ដោយ សូត សុខប្រាថ្នា
2015-01-03
RFA
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា និងវៀតណាម ឋិតនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា សកម្មភាពដឹកឈើប្រណីតចេញតាមច្រកព្រំដែនប្រព្រឹត្តឡើងទាំងយប់ទាំងថ្ងៃ ហាក់មិនមានអាជ្ញាធរណាចាត់វិធានការឡើយ។ ផ្ទុយពីនេះ អាជ្ញាធរព្រំដែនបញ្ជាក់ថា គ្មានឈើប្រណីតដឹកចេញទៅប្រទេសវៀតណាម ដូចការលើកឡើងទេ។
ការលើកឡើងនេះ បន្ទាប់ពីពលរដ្ឋរស់នៅជាប់ព្រំដែនក្នុងឃុំជាំក្រវៀន បានឃើញសកម្មភាពដឹកឈើប្រណីតប្រភេទធ្នង់ សុក្រំ បេង នាងនួន យ៉ាងច្រើនជារៀងរាល់ថ្ងៃ ពិសេសពេលយប់តែម្តង។ អ្នកស្រុកថា រថយន្តដឹកឈើម៉ាកយីឌុបធំៗ ពេលខ្លះគ្របតង់បិទជិត ហើយពេលខ្លះចំហតែម្តង ដោយដឹកឈើចេញពីដីខ្មែរតាមច្រកព្រំដែនទន្លេចាម យកទៅស្តុកទុកនៅខាងដីវៀតណាម។ ពលរដ្ឋថា សកម្មភាពនោះមានជាយូរណាស់មកហើយ ប៉ុន្តែមិនឃើញសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទេ បើទោះជាពេលខ្លះ ឡានដឹកឈើទាំងនោះក្រឡាប់ចេញឈើប្រណីតពេញដី ក៏គ្មានអាជ្ញាធរណាហ៊ានទៅក្បែរដែរ។
ពលរដ្ឋនៅឃុំជាំក្រវៀន ដោយសុំមិនបញ្ចេញឈ្មោះនិយាយថា បើពលរដ្ឋឆ្លងកាត់ទៅខាងវៀតណាម នោះ គេនឹងឃើញគំនរឈើប្រណីតយ៉ាងច្រើនដែលនាំចូលពីខ្មែរទៅ។ លោកថា ទាំងរថយន្ត និងគំនរឈើ គឺមិនមានពលរដ្ឋណាដឹងច្បាស់ថាម្ចាស់ជានរណាទេ។ លោកបញ្ជាក់ថា រថយន្តដឹកឈើទាំងថ្ងៃទាំងយប់នោះ គឺបើកលឿនៗ ដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅជាប់ដងផ្លូវទៀតផង៖ «បាទ! ខ្ញុំមានការព្រួយបារម្ភថា ថ្ងៃមុខថាក្នុងចិត្តខ្ញុំព្យាករថាមិនដល់ពីរឆ្នាំទៀតទេ ព្រៃឈើស្រុកខ្មែរយើងនឹងរលាយ ព្រោះថា យើងទៅមើលស្ថានភាពឈើនៅទឹកដីវៀតណាម ឈើហ្នឹងហួសហេតុពេក»។
ប្រភពដដែលហាក់ងឿងឆ្ងល់ទៅវិញថា ហេតុអ្វីបានជាឈ្មួញដឹកឈើប្រណីតរកស៊ីយ៉ាងកក្រើកទឹកកក្រើកដី អាជ្ញាធរមិនចាត់វិធានការ ប៉ុន្តែសម្រាប់ពលរដ្ឋដែលមានឈើបន្តិចបន្តួចសម្រាប់ធ្វើផ្ទះ អាជ្ញាធរមិនដែលឱ្យរួចខ្លួននោះទេ។ បញ្ហានេះ លោកយល់ថា គឺជារឿងអយុត្តិធម៌នៅក្នុងសង្គមខ្មែរសម្រាប់ពលរដ្ឋដែលមិនមានអំណាច។
ទាក់ទងការលើកឡើងរបស់ពលរដ្ឋនេះ នាយប៉ុស្តិ៍ព្រំដែនទន្លេចាម លោក ស៊ុំ សែន ហៅស្បៃ មានប្រសាសន៍បដិសេធថា មិនមានឈើប្រណីតអ្វីឆ្លងកាត់នៅទីនោះឡើយ៖ «ហ្អេ! មិនដែលមានឈើផង»។
យ៉ាងណា នៅពេលថ្មីៗនេះមានរថយន្តដឹកឈើប្រណីតធំៗបម្រុងចេញទៅវៀតណាម តាមច្រកព្រំដែនទន្លេចាម ហើយមានឡានខ្លះក្រឡាប់ចេញឈើប្រណីតជាបន្តបន្ទាប់ ប៉ុន្តែគ្មានសមត្ថកិច្ចហ៊ានចេញមុខទៅសួរនាំទេ។
ដោយឡែកមន្ត្រីនៅមូលដ្ឋានឃុំជាំក្រវៀន សុំមិនឱ្យបញ្ចេញឈ្មោះបញ្ជាក់ថា រឿងឈើប្រណីតឆ្លងកាត់នៅទីនោះពិតជាមានមែន ប៉ុន្តែរឿងនេះអាចគេរៀបចំជាប្រព័ន្ធ ទើបសមត្ថកិច្ចទាំងនោះមិនដែលនិយាយថាមានឈើប្រណីតម្តងណាឡើយ បើទោះបីជាគំនរឈើនៅនឹងមុខខ្លួនក៏ដោយ៖ «ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលលោកធ្លាប់សន្យាថាបើលោកបិទព្រៃឈើមិនជាប់ លោកសុខចិត្តកាត់ករបស់លោក។ តែឥឡូវយើងមិនចង់ឱ្យគាត់កាត់កទេ សូមឱ្យតែលោកគោរពតាមអ្វីដែលសន្យាជាមួយពលរដ្ឋបង»។
រីឯសកម្មជនការពារព្រៃឈើ លោក ឈឹម សាវុធ មានប្រសាសន៍ថា នៅស្រុកមេមត់ មានច្រកមួយចំនួននាំឈើចេញយ៉ាងអនាធិបតេយ្យ រួមមានច្រកច័ន្ទមូល ច្រកទន្លេចាម ច្រកដូង ៧ដើម ច្រកដូនរត្ន ជាដើម។ លោកថា មូលហេតុដែលឈ្មួញជ្រើសរើសច្រកទាំងនោះដើម្បីចេញឈើប្រណីតរបស់ខ្លួន ពីព្រោះជាច្រកដែលឋិតនៅជិតបំផុតសម្រាប់នាំឈើមកពីតំបន់ផ្សេងៗ ដូចជាមកខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងមកពីតំបន់ព្រៃឡង់ ចេញទៅប្រទេសវៀតណាម។ លោកបន្ថែមថា ឈើទាំងនោះជារបស់ឧកញ៉ាមានឥទ្ធិពល និងមានមន្ត្រីរាជរដ្ឋាភិបាលនៅកាងពីក្រោយ៖ «លឹម ប៊ុនណា! គ្រាន់តែជាអ្នកកាងឈើដឹកឈើនៅក្នុងតំបន់ខេត្តកំពង់ចាម ទេ ប៉ុន្តែនៅក្រោយ លឹម ប៊ុនណា ក៏មានថ្នាក់នៅកំពូលដែរ។ អ៊ីចឹង លឹម ប៊ុនណា គាត់រកលុយដើម្បីចែកបន្តទៀត មិនមែនគាត់ធ្វើតែម្នាក់គាត់ទេ»។
សកម្មជនព្រៃឈើដដែលហាក់មិនមានជំនឿថា រាជរដ្ឋាភិបាលអាចទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះបានទេ ប៉ុន្តែលោកមានជំនឿវិញថា វាសនាឈើប្រណីត និងឈើមានតម្លៃផ្សេងទៀត នឹងត្រូវវិនាសនៅក្នុងអំឡុងឆ្នាំ២០១៥ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មការសភាស្នើអភិបាលខេត្តសៀមរាបបញ្ឈប់ក្រុមហ៊ុនដឹកសំរាមហ្កាអ៊ីយ៉ា
- សកម្មជនការពារតំបន់អារ៉ែងព្រមានធ្វើបាតុកម្មបើសិនគ្មានដំណោះស្រាយពិតប្រាកដ
- ជនជាតិទំពួននៅរតនគិរីទាមទារឲ្យក្រុមហ៊ុនរត្នសុខនបញ្ឈប់ឈូសឆាយព្រៃឈើ
- ពលរដ្ឋក្រុងកំពង់ឆ្នាំងរីករាយនឹងផ្លូវទើបស្ថាបនាថ្មីប៉ុន្តែបារម្ភគ្រោះថ្នាក់ចរាចរណ៍
- សហគមន៍នេសាទនៅបាត់ដំបងបារម្ភបាត់បង់ព្រៃលិចទឹក
- “ព្រៃសហគមន៍៧នៅខេត្តកំពង់ឆ្នាំងកំពុងរងការកាប់បំផ្លាញ”
- ជនជាតិព្នងប្ដេជ្ញាធ្វើបាតុកម្មដេញក្រុមហ៊ុនដីសម្បទានមួយចេញពីខេត្តមណ្ឌលគិរី
- បណ្ដាញព្រៃឡង់ខេត្តកំពង់ធំអះអាងថាសកម្មភាពកាប់ឈើក្នុងព្រៃកើនឡើង
- មន្ត្រី២នាក់នៅរតនគិរីត្រូវឃុំខ្លួនបណ្ដោះអាសន្នសង្ស័យរួមគំនិតប្រមូលផលឈើទៅវៀតណាម
មិនបាច់ទប់ស្កាត់អីទេ តែមួយរយៈពេលខ្លីទៀតវាអស់ដោយខ្លួនឯងហើយ
ទប់ស្កាត់តាំងពីដើមមករហូតដល់ពេលនេះវាពាយអស់ហើយ។ បើនិយាយពីស្ថាប័នដែលបង្កើតសំរាប់ទប់ស្កាត់បទល្មើសព្រៃឈើ មិនដឺងមានប៉ុន្មាន និងមនុស្សប៉ុន្មាននាក់ទេ តែបង្កើតសំរាប់តែទៅយកលុយពីឈ្មួញតែប៉ុណ្ណោះ។ យកល្អបើកចំហរតែម្តងទៅវាឆាប់អស់ព្រៃ និងឆាប់បានរំលាយពួកមិនបានការនេះចោល។