​អ្នក​អភិរក្ស​វប្បធម៌​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ ដក​រូប​ស្រី​អាក្រាត​ដែល​ថត​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​​

ដោយ៖​ បូ សាវី​
ថ្ងៃចន្ទ ទី26 មករា 2015
http://vodhotnews.com

​ក្រុម​អ្នក​អភិរក្ស​វប្បធម៌​ខ្មែរ​ជុំរុញ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​អន្ដរាគមន៍​លុប​រូប​នារី​អាក្រាត​ពាក់កណ្តាល​ខ្លួន​ឡើង​លើ​នោះ​ចេញពី​គេហទំព័រ​របស់​ក្រុមហ៊ុន​ចិន និង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ឃុបឃិត​គ្នា អនុញ្ញាត​ឲ្យ​ចិន​ថតរូប​នារី​អាសអាភាស​នៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ កាលពីពេល​កន្លង​ទៅនេះ ។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង យល់​ថា​រូបភាព​អាក្រាតកាយ​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​ភាពថ្លៃថ្នូ​ររបស់​កម្ពុជា និង​វប្បធម៌​ដ៏​រុងរឿង​របស់​ខ្មែរ ។ លោក​បន្តថា បញ្ហា​នេះ​ជា​ការធ្វេសប្រហែស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បណ្តែតបណ្តោយ​ឲ្យ​ជន​ខិលខូ​ចទាំង​នោះ​ធ្វើ​អំពើ​អសីលធម៌​ប៉ះពាល់​ប្រពៃណី​ខ្មែរ ។ លោក​ថា​អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​មាន​វិធានការ​តឹងរ៉ឹង និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​កុំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​ចូល​ថត​រូបអាក្រាត​បន្ដទៀត ។​

លោក​មានប្រសាសន៍ថា «…​ត្រូវ​យក​ជន​ហ្នឹង​មក​ឲ្យ​គោរព​ច្បាប់​ក្នុងប្រទេស​កម្ពុជា ប្រសិន​យើង​អត់​ធ្វើការ​ហ្នឹង​ទេ លើក​ក្រោយៗ​ទៀត នឹង​មា​រឿង​ហ្នឹង​កើតឡើង​ទៀត ។ ប្រទេស​ខ្មែរ​មាន​ពីរ​ចំនុច​ហ្នឹង ទី​១ បាត់​ចំណូល ទី​២ បាត់បង់​កិត្តិយស​យើង​(​ប្រទេស​កម្ពុជា​) យើង​បាន​ចំណូល ប៉ុន្តែ​យើង​បាត់បង់​អរិយធម៌​ខ្មែរ យើង​គិត​ម៉េច ។ គ្រាន់​តែ​មួយ​ឆ្នាំ ឧបទ្ទវហេតុ​ពីរ ទី​១ គឺ​បញ្ហា​រូបចម្លាក់​របស់​យើង ធ្វើ​រហូត​ដល់​បាក់បែក ទី​២ បញ្ហា​អាសអាភាស​ហ្នឹង​ទៀត​» ។​

​ប្រធាន​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោកស្រី ពុង ឈី​វ​កេក មានប្រសាសន៍ថា រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​អន្ដរាគមន៍​ទៅ​ក្រុមហ៊ុន​ចិន​ឈ្មោះ Wanimal នោះ ឲ្យ​ដក​រូបភាព​អាសអាភាស ដែល​ថត​នៅ​ប្រាសាទ​បុរាណ​ខ្មែរ ចេញពី​គេហទំព័រ​នោះ ព្រោះ​រូបភាព​ទាំងនោះ​ប៉ះពាល់​ដល់​តម្លៃ​នារី និង​ប្រាសាទបុរាណ​ខ្មែរ​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​លោកស្រី ឆ្ងល់​ថា ហេតុ​អី​បាន​ជា​ក្រុមហ៊ុន​ចិន​នោះ អាច​ចូល​ថត​រូបភាព​អាសអាភាស​បាន​ដោយ​សេរី ខណៈ​ដែល​កម្លាំង​នគរបាលបេតិ​ក​ភ័​ណ្ឌ និង​អាជ្ញាធរ​ជាតិ​អប្សរា​ការពារ​គ្រប់​តំបន់​យ៉ាង​តឹងតែង ។  អ្នកស្រី​ថា «​ក្នុង​ប្រទេស​យើង ជា​ប្រទេស​ដែល​គោរព​សិទ្ធិ​របស់​ស្ត្រី ។ អ៊ីចឹង​រដ្ឋាភិបាល​អាច​ចរចា​ជាមួយ​ក្រុមហ៊ុន​ហ្នឹង ប្រាប់​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​ឈប់​បង្ហោះ​ថតរូប​អាសអាភាស​ក្នុង​ពី​វ៉ិបសាយ​របស់​គេ​ទៅ ហើយ​រដ្ឋាភិបាល​អាច​បិទ​មិន​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ចូល​មក​ទៀត បើ​ក្រុមហ៊ុន​ហ្នឹង​មិន​គោរព​តាម​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​» ។​

​មន្ដ្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក លោក នី ចរិយា យល់​ថា​ការ​បណ្តោយ​ឲ្យមាន​ការថត​រូប​អា​ស អាភាស​នេះ បង្ហាញថា អាជ្ញាធរ​ជាតិ​អប្សរា​មិនបាន​យកចិត្ដទុកដាក់​ពី​ការថែរក្សារ​វប្បធម៌​របស់​ខ្មែរ​នោះ​ទេ ដោយ​លោក​លើកឡើង​ថា ស្ថាប័ន​នេះ​គិតតែ​ពី​ប្រយោជន៍​ដល់​ក្រុមហ៊ុន និង​ចំណូល​ខ្លួនឯង ។ លោក​រិះគន់ថា នៅ​ពលរដ្ឋ​ខ្មែរ​គ្រាន់តែ​សាងសង់​ផ្ទះ​របស់​ខ្លួន​ឡើងវិញ​ក្នុង​តំបន់​នោះ អាជ្ញាធរ​ហាមឃាត់​ដោយ​ចោទថា ប៉ះពាល់​សោភ័ណ្ឌភាព​ប្រាសាទ ប៉ុន្តែ​នៅពេល​ក្រុមហ៊ុន​ចិន​ថត​រូត​ស្រី​អា​ក្រាយ​កាយ​នៅ​បរិវេណ​ប្រាសាទ​បុរាណ​ខ្មែរ បែរជា​អាជ្ញាធរ​ជាតិ​អប្សរា​មើលរំលង​ទៅវិញ  ។ លោក​មានប្រសាសន៍ថា «​កន្លង​មក​ឲ្យ​វៀតណាម​ធ្វើ​ពិធីសែនព្រេន​ក្នុង​ប្រាសាទ​អង្គរ គឺ​ថា​ខុស​វប្បធម៌​ប្រពៃណី​ទាំង​អស់ អ៊ីចឹង​អស់ហ្នឹង​ដែល​អាជ្ញាធរ​អប្សរា​ត្រូវ​ដាក់​បម្រាម​ថា បើ​ថត កុំ​ឲ្យ​ថត​រឿង​ស្អី​ខ្លះ ឲ្យ​ថតរូប​របៀប​ម៉េច​អី​របៀប​ម៉េច ត្រូវតែ​សរសេរ​បម្រាម​ឲ្យគេ ។ អាជ្ញាធរ​អប្សរា​ដូចជា​មិន​សូវ​បាន​គិត​ពី​វប្បធម៌​ហ្នឹង​ទេ គិតតែ​ពី​រឿង​ចំណូល​ខ្លួនឯង ជា​ពិសេស​ទាក់ទង​ទៅនឹង​ខ្លាច​ប្រជាជន​ធ្វើ​ផ្ទះសម្បែង​រស់នៅ​អ៊ីចឹង​ទេ​» ។​

VOD ព្យាយាម​ទាក់ទង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិទ្ធ និង​អ្នកនាំពាក្យ​លោកស្រី ចៅ​ស៊ុន​កិរិយា ដើម្បី​សាកសួរ​ពី​ចំណាត់ការ​ចំពោះ​ករណី​នេះ ប៉ុន្តែ​ទូរ​សព្ទ​ចូល​ច្រើនដង​មិន​មាន​អ្នកទទួល ។​

ទោះជា​យ៉ាងណា សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា បាន​រកឃើញថា រូប​នារី​អាសអាភាស​នោះ​ថត​នៅមុខ​ប្រាសាទ​ខ្មែរ ដោយ​ក្រុមហ៊ុន​មានឈ្មោះ​ថា Wanimal ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។ លិខិត​បន្ដថា ស្ថាប័ន​នេះ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម Wanimal នេះ​បន្ទាប់ពី​រកឃើញព័​ត៌​បន្ថែម​គ្រ​ប់គ្រា​ន់ ៕ 

សូម​សរសេរ​មក​លោក បូ សា​វី តាមរយៈ savy@vodhotnews.com

 

What Next?

Recent Articles

2 Responses to "​អ្នក​អភិរក្ស​វប្បធម៌​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ ដក​រូប​ស្រី​អាក្រាត​ដែល​ថត​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​​"

  1. Judge says:

    អ្វី ដែលទាក់ទងនោះ គឺរក្សា សិទ្ធិ និង ច្បាប់អនុវត្តិ ស្តីពី សិទ្ធិផ្ទាល់ខ្លួន និង សិទ្ធិ នៃទីកន្លែង បរិដ្ឋានសង្គម ឬ បរិដ្ឋាននៃវប្បធម៌ជាតិ។
    នៅបរទេស បេីអ្នកចង់ងូតទឹកស្រាត អាចងូតបាននៅ ឆ្នេរដែលគេ អនុញ្ញាត្តិ អោយតែប៉ុណ្ណោះ។
    ដូចអ្នកស្រី ពុង ឈីវកែក លេីកឡេីង គឺ វិធានការណ៏ និងការគ្រប់គ្រងរបស់ អាជ្ញាធរ អប្សរា នៅខ្វះចន្លោះនៅឡេីយ។
    សំនៀង

  2. Samrong tong says:

    រូបរបស់ចិន ក្រុម Wanimal គ្រាន់នៅមានសំពត់ !
    រីឯរូបរបស់ playboy russe magazine ននលគក តែម្ដង ម្ដេចក៏មិនភ្ញាក់ផ្អើលផង?
    តើបានបញ្ជាអោយដកចេញហើយឬនៅ?