គ្រូពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ខេត្ត​កំពង់ធំ​បារម្ភ​បាត់​បង់​មុខ​របរ

ដោយ សូត សុខប្រាថ្នា
2015-01-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផ្ដល់​ឈាម ៦១០
សកម្មភាព​គ្រូពេទ្យ​បូម​ឈាម​ពី​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​មក​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គឌួង កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៤។ RFA/Mom Sophon

គ្រូពេទ្យ​ជាច្រើន​ដែល​បម្រើ​សេវា​ព្យាបាល​អ្នក​ជំងឺ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត នៅ​ខេត្ត​កំពង់ធំ កំពុង​បារម្ភ​ថា ពួក​គាត់​នឹង​ត្រូវ​បាត់​បង់​មុខ​របរ និង​ប្រាក់​ចំណូល នៅ​ពេល​ក្រសួង​សុខាភិបាល ប្រកាស​បញ្ឈប់​អ្នក​ប្រកប​របរ​ព្យាបាល​អ្នក​ជំងឺ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ទាំង​នោះ។

តើ​រាជ​រដ្ឋាភិបាល គប្បី​មាន​ដំណោះស្រាយ​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ?

ក្តី​បារម្ភ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត នៅ​ខេត្ត​កំពង់ធំ បាន​ឮ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល ជា​ថ្មី​ទៀត ថា​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​បម្រើ​សេវា​សុខាភិបាល​ជា​សាធារណៈ​ពី​សំណាក់​គ្រូពេទ្យ​ទាំង​ឡាយ​ណា ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋ។ ការ​ប្រកាស​នេះ ស្រប​ពេល​រាជ​រដ្ឋាភិបាល នៅ​មិន​ទាន់​មាន​គោល​នយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គ្រូពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត​ទាំង​នោះ​នៅ​ឡើយ ដែល​នាំ​ឲ្យ​ពួក​គាត់​ត្រូវ​ប្រឈម​ការ​បាត់​បង់​មុខ​របរ និង​ជួប​បញ្ហា​ផ្សេងៗ​ក្រោយ​ពេល​បញ្ឈប់​រួច។

គ្រូពេទ្យ​ប្រចាំ​ភូមិ​ទាមចាស់ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ លោក សឹង ណូត មាន​ប្រសាសន៍​ថា លោក​មាន​សញ្ញាបត្រ​ផ្នែក​ពេទ្យ ក៏ប៉ុន្តែ​លោក​ដើរ​មើល​អ្នក​ជំងឺ​នៅ​ក្នុង​ភូមិ​កន្លង​មក គឺ​មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ ដោយសារ​ទម្លាប់​មើល​អ្នក​ជំងឺ​ត​គ្នា។ លោក​បន្ត​ថា នៅ​ពេល​ក្រសួង​កាន់​តែ​រឹត​បន្តឹង​លើ​បញ្ហា​នេះ គឺ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក​ជួប​ផល​វិបាក ពីព្រោះ​ត្រូវ​បាត់​បង់​ប្រាក់​ចំណូល៖ «បារម្ភ​ថា​បើ​គេ​បញ្ឈប់​ទៅ​មិន​ធ្វើ​អី បើ​យើង​ហួស​ពេល​ហើយ បើ​ស្រែ​ក៏​មិន​មាន ភ្លឺ​ក៏​មិន​មាន ចេះ​តែ​របរ​ព្យាបាល​ប្រជាជន»

គ្រូពេទ្យ​ដដែល​បន្ថែម​ថា លោក​ចង់​ឲ្យ​ក្រសួង​សុខាភិបាល បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ពួក​គាត់ ដើម្បី​អាច​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ព្យាបាល​អ្នក​ជំងឺ​បាន​សមស្រប​តាម​សមត្ថភាព។

ស្រដៀង​គ្នា​នេះ គ្រូពេទ្យ​តាម​ភូមិ​ម្នាក់​ទៀត​នៅ​ឃុំ​ជ័យ ដែល​ជា​អតីត​ពេទ្យ​ទាហាន អ្នកស្រី ឆូយ សាលីន មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​គោល​នយោបាយ​របស់​ក្រសួង ពីព្រោះ​ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​អ្នកស្រី​ថា រាជ​រដ្ឋាភិបាល​គប្បី​មាន​គោល​នយោបាយ​ណា​មួយ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួក​គាត់​អាច​ស្វែងរក​ប្រាក់​ចំណូល​ពី​មុខ​របរ​មួយ​នេះ ជា​ជាង​បញ្ឈប់​ពួក​គាត់​ដោយ​មិន​មាន​អ្វី​ទីពឹង​នៅ​ពេល​ក្រោយ។ ម្យ៉ាង​ទៀត អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ​គ្មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ធ្វើ ហើយ​បើ​អត់​ពី​មុខ​របរ​នេះ​ទៅ អ្នកស្រី​កាន់​តែ​យ៉ាប់​ថែម​ទៀត៖ «ធ្វើ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​មាន​មុខ​របរ​អី​ទេ ខ្ញុំ​មាន​មុខ​របរ​តែ​ប៉ុណ្ណឹង។ ខ្ញុំ​ពិបាក​ចិត្ត ព្រោះ​ទើប​មាន​ទីលំនៅ​ហ្នឹង​ឯង ព្រោះ​នៅ​តែ​ផ្ទះ​គេ។ ខ្ញុំ​ព្រួយ​បារម្ភ​មិន​ដឹង​រក​អី»

ក្រៅ​ពី​គ្រូពេទ្យ​ទាំង​នេះ ក៏​មាន​គ្រូពេទ្យ​ជាច្រើន​ទៀត​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​គ្នា​ដែរ។ ពួក​គាត់​អះអាង​ថា អ្នក​ព្យាបាល​ជំងឺ​នៅ​តាម​ជនបទ​ដាច់​ស្រយាល ក៏​មិន​ហ៊ាន​មើល​ជំងឺ​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ដែរ គឺ​បាន​ត្រឹម​ជួយ​សង្គ្រោះ​បឋម ឬ​ផ្សំ​ថ្នាំ​ឲ្យ​ពលរដ្ឋ​ខ្លះ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​កំពង់ធំ លោក ស្រី ស៊ីន មាន​ប្រសាសន៍​ថា គោលការណ៍​បញ្ឈប់​គ្រូពេទ្យ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត ខាង​មន្ទីរ​នៅ​ខេត្ត​កំពង់ធំ គឺ​ធ្វើ​ជាប់​រហូត​មក ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង​លើ​ពលរដ្ឋ ពីព្រោះ​កន្លង​មក ធ្លាប់​មាន​បញ្ហា​ដោយសារ​ការ​ព្យាបាល​មិន​មាន​ច្បាប់​អនុញ្ញាត​ទាំង​នោះ។ លោក​បន្ត​ថា ចំពោះ​ដំណោះស្រាយ ខាង​ក្រសួង​មិន​មាន​ជា​គោលការណ៍​សម្រាប់​គ្រូពេទ្យ​ដែល​មិន​មាន​សញ្ញាបត្រ​ទេ គឺ​ពួក​គាត់​មាន​តែ​ត្រូវ​ប្ដូរ​មុខ​របរ។ ចំណែក​គ្រូពេទ្យ​មាន​សញ្ញាបត្រ ពួក​គាត់​អាច​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដើម្បី​ប្រកប​របរ​បន្ត​បាន៖ «យើង​មិន​បាន​គិត​ទៅ​ដល់​មុខ​របរ​គាត់​ទេ។ បើ​សិន​អ្នក​រក​ស៊ី​ផ្នែក​ឯកជន​ទាំងអស់ កាល​ណា​ចង់​រក​ស៊ី​ផ្នែក​សុខាភិបាល អ្នក​ហ្នឹង​ត្រូវ​តែ​គោរព​ច្បាប់​សុខាភិបាល»

លោក​ថា ខាង​មន្ទីរ​ក៏​មិន​មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​គ្រូពេទ្យ​ដែល​មិន​មាន​សញ្ញាបត្រ​ទាំង​នោះ​ដែរ ព្រោះ​ពួក​គាត់​ត្រូវ​ឆ្លង​កាត់​សាលា​រៀន ដើម្បី​ទទួល​បាន​ជំនាញ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ចូល​ជា​សមាជិក​គណៈ​គ្រូពេទ្យ​ទៀត​ផង។

កាល​ពី​ថ្ងៃ​ទី​៩ មករា ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​យូអិន​អេដស៍ (UNAIDS) បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​ជុំវិញ​មូលហេតុ​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍ នៅ​ខេត្ត​បាត់ដំបង។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​ក្រើន​រំឭក​ដល់​គ្រប់​អង្គភាព​សុខាភិបាល​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន ត្រូវ​អនុវត្ត​វិធី​បង្ការ​ជា​សកល ដោយ​ត្រូវ​ប្រើប្រាស់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ ពិសេស​ជំងឺ​អេដស៍ ព្រម​ទាំង​ផ្ដល់​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ឲ្យ​យល់​ដឹង​ពី​ការ​ទទួល​សេវា​ព្យាបាល​ជំងឺ​ដែល​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់។ លើស​ពី​នេះ លោក ម៉ម ប៊ុនហេង បញ្ជាក់​ថា ខាង​ក្រសួង​សុខាភិបាល បាន​ពង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន ដោយ​ត្រូវ​បញ្ឈប់​នូវ​រាល់​អ្នក​ប្រកប​របរ​រក​ស៊ី​ព្យាបាល​ជំងឺ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត។

យ៉ាង​ណា អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល ចង់​លុប​បំបាត់​អ្នក​ព្យាបាល​ជំងឺ​ដែល​គ្មាន​ច្បាប់​នោះ គឺ​មិន​អាច​ធ្វើ​បាន​ទេ ពីព្រោះ​គ្រូពេទ្យ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត គឺ​មាន​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។ ប៉ុន្តែ​បើ​មាន​វគ្គ​បង្រៀន​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​យល់​កាន់​តែ​ច្បាស់​ពី​របៀប​ផ្ដល់​ថ្នាំ​សង្កូវ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ និង​ជួយ​តាម​ចំណេះ​ដឹង​របស់​ពួក​គាត់ លោក កែម ឡី ថា​ជា​ការ​ប្រសើរ៖ «តើ​ថ្នាំ​កម្រិត​ណា​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ផ្តល់​ជូន​ពលរដ្ឋ​បាន ពីព្រោះ​ខ្មែរ​យើង​ម្នាក់​គ្រូពេទ្យ​ម្នាក់​ហើយ​ហ្នឹង មាន​ន័យ​ថា ពេល​គាត់​ឈឺ​គាត់​ទៅ​ទិញ​ថ្នាំ​មក​ហើយ​ហ្នឹង។ អ៊ីចឹង​គ្រូពេទ្យ​មក​ពី​ជំរំ​ក៏​គ្រាន់​បើ​ជាង​ពលរដ្ឋ​ខ្មែរ​ដែល​មិន​បាន​រៀន​សោះ​ដែរ»

លោក​យល់​ថា រាជ​រដ្ឋាភិបាល​គប្បី​ស្រង់​ស្ថិតិ​គ្រូពេទ្យ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ទាំង​នោះ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​អញ្ជើញ​ពួក​គាត់​មក​ពិភាក្សា​គ្នា ថា​តើ​ពួក​គាត់​ចង់​បន្ត​អាជីព​នេះ​ទៀត ឬ​យ៉ាង​ណា? ប្រសិន​បើ​ពួក​គាត់​ចង់​បន្ត ក្រសួង​គប្បី​មាន​គោល​នយោបាយ​បណ្ដុះ​បណ្ដាល​ឲ្យ​ពួក​គាត់​អាច​ចូល​រៀន​ទៅ​តាម​កម្រិត​នីមួយៗ ឬ​ក៏​ត្រូវ​បើក​វគ្គ​បង្រៀន​ខ្លី​ដល់​ពួក​គាត់​បន្ថែម​ទៀត ដើម្បី​អាច​ឲ្យ​គ្រូពេទ្យ​ទាំង​នោះ​បន្ត​មុខ​របរ​របស់​ខ្លួន​ដោយ​ស្រប​ច្បាប់ និង​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles