​អភិបាលស្រុក​កែវ​សីមា​នាំ​កម្លាំងចម្រុះ​ដណ្តើម​គ្រឿងចក្រ​ពី​ជនជាតិដើម​ភាគតិច​​

ដោយ៖​ ជន ស្រី​ណុ​ច​​
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com

​អភិបាលស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់ទៅ​ដណ្តើម​យក​គ្រឿងចក្រ និង​រថយន្ត​របស់​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ ដែល​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ឃាត់​ទុក​អស់​ជាច្រើន​ថ្ងៃ​ ។​

កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ឆ្នាំ​២០១៤ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅក្នុង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​កំពុង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ប៊ិញ​ភឿក​១ បាន​ឃាត់ទុក​គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​មួយ​បាំង​កន្លះ​របស់​ក្រុមហ៊ុន​វៀតណាម  ដោយ​ចោទ​ថា​បាន​ឈូសឆាយ​ដី​របស់​ពួកគេ​ ។​

​ពលរដ្ឋ​ម្នាក់​លោក យ៉ាន ម៉ៅ ឲ្យ​ VOD​ ដឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៣ ខែ​មករា​២០១៥​នេះ​ថា នៅ​ព្រឹក​មិញ​នេះ អភិបាលស្រុក​កែវ​សីមា​លោក ស៊ិន វ៉ាន់វុ​ធ បាន​ដឹកនាំ​កម្លាំងចម្រុះ​១៧​រថយន្ត មក​តតាំង​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដណ្ដើមយក​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​វៀតណាម ដែល​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ទុក ក្រោយ​ពេល​ពួក​គេ​ឈួស​បំផ្លាញ​ផ្ទះ និង​ដី​ចម្ការ​វិល​ជុំ​របស់​ពួកគេ​។ លោក​បន្តថា អភិបាលស្រុក​កែវ​សីមា បាន​គំរាមកំហែង​ប្រជាពលរដ្ឋ​ថា អ្នក​ណា​ហ៊ាន​ចេញមុខ​តវ៉ា លោក​នឹង​បញ្ជា​ឲ្យ​ចាប់​ដាក់​ខ្នោះ​ទាំងអស់ ហើយ​បាន​ដឹកនាំ​យក​គ្រឿងចក្រ​ដែល​ពលរដ្ឋ​ឃាត់ទុក​នោះ​ទៅ​បាត់​ ។​

លោក យ៉ាន ម៉ៅ បន្តទៀតថា បើទោះបីជា​មាន​ការគំរាមកំហែង​បែប​នេះ​ក្តី​ក៏​ពលរ​ដ្ឋ​មិន​ចុះចាញ់​ដែរ ហើយ​ថា​ព្រឹកស្អែក​ពួកគេ​នឹង​សង់ផ្ទះ សាលាឆទាន នៅលើ​ដី​មាន​ទំនាស់ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​ឬ​ក្រុមហ៊ុន​ទេ ព្រោះ​ជីវិត​ពួកគេ​បូជា​ជាមួយ​ដី​ដែល​ក្រុមហ៊ុន​កំពុង​រំលោភបំពាន​យក​នោះ ។​

​អភិបាលស្រុក​កែវ​សី​ម៉ា លោក ស៊ិន វ៉ាន់វុ​ធ មានប្រសាសន៍ថា លោក​ពិតជា​ដឹកនាំ​សមត្ថកិច្ច​ទៅ​យក​គ្រឿងចក្រ​មែន ព្រោះ​គ្រឿងចក្រ​នោះ​ជា​របស់​ក្រុមហ៊ុន ដែល​ពលរដ្ឋ​គ្មាន​សិទ្ធិ​ឃាត់ទុក​ទេ​ ។ លោក​បន្តថា ក្រុម​ធ្វើការ​ឈួសលើ​ដី​របស់​រដ្ឋស​ម្បទាន​ឲ្យ ដែល​មិនមែន​ជា​ដី​របស់​ប្រជា​ជនជាតិដើម​ភាគតិច​នោះទេ ។​

កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ក្រុមហ៊ុន​វៀតណាម​ប៊ិញ​ភឿក​១ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​ជនជាតិដើម​ភាគតិច​ព្នង​ចំនួន​២១១ គ្រួសារ ដោយ​បាន​កម្ទេច​ចម្ការ​ដំណាំ​របស់​ពួកគេ​ដូចជា ចេក ខ្នុរ ស្វាយ អំពៅ ជាដើម​អស់​ជាច្រើន​ហិកតា ដោយ​មិន​មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ ។​

តាម​ព័ត៌មាន​ឲ្យដឹងថា ក្រុមហ៊ុន​វៀតណាម​ប៊ិញ​ភឿក​១ បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​នៅ​ស្រុក​កែវ​សីមា​ទំហំ ៥១០០​ហិកតា ហើយ​ដី​ដែល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​មាន​ទំហំ​៥០០​ហិកតា ក្នុង​នោះ​ដី​៣៧៥​ហិកតា បាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​វិញ​ហើយ ​៕ 

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ​ chornsreynoch@vodhotnews.com

What Next?

Recent Articles