជគុណ ឈាង ឆយ និង​ក្រុម​ការងារ បាន​មក​ដល់​មាតុប្រទេស​វិញ​ហើយ កាលពី​ខែ​មុន​នេះ​។

ធម្មយាត្រា​នេះ​មាន​ព្រះសង្ឃ​៨២​អង្គ ឧបាសិកា​២៤២​រូប ឧបាសក ៦០​រូប​។ ឧបាសក​ឧបាសិកា​វ័យ​ចំណាស់​មាន​៧៥​ភាគរយ និង​វ័យក្មេង​មាន​២៥​ភាគរយ​មកពី​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា។ ធម្មយាត្រា​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ឆ្នាំ​២០១៤ មក​ម្ល៉េះ ដោយ​បន្ត​ការ​ដង្ហែ​ក្បួន​ធម្មយាត្រា​នៅ​ប្រទេស​ឥណ្ឌា និង​នេប៉ាល់​ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ឆ្នាំ​២០១៤ ហើយ​រាល់​ការ​ចំណាយ​នានា​ជា​ការ​ប្រើ​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន​។

វត្តអារាម​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា​។

វត្តអារាម​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា​។ រូបថត សហការី

ដំណើរ​ធម្មយាត្រា​នេះ​មាន​គោលដៅ​សំខាន់​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​ដែនដី​ពុទ្ធភូមិ​ក្នុង​ការ​បង្កើន​សទ្ធាជ្រះថ្លា និង​ការ​ប្រតិបត្តិ​កាន់តែ​រឹងមាំ​ថែម​ទៀត​ផ្នែក​ពុទ្ធចក្រ ផ្សព្វផ្សាយ​ប្រពៃណី​វប្បធម៌ ដល់​អន្តរជាតិ ចូលរួម​កសាង​វត្ត​ខ្មែរ​នៅ​ឥណ្ឌា ទ្រទ្រង់​ឧបត្ថម្ភ​សាមណ​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅ​ឥណ្ឌា ចម្រើន​បុណ្យ​កុសល​សេចក្តីសុខ​ស្ងប់​ក្នុង​ផ្លូវចិត្ត។

ព្រះមហា ហាក់ សៀងហៃ នាយក​អង្គការ​ព្រះពុទ្ធសាសនា​ដើម្បី​ការ​អប់រំ​កម្ពុជា​នៅ​ខេត្ត​បាត់ដំបង និង​ជា​សមាជិក​ក្រុម​អ្នក​រៀបចំ​នៃ​ដំណើរ​ធម្មយាត្រា បាន​មាន​សង្ឃដីកា​ថា៖ «នេះ​គឺជា​ការ​ជ្រះថ្លា​ថ្វាយបង្គំ​នូវ​សំវេជនីយដ្ឋាន​ទាំង​បួន​កន្លែង​ធំៗ រួមមាន​កន្លែង​ព្រះអង្គ​ទ្រង់​ប្រសូត​នៅ​លុម្ពិនី​ប្រទេស​នេប៉ាល់ កន្លែង​ព្រះអង្គ​ត្រាស់ដឹង សម្តែង​ធម្មចក្រ និង​កន្លែង​ព្រះអង្គ​ទ្រង់​ចូល​បរិនិព្វាន​នៅ​ឥណ្ឌា​។ ក្រៅពី​នេះ​យើង​ក៏​មាន​ដំណើរ​ធម្មយាត្រា​ទៅ​កន្លែង​ព្រះគន្ធកុដិ ដែល​ព្រះអង្គ​ទ្រង់​គង់​នៅ​វត្ត​ជេតពន និង​កន្លែង​ជា​ទី​គួរ​រីករាយ​ជ្រះថ្លា​ច្រើន​ទៀត​នៃ​ដែនដី​ពុទ្ធភូមិ​ក្នុង​ប្រទេស​ឥណ្ឌា និង​នេប៉ាល់​»។

ដំណើរ​ធម្មយាត្រា​នេះ​មិន​ត្រឹមតែ​បាន​ទៅ​ទស្សនា​តំបន់​ពុទ្ធភូមិ​នៅ​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទៅ​សួរ​សុខទុក្ខ​ដល់​ព្រះសង្ឃ​ខ្មែរ ដែល​គង់​នៅ​វត្តអារាម​ខ្មែរ​មាន​នៅក្នុង​ប្រទេស​ឥណ្ឌា​និង​នេប៉ាល់​ចំនួន​១១​វត្ត​ផង​ដែរ​។ វត្ត​ខ្មែរ​នៅ​ឥណ្ឌា​ទាំងនោះ​រួមមាន វត្ត​ខ្មែរ​សាវត្ថី វត្ត​ខ្មែរ​ញូវដែលី វត្ត​ខ្មែរ​ពុទ្ធគយា​វត្ត​ខ្មែរ​ពារាណសី វត្ត​ខ្មែរ​កុសិនារា វត្ត​ខ្មែរ​វេសាលី វត្ត​ខ្មែរ​សង្កស្ស: វត្ត​ខ្មែរ​រាជគ្រឹះ វត្ត​ខ្មែរ​សុវណ្ណភូមិ វត្ត​ខ្មែរ​កោសម្ពី និង វត្ត​ខ្មែរ​លុម្ពិនី នៅ​នេប៉ាល់។

ព្រះមហា ហាក់ សៀងហៃ ក្នុង​ចំណោម​វត្ត​ខ្មែរ​ចំនួន​១១​វត្ត ដែល​បាន​សង់​នៅ​ប្រទេស​ឥណ្ឌា និង​នេប៉ាល់ វត្ត​ដែល​ត្រូវ​បាន​កសាង​ដំបូង​គេ​គឺ​វត្ត​ខ្មែរ​សាវត្ថី​សង់​នៅ​ឆ្នំា​១៩៨២។ វត្ត​នីមួយៗ​ក៏​មាន​ព្រះសង្ឃ​ខ្មែរ​គង់​នៅ​ដែរ ដោយ​វត្ត​ខ្លះ​មាន​ចំនួន​១០​អង្គ វត្ត​ខ្លះ​មាន​បួន​ប្រាំ​អង្គ និង​វត្ត​ខ្លះ​មួយ​ឬ​ពីរ​អង្គ​។

ព្រះតេជគុណ​មាន​សង្ឃដីកា​បន្ត​ថា៖ «ព្រះសង្ឃ​ភាគច្រើន​ជា​សមណៈ​មក​រៀនសូត្រ​នៅ​ប្រទេស​ឥណ្ឌា ខណៈ​អង្គ​ខ្លះ​គង់​នៅ​វត្ត​ខ្មែរ និង​ខ្លះ​គង់​នៅឯ​និវេសនដ្ឋាន​តាម​សាកលវិទ្យាល័យ​នានា»។

សមាជិក​ក្រុម​អ្នក​រៀបចំ​នៃ​ដំណើរ​ធម្មយាត្រា អង្គ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ពុទ្ធបរិស័ទ​ខ្មែរ​នៃ​ក្បូន​ធម្មយាត្រា​នេះ​ក៏​បាន​រួម​គ្នា​ចែករំលែក​បច្ច័យ​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​នៅ​វត្ត​ខ្មែរ​ក្នុង​ប្រទេស​ឥណ្ឌា​មួយ​ចំនួន​ផង​ដែរ​»៕


What Next?

Recent Articles